. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, August 13, 2011

ការ​ផ្ដន្ទា​ទោស​បុគ្គលិក​​អង្គការ​លីកាដូ​ជា​ការ​បំភ័យ​ដល់​សកម្មជន​ដទៃ

បុគ្គលិក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​ស្រុក​ឈ្មោះ Human Rights Watch បាន​ហៅ​ការ​កាត់​ទោស​បុគ្គលិក​អង្គការ​លីកាដូ ឲ្យ​ជាប់​គុក​ពីរ​ឆ្នាំ ថា​ជា​មេរៀន និង​ជា​ការ​បំភ័យ​មួយ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
RFA/Sok Serey
បុគ្គលិក​អង្គការ​លីកាដូ លោក លាង សុខជឿន ត្រូវ​ប៉ូលិស​ពន្ធនាគារ​បណ្ដើរ​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១១។

លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ អាដហុក បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា ការ​កាត់​ទោស​នេះ​វា​បង្ក​ការ​លំបាក​ចំពោះ​ការ​បំពេញ​មុខងារ​សិទ្ធិ​មនុស្ស ពីព្រោះ​បើ​គ្រាន់តែ​មាន​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា​ជា​ការ​ សម​គំនិត​ដែរ​នោះ​វា​មិន​ត្រូវ។
លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ការ​កាត់​ទោស​លោក លាង សុខជឿន នោះ មើល​ទៅ​ដូច​ជា​មាន​ការ​ទាញ​ទៅ​រក​បញ្ហា​នយោបាយ​ផង​ដែរ ហើយ​វា​ជា​សញ្ញាណ​មួយ​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​ចាត់​ទុក​ថា អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ល្អ​របស់​រដ្ឋាភិបាល​ឡើយ។
លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ហើយ​ការ​ដែល​ធ្វើ​ ឲ្យ​មាន​ការ​ផ្ដន្ទា​ទោស​នោះ វា​ជា​លំនាំ​មួយ​មិន​ល្អ​ដល់​អង្គការ​ដទៃ​ទៀត ដែល​អាច​នឹង​ប្រឈម​មុខ​ដែរ។ យើង​ឃើញ​សេចក្ដី​សម្រេច​នេះ​ហាក់​ដូច​ជា​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ឲ្យ​ បាន​ពេញលេញ​ឲ្យ​ដល់​បុគ្គលិក​អង្គការ​លីកាដូ​ទេ»
សូម​ជម្រាប​ថា លោក លាង សុខជឿន ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ដឹក​យក​ទៅ​កាត់​ទោស​នៅ​ខេត្ត​តាកែវ ដោយ​ចៅក្រម​តុលាការ​ខេត្ត​តាកែវ ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ២​លាន​រៀល កាល​ពី​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១០ ក្នុង​សំណុំ​រឿង​បាច​ត្រាក់​ប្រឆាំង​ថ្ងៃ​៧ មករា។ លុះ​មក​ដល់​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១១ ចៅក្រម​សាលាឧទ្ធរណ៍​បាន​លើក​យក​សំណុំ​រឿង​នេះ​មក​កាត់​ទោស​ម្ដង​ទៀត ដោយ​គាំទ្រ​ការ​ផ្ដន្ទាទោស​តាម​សាលក្រម​របស់​តុលាការ​ខេត្ត​តាកែវ តែ​បាន​កែប្រែ​បទ​ចោទ​ពី​ទោស​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​ជា​បទល្មើស​ញុះញង់​ឲ្យ​បង្ក​បទឧក្រិដ្ឋ​វិញ។
តាម​លោក អំ សំអាត អ្នក​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​ថា ការ​ចោទ​លោក លាង សុខជឿន ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់ ដូច​នេះ​ចៅក្រម​សាលាឧទ្ធរណ៍​បាន​កែប្រែ​បទ​ចោទ ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ចោទ​លោក លាង សុខជឿន ដាក់​គុក​ឲ្យ​បាន។
លោក អំ សំអាត បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​កាត់​ទោស​លោក លាង សុខជឿន នេះ ជា​ការ​បង្ហាញ​មួយ​ចំពោះ​អង្គការ​សិទ្ធិ​មនុស្ស​ថា រដ្ឋ​អំណាច​អាច​ប្រើ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ដើម្បី​បង្ក្រាប​ចំពោះ​សកម្មជន ​ការពារ​សិទ្ធិ​មនុស្ស ៖ «បទល្មើស​ឲ្យ​មាន​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ បទឧក្រិដ្ឋ​នេះ គឺ​សង្គម​ស៊ីវិល​យើង​មាន​ការ​ព្រួយ​បារម្ភ​តាំង​ពី​មុន​មក។ នៅ​ក្នុង​មាត្រា​ហ្នឹង​ថា ជា​ការ​រឹត​បន្តឹង​ទៅ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ ប្រជាពលរដ្ឋ​នោះ។ អ៊ីចឹង​ក្រោយ​មក​យើង​ឃើញ​មាត្រា​នោះ​គេ​យក​ទៅ​ប្រើប្រាស់​ទៅ​លើ​លោក សេង គុណការ ហើយ​បន្ទាប់​មក​លើ​លោក លាង សុខជឿន ហើយ​និង​មាន​អ្នក​ផ្សេង​ទៀត​ឲ្យ​តែ​មាន​ការ​បាច​ខិត្តប័ណ្ណ ឬ​ក៏​ការ​ស្អី គេ​តែងតែ​ប្រើ​មាត្រា​នេះ​ដើម្បី​ផ្ដន្ទា​ទោស»
ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​កាត់​ទោស​លោក លាង សុខជឿន នោះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ការ​ប្រើប្រាស់​ច្បាប់​ដើម្បី​ដាក់​ទោស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ហើយ​វា​ជា​ការ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថែម​ទៀត​ទៅ​លើ​សកម្មជន​ការពារ​ សិទ្ធិ​មនុស្ស។
លោក​បន្ត​ថា ៖ «ពេល​ណា​យើង​រក​បុគ្គលិក​អី យើង​ដឹង​ហើយ អ្នក​ខ្លះ​មិន​ហ៊ាន​ធ្វើការ​ជាមួយ​NGO (អង្គការ) សិទ្ធិ​មនុស្ស​ទេ ដោយសារ​គាត់​យល់​ថា ការងារ​នេះ​វា​ជា​ការងារ​មួយ​ប្រឈម​ជាង​គេ ជា​ការងារ​អាច​ជាប់​គុក អ៊ីចឹង! គឺ​ថា ប្រថុយប្រថាន ហើយ​ការ​កាត់​ទោស​ករណី​នេះ​វា​ជា​ឧទាហរណ៍​មួយ​បន្ថែម​ទៅ​លើ​ឧទាហរណ៍​ដទៃ​ទៀត ​ថា រដ្ឋ​អំណាច​កំពុង​តែ​បាញ់​មុខ​ព្រួញ​មក​លើ​អង្គការ​សិទ្ធិ​មនុស្ស​ហើយ»
ទាក់ទង​ជាមួយ​ការ​កាត់​ទោស​ដាក់​គុក​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ឈ្មោះ Human Rights Watch ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៤ កក្កដា សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក លាង សុខជឿន ពី​ការ​ឃុំឃាំង និង​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ការងារ​របស់​បុគ្គលិក​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
លោក ប៊្រែត អាដាម (Brad Adams) នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ Human Rights Watch បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា សមិទ្ធផល​ធំ​មួយ​ក្នុង​ចំណោម​លទ្ធផល​ការងារ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ កម្ពុជា កាល​ពី ២០​ឆ្នាំ​មុន​​នៅ​កម្ពុជា​នោះ គឺ​សង្គម​ស៊ីវិល​មួយ​ដ៏​ក្លាហាន។ ប៉ុន្តែ​ការ​ដាក់​គុក​សកម្មជន​សិទ្ធិ​មនុស្ស​ដោយ​ការ​កាត់​ទោស​មិន​ ត្រឹមត្រូវ និង​ការ​ត្រៀម​បង្កើត​ច្បាប់​មួយ​ដោយ​ឲ្យ​រដ្ឋាភិបាល​មាន​អំណាច​អាច​បិទ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​នោះ បាន​ន័យ​ថា សមិទ្ធផល​ក្នុង​ការ​បង្កើត​សង្គម​ស៊ីវិល​មួយ​ដ៏​ក្លាហាន​នៅ​កម្ពុជា កំពុង​រង​ការ​គំរាម​ហើយ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មិន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​​ចំពោះ​ការ​លើក​ឡើង​ថា ការ​ដាក់​គុក​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ជា​ការ​បំភ័យ​ចំពោះ​អ្នក​ បំពេញ​ការងារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ តែ​លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មាន​តុលាការ​សម្រាប់​កាត់​សេចក្ដី​លើ​សំណុំ​រឿង​ពាក្យ​ បណ្ដឹង​ផ្សេងៗ។
លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ត ៖ «ហើយ​បើ​ឃើញ​ថា ច្បាប់​នោះ​វា​រំលោភ​លើ​សិទ្ធិ ប្រជាពលរដ្ឋ​ត្រូវ​នាំ​គ្នា​មាន​ស៊ីវិល័យ មាន​សេចក្ដី​ថ្លៃថ្នូរ ហ៊ាន​និយាយ​ថា ច្បាប់​នោះ​វា​ខុស ហើយ​បើ​ឃើញ​ចៅក្រម​ផ្ដល់​ការ​វិនិច្ឆ័យ​មិន​សមស្រប​ទៅ​នឹង​ស្មារតី​នៃ​ ច្បាប់ ត្រូវ​ហ៊ាន​ចោទ​ប្រកាន់​ទៅ​លើ​ចៅក្រម អា​ហ្នឹង​ជា​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស រាប់​ទាំង NGO ឬ​មិន NGO»
តាម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​កត់​សម្គាល់​ថា ការ​កាត់​ទោស​លោក លាង សុខជឿន ដាក់​គុក​នេះ ជា​ករណី​ទី​២​ហើយ ដែល​ចៅក្រម​តុលាការ​ប្រើ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ទាក់ទង​ជាមួយ​មាត្រា​ការ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស បន្ទាប់​ពី​មាន​ការ​កាត់​ទោស​លោក សេង គុណការ បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ឲ្យ​ជាប់​គុក ៦​ខែ ដោយ​គ្រាន់​តែ​បាន​បោះ​ពុម្ព​អត្ថបទ​រិះគន់​អ្នក​ដឹកនាំ​ប្រទេស​ពី​គេហទំព័រ ខេ.អាយ.មីឌា (KI-Media) យក​មក​ចែក​អ្នក​ស្គាល់​គ្នា​អាន។
នៅ​ប្រទេស​កម្ពុជា មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ ៣.០០០ ធ្វើ​សកម្មភាព​នានា​ទាក់ទង​វិស័យ​ជា​ច្រើន​ក្នុង​សង្គម ក្នុង​នោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​ខាង​ការពារ​សិទ្ធិ ​មនុស្ស​លេច​ធ្លោ​មាន​៣ គឺ​អង្គការ​អាដហុក អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons