លោក​ប៉ែន ​ប៊ុណ្ណា ​មន្ត្រី​សម្រប​សម្រួល លោក​ឆាយ​ ធី​ មន្រ្តី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​លោក​រដ្ឋា​ វិសាល​ អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ ផ្នែក​ខេមរភាសា​ ត្រូវ​បាន​លោក​ លុច​ ឡៅ ​ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខេត្ត​រតនគីរី​ បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ទី១៩​ ខាង​មុខ​នេះ​ ពី​បទ​ផ្សំ​គំនិត​ និង​ញុះញង់​ឲ្យ​មាន​បទល្មើស។ នេះ​បើ​តាម​ដីកា​មួយ​ច្បាប់​ដែល​វីអូអេ​ខ្មែរ​បាន​ទទួល។
ការ​កោះ​ហៅ​បុគ្គលិក​សិទ្ធិ​មនុស្ស​ និង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសារ​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ទំនាស់​ដី​ធ្លី​មួយ​កាល​ពី​ឆ្នាំ​២០០៥​ រវាង​ជនជាតិ​ភាគ​តិច​នៅ​ភូមិ​បាតាង​ ឃុំ​បាតាង​ ស្រុក​លំផាត់​ ខេត្ត​រតនគីរី​ ជា​មួយ​នឹង​ក្រុមហ៊ុន​ឌីអឹម​គ្រុប។
លោក ប៉ែន​ ប៊ុណ្ណា ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​រតនគីរី​ បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ចំនួន​១៣៤​គ្រួសារ​ ដែល​មាន​ដី​ទំហំ​២៤០​ហិកតា​បាន​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​ឌីអឹមគ្រុប​ បាន​រំលោភ​យក​ដី​របស់​ពួក​គេ​ដើម្បី​ដាំ​ដើម​កៅស៊ូ។
លោក​បាន​បញ្ជាក់​ថា​ ក្រុមលោក​​មិន​បាន​ញុះ​ញង់​ឲ្យ​ប្រជាពលរដ្ឋ​បង្ក​អំពើ​ហិង្សា​ជា​មួយ​ ក្រុមហ៊ុន​ទេ​ គឺ​ក្រុម​លោក​គ្រាន់​តែ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ធ្វើ​ ការ​តវ៉ា​ខាង​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។
«អង្គការ​យើង​ជា​អង្គការ​សិទ្ធិ​មនុស្ស។ យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ(ផ្តល់)​ប្រឹក្សា​យោបល់​តាម​ផ្លូវ​ ច្បាប់​ ហើយ​យើង​និយាយ​ត្រង់​បាទ។ យើង​ឥត​លាក់​លៀម ព្រោះ​យើង​ឥត​បាន​ទទួល​ផលប្រយោជន៍​​ពី​ភាគី​ណា​មួយ​ទេ។​ យើង​ឃើញ​ថា មាន​ការ​រំលោភ​យក​ដី​គឺ​យើង​ប្រាប់​គាត់​ត្រង់​ បើ​ ឃើញ​ថា គាត់​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​ក៏​ប្រាប់​គាត់​ត្រង់​ដែរ។​ បើ​សិន​គាត់​ត្រូវ​គេ​រំលោភ​លើ​សិទ្ធិ​ដី​ធ្លី​របស់​គាត់​ជា​ជនជាតិ​ដើម​ភាគ ​តិច​គឺ​អញ្ចឹង​គាត់​មាន​សិទ្ធិ​តវ៉ា​តាម​រដ្ឋធម្មនុញ្ញ»។
លោក​ រដ្ឋា​ វិសាល​ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​រៀបចំ​មេធាវី​ រួច​ហើយ​ ដើម្បី​ឲ្យ​លោក​ចូល​បំភ្លឺ​ក្នុង​តុលាការ​តាម​កាល​កំណត់។
លោក​ មឿន ​ឈានណារិទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ពិបាក​ឲ្យ​និយមន័យ​ឲ្យ​បាន​ច្បាស់​លាស់។​ លោក​បាន​បញ្ជាក់​ទៀត​ថា​ អ្នក​យក​ព័ត៌មាន​ មាន​សិទ្ធិ​ក្នុង​ការ​សម្ភាសន៍​ និង​យក​មក​ផ្សព្វផ្សាយ​ ហើយ​ទង្វើ​នេះ​មិន​មែន​ជា​ការ​ញុះញង់​បង្ក​ឲ្យ​មាន​បទល្មើស​ទេ។
«ការ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​យើង​ពី​បទ​ញុះញង់​គ្រាន់​តែ​ធ្វើ​តាម​ វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ជា​ការ​យល់​ច្រឡំ​ហើយ។​ ហើយ​បទ​ញុះញង់​ទាល់​តែ​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​ ឬ​ក៏​យើង​បាន​ធ្វើ​ការ​អំពាវនាវ​ដោយ​ផ្ទាល់​តែ​ម្តង​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ ប្រើ​អំពើ​ហឹង្សា​ ដែល​គាត់​ធ្វើ​អ្វី​មួយ​ដែល​ខុស​នឹង​ច្បាប់»។
ទំនាស់​ដីធ្លី​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​បាតាងជាមួយ​នឹង​ក្រុមហ៊ុន​ ឌីអឹម​គ្រុប មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ ហើយ​កំពុង​អូស​បន្លាយ​មក​ដល់​ឆ្នាំ​២០១១​នេះ។ប្រជាពលរដ្ឋ​បាន​ចោទ​ថា ក្រុមហ៊ុន​ឌីអឹមគ្រុប​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​គេ​ចំនួន​២៤០​ហិកតា សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ។
លោក ចាន់ ​សាវ៉េត​ មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​មិន​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ទេ។​ លោក​បាន​បញ្ជាក់​ថា​ នេះ​បង្ហាញ​ឲ្យ​ឃើញ​ចេតនា​មួយ​របស់​តុលាការ​ក្នុង​ការ​គំរាម​គំហែង​ដល់​ សកម្មជន​សិទ្ធ​មនុស្ស​ដទៃ​ផ្សេង​ទៀត។
«សង្គម​ស៊ីវិល​ធ្វើ​ការ​វិស័យ​សិទ្ធិ​មនុស្ស​ វា​តែង​តែ​ចូល​ជិត​ស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​ តែង​តែ​ចូល​រួម​ចំណែក​ផ្សេង​ៗ​ទាក់​ទង​នឹង​សិទ្ធិ​សេរីភាព​របស់​មនុស្ស។​ អញ្ចឹង​ ចៀស​មិន​ផុត​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ យើង​ធ្វើ​កិច្ចការ​ងារ​នេះ ​មិន​មែន​មាន​ន័យ​ថា​ ការ​ញុះ​ញង់​ទេ។​ វា​មិន​ដូច​អាជ្ញាធរ​សមត្ថកិច្ច​ខ្លះ​ ដែល​គាត់​ធ្វើ​ជា​ម៉ែ​ជា​ឪ​គេ​ ហើយ​គាត់​មិន​ដែល​ស្គាល់​រស់​ជាតិ​ថា​ប្រជាពលរដ្ឋ​ថា​គាត់​អត់​ ឬក៏​ក្រ​ប៉ុណ្ណា»។
លោក ​លុច​ ឡៅ ​ចៅក្រម​ខេត្ត​រតនគីរី​ បាន​និយាយ​ថា​ សំណុំរឿង​នេះ​ លោក​មិន​ទាន់​បាន​ពិនិត្យ​នៅ​ឡើយ​ទេ ​ដោយសារ​តែ​លោក​បាន​ទទួល​យក​សំណុំរឿង​ចាស់​ពី​លោក​ចៅក្រម​ ថោ ​សារ៉ន ​ដែល​បាន​ចូល​និវត្តន៍៕