. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, September 18, 2011

បទ "ញុះញង់" ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី រឹតត្បិត​ការ​បញ្ចេញ​មតិ

2011-09-18
ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ថ្មី ដែល​ចែង​ពី​បទ​ញុះញង់​ថា កំពុង​ផ្ទុយ​ទៅ​នឹង​ស្មារតី​រដ្ឋ និង​ស្តង់ដារ​ច្បាប់​អន្ត​ជាតិ។
មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បទ​ញុះញង់​ក្នុង​ក្រម​ នីតិ​វិធី​ព្រហ្មទណ្ឌ​ថ្មី ថា​កំពុង​អនុវត្ត​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ ព្រម​ទាំង​ប្រាស់​ចាក​ពី​ឆន្ទៈ​នៃ​ច្បាប់​អន្ត​ជាតិ។ ពួក​គេ​ព្រួយ​បារម្ភ​ថា បទ​ញុះញង់​នេះ​អាច​ជា​លទ្ធភាព​ថ្មី​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​សកល​នា​ពេល​ខាង​មុខ។
នៅ​បន្ទាប់​ពី​សិក្ខា​សាលា​ស្ដី​អំពី​ការ​អនុវត្ត​ច្បាប់​ក្នុង​ក្រម​ ព្រហ្មទណ្ឌ​ថ្មី កាល​ពី​ថ្ងៃ​សុក្រ ទី​១៦ ប្រធាន​អង្គការ​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុខ សំអឿន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ប្រើប្រាស់ និង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ទៅ​លើ​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស សកម្ម​ជន​ដីធ្លី និង​ក្រុម​សកម្ម​ជន​នយោបាយ​នៅ​កម្ពុជា កំពុង​មាន​លក្ខណៈ​វង្វេង ៖ «បទ​ញុះញង់​នេះ​ឲ្យ​និយម​ន័យ​វា​ទូលំ​ទូលាយ​ ពេក ដែល​ស្អី​ក៏​ញុះញង់​ដែរ។ ឥឡូវ​សូម្បី​តែ​សកម្ម​ជន​ពន្យល់​ពី​អត្ថន័យ ឬ​ក៏​ច្បាប់​អី​អ៊ីចឹង​ទៅ ក៏​ចោទ​ពី​បទ​ញុះញង់។ ហើយ​ឥឡូវ​ដល់​ទៅ​តំណាង​ប្រជា​ពល​រដ្ឋ​ដែល​គេ​រើស​ឲ្យ​ទៅ​និយាយ​តំណាង​ប្រជា​ ពល​រដ្ឋ​ហ្នឹង វា​ទៅ​ជា​ញុះញង់​ដែរ ដល់​អ៊ីចឹង​ទៅ​វា​ទៅ​ជា​វង្វេង។ បើ​តាម​ខ្ញុំ​មើល អា​ហ្នឹង​វា​មក​ពី​នីតិ​វិធី ព្រោះ​តុលាការ​យើង​ឲ្យ​តែ​គេ​ប្ដឹង​ហៅ​មក​ឃុំ​សិន​ចាប់​សិន ដល់​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្លាច​ប្រព័ន្ធ​តុលាការ​ហ្នឹង។»
បទ​ញុះញង់​មាន​ចែង​ក្នុង​ផ្នែក​ទី​៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី ចាប់​ពី​មាត្រា​៤៩៤ ដល់​មាត្រា​៤៩៨ មាន​ចែង​អំពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​អំពើ​ញុះញង់​តាម​ផ្លូវ​សារ​ព័ត៌មាន។ មាត្រា​៤៩៤ ចែង​ថា ការ​ប្រព្រឹត្ត​អំពើ​ញុះញង់​ធ្វើ​ឡើង​ដោយ​សំដី​តាម​ប្រភេទ​ណា​ក៏​ដោយ ដែល​ប្រកាស​នៅ​ក្នុង​ទី​កន្លែង​សាធារណៈ ឬ​នៅ​ក្នុង​ពេល​ប្រជុំ​ជា​សាធារណៈ។ ការ​ប្រព្រឹត្ត​ដោយ​សំណេរ ឬ​គំនូរ​តាម​ប្រភេទ​ណា​ក៏​ដោយ ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចំណោម​សាធារណជន ឬ​ដាក់​តាំង​ឲ្យ​សាធារណជន​មើល។ ម្យ៉ាង​ទៀត ប្រព្រឹត្ត​ដោយ​មធ្យោបាយ​កាសែត វិទ្យុ ឬ​ទូរទស្សន៍​សម្រាប់​សាធារណជន។
ចំណែក​ទោស​នៃ​បទ​ល្មើស​ទាំង​នោះ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់​៣​ឆ្នាំ ហើយ​ពិន័យ​ជា​ទឹក​ប្រាក់​ពី ១​លាន ដល់​៦​លាន​រៀល។
លោក សុខ អឿន បាន​មាន​ប្រសាសន៍​បន្ត​ថា និយម​ន័យ​ដែល​ចែង​ក្នុង​បទ​ញុះញង់​នេះ មាន​លក្ខណៈ​មិន​ប្រាកដ​ប្រជា ហើយ​រដ្ឋាភិបាល​គួរ​ស្នើ​ឲ្យ​សភា​ធ្វើ​ការ​កែប្រែ​និយម​ន័យ​នៃ​មាត្រា​ទាំង​ នេះ​ឡើង​វិញ ៖ «បើ​និយាយ​ពី​និយម​ន័យ​វិញ លុះ​ត្រា​តែ ឧទាហរណ៍ ខ្ញុំ​ញុះញង់​នរណា​ម្នាក់​ទៅ​សម្លាប់​អ្នក​ណា​ម្នាក់ ខ្ញុំ​ញុះញង់​ឲ្យ​ប្លន់ ខ្ញុំ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា អា​ហ្នឹង​បាន​ហៅ​ថា​ញុះញង់។ បើ​គ្រាន់​ដូច​ថា ឲ្យ​យោបល់​ប្រជា​ពល​រដ្ឋ ឲ្យ​ពន្យល់​ពី​ច្បាប់​ដល់​ប្រជា​ពល​រដ្ឋ​ថា​ធ្វើ​អញ្ចេះ​វា​ស្រប​ច្បាប់ ឬ​ក៏​យើង​ទាមទារ​អី ឬ​ក៏​យើង​ធ្វើ​ញត្តិ​ទៅ​រដ្ឋាភិបាល អា​ហ្នឹង​គេ​មិន​ហៅ​ថា​ញុះញង់​ទេ។ សព្វ​ថ្ងៃ​ស្អី​ក៏​ដោយ​សុទ្ធ​ញុះញង់​ដែរ។»
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា បទ​ញុះញង់​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ មាន​សារសំខាន់​ណាស់ ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ៖ «កិច្ច​ការ​ពារ​សណ្ដាប់​ ធ្នាប់ និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស ដូច្នេះ​ប្រទេស​កម្ពុជា​គឺ​យើង​ចាប់​ផ្ដើម​ពង្រឹង​ស្ថិរភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​ឲ្យ​ប៉ះ​ពាល់​រូប​រាង​កាយ និង​កិត្តិយស។ អា​ហ្នឹង​ជា​ការ​ចាប់​ផ្ដើម​នៃ​សណ្ដាប់​ធ្នាប់ និង​វិធាន​ថ្មី នៃ​បរិបទ​ការ​រស់​នៅ​របស់​កម្ពុជា។ អាស្រ័យ​ដូច​ហេតុ​នេះ អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​មិន​ច្បាស់​លាស់ ខុស​ពី​ស្មារតី​នៃ​សារវន្ត​ច្បាប់ គ្រាន់​តែ​ជា​ការ​ប្រើ​ពាក្យ និង​បន្ទរ​សំឡេង​ក្នុង​ផ្លូវ​នយោបាយ។»
កន្លង​មក សកម្ម​ជន​គណ​បក្ស​នយោបាយ សកម្ម​ជន​សិទ្ធិ​មនុស្ស និង​សកម្ម​ជន​ដីធ្លី​ជា​ច្រើន បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ដូច​ជា​ករណី​បុគ្គលិក​របស់​អង្គការ Licadho លោក លៀង សុខ​ជឿន លោក សេង គុណការ មន្ត្រី​អង្គការ​ស្បៀង​អាហារ​ពិភព​លោក លោក សម រង្ស៊ី ប្រធាន​បក្ស​ជំទាស់ លោក មឿង សុន ប្រធាន​អង្គការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស​ពីរ​រូប​ក្នុង​ខេត្ត​កំពង់ចាម គឺ​លោក ផាន ផា និង អុំ យាន និង​បុគ្គលិក​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស Adhoc ចំនួន​៣​នាក់ នៅ​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​រតនគីរី ដែល​អ្នក​ទាំង​អស់​កំពុង​ជាប់​បណ្ដឹង​ពី​បទ​ញុះញង់។
មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីការដូ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា បទ​ញុះញង់​កំពុង​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ ដែល​ផ្ដល់​លទ្ធភាព​គ្រប់​គ្រាន់​ដល់​អាជ្ញាធរ និង​តុលាការ ដើម្បី​រឹត​ត្បិត​ដល់​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ៖ «ថ្មីៗ​ហ្នឹង បើ​ក្នុង​តុលាការ យើង​ឃើញ​មាន​ប្រាំ​ករណី​ដែល​ទាក់​ទង​រឿង​ហ្នឹង ទាំង​ប្រជា​ពល​រដ្ឋ ទាំង​សង្គម​ស៊ីវិល ទាំង​សង្គម​នយោបាយ​អី​ផ្សេងៗ។ នេះ​យើង​ឃើញ​នៅ​តុលាការ ប៉ុន្តែ​ជា​ទូទៅ​ដូច​សង្គម​ស៊ីវិល​ដែល​គាត់​ចុះ​ទៅ​ធ្វើ​ការ​អី ហើយ​ត្រូវ​គេ​រារាំង​តែង​ត្រូវ​អាជ្ញាធរ​សរសេរ​របាយ​ការណ៍​ចោទ​ប្រកាន់​ពី​ បទ​ញុះញង់។»
ចំណែក​តំណាង​រាស្ត្រ​ចាស់​វស្សា​ពី​ខាង​គណ​បក្ស​កាន់​អំណាច លោក ជៀម យាម បាន​ទទួល​ស្គាល់​ថា និយម​ន័យ​នៃ​បទ​ញុះញង់​គួរ​ចែង​ឲ្យ​បាន​ច្បាស់​លាស់​ជាង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ ៖ «ខ្ញុំ​សូម​ជម្រាប ​ថា អា​ហ្នឹង​ចាំ​បាច់​ណាស់ ដែល​ថ្ងៃ​ក្រោយ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ធ្វើ​វិសោធនកម្ម​ឲ្យ​បាន​ច្បាស់​ លាស់​ស្តី​អំពី​អត្ថន័យ​នៃ​បទ​ញុះញង់​នេះ ឲ្យ​បាន​ច្បាស់​លាស់។ ហើយ​យើង​ធ្វើ​ការ​វិភាគ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ចៅ​ក្រម​ស៊ើប​អង្កេត ឬ​តុលាការ​យុត្តិធម៌ ក៏​ដូច​ជា​ក្រុម​នគរបាល​យុត្តិធម៌ ដែល​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ហ្នឹង ឲ្យ​ស្ដាប់​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​កុំ​ឲ្យ​យក​អា​ពាក្យ​ហ្នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​គេ​ទាំង​អយុត្តិធម៌។»
លោក Brad Adam នាយក​ប្រតិបត្តិ​សម្រាប់​កិច្ច​ការ​តំបន់​អាស៊ី ប្រចាំ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឡុង្គ (London) ប្រទេស​អង់គ្លេស​ថា បទ​ញុះញង់​ដែល​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​របស់​កម្ពុជា កំពុង​ធ្វើ​ដំណើរ​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់​អន្តរជាតិ និង​គោល​ការណ៍​ប្រជាធិបតេយ្យ ៖ «ការ​រិះគន់​របស់​ពល​រដ្ឋ​ទៅ​លើ​ រដ្ឋាភិបាល​មិន​អាច​ចាត់​ទុក​ថា ជា​អំពើ​ញុះញង់​បាន​ទេ ព្រោះ​នេះ​គ្រាន់​តែ​សម្ដី​ខាង​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​ប្រើ​ប្រាស់​បញ្ញត្តិ​ច្បាប់​នេះ​ខុស​ទាំង​ស្រុង ​មក​លើ​ក្រុម​អ្នក​រិះគន់ ហេតុ​ដូច្នេះ​បាន​ជា​រដ្ឋាភិបាល​ពេញ​ចិត្ត​យក​បទ​ញុះញង់​នេះ​មក​ចែង​ក្នុង​ ច្បាប់។ នេះ​ពិត​ជា​ច្បាប់​ដែល​គ្មាន​ការ​ចាំបាច់ និង​គ្មាន​ន័យ​អ្វី​បន្តិច​ណា​សោះ។ ច្បាប់​នេះ​គួរ​ចែង​អំពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​តែ​មួយ​គត់ គឺ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។ ហើយ​ត្រូវ​មាន​និយម​ន័យ​ឲ្យ​បាន​ជាក់​លាក់​ជា​ទី​បំផុត ដោយ​គ្មាន​ការ​បន្លែ​បន្លំ។»
កម្ពុជា​កន្លង​មក​បាន​ប្រើ​ប្រាស់​បទ​បរិហារ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​ក្រម​ព្រហ្មទណ្ឌ​សម័យ​អន្តរ​កាល​យ៉ាង​ពេញ​និយម ដើម្បី​រឹត​ត្បិត​ក្រុម​សកម្ម​ជន ប៉ុន្តែ​បទ​បញ្ញត្តិ​ទាំង​នេះ​ត្រូវ​បាន​លប់​ចោល​មិន​ដាក់​បញ្ចូល​ក្នុង​ ក្រម​ព្រហ្មទណ្ឌ​ថ្មី ដោយ​សារ​រង​នូវ​ការ​រិះគន់ និង​សម្ពាធ​ជា​ច្រើន​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ។ តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ចូល​បទ​ញុះញង់​ជំនួស​ដែល​មាន​វិសាលភាព និង​សមត្ថភាព​ដូច​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ដែរ។
ក្រុម​អ្នក​ឃ្លាំ​មើល​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​លទ្ធភាព​របស់​ អាជ្ញាធរ ឬ​តុលាការ​ក្នុង​ការ​យក​បទ​ញុះញង់​មក​កៀប​សង្កត់​ដល់​ក្រុម​សកម្ម​ជន​នយោបាយ ​ក្នុង​រដូវ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​សកល​នា​ឆ្នាំ​២០១៣។
ប្រធាន​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គុល បញ្ញា មាន​ប្រសាសន៍​ថា ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ អាច​ញាំញី​ទៅ​ដោយ​បទ​ញុះញង់ ដែល​អាច​នាំ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​រួម​ចង្អៀត និង​ពោ​ពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌ ៖ «ព្រោះ​ថា​មុន​ពេល​បោះ​ឆ្នោត​នេះ ក៏​មាន​សកម្ម​ភាព​របស់​គណ​បក្ស​មួយ​ចំនួន​ដែរ ដែល​ធ្វើ​សកម្ម​ភាព​ជា​បណ្ដើរ​ៗ ហើយ។ ឥឡូវ​នេះ​មិន​ត្រឹម​តែ​ប្រធាន​គណ​បក្ស​ទេ សូម្បី​តំណាង​សហគមន៍​ដែល​មាន​បញ្ហា​រឿង​ដីធ្លី ឬ​អ្នក​សារ​ព័ត៌មាន​អី​ហ្នឹង សុទ្ធ​តែ​កំពុង​ប្រឈម​នឹង​គេ​ប្រើ​ប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ទាក់​ទិន​ នឹង​បទ​ញុះញង់ ហើយ​និង​ជេរ​ប្រមាថ​ហ្នឹង ដើម្បី​យក​មក​ចោទ​ប្រកាន់ ហើយ​និង​យក​មក​កាត់​ទោស។ អា​ហ្នឹង​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង។»
ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណ​បក្ស​កាន់​អំណាច​គួរ​មាន​សេចក្ដី​ក្លាហាន និង​ស្មោះ​ត្រង់​ប្រកប​ដោយ​យុត្តិធម៌ ក្នុង​ការ​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ៖ «គណ​បក្ស​កាន់ ​អំណាច​បើ​ចង់​ប្រកួត​គ្នា​ក្នុង​ការ​បោះ​ឆ្នោត សូម​កុំ​ចង​ដៃ​ចង​ជើង​បក្ស​គេ។ វា​មិន​ដែល​ប្រកួត​គ្នា​ម្នាក់​ចង​ដៃ​ម្នាក់​ចង​ជើង ហើយ​ម្នាក់​លា​ដៃ​លា​ជើង​អ៊ីចឹង​ទេ។ អា​ការ​ចាប់​សកម្ម​ជន​ហ្នឹង ដូច​ចង​ដៃ​ចង​ជើង​គណ​បក្ស​សិទ្ធិ​មនុស្ស ហើយ​បបួល​គណ​បក្ស​សិទ្ធិ​មនុស្ស​ប្រកួត​គ្នា​អ៊ីចឹង។ អ៊ីចឹង​ការ​បោះ​ឆ្នោត​នេះ​ប្រសិន​បើ​គណ​បក្ស​កាន់​អំណាច​នៅ​តែ​ធ្វើ​អ៊ីចឹង​ ទៀត វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ហើយ។ ម្យ៉ាង​ទៀត​វា​ពិត​ប៉ះ​ពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពល​រដ្ឋ។»
អ្នក​វិភាគ​ឯករាជ្យ​អំពី​វិស័យ​ច្បាប់ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ ឬ​តុលាការ​គួរ​កុំ​ភ័ន្តច្រឡំ​ពាក្យ​ណែនាំ​ទៅ​ជា​ពាក្យ​ញុះញង់​ក្នុង​ការ​ ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​សកម្ម​ជន​នោះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons