កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​លើក​យក​សំណុំ​រឿង​ទំនាស់​ដី​ធ្លីមួយ​កាល​ ពី​ឆ្នាំ​២០០៨ ​រវាង​អ្នក​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ ​និង​អាជ្ញាធរ​ខេត្ត​ទាក់ទិន​ទៅ​នឹង​ការ​ចោទប្រកាន់​ថា​ បាន​ធ្វើ​ឲ្យ​បាក់​បង្គោល​ព្រំដី​របស់​សុរិយោដី​ខេត្ត​មួយ​ដើម។
លោក​ឡុង ​លុន ​មេធាវី​ការពារ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​បាន​ការពារ​កូន​ក្តី​ប្រជា​ពលរដ្ឋ​ចំនួន​២២​នាក់ ​បាន​និយាយ​ថា ​នៅ​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ មិន​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​មក​លើ​កូន​ក្តី​របស់​លោក​ទេ។ ​លោក​បាន​បញ្ជាក់​ថា​ តុលាការ​គួរតែ​លើក​លែង​ការ​ចោទប្រកាន់​ចំពោះ​កូន​ក្តី​របស់​លោក។
«យើង​ជា​មេធាវី​ យើង​យល់​ថា ​តុលាការ​មិន​មាន​ភស្តុតាង ​ឬ​សាក្សី​ណាមួយ​បញ្ជាក់​ចង្អុល​បង្ហាញ​ឲ្យ​ច្បាស់​ថា ​កូន​ក្តី​របស់​ខ្ញុំ​បាទ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ។ ​ប៉ុន្តែ​ខាង​តំណាង​អយ្យការ​ គាត់​លើក​ឡើង​ថា​ មាន​ការបាក់​បង្គោល​អី​មែន។​ ប៉ុន្តែ​យើង​រក​ថា ​តើ​នរណា​ដែល​ជា​អ្នក​វាយ​នោះ​ ឥត​មាន​នរណា​មួយ​ចង្អុល​បង្ហាញ​ឲ្យ​ច្បាស់​ទេ​បាទ»។
កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​មករា​ ឆ្នាំ​២០០៨ ​បង្គោល​ព្រំដី​របស់​សុរិយោដី​របស់​ខេត្ត​បន្ទាយ​មានជ័យ​មួយ​​ដើម ​ដែល​បាន​បោះ​កំណត់​ព្រំដី​នៅ​ស្រុក​អូរជ្រៅ​ បាន​បាក់ ​បន្ទាប់​ពី​មាន​រឿង​ទំនាស់​ដី​ធ្លី​មួយ​បាន​កើត​ឡើង។
ប្រជា​ពលរដ្ឋ​ប្រមាណ​១៧០​គ្រួសារ ​ដែល​មាន​ទំហំ​ដី​ប្រមាណ​ជាង​១១​ហិចតា ​នៅ​ភូមិ​ទួលប្រាសាទ ​និង​ភូមិ​ប៉ាលីល័យ ​ក្រោយមក​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិ​ច័ន្ទគីរី​ មាន​ទីតាំង​ក្នុង​ឃុំ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​បាន​ចោទប្រកាន់​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​ថា​ បាន​រំលោភ​យក​ដី​របស់​ពួក​គេ។
សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​បាន​ជួល​ដី​រដ្ឋ​ចំនួន​២៩៧​ហិចតា ​ហើយ​ក្រោយ​មក​ពង្រីក​ផ្ទៃ​ដី​របស់​ខ្លួន​រហូត​ទៅ​ដល់​ជាង​៤០០​ហិចតា ​សម្រាប់​ការ​អភិវឌ្ឍ​ដាំ​ដំណាំ​កសិកម្ម។ ​ការអភិវឌ្ឍ​នេះ​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​របស់​គេ​ចំនួន​បី​ភូមិ ​គឺ​ភូមិ​ទួលប្រាសាទ ​ភូមិ​ទួលពង្រ​ និង​ភូមិ​ច័ន្ទគីរី។
ទំនាស់​ដី​ធ្លី​នេះ​បាន​បង្ក​ឲ្យ​សុរិយោដី​ខេត្ត​ចុះ​ទៅ​ធ្វើ​ការ​ វាស់វែង​ដើម្បី​កំណត់​ព្រំដី ​ហើយ​ក្រោយមក​ឈាន​រហូត​ទៅ​ដល់​បាក់​បង្គោល​ព្រំដី​របស់​មន្ត្រី​សុរិយោដី​ ខេត្ត​មួយ​ដើម។
កាលពីនៅជា​​​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយ​មានជ័យ​ លោក​តុប ​ច័ន្ទសេរីវុឌ្ឍ ​កាល​ពី​ឆ្នាំ​២០០៨​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​បី​នាក់ ​ដាក់​ពន្ធនាគារ​ពី​បទ​ថា​ បាន​វាយ​បំផ្លិចបំផ្លាញ​បង្គោល​ព្រំដី​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ។ លោក​តុប​ ច័ន្ទសេរីវុឌ្ឍ​​ក្រោយ​មក​ផ្លាស់ប្តូរ​ទៅ​ជា​​ព្រះរាជអាជ្ញា​ខេត្ត​ពោធិសាត់ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ពន្ធនាគារ​តុលាការ​ខេត្ត​ពោធិសាត់ ​ដោយសារ​តែ​សំណុំរឿង​ពុករលួយ។
សាលាឧទ្ធរណ៍​បានសម្រេច​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដោះលែង​ជន​ទាំង​ បី​នាក់​ឲ្យ​នៅ​ក្រៅឃុំ ​ហើយ​បង្វែ​សំណុំរឿង​នេះ​ឲ្យ​មក​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ជា​អ្នក​ ចាត់ការ​បន្ត។
លោក​នៅ ​ផល្លា ​តំណាង​ប្រជាពលរដ្ឋ​ទាំង​១៧០​គ្រួសារ ​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​មិន​បាន​វាយ​បំផ្លិចបំផ្លាញ​បង្គោល​ព្រំដី​សុរិយោដី​ខេត្ត​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​ទំនង​ជា​បង្គោល​ព្រំដី​នេះ ​បាក់​ដោយ​ខ្លួន​ឯង ​ហើយ​ទម្លាក់​កំហុស​មក​លើ​ប្រជា​ពលរដ្ឋ។
«យើង​មិន​ដឹង​ថា​ បង្គោល​ណា​បាក់​ទេ​ ​បើ​បង្គោល​គាត់​បោះ​ច្រើន​បង្គោល​ម្ល៉េះ។ ​មិន​ដឹង​បាក់​បង្គោល​ណា​ បើ​ច្រើន​ម្ល៉េះ។ ​ក្រែង​ជ្រូក ​វា​ដើរ​ពារ​មិន​ដឹង ​ឬ​គាត់​ធ្វើ​ឲ្យ​បាក់​ខ្លួន​ឯង​ ហើយ​ចោទ​ប្រកាន់​ពួក​ខ្ញុំ​មិន​ដឹង»។
លោក​ស៊ុំ ​ចាន់គា ​មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា ​តាម​ការ​សាកសួរ​របស់​លោក ​ប្រជា​ពលរដ្ឋ​ចំនួន​២២​នាក់​មិន​មានវត្តមាន​នៅ​កន្លែង​កើត​ហេតុ​ទេ​ ហើយ​ពួក​គេ​មិន​ដឹង​ថា ​បង្គោល​ព្រំដី​នេះ ​បាក់​តាំង​ពី​ពេល​ណា​មក​ទេ។
«បើ​សិន​ជា​ការ​ចាប់​ចង​លក្ខណៈ​ណាមួយ​ឲ្យ​បាន​សមរម្យ​ ឲ្យ​គ្រប់គ្រាន់​ ដែល​អាច​ធ្វើ​ទៅ​បាន។ ​ហើយ​បើ​ប្រើ​អំណាច ​ដែល​ខ្លួន​ជា​ភ្នាក់ងារ​របស់រដ្ឋ​ ហើយ​មក​ធ្វើ​បាប​ប្រជា​ពលរដ្ឋ ​នោះ​គឺ​ជា​រឿង​អយុត្តិធម៌។ ​ដូច្នេះ ​យើង​ឃ្លាំង​មើល​នូវ​ការ​អនុវត្តច្បាប់​ទាំង​អស់​នោះ​បាទ»។
លោក​ខៀវ​ ចាន់ពិសិដ្ឋ ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ខេត្ត ​បាន​ប្រាប់​វីអូអេ ​តាម​រយៈ​ទូរស័ព្ទ​មក​ថា ​តុលាការ​គ្រោងនឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​នេះ ​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ៕