. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, December 19, 2011

ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ អាច​មាន​ទោស​


2011-12-17
ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ការ​តវ៉ា​អំពី​ការ​រំលោភ​ដី​ដោយ​ អ្នក​មាន​អំណាច ការ​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​ដី​ដោយ​ក្រុមហ៊ុន ការ​ចាប់​តំណាង​ប្រជា​ពល​រដ្ឋ​ដាក់​ឃុំ​ដោយ​សារ​បាន​ចូល​រួម​ធ្វើ​បាតុកម្ម។
Adhoc/Ouch Leng
២៤-វិច្ឆិកា-២០១១៖ ទិដ្ឋភាព​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​បង្គោល ៩១ ទៅ ៩៤ ដើម្បី​ប្រឆាំង​នឹង​ការ​អនុវត្ត​សាលដីកា​​ចេញ​ពី​តុលាការ​កំពូល​ដែល​ខុស​ ទីតាំង​ចំ​លើ​ដី​របស់​ពួកគេ។
ប៉ុន្តែ​ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​នោះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ ពី​សាធារណជន និង​មិន​មាន​ការ​ដោះ​ស្រាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​វិធី​តវ៉ា​ផ្សេង ដោយ​ប្រមូល​ផ្តុំ​មនុស្ស​បិទ​ផ្លូវ​ជាតិ។ ការ​តវ៉ា​ដោយ​យក​ការ​បិទ​ផ្លូវ​ជាតិ​ដើម្បី​សម្ដែង​មតិ​នោះ អាច​មាន​ទោស​តាម​ផ្លូវ​ច្បាប់។
ប្រជា​ពល​រដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​សម្ដែង​មតិ​ចំពោះ​អ្វី ​ដែល​មិន​ពេញ​ចិត្ត និង​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ។ រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា មាត្រា​៣៧ បាន​ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ​ច្បាប់។
ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី មាត្រា​៤ បាន​ចែង​ថា បាតុកម្ម​ដោយ​សន្តិវិធី​សំដៅ​លើ​ការ​ប្រមូល​ផ្ដុំ​គ្នា ឬ​ការ​ដង្ហែ​ក្បួន​ដោយ​មនុស្ស​មួយ​ក្រុម ដើម្បី​ទាមទារ តវ៉ា ឬ​សម្ដែង​ជា​សាធារណៈ មនោសញ្ចេតនា គំនិត ឬ​ឆន្ទៈ របស់​ក្រុម​ខ្លួន តាម​រូបភាព ឬ​មធ្យោបាយ​ផ្សេងៗ ដោយ​សន្តិវិធី។
ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បាន​ចែង​ថា ច្បាប់​នេះ​មាន​គោល​បំណង​ធានា​ការ​ពារ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ ប្រជា​ពល​រដ្ឋ​ខ្មែរ​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ប៉ុន្តែ​មិន​ត្រូវ​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ច្បាប់ នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​កិត្តិយស​របស់​អ្នក​ដទៃ ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ជាតិ ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​ឡើយ។
ប្រជា​ពល​រដ្ឋ​មួយ​រូប​រស់​នៅ​ខេត្ត​កំពង់ស្ពឺ សុំ​មិន​ចេញ​ឈ្មោះ ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​បាតុកម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤ កន្លង​មក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​នេះ ដោយ​សារ​ក្រុមហ៊ុន​ឯកជន​បាន​មក​រំលោភ​យក​ដី​ប្រជា​ពល​រដ្ឋ​ដោយ​អាង​អំណាច ហើយ​អាជ្ញាធរ​មិន​បាន​ដោះ​ស្រាយ​ឲ្យ។ ដូច្នេះ​ប្រជា​ពល​រដ្ឋ​មិន​ដឹង​ធ្វើ​ម៉េច​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ជួយ​ទប់​ ស្កាត់​កុំ​ឲ្យ​គេ​យក​ត្រាក់ទ័រ​មក​ឈូស​ដំណាំ​ចោល មាន​តែ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវជាតិ ៖ "ការ​បិទ​ផ្លូវ​នេះ​ឬ? បាទ​ភ័យ​ទេ​តើ យើង​ដឹង​ថា​យើង​ខុស​ច្បាប់។ សុំ​ជម្រាប​យោបល់​ថា វា​អស់​ជម្រើស បើ​យើង​មិន​ធ្វើ​អ៊ីចឹង។ ធ្វើ​នេះ​ធ្វើ​ឲ្យ​បង​ប្អូន អ្នក​ធ្វើ​ដំណើរ​គេ​ដឹង​ថា អ្នក​រំលោភ​នេះ វា​ដោយ​បំពាន។ រំលោភ​នេះ វា​ខុស​ច្បាប់​តែ​ម្ដង។ បើ​យើង​មិន​ធ្វើ​អ៊ីចឹង គេ​មិន​ផ្អើល​មិន​ដឹង"
លោក យី សុខសាន ជា​អ្នក​អង្កេត​ការ និង​ឃ្លាំ​មើល​ការ​ពារ​សិទ្ធិ​មនុស្ស​ខាង​ដីធ្លី នៅ​អង្គការ​អាដហុក បាន​ឲ្យ​ដឹង​ថា ការ​រំលោភ​យក​ដី និង​ការ​ចាប់​ចង ចោទ​ប្រកាន់​តំណាង​ប្រជា​ពល​រដ្ឋ បាន​ធ្វើ​ឲ្យ​កើត​មាន​ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​នានា​កន្លង​មក ៖ "ការ ​ធ្វើ​ទាមទារ​អ៊ីចឹង បើ​យើង​និយាយ​ពី​ផ្លូវ​ច្បាប់ វា​ប៉ះពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ គាត់​យល់។ តែ​គាត់​ចង់​ឲ្យ​សាធារណជន​ដែល​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​បាន​ដឹង ឃើញ​ថា​ពួក​គាត់​នឹង​ទទួល​ភាព​អយុត្តិធម៌​ពី​ការ​មិន​ដោះ​ស្រាយ។ អា​នេះ​ខ្ញុំ​មើល​ឃើញ​ថា វា​ខុស​ច្បាប់​ហើយ តែ​គាត់​វា​មិន​ដឹង​ថា​ធ្វើ​ម៉េច។ ទី​៣ គាត់​ធ្វើ​ហ្នឹង​ដោយ​សារ​អាជ្ញាធរ​ហ្នឹង គាត់​អសមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ដែរ"
ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​ដោយ​បិទ​ផ្លូវ​ជាតិ ត្រូវ​មាន​ទោស។ ពី​ព្រោះ​ការ​ធ្វើ​បាតុកម្ម​ដោយ​មាន​ការ​បិទ​ផ្លូវ​ជាតិ​ធ្វើ​ដំណើរ​នោះ មិន​មែន​ជា​បាតុកម្ម​ដោយ​សន្តិវិធី​ទេ។ សកម្មភាព​នោះ​គេ​ហៅ​ថា​កុបកម្ម។
លោក​មេធាវី សុក សំអឿន ជា​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា កុបកម្ម​ត្រូវ​មាន​ទោស​តាម​ក្រម​ព្រហ្មទណ្ឌ ៖ "ក្រម ​ព្រហ្មទណ្ឌ វា​មាន​វិសាលភាព​ទូទៅ។ ពី​ព្រោះ​នៅ​ក្នុង​នោះ គេ​និយាយ​អំពី​ការ​មាន​ទោស​ដោយ​សារ​កុបកម្ម​រាំង​ផ្លូវ​អី​នោះ។ គេ​អាច​យក​អា​ហ្នឹង​មក​ប្រើ​បាន"
ក្រម​ព្រហ្មទណ្ឌ មាត្រា​៤៥៦ បាន​ចែង​អំពី​និយមន័យ​នៃ​ពាក្យ​កុបកម្ម​ថា​គឺ​ជា​អំពើ​ហិង្សា​ជា​សមូហភាព ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន​នៃ​ព្រះ​រាជា​ណា​ចក្រ​ កម្ពុជា ឬ​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បូរណភាព​ដែន​ដី​ជាតិ។
ចំពោះ​ទោស​ដោយ​សារ​ការ​ធ្វើ​កុបកម្ម មាត្រា​៤៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​ចែង​ថា ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ​១៥​ឆ្នាំ។ អំពើ​ចូល​រួម​ចលនា​កុបកម្ម មាន​ដូច​តទៅ៖ ១ ដោយ​សាង​សង់​គ្រឿង​រាំង​ផ្លូវ គ្រឿង​ការ​ពារ ឬ​ដោយ​ធ្វើ​ការ​ងារ​ដែល​មាន​គោល​បំណង​រារាំង​សកម្មភាព​កម្លាំង​សាធារណៈ។ ២ ដោយ​កាន់​កាប់​អគារ ឬ​ឋបនីយភណ្ឌ​ដោយ​កម្លាំង ឬ​ដោយ​កលល្បិច។ ៣ ដោយ​បំផ្លិច​បំផ្លាញ​អគារ ឬ​ឋបនីយភណ្ឌ។ ៤ ដោយ​រ៉ាប់រង​ការ​ដឹក​ជញ្ជូន ឬ​ការ​ផ្គត់ផ្គង់​ព័ស្តុភារ​ឲ្យ​កុបករ។ ៥ ដោយ​ញុះញង់​ដោយ​ផ្ទាល់​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​កុបករ។ ៦ ដោយ​មាន​ការ​កាន់​កាប់ ឬ​យក​តាម​ខ្លួន​នូវ​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ។ ៧ ដោយ​តាំង​ខ្លួន​ជំនួស​អាជ្ញាធរ​ស្រប​ច្បាប់។
ចំពោះ​ជន​ណា​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​កុបកម្ម​តាម​មាត្រា​ ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ បាន​ចែង​ថា​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២០​ឆ្នាំ ទៅ​៣០​ឆ្នាំ។
ទោះបី​ជា​មាត្រា​ច្បាប់​នានា​បាន​ចែង​ផ្តន្ទា​ទោស​ធ្ងន់ធ្ងរ​ចំពោះ​ការ​ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ក៏​ដោយ ក៏​បុគ្គលិក​អង្កេត​របស់​អង្គការ​លីកាដូ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​កន្លង​មក​នោះ មិន​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋ​អំណាច​អី​នោះ​ទេ។ សកម្មភាព​បិទ​ផ្លូវ​នោះ ដើម្បី​សុំ​ឲ្យ​អ្នក​មាន​សមត្ថកិច្ច​មក​ដោះ​ស្រាយ​បញ្ហា​ប្រជា​ពល​រដ្ឋ​ កំពុង​ជួប​គ្រោះ​ភ័យ​ដោយ​សារ​បាត់​បង​ដីធ្លី​តែ​ប៉ុណ្ណោះ ៖ "តាម​ការ​ សង្កេត​របស់​ខ្ញុំ​ទៅ ពួក​គាត់​គាត់​គិត​ថា ការ​តវ៉ា​កន្លង​មក​នេះ គឺ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ពួក​គាត់ គឺ​វា​មិន​សូវ​មាន​ប្រសិទ្ធភាព។ ដល់​អ៊ីចឹង​ទៅ ជា​ជម្រើស​ចុង​ក្រោយ​របស់​គាត់ គឺ​ការ​បិទ​ផ្លូវ​នេះ ហើយ​បើ​ទោះ​បី​ជា​វា​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជា​ពល​រដ្ឋ​ក៏​ ដោយ គាត់​គិត​ថា អា​នេះ​វា​ជា​ចំណាប់​អារម្មណ៍​មួយ​សម្រាប់​ឲ្យ​រាជ​រដ្ឋាភិបាល អាជ្ញាធរ​ធ្វើ​ការ​ចរចា​ជា​មួយ​គាត់ និង​មាន​ការ​ដោះ​ស្រាយ​ជា​មួយ​គាត់"
លោក​អ្នក​នាង​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​! បើ​លោក​អ្នក​នាង​មាន​ចម្ងល់​ផ្សេងៗ ទាក់​ទង​បញ្ហា​ច្បាប់ សូម​ទូរស័ព្ទ​មក​ទាក់​ទង​នាទី​ច្បាប់​តាម​លេខ ០១៦ ២៦ ១២ ៧៣។ សូម​អរគុណ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons