. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, December 22, 2011

អ្នក​ជំនាញ​បង្ហាញ​ពី​ដំណោះស្រាយ​បញ្ហា​​កង្វះ​ហិរញ្ញប្បទាន​ចំពោះ​​ម៉ាស៊ីន​កិនស្រូវ

ដោយ អាន ស៊ីថាវ

2011-12-22
អ្នក​វិនិយោគ​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ជួប​ប្រ​ទះ​ការ​ខ្វះ​ខាត​ទុន​ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ ដើម្បី​កែច្នៃ​អង្ករ​នាំ​ចេញ ហើយ​មានការ​លំ​បាក​ក្នុង​ការ​ខ្ចី​លុយ​ពី​ធនាគារ​ដោយសារ​ខ្វះ​ទ្រព្យ​ សម្បត្តិ​ដាក់​ធានា។
RFA/Mom Sophon
១៧-ឧសភា-២០១១ ៖ គ្រាប់​អង្ករ​កំពុង​ហូរ​ចេញ​ពី​ទ​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​មួយ របស់​ក្រុមហ៊ុន បៃតង​កម្ពុជា​នៅ​ខេត្ត​បាត់ដំបង។
ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ធនាគារ​ពិ​ភព​លោក​ និង​រដ្ឋា​ភិ​បាល​បាន​ផ្តួច​ផ្តើម​បង្កើត​គម្រោង​ចែក​រំលែក​ការ​ខាត​បង់​ អំពី​ហានិភ័យ (Risk Sharing Facility/Scheme) ឬ​ភាសា​សាមញ្ញ​ហៅ​ថា ចេញ​បង់​ខាត​ជំនួស បើ​សិន​ជា​អ្នក​រក​ស៊ី​ខាង​ម៉ាស៊ីន​កិន​ស្រូវ​នោះ​មិន​មាន​លុយ​សង​ធនាគារ។
គម្រោង​ចែក​រំលែក​ហានិភ័យ ឬ​ហៅ​ថា ការ​ជួយ​ចេញ​ប្រាក់​បង់​ខាត​ជំនួស​នេះ មាន​ទឹក​ប្រាក់​តម្កល់​ចំនួន ៥០​លាន​ដុល្លារ ហើយ​មាន​ធនាគារ​ធំ​ចំនួន​ពីរ​ដែល​ចូល​រួម​ក្នុង​គម្រោង​នេះ ដូច​ជា​ធនាគារ​ អេស៊ីលីដា (ACLEDA) និង​អេអ៊ិនហ្សិត (ANZ) ដែល​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក។
លោក អ៊ិន ចាន់នី ប្រធាន​ធនាគារ​អេស៊ីលីដា មាន​ប្រសាសន៍​ថា គម្រោង​នេះ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើន​ការ​ខ្ចី​ទុន​ទៅ​រោង​ម៉ាស៊ីន​ កិន​ស្រូវ។ លោក​ពន្យល់​ថា គម្រោង​នេះ​ជួយ​ធានា​អ្នក​ជំនួញ​ស្រូវ​ងាយ​ស្រួល​ក្នុង​ការ​ខ្ចី​ទុន​ពី​ ធានា​នៅ​ពេល​ដែល​វត្ថុ​បញ្ចាំ​មាន​តិច​តួច។
លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​បន្តរ​ទៀត​ថា ធនាគារ​របស់​លោក​បាន​ចូល​រួម​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​ប្រើ​លើ​វិស័យ​ កសិកម្ម តែ​មិន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​ទាក់​ទង​នឹង​គម្រោង​ថ្មី​នេះ​ទេ ដោយសារ​តែ​កន្លង​មក​ធនាគារ​របស់​លោក បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ផ្នែក​កសិកម្ម​ច្រើន​ហើយ។
ភ្នាក់ងារ​ផ្ដល់​យោបល់​វិស័យ​ដីធ្លី និង​កសិកម្ម​កម្មវិធី​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​កាណាដា លោកស្រី ចន្ធី មាន​ប្រសាសន៍​ថា លុយ​ដែល​មាន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​ច្រើន ព្រោះ​ចំនួន​ធនាគារ​ពាណិជ្ជ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ច្រើន។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នក​ជំនួញ​អង្ករ និង​អ្នក​នាំចេញ​អង្ករ ដែល​មិន​អាច​មាន​លុយ​ទិញ​ស្រូវ​យក​មក​ទុក​ឲ្យ​បាន​គ្រប់គ្រាន់​នោះ ដោយសារ​អ្នក​ទាំង​នោះ​គ្មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់។
ម្យ៉ាង​វិញ​ទៀត លោក ចន្ធី មាន​ប្រសាសន៍​បន្ត​ទៀត​ថា អត្រា​ការ​ប្រាក់​ក្នុង​ចំណោម​ធនាគារ​មាន​កម្រិត​ខ្ពស់ បើ​ធៀប​ទៅ​នឹង​ក្នុង​តំបន់ ដូចជា​ប្រទេស​វៀតណាម និង​ថៃ ជាដើម។ កត្តា​មួយ​ទៀត មក​ពី​អ្នក​ជំនួញ​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​ទាំង​នោះ​គ្មាន​វត្ថុ​បញ្ចាំ​គ្រប់​គ្រាន់ និង​ធនាគារ​នីមួយ​ៗ​មិន​យក​វត្ថុ​បញ្ចាំ ​ដូច​ជាស្រូវ​ដែល​នៅ​ក្នុង​ស្តុក​របស់​គាត់។
លោក ចន្ធី មាន​ប្រសាសន៍​បន្ត​ទៀត​ថា ផល​លំបាក​ខាង​លើ​នេះ ក្រុម​អ្នក​ជំនួញ​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​ពិបាក​ក្នុង​ការ​សុំ​ខ្ចី​លុយ​ពី​ធនាគារ។ ដើម្បី​ជំរុញ​ឲ្យ​ធនាគារ​​ផ្ដល់​ប្រាក់​កម្ចី​ដល់​អ្នក​វិនិយោគ​លើ​ស្រូវ​ អង្ករ រដ្ឋាភិបាល​ត្រូវ​ធានា​ដល់​ការ​ផ្ដល់​កម្ចី​របស់​ធនាគារ​ទាំង​នោះ​ដែល​ឲ្យ​ កម្ចី​ទៅ​អ្នក​ជំនួញ​ស្រូវ។
ទីប្រឹក្សា​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក​បណ្ឌិត ម៉ៃ កល្យាណ មាន​ប្រសាសន៍​ថា កង្វះ​ខាត​ហិរញ្ញប្បទាន​ជា​ឧបសគ្គ​សម្រាប់​អ្នក​វិនិយោគ​ស្រូវ​អង្ករ​នៅ​ កម្ពុជា។ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា កង្វះ​ខាត​ឥណទាន​ទាក់​ទង​នឹង​តំណាក់​កាល​បី គឺ​រយៈពេល​ខ្លី មធ្យម និង​វែង។
ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​បណ្ឌិត​ ម៉ៃ កល្យាណ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ផ្តួចផ្តើម​គម្រោង​ពីរ​ដែល​ជួយ​លើក​កម្ពស់​វិស័យ​នាំ​ចេញ​ របស់​កម្ពុជា។ ទី​មួយ​គឺ​គម្រោង​ចែក​រំលែក​ការ​ខាត​បង់​របស់​ធនាគារ​ដែល​មាន​ទឹក​ប្រាក់ ៥០​លាន​ដុល្លារ ដែល​គាំទ្រ​ដោយ​ធនាគា​ពិភពលោក និង អាយអេហ្វស៊ី (IFC) និង ២៥​លាន​ដុល្លារ​ផ្សេង​ទៀត​ជា​ថវិកា​រដ្ឋាភិបាល​សម្រាប់​ធានា​ដល់​ការ​ប្រមូល ​ទិញ​ស្រូវ​នៅ​កម្ពុជា។
លោក​បណ្ឌិត កល្យាណ បន្ថែម​ទៀត​ថា គម្រោង​នេះ​គឺ​ជួយ​ធានា​ដល់​ការ​ខាតបង់​របស់​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ដល់ ​អ្នក​វិនិយោគ​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ការ​ប្រមូល​ទិញ​ស្រូវ​អង្ករ​នៅ​កម្ពុជា។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ អ្នក​វិនិយោគ​ស្រូវ​អង្ករ​ មិន​បាន​ដឹង​អំពី​គម្រោង​នេះ​នៅ​ឡើយ​ទេ។ ម្ចាស់​រោង​ម៉ាស៊ីន​មួយ​ចំនួន​បាន​ខ្ជី​លុយ​ពី​ធនាគារ ដោយ​ដាក់​សម្ភារៈ​រោងចក្រ​ជា​វត្ថុ​បញ្ចាំ។
ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ Khmer Food លោក​ឧកញ៉ា កឹម សាវុធ មាន​ប្រសាសន៍​ថា សព្វ​ថ្ញៃ​ក្រុមហ៊ុន​លោក​បាន​ដាក់​វត្ថុ​បញ្ចាំ​ជា​ថ្នូរ​នៃ​ការ​ខ្ជី​លុយ​ ពី​ធនាគារ ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​កែច្នៃ​អង្ករ​នាំ​ចេញ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons