. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, December 19, 2011

សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ឲ្យ​បញ្ចេញ​មតិ​កែ​លម្អ​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ


2011-12-20
តំណាង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ រួម​ទាំង​តំណាង​សមាគម និង​សហគមន៍​នានា ប្រមាណ​ជា ២០០​នាក់ បាន​សំដែង​ក្ដី​អបអរ​ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​បញ្ចេញ​មតិ និង​ផ្ដល់​អនុសាសន៍ ដើម្បី​កែ​លម្អ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល»។
RFA/Vohar Cheath
លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១។
នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​ពេញ​មួយ​ព្រឹក នៅ​ក្រសួង​មហាផ្ទៃ​ ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១ អ្នក​ចូល​រួម​ម្នាក់ៗ​សុទ្ធ​តែ​ប្រឹងប្រែង​បញ្ចេញ​គំនិត​យោបល់​រៀង​ខ្លួន​ទៅ ​តាម​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា ជា​ខ្លឹមសារ​ដែល​នឹង​អាច​ការពារ និង​ផ្ដល់​ប្រយោជន៍​ដល់​អង្គការ និង​សង្គម​ជាតិ​ពិតៗ នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរមាន​ទៅ​អនាគត។
ទោះ​យ៉ាង​ណា ក្នុង​កិច្ច​ពិភាក្សា​លើក​នេះ មិន​តានតឹង​ដូច​លើក​មុនៗ​ទេ។
លោក ស ខេង ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទ ដែល​ជា​សាមី​ក្រសួង​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​នេះ​នេះ បាន​ប្រកាស​បើក​ឲ្យ​តំណាង​អង្គការ​ទាំង​អស់​​ផ្ដល់​យោបល់​តាម​ចិត្ត​ចង់​ ក្នុង​ន័យ​សេចក្ដី​ថ្លៃថ្នូរ និង​ដើម្បី​ផលប្រយោជន៍​រួម។
លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​ព្យាយាម​បញ្ចេញ​ យោបល់​ច្រើន​ជាង​គេ​ថ្លែង​ថា លោក​បាន​ធូរ​អារម្មណ៍​ច្រើន​នៅ​ពេល​លោក ស ខេង ប្រកាស​ដូច្នេះ។
កិច្ច​ពិភាក្សា​បាន​ផ្ដោត​ច្រើន​លើ​​មាត្រា​ខ្លះ ដែល​ទាក់​ទង​នឹង​រឿង​កំណត់​​ដំណើរការ​ហិរញ្ញវត្ថុ​របស់​អង្គការ និង​ដំណើរ​ការ​ចុះ​បញ្ជី ការ​កំណត់​ទី​កន្លែង​ដែល​អង្គការ​សមាគម​នីមួយ​ៗធ្វើ​សកម្មភាព។
លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​បញ្ជាក់​ថា ន័យ​ខ្លឹមសារ​​ក្នុង​មាត្រា​ខ្លះ​ចែង​មិន​ច្បាស់ ហើយ​ជំពាក់ជំពិន​គ្នា​ពី​មាត្រា​មួយ​ទៅ​មាត្រា​មួយ​ទៀត ដូចជា​​មាត្រា ៤ ៥ ៦ ៨ ជាដើម ដែល​​ចែង​ពី​សិទ្ធិ​នីតិ​បុគ្គល​ ការ​ចុះ​បញ្ជី​ឈ្មោះ​អង្គការ សមាគម និង​​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​អង្គការ ឬ​សមាគម​ដោយ​សេរី តែ​បើ​ពិនិត្យ​ឲ្យ​ច្បាស់​ទៅ​វា​មាន​ន័យ​​ផ្ទុយ៖ «បើ​យើង​មើល​ក្នុង​មាត្រា​៥ នេះ និយាយ​ថា បើ​សិន​ជា​មិន​បាន​ចុះ​បញ្ជី​ទេ មិន​ទទួល​ស្គាល់​សមត្ថកិច្ច​ផ្លូវ​ច្បាប់​ទេ...»
តំណាង​អង្គការ​ដទៃ​ទៀត​ក៏​បាន​ចោទ​សួរ​ទាក់ទង​មាត្រា​មួយ​ចំនួន ដូច​ជា មាត្រា​ទី ១០ ១៥ ១៧ ២២ ២៣ ២៥ ៣២ និង​មាត្រា​៣៤ ជាដើម ដែល​ចែង​កំណត់​អំពី​​រយៈពេល​សុំ​ច្បាប់​អំពី​លក្ខន្តិកៈ ការ​មិន​សុខ​ចិត្ត​ប្ដឹង​ទៅ​តុលាការ​ក្នុង​ករណី​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ច្បាប់​ជាដើម ក្នុង​នោះ​សេចក្ដី​ព្រាង​ក៏​បាន​ចែង​កំណត់​អំពី​សិទ្ធិ សញ្ជាតិ បុគ្គល​តំណាង​អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ ដូចជា​សេចក្ដី​បាន​កំណត់​ថា តំណាង​អង្គការ​ត្រូវ​ជា​សញ្ជាតិ​ខ្មែរ​ជាដើម ធ្វើ​ឲ្យ​តំណាង​អង្គការ​ខ្លះ​ជំទាស់។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ហៅ​ថា ការ​កំណត់​ដូច្នេះ​ជា​ការ​រើសអើង និង​បិទ​ផ្លូវ​សម្រាប់​អង្គការ​អន្តរជាតិ​ចូល​មក​ប្រទេស​កម្ពុជា ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​ជំនួយ ព្រោះ​អង្គការ​អន្តរជាតិ​នឹង​ងាក​ទៅ​រក​ប្រទេស​ជិត​ខាង​វិញ នាំ​ឲ្យ​កម្ពុជា ខាត​ប្រយោជន៍​ ដោយសារ​តែ​ច្បាប់​នេះ​តឹង​រឹង​ពេក។
ការ​កំណត់​ប្រាក់​ចំណាយ​ចំនួន ២៥% លើ​បែបបទ​រដ្ឋបាល នៃ​ប្រាក់​អនុវត្ត​សកម្មភាព​គម្រោង​​សរុប​របស់​អង្គការ និង​សមាគម​នីមួយៗ ក៏​ជា​បញ្ហា​ដែរ។
លោក ចាន់ សុវ៉េត មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ក្រុម​តំណាង​អង្គការ​តវ៉ា​ថា ប្រាក់​ចំណាយ​លើ​បែបបទ​រដ្ឋបាល ដូច​ជា​ប្រាក់​ខែ​បុគ្គលិក​នេះ គួរ​កំណត់​ឲ្យ​បាន​ជិត ៥០% ទើប​ប្រសើរ។
លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​រៀបចំ​វេទិកា​ពិភាក្សា​នេះ បាន​ប្រកាស​ថា សំណើ​របស់​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ភាគ​ច្រើន ច្រើន​ជាន់​គ្នា តែ​លោក​បាន​សន្យា​នឹង​យក​សំណើ និង​អនុសាសន៍​ទាំង​នោះ ទៅ​ពិភាក្សា និង​ពិចារណា ថា តើ​ត្រូវ​ជ្រើស​យក​ចំណុច​ណា​ខ្លះ​ដាក់​បញ្ចូល​សេចក្ដី​ព្រាង​នេះ​បន្ថែម ហើយ​លោក​នឹង​រៀបចំ​ឲ្យ​មាន​កិច្ច​ប្រជុំ និង​ពិភាក្សា​គ្នា​ម្ដង​ទៀត តែ​លោក​មិន​បាន​បញ្ជាក់​ថ្ងៃ​ខែ​ប្រជុំ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​ នោះ​ទេ។
ស្រប​ពេល​នេះ​ដែរ លោក​បាន​ប្រកាស​ឲ្យ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល សហគមន៍ និង​សមាគម​​ទាំង​អស់​ផ្ញើ​អនុសាសន៍ និង​សេចក្ដី​ស្នើ​សុំ​កែប្រែ​បន្ថែម​លើ​សេចក្ដី​ព្រាង​នេះ​​ជា​ លាយលក្ខណ៍អក្សរ​ទៅ​ក្រសួង​មហា​ផ្ទៃ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត ​ដើម្បី​បញ្ចូល​បន្ថែម​លើ​សេចក្ដី​ព្រាង​ច្បាប់​នោះ​ឲ្យ​បាន​កាន់​តែ​ ប្រសើរ។
បន្ទាប់​ពី​លោក​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នោះ​ភ្លាម​ មាន​អង្គការ​ខ្លះ​ដូច​ជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សុំ​កែ និង​បន្ថែម​ចំនួន ​៣០​ចំណុច។ បណ្ដាញ​សមាគម និង​សហគមន៍​ចំនួន ១២​ទៀត បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​កែ​ប្រែ​ចំណុច​ចំនួន ១៧​ចំណុច ក្នុង​នោះ​បាន​រំលេច​ចំណុច​សំខាន់​ពីរ​ចំណុច គឺ​រដ្ឋាភិបាល​មិន​គួរ​កំណត់​ការ​ធ្វើ​សកម្មភាព​របស់​សហគមន៍​ក្នុង​មូលដ្ឋាន ​ទេ និង​សុំ​​កុំ​ឲ្យ​មាន​ការកំណត់​អាណត្តិ​របស់​សហគមន៍ និង​សមាគម។
រដ្ឋាភិបាល​បាន​បង្កើត​សេចក្ដី​ព្រាងច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល តាំង​ពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ ពោល​មាន​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយ។
កន្លងមក​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​ចោទ​រដ្ឋាភិបាល​ថា មាន​បំណង​ដាក់​គំនាប​លើ​ពួកគេ​​តាម​រយៈ​បង្កើត​ច្បាប់​គ្រប់​គ្រង​អង្គការ​ នេះ​ឡើង តែ​រដ្ឋាភិបាល​​បាន​បដិសេធ​ជា​បន្តបន្ទាប់។ សេចក្ដី​ព្រាង​នេះ​ដើម​ឡើយ​មាន ៥៨​មាត្រា និង ១១​ជំពូក តែ​ដោយ​ឆ្លង​កាត់​កិច្ច​ពិភាក្សា​យ៉ាង​តឹងតែង ៥​ដង​មក បាន​ធ្លាក់​មក​ត្រឹម ៣៤​មាត្រា និង ៩​ជំពូក​វិញ ហើយ​គេ​រំពឹង​ថា ចំនួន​មាត្រា​នេះ​នឹង​អាច​ថយ​ចុះ​ទៀត​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើក​ទី​៦ ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons