នៅ​ថ្ងៃ​សុក្រ​នេះ ​សកម្មជន​សិទិ្ធ​មនុស្ស​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​សិទិ្ធ​មនុស្ស​អាស៊ាន​ពង្រឹង​ការ​គោរព​សិទិ្ធ​មនុស្ស​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់។
ការ​កត់​សម្គាល់​នេះ​បាន​ធើ្វ​ឡើង​ពីរ​ថ្ងៃ ​មុខ​នឹង​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​សិទិ្ធ​មនុស្ស​អាស៊ាន​នឹង​ចាប់​ផើ្តម​ពិភាក្សា​គ្នា​លើ​សេចក្តី​ព្រាង​សេចក្តី​ថែ្លងការណ៍​ស្តីពី​សិទិ្ធ​មនុស្ស​អាស៊ាន​ នៅ​ខេត្ត​សៀមរាប​ នា​ថៃ្ង​អាទិត្យ​ខាង​មុខ​នេះ។
លោក​អ៊ូ​ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា​ សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​អាស៊ាន​នេះ​ត្រូវ​តែ​មាន​ខ្លឹមសារ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​ជា​សាកល ​ដើម្បី​ជួយ​ជំរុញ​ការគោរព​សិទិ្ធ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ាន។
«បើ​សិន​ជា​អាស៊ាន​ចង់​បង្កើត​សេចក្តី​ប្រកាស​មួយ​ថ្មី​ទៀត ​ទាល់​តែ​វា​ល្អ​ជាង​សេចក្តី​ប្រកាស​ជា​សកល។ ​សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​អាស៊ាន​នេះ​មិន​អាច​មាន​ស្តង់ដារ​ទាប​ជាង​សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​ជា​សកល​ទេ»។
លោក​ធន ​សារ៉ាយ​ ប្រធាន​សមាគម​សិទិ្ធ​មនុស្ស​អាដហុក​ បាន​ថែ្លង​ថា ​អង្គការ​សិទិ្ធ​មនុស្ស​មាន​ការ​ព្រួយបារម្ភ​អំពី​កង្វះ​គុណភាព​ និង​ស្តង់ដារ​អន្តរជាតិ​ចំពោះ​សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​អាស៊ាន​នេះ។
«ការ​ធើ្វ​សេចក្តី​ថែ្លងការណ៍​នេះ​បន្ទាប​តម្លៃ​សិទិ្ធ​មនុស្ស​ពិភពលោក​មិន​ឲ្យ​មាន​កម្រិត​ដូច​នៅ​ក្នុង​ស្តង់ដារ​ពិភពលោក។​ នេះ​ជា​បញ្ហា​ដែល​យើង​ខ្វល់​ខ្លាំង។ ​អញ្ចឹង​ហើយ​យើង​ចង់​ឲ្យ​រក្សា​កម្រិត​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ធើ្វ​សេចក្តី​ថែ្លងការណ៍​ស្តីពី​សិទិ្ធ​មនុស្ស​របស់​អាស៊ាន​នេះ។
«យើង​មាន​ការ​ព្រួយបារម្ភ​អំពី​សេចក្តី​ព្រាង​ថា​ ប្រាកដ​ជា​មិន​សូវ​បាន​ល្អ​ទេ ​ហើយ​យើង​នឹង​ធើ្វ​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ នៅ​ពេល​យើង​បាន​ឃើញ​សេចក្តីព្រាង»។
លោក​ឡាវ​ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​បាន​ថ្លែង​ថា ​សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ​មនុស្ស​អាស៊ាន​នេះ​នឹង​ជួប​ឧបសគ្គ​ស្មុគស្មាញ ​និង​ការ​ខែ្វង​គំនិត​គ្នា​រវាង​សមាជិក​អាស៊ាន​ប្រកាន់​របប​នយោបាយ​សេរី​ និង​កុម្មុយនិស្ត។
«ដំណើរ​ការ​អាស៊ាន​ប្រហែល​ជា​មិន​ដូច​យើង​គ្រោង​ទេ ​ដោយសារ​គេ​រក​ការ​ព្រមព្រៀង​មិន​ចង់​ឲ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​របស់​ប្រទេស​ជា​សមាជិក​នោះ​ទេ។ ​សេចក្តី​ថែ្លងការណ៍​ចេញ​ជា​សកម្មភាព​វិជ្ជមាន​ជាក់ស្តែង​ភ្លាមៗ។ ​ខ្ញុំ​មិន​សង្ឃឹម​ប៉ុន្មាន​ទេ»។
លោក​ឡាវ​ ម៉ុងហៃ​បាន​លើក​ឡើង​ថា ​ប្រទេស​កាន់​លទិ្ធ​ប្រជាធិបតេយ្យ​ក្នុង​អាស៊ាន​ត្រូវ​តែ​ពង្រឹង​ជំហរ​ការពារ​សិទិ្ធ​មនុស្ស​ដ៏​មាំទាំ ​ហើយ​ជួយ​ណែនាំ​ប្រទេស​កុម្មុយនិស្ត​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​រក​ការ​គោពរ​សិទិ្ធ​មនុស្ស។
ប្រទេស​​អាស៊ាន ​រួម​មាន​កម្ពុជា ​វៀតណាម ​ឡាវ​ ថៃ ​ម៉ាឡេស៊ី​​ សឹង្ហបុរី​ ហ្វីលីពិន ​ប្រ៊ុយណេ ​ភូមា ​និង​ប្រទេស​ឥណ្ឌូនេស៊ី ​ជា​សហគមន៍​មួយ​ដែល​មាន​និន្នាការ​នយោបាយ​ពីរ​ផ្ទុយ​គ្នា​ គឺ​របប​ប្រជាធិបតេយ្យ ​និង​របប​កុម្មុយនិស្ត៕