. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, February 7, 2012

ពលរដ្ឋ​នៅ​ព្រះវិហារ​រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​ចំពោះ​ការ​បណ្ដេញ​ចេញ

2012-02-07
អតីត​អ្នកភូមិ​ស្វាយជ្រុំ ឃុំ​កន្ទួត ស្ថិតនៅ​ជើងភ្នំ​ដងរែក ក្បែរ​ប្រាសាទ​ព្រះវិហារ ប្រមាណ​ជិត ២០០​នាក់ ក្នុង​នោះ​មាន​ទាំង​កូនក្មេង​ផង បាន​តវ៉ា​នៅមុខ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ជិត​វិមានឯករាជ្យ ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ ទី​៦ កុម្ភៈ។

RFA/Sek Bandith

តំណាង​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ តវ៉ា​រក​ដំណោះ​ស្រាយ​ចំពោះ​ការ​បណ្ដេញ​ចេញ ​នៅ​ក្បែរ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ កុម្ភៈ ឆ្នាំ​២០១២។

ការ​តវ៉ា​របស់​អ្នកភូមិ​នោះ ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ផ្ដល់​នូវ​យុត្តិធម៌ ចំពោះ​ករណី​បណ្ដេញ​ពួកគាត់​ចេញ​ពី​ភូមិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​កន្លែង​ទីតាំង​រស់នៅ​ថ្មី។
អ្នក​រស់នៅ​ភូមិ​ស្វាយជ្រុំ តំបន់​ប្រាសាទ​ព្រះវិហារ បាន​ដាក់​សំណើ​ប្រមាណ ៦​ចំណុច​ជា​សំខាន់​ដែល​ពួកគាត់​កំពុង​ប្រឈម​នឹង​ការ​លំបាក​រស់នៅ និង​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​ដោះស្រាយ។
សំណើ ៦​ចំណុច​នោះ​រួមមាន ដោះស្រាយ​បញ្ហា​ជម្រក​ស្នាក់នៅ​ជា​បន្ទាន់​នៅ​កន្លែង​ថ្មី និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ កសាង​ប្រភព​ទឹក​ស្អាត​នៅ​ទី​នោះ។ មិន​ឲ្យ​អាជ្ញាធរ​កាត់​ដី​ទំហំ ៦០០​គុណ ៥០០​ម៉ែត្រ ជា​ដី​នៅ​ក្បាល​ភូមិ​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​ថ្មី​របស់​ប្រជាពលរដ្ឋ។ សុំ​ឲ្យ​លុប​ដីកា​តាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ ដែល​តវ៉ា​រឿង​បណ្ដាញ​ចេញ​កន្លង​មក និង​ដោះលែង​លោក​អាចារ្យ​វត្ត ឈ្មោះ សឿន ភាព ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​កន្លងមក​នោះ​មក​វិញ។ សុំ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ចំពោះ​ការ​ខូចខាត​ផ្ទះសម្បែង​ពេល​ដែល​អាជ្ញាធរ ​រុះរើ​ចំនួន ១០​លាន​រៀល ដើម្បី​សង់ផ្ទះ​នៅ​ឡើងវិញ និង​សុំ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅ​តំបន់​ អភិវឌ្ឍន៍​ថ្មី​នោះ។
អាចារ្យ​វត្ត ឈ្មោះ សឿន ភាព៖ «មាន​ប្លង់ដី ចុះ​ប្លង់ដី ចាស់ទុំ​ដែល​គាត់​ឈឺថ្កាត់​អី នឹង​អាច​គាត់​យក​ប្លង់ដី​ហ្នឹង​ទៅ​ដាក់​បាន ឬ​បញ្ចាំ​អង្គការ អង្គការ​ទទួល​ស្គាល់ យក​លុយ​ហ្នឹង​មក​មើល​ខ្លួន»
តំណាង​ប្រជាពលរដ្ឋ លោក សៅ យ៉ាត មាន​ប្រសាសន៍​ថា ការ​ដែល​អ្នកភូមិ​មក​តវ៉ា​ដល់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ ដោយសារ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ មិន​ផ្ដល់​ភាព​កក់ក្ដៅ​ចំពោះ​សំណើ​របស់​ប្រជាពលរដ្ឋ និង​តែងតែ​គំរាម​កំហែង​ប្រជាពលរដ្ឋ នៅ​ពេល​អ្នកភូមិ​តវ៉ា ឬ​ទាមទារ​អ្វី​មួយ។
លោក សៅ យ៉ាត៖ «ទាមទារ​អត់​បាន​ទេ​តំបន់​នោះ គឺ​ជា​តំបន់​នោះ​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​យោធា ដូច​នេះ​មិន​អាច​និយាយ​បាន។ ពេល​ចូលរួម​ប្រជុំ​ម្តងៗ គឺ​គាត់​ឧស្សាហ៍​តែ​ប្រើ​អំណាច​គាប​សង្កត់​ទៅលើ​ប្រជាពលរដ្ឋ»
អាជ្ញាធរ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៣០០​គ្រួសារ​ឲ្យ​ចេញ ពី​ភូមិ​ស្វាយជ្រុំ ឃុំ​កន្ទួត ស្រុក ​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឲ្យ​ទៅ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី គឺ​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ស្ថិតនៅ​ប្រមាណ  ១០​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់​នៅ​ចុង​ខែ ឆ្នាំ​២០១១។
ស្ត្រី​អ្នក​តវ៉ា​ម្នាក់ ឈ្មោះ ពៅ ភាព អាយុ ៣៥​ឆ្នាំ បាន​អោយ​ដឹង​ថា នៅ​តំបន់​ថ្មី​នោះ​ពួក​គាត់​ពុំ​មាន​គោលដៅ​ច្បាស់លាស់​នៅ​ឡើយ ដូចជា​មុខ​របរ ផ្ទះ​ស្នាក់​នៅ ផ្លូវ​ថ្នល់ ម្យ៉ាង​ទៀត​ពួក​គាត់​អាច​រស់នៅ​ដោយ​ប្រឈម​នឹង​បញ្ហា​គ្រាប់មីន​កប់​ក្នុង​ដី ពីព្រោះ​តំបន់​នោះ​ជា​អតីត​តំបន់​សង្គ្រាម។
ឈ្មោះ ពៅ ភាព៖ «ដើមឈើ​ឡើង មួយ​អោបៗ​កាប់​អត់​ចេញ​ទេ ហើយ​ខ្ញុំ​ចាប់ដី ប៉ះ​គេ​អោយ​ខ្ញុំ​ដី​អូរ​ទៀត ហើយ​ដើមឈើ​ឡើង​លិច លិច​ណាណី បើ​ទៅ​នៅ​ក៏​លិច​ងាប់​កូន​ដែរ​បង ប៉ះ​ដី​អូរ ដី​អី​អញ្ចឹង បង្ខិតបង្ខំ ហើយ​ខ្ញុំ កាល​ពេល​ដែល​ថៃ​វ៉ៃ​គ្នា ខ្ញុំ​អត់​ដែល​ចាកចេញ​ពី​ផ្ទះ​មួយ​ជំហាន​ទេ ដល់​ពេល​ឃើញ​ទាហាន​ទៅ​រុះរើ​នេះ រាប់​ពាន់​នាក់ ខ្ញុំ​ញ័រ​ចង់​គាំង​បេះដូង​អស់​ហើយ»
ឆ្លើយតប​នឹង​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​នេះ តំណាង​ប្រមុខ​រដ្ឋាភិបាល រួម​មាន​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី និង​មន្ត្រី​មកពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បើក​កិច្ចពិភាក្សា​មួយ​ជាមួយ​ប្រជាពលរដ្ឋ​រយៈពេល​ប្រមាណ​ជាង ២​ម៉ោង នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី ទើប​មាន​ការ​ព្រមព្រៀង​គ្នា​លើ​សំណើ​មួយ​ចំនួន ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​យល់ព្រម​ទៅ​ផ្ទះ​វិញ​បណ្ដោះ​អាសន្ន​ដោយ​រង់ចាំ​មើល​ ការ​អនុវត្ត​ជាក់ស្ដែង។
លោក សួស យ៉ារ៉ា អនុ​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ពិសេស​ថ្នាក់​ជាតិ​ប្រចាំ​តំបន់​ប្រាសាទ​ ព្រះវិហារ ។ លោក​មាន​ប្រសាសន៍​ថា ដំណោះស្រាយ​នោះ រដ្ឋាភិបាល​នឹង​ថែម​ដី​កសិកម្ម​ចំនួន ២​ហិកតារ​ទៀត​ក្នុង​មួយ​គ្រួសារ​បន្ថែម​ពី​លើ​អ្វី​ដែល​បាន​ផ្ដល់​ជូន​លើក​ មុន គឺ​ដី​ភូមិ​ទំហំ ៥០ គុណ ១០០​ម៉ែត្រ ប្រាក់ ២​លាន​រៀល ស័ង្កសី ៥០​សន្លឹក​ និង​ឈើ​មួយ​ចំនួន​ទៀត។
រដ្ឋាភិបាល​ធានា​ថា នឹង​រៀបចំ​ឯកសារ​តាម​ផ្លូវច្បាប់​ដើម្បី​ដោះ​លែង​លោក​អាចារ្យ​វត្ត​ ស្វាយជ្រុំ ឈ្មោះ សឿន ភាព ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពេល​ឆាប់ៗ​ខាង​នេះ ហើយ​លោក បាន​បញ្ជាក់​ដែរ​ថា រហូត​មក​ដល់​ពេលនេះ ពុំ​មាន​ដីកា​តាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា​ម្នាក់ នៅ​ភូមិ​ស្វាយជ្រុំ​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ព្យាយាម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ថ្មី​នោះ​ឲ្យ​បាន​ ឆាប់ និង​រៀបចំ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​រួច​រាល់​នៅ​ឆ្នាំ​ ក្រោយ​នេះ។
លោក សួស យ៉ារ៉ា៖ «ប្លង់ដី​ដែល​ភូមិ​ធម្មជាតិ​គឺ​កំណត់​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ២០០៨ គឺ​សល់​តែ​មួយ​ឆ្នាំ​ជាង​ទៀត​ទេ បងប្អូន​យក​ប្លង់​រឹង​ទាំងអស់​គ្នា តាម​សំណើ​របស់​បង កៅ ណេ។ គឺ​យើង​ឯកភាព​តែ​បំពេញ​ច្បាប់​បាន​ទាំងស្រុង ដី​ត​កម្មសិទ្ធិ​បាន»
ចំពោះ​សំណើ​ប្រជាពលរដ្ឋ​ទាមទារ​សុំ​ប្រាក់ ១០​លាន​រៀល ដើម្បី​ប៉ះប៉ូវ​បន្ថែម​លើ​សំណង​ការ​ខូចខាត​ផ្ទះសម្បែង និង​សុំ​អោយ​អាជ្ញាធរ​រក្សា​ដី​ចំនួន ៦០០ គុណ ៥០០​ម៉ែត្រ នៅ​ពី​មុខ​ភូមិ​នោះ គឺ​ស្ថិតនៅ​ក្នុង​ការ​ពិចារណា​នៅ​ឡើយ ពីព្រោះ​តំបន់​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​ចល័ត​ទ័ព។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក សួស យ៉ារ៉ា នឹង​បញ្ជូន​សំណើ​នេះ​ទៅ​លោក​នាយករដ្ឋមន្ត្រី​សម្រេច។
លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស អាដហុក (Adhoc)។ លោក​បាន​ស្វាគមន៍​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​បាន​សន្យា និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​អាច​ទទួលយក​បាន​នោះ។ ប៉ុន្តែ​លោក​នៅ​តែ​បារម្ភ ខ្លាច​អ្វីៗ​គ្រាន់​តែ​ជា​ការ​លួងលោម​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​បញ្ហា​ទាំងឡាយ​មិន​អាច​បញ្ចប់​បាន​ដោយសារ​មន្ត្រី​ដែល​ទទួល​បន្ទុក​ ដោះស្រាយ​មិន​យក​ទៅ​អនុវត្ត ឬ​អនុវត្ត​មិន​ចំ​គោលដៅ​ដែល​ពលរដ្ឋ​ចង់បាន។
លោក ចាន់ សុវ៉េត៖ «គឺ​យើង​ពិចារណា​ថា រដ្ឋាភិបាល​ប្រហែល​ជា​គ្មាន​ឆន្ទៈ​ទេ​នៅ​ក្នុង​បញ្ហា​នេះ ពីព្រោះ​តំបន់​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​នោះ ក៏​ប៉ះពាល់​នឹង​កន្លែង​ផ្សេងៗ​ទៀត​ដែរ ហើយ​នៅ​នោះ ពុំ​មាន​ភូមិ​អភិវឌ្ឍន៍​តេជោ មាន​ភូមិ​អី​មួយ​គគោក​ទៀត ដែល​កំពុង​តើ​នៅ​នោះ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ហ្នឹង​ក៏​កំពុង​ទទួលរង​អត់​មាន​ដីធ្លី​ សម្រាប់​បង្កបង្កើន​ផល​ដែរ»
លោក​បន្ត​ថា ជាក់ស្ដែង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយជ្រុំ​ប្រមាណ ៥០​នាក់ ដែល​ចេញ​មុខ​តវ៉ា​ខ្លាំងក្លា​ចំពោះ​សកម្មភាព​បណ្ដេញ​ពួកគាត់​ចេញ​កន្លងមក​ នោះ បច្ចុប្បន្ន​ពួកគាត់​បន្ត​រស់នៅ​គេច​ខ្លួន​នៅ​ភ្នំពេញ នៅ​ឡើយ ដោយ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ទុក្ខ​បុក​ម្នេញ។
ទោះ​យ៉ាង​ណា ពលរដ្ឋ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា នៅ​ពេលណា​ពួកគាត់​មាន​ផ្ទះ​នៅ និង​មាន​មុខ​របរ​ពិត​ប្រាកដ​ឡើង​វិញ​នោះ​ទេ៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons