អតីត​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ ក្រហម​មួយ​រូប​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​នួន ជា​និង​ប៉ុល ​ពត ​គឺ​ជា​មេដឹកនាំ​តែ​ពីរ​នាក់​គត់​ដែល​ក្ដោបក្តាប់​អំណាច​ផ្តាច់​មុខ​នៃ​របប​ កម្ពុជា​ប្រជា​ធិបតេយ្យ។
កាំង ​ហ្កេកអ៊ាវ​ហៅ​ឌុច​អតីត​ប្រធាន​មន្ទីរ​ស​២១ ​ឬ ​គុក​ទួលស្លែង​បាន​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ​របស់​អង្គជំនុំ​ជម្រះ​ សាលា​ដំបូង​ថា​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​ពីរ​បាន​គ្រប់គ្រង​ កិច្ចការ​រដ្ឋបាល​គ្រប់​បែប​យ៉ាង។
«គឺ​បក្ស​កុម្មុយនិស្ដ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ប៉ុល ​ពត​នួន ​ជា។ ​គឺ​ពីរ​នាក់​ហ្នឹង​ដឹកនាំ​ដាច់ខាត​មិន​រា​ថយ​ទៅ​មុខ​ជានិច្ច​គ្រប់​ផ្នែក។ ​នគបាល​ក៏​ដឹកនាំ​ដោយ​ប៉ុល ​ពត ​នួន ​ជា ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ យោធា​ ក៏​ប៉ុល ​ពត ​នួន ជា»។
ការ​ផ្ដល់​សក្ខីកម្ម​របស់​ឌុច ​បែប​នេះ​ បន្ទាប់​ពី​លោក ​វីលាម ​ស៊្មីត ​សហ​ព្រះរាជ​អាជ្ញារង​បរទេស​ចោទ​សួរ ​ឌុច ​ទាក់ទង​នឹង​រចនា​សម្ព័ន្ធ​នៃ​បក្ស​កុម្មុយនិស្ដ​កម្ពុជា។
យ៉ាងណា​ក៏ដោយ ​នួន​ ជា ​ធ្លាប់​បាន​ឆ្លើយ​ប្រាប់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ថា​គាត់​ទទួល​បន្ទុក​ ផ្នែក​អប់រំ​និង​មិន​ពាក់ព័ន្ធ​នឹង​អំណាច​យោធា​ឬ​ការ​ចាត់ចែង​របស់​ ប៉ុល ​ពត ​ទេ។
ឌុច ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ឲ្យ​ជាប់​ ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ខែ​មុន។ ​កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលម៉ិញ​នេះ ​នួន ​ជា ​បាន​ខឹង​សម្បា​នឹង​ឌុច ​ហើយ​ចាត់​ទុក ​ឌុច ​ថា​ជា​សាក្សី​មិន​បាន​ការ។
ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញារង​ កម្ពុជា ​លោក ​សេង ​ប៊ុនឃាង ​អតីត​មេគុក​ទួលស្លែង​រូប​នេះ​​បាន​បញ្ជាក់​បន្ថែម​ពី​តួនាទី​របស់ ​នួន ​ជា ​ក្នុង​ការ​បញ្ជា​ឲ្យ​ចាប់​ប្រជាជន​ឬ​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ត្រូវ​ សង្ស័យ​ជា​ខ្មាំង​ឬ​គិញ​យក​មក​ដាក់​គុក។
«គ្រប់​ពេល​វេលា ​ខ្ញុំ​បាន​ទទួល​ការណែ​នាំ​ពី ​ស៊ុន ​សេន។ ​នេះ​និយាយ​ពី​សកម្មភាព​មុន​ថ្ងៃ​១៥ ​សីហា ​ឆ្នាំ ​១៩៧៧ ​ហើយ​បន្ទាប់​មក​គឺ​បង​ទី​២ ​នួន​ ជា។ ​យ៉ាង​ម៉េច​ៗ ​សម្រេច​ មិន​ចាប់​នរណា​ គឺ​គាត់​គឺ​ជា​អ្នក​សម្រេច​ពី​ខាង​លើ។ ​ថា​ខាង​លើ​កំណត់​ហើយ ​ចប់។ ​ស ​២១ ​ត្រូវតែ​អនុវត្ត​រង់ចាំ​ចាប់​អ្នក​នេះ​ រង់ចាំ​ចាប់​អ្នក​នោះ ​ខាង​លើ​ជា​អ្នក​សម្រេច»។
ឌុច ​ក៏​បាន​រៀបរាប់​ផងដែរ​ថា ​ខ្មែរ​ក្រហម​បាន​កំណត់​សត្រូវ​របស់​ខ្លួន​តាម​កាលៈទេសៈ។
«សមាសភាព​ដែល​កំណត់​ថា​ជា​ខ្មាំង ​ក្រោយ​ឆ្នាំ​១៩៧០ ​កំណត់​គិញ​ជា​ធំ។ ​ក្រោយ​ឆ្នាំ​១៩៧៥​ កំណត់​អតីត​មន្ត្រី​រាជការ​និង​អតីត​ទាហាន​ប៉ូលិស​របស់​ លន់ ​ណល់ ​ជា​ធំ។ ​ហើយ​ដល់​ឆ្នាំ ​១៩៧៦ ​ជាពិសេស ​និយាយ​ពី​ខែ​១​ ឆ្នាំ​១៩៧៧ ​ដែល​បោសសម្អាត ​សម្រិត​សម្រាំង​កម្លាំង​ខាង​ដក»។
របប​កម្ពុជា​ប្រជាធិបតេយ្យ​ ពួក​ខ្មែរក្រហម​ បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច ​១,៧ ​លាន​នាក់​ចន្លោះ​ឆ្នាំ ​១៩៧៥ ​និង​ឆ្នាំ​១៩៧៩។ ​នួន ​ជា ​ខៀវ ​សំផន ​អៀង ​សារី​ និង​ អៀង ​ធីរិទ្ធ​ ប្រពន្ធ​របស់​គាត់​ ដែល​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ ដែល​នៅ​រស់រាន​មាន​ជីវិត​ប្រកប​ដោយ​ភាព​ចាស់​ជរា ​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ ក្នុង​សំណុំរឿង ​០០២។ ​ប៉ុន្ដែ​អៀង ​ធីរិទ្ធ​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ក្រុម​គ្រូពេទ្យ​សិន។
ដោយឡែក ​ប៉ុល ​ពត ​ដែល​ជា​មេ​ស្ថាបនិក​នៃ​របប​ខ្មែរ​ក្រហម​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ ​កាល​ពី​ឆ្នាំ ​១៩៩៨ ​ក្រោយ​ពេល​ដែល​ក្រុម​ខ្មែរ​ក្រហម​ ខ្លួន​ឯង​ធ្វើ​ការ​កាត់ទោស​លើ​រូប​គាត់​ក្នុង​តំបន់​ជាប់​ព្រំដែន​ប្រទេស​ ថៃ។ ​ឌុច ​នៅ​ថ្ងៃ​នេះ​ បាន​បញ្ជាក់​ថា ​ប៉ុល ​ពត ​គឺ​ជា​អ្នក​ទទួល​យក​មនោគម​វិជ្ជា​បែប​កុម្មុយនិស្ដ​ទ្រឹស្ដី​ម៉ាកឡេនីន​ នៃ​អតីត​សហភាព​សូវៀត​មក​អនុវត្ត​តាម​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត៕