. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, March 30, 2012

កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​ធ្វើ​បាតុកម្ម​ប្រឆាំង​គយ​ចល័ត


2012-03-30
កម្មករ​ស៊ី​ឈ្នួល​អូស​រទេះ​ដឹក​ទំនិញ​ឲ្យ​គេ​នៅ​ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រំដែន​កម្ពុជា-​ថៃ ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​បាន​យក​រទេះ​ទៅ​ដាក់​តម្រៀប​ជួរ​គ្នា​នៅ​ខាង​មុខ​ទីស្នាក់ការ​គយ នា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ការ​តវ៉ា​នេះ បាន​កើត​មាន​បន្ទាប់​ពី​សមត្ថកិច្ច​គយ​បាន​ចាប់​យក​រទេះ​ដឹក​ទំនិញ​ពួកគាត់​ ទៅ​រក្សា​ទុក​ដើម្បី​ជំរិត​ទារ​លុយ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា កន្លង​ទៅ។

ការ​ធ្វើ​បាតុកម្ម​នេះ បាន​រំសាយ​ទៅ​វិញ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា បន្ទាប់​ពីមន្ត្រី​គយ​បាន​ចេញ​ទៅ​សម្របសម្រួល​ជាមួយ​ក្រុម​កម្មករ។ កម្មករ​អូស​រទេះ​ទាំង​នោះ​បាន​ទាម​ទារ​ឲ្យ​គយ​ប្រគល់​ទំនិញ​ដែល​ចាប់​ទៅ​ រក្សា​ទុក​មក​ឲ្យ​កម្មករ​វិញ និង​សុំ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ការ​យក​ពន្ឋ ដោយ​សារ​ពួកគាត់​ក្រីក្រ​លំបាក ស៊ី​ឈ្នួល​ដឹក​ទំនិញ​ឲ្យ​គេ។

លោកស្រី ស៊ុំ សុវណ្ណ អាយុ ២៦​ឆ្នាំ ជា​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ លោកស្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​មីនា ថា រទេះ​កម្មករ​អូស​ដឹក​ទំនិញ​ឲ្យ​គេ​​ពី​ផ្សារ​រ៉ុងក្លឿ ថៃ កាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជា​ច្រើន​គ្រឿង ត្រូវ​បាន​ក្រុម​គយ​ចល័ត​ចាប់​យក​ទៅ​រក្សា​ទុក​ទាំង​អស់។ ទំនិញ​ទាំង​នោះ​មាន​ដូច​ជា តែ ទឹក​ក្រូច ​ថង់​ប្លាស្ទិក​សម្រាប់​ច្រក​ឥវ៉ាន់ ​ត្រូវ​បាន​គេ​ចាប់​​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា។ ដូច្នេះ​ទើប​កម្មករ​អូស​រទេះ​ជាង ៣០០​នាក់ បាន​លើ​គ្នា​ធ្វើ​បាតុកម្ម​នៅខាង​មុខ​ទីស្នាក់ការ​គយ​ទាមទារ​យក​មក​វិញ។
លោកស្រី ស៊ុំ សុវណ្ណ៖ «ធ្វើ ​ហ្នឹង​ជ្រុល​ពេក ពួក​ខ្ញុំ​បង់​គយ​អី​ហើយ​ចាំបាច់​អី​មក​ដាក់​គយ​ចល័ត​អ៊ីចឹង​ទៀត។ ពី​មុន​មក​វា​អត់​មាន​ទេ​គយ​ចល័ត​អ៊ីចឹង​នោះ ទើប​មាន​ប្រហែល​ជា​ពី​ឆ្នាំ​នេះ​មាន​គយ​ចល័ត​ចុះ​មក ពួក​ខ្ញុំ​បង់​នៅ​ខាង​ក្នុង​ហើយ​ហេតុ​អី​ចាំបាច់​មក​ចាប់​ពួក​ខ្ញុំ​នៅ​ខាង​ ក្រៅ​អី​ទៀត បើ​ពួក​ខ្ញុំ​បង់​មក​ពី​ក្នុង​ហើយ កុំ​ឲ្យ​មាន​គយ​ចល័ត។ បន្ឋូរបន្ថយ​ឲ្យ​ពួក​ខ្ញុំ​ខ្លះ បើ​ឲ្យ​ពួក​ខ្ញុំ​អូស​មក​ធ្វើ​ពន្ធ​ធ្វើ​ម៉េច​កើត»
កម្មករ​អូស​រទេះ​ម្នាក់​ទៀត​ឈ្មោះ នួម លេក បាន​ថ្លែង​ថា បន្ទាប់​ពី​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​យក​រទេះ​ទាំង​នោះ​មក​វិញ ខាង​មន្ត្រី​គយ​បាន​ចេញ​មក​សម្របសម្រួល​ជាមួយ​ពួកគាត់ ប៉ុន្តែ​គយ​បាន​គំរាម​ឲ្យ​កម្មករ​ទាំង​នោះ រ៉ៃ​អង្គាស​លុយ​គ្នា ខ្លះ ៣៥​ម៉ឺន​រៀល អ្នក​ខ្លះ​ទៀត ១៥​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ឲ្យ​គយ​ទើប​ពួក​គេ​ចេញ​ក្រដាស​ពន្ធ​ប្រគល់​ទំនិញ​ទាំង​នោះ​ឲ្យ ​កម្មករ​វិញ។
លោក ស្រី​ថា កម្មករ​ពុំ​មាន​លុយ​ទេ ដោយសារ​ពួក​គាត់​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​រទេះ​អូស​ទំនិញ​ពី​ទឹក​ដី​ថៃ មក​ទឹក​ដី​ខ្មែរ​ឲ្យ​គេ​បាន​ប្រាក់​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ៖ «ដូចជា ​ធ្វើ​បាប​ប្រជារាស្ត្រ​ពេក​ហើយ គ្នា​បង់​លុយ​នៅ​ក្រោម​ប្រាសាទ​ហើយ គ្នា​អូស​ចេញ​យក​ឡាន​ម៉ូតូ​សណ្ដោង ហើយ​ហៅ​កូន​ចៅ​មក​អូស​គ្នា​ចូល​ទៅ។ ទាំង​អស់​ខ្ញុំ​បង់​ឲ្យ​ក្រោម​ប្រាសាទ​ហើយ បង់​ឲ្យ​គយ កាំកុងត្រូល​ហើយ និង​ប៉ូលិស បើ​សិន​ជា​យើង​ដឹក​មក​បាន​ទឹក​លុយ ៤​ម៉ឺន​ខ្មែរ បង់​គយ ២​ម៉ឺន សល់ ២​ម៉ឺន​បង់​កាំកុងត្រូល ៥​ពាន់ ប៉ូលិស ៥​ពាន់ សល់ ១​ម៉ឺន បង់​អ៊ីចឹង ខ្ញុំ​អូស​រទេះ​បី​បួន​ប្រាំ​ឆ្នាំ​ហើយ​អត់​ដែល​មាន​អ៊ីចឹង​ទេ ទើប​មក​ជិត​ចូល​ឆ្នាំ​គាប​សង្កត់​ខ្លាំង»
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ ​សេចក្ដី​បញ្ជាក់​ពី​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ទេ ប៉ុន្តែ​លោក ម៉ង់ ពុទ្ធី ជា​ប្រធាន​សាខា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា ក្រុម​កម្មករ​នាំ​គ្នា​ធ្វើ​ដូច្នេះ​ដោយសារ ​តែ​មន្ត្រី​គយ​ចាប់​យក​ទំនិញ​ដែល​ពួក​គាត់​ស៊ី​ឈ្នួល​ដឹក​ឲ្យ​គេ​នោះ​យក​ទៅ ​រក្សា​ទុក។ ចំណាត់​ការ​របស់​គយ​នៅ​ពេល​នេះខុស​ប្លែក​ពី​ធម្មតា។ កាល​ពី​មុន​កម្មករ​ដឹក​ទំនិញ​ឆ្លង​មក​ពី​ថៃ គឺ​គាត់​បង់​លុយ​ឲ្យ​គយ កាំកុងត្រូល ប៉ូលិស ដែល​ឈរ​ចាំ​នៅ​ច្រក​ទ្វារ ប៉ុន្តែ​នៅ​ពេល​ជិត​ចូល​ឆ្នាំ​ខ្មែរ​នេះ ស្រាប់​តែ​មាន​គយ​ចល័ត​ចុះ​ទៅ​ចាប់​យក​លុយ​ថែម​ទៀត។
លោក ម៉ង់ ពុទ្ធី៖ «ខ្ញុំ​គិត​ថា វា​មិន​ត្រឹម​ត្រូវ​ទេ​ធ្វើ​អ៊ីចឹង ព្រោះ​កម្មករ​គ្នា​ពុំ​អាច​មាន​លទ្ធភាព​ណា​ទៅ​បង់​ពន្ធ​រហូត​ដល់​ថ្នាក់​បង់ ​ពន្ធ​ពិន័យ​មួយ​ជា​ពីរ។ មួយ​ទៀត ការ​ចាប់​នោះ​មិន​ត្រឹមត្រូវ​ទេ បើ​សិន​ជា​ចាប់​អ៊ីចឹង​គួរ​កំណត់​ឲ្យ​កម្មករ​បង់​ឲ្យ​ច្បាស់​ទៅ បង់​នៅ​កន្លែង​ណា ចំនួន​ប៉ុន្មាន ចំពោះ​ទំនិញ​ដែល​កម្មករ​ដឹក​មាន​ការ​បន្ធូរបន្ថយ​ប៉ុន្មាន កំណត់​ឲ្យ​ច្បាស់​ចាំបាច់​ទៅ​ចាប់​គ្នា​ទៅ​រាប់​រយ​រាប់​ពាន់​កេស​អ៊ីចឹង»
លោក ស៊ុំ ច័ន្ទគា ប្រធាន​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។ លោក​ថ្លែង​ថា ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ គួរ​គិត​គូរ​ផល​ប្រយោជន៍​កម្មករ មិន​ត្រូវ​គាប​សង្កត់​ជំរិត​ទារ​ប្រាក់​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​អនុវត្ត​ច្បាប់ គឺ​ជា​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​គេ​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​រីក​ចំរើន។ បញ្ហា​នេះ​អាជ្ញាធរ​មាន​តួនាទី​ត្រូវ​ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ ប្រជាពលរដ្ឋ​អាច​រក​លុយ​កាក់​ចិញ្ចឹម​ជីវិត​បាន និង​អាច​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons