. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, April 10, 2012

សន្តិសុខ​​ថៃ​បាញ់​បំបែក​ហ្វូង​កូដករ​ខ្មែរ​ដែល​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ


2012-04-10
កម្មករ​ខ្មែរ និង​កម្មករ​ភូមា​រាប់​ពាន់​នាក់ បន្ត​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផលិត​អាហារ​គ្រឿង​សមុទ្រ ដំឡើង​ប្រាក់​ឈ្នួល ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មេសា នេះ ក្រុម​កម្មករ​បាន​អះអាង​ថា សន្តិសុខ​ក្រុមហ៊ុន​បាន​បាញ់​គំរាម​ហ្វូង​កូដករ ដើម្បី​បំបែក​កម្លាំង​កម្មករ។


កម្មករ​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​ផលិត​អាហារ​គ្រឿង​សមុទ្រ​ឈ្មោះ ប៉ាតាណា ស៊ីហ្វូត (Pattana Seafood) នៅ​ខែត្រ​សុងក្លា (Songkla) ប្រទេស​ថៃ បាន​បន្ត​មក​ដល់​ថ្ងៃ​ទី​២ ហើយ តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ មិន​តែ​ប៉ុណ្ណោះ ការ​តវ៉ា​នេះ​បាន​ ក្លាយ​ទៅ​ជា​មាន​អំពើ​ហិង្សា ដោយសារ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន បាន​ប្រើ​កាំភ្លើង​បាញ់​គំរាម ដើម្បី​បង្ក្រាប​ហ្វូង​កូដករ​ទៀត​ផង។
កម្មករ​មួយ​រូប​ឈ្មោះ ហាន់ សុធា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​មក​ថា ការ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា នេះ ខាង​ក្រុមហ៊ុន​បាន​បំបែក​ពួកគាត់​ជា​ក្រុម​តូចៗ។ គេ​ឲ្យ​កម្មករ​ថៃ​ចូល​ក្នុង​បរិវេណ​រោងចក្រ កម្មករ​ភូមា​គេ​ឲ្យ​នៅ​កន្លែង​ផ្សេង​ទៀត គេ​មិន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​កម្មករ​ខ្មែរ​ប្រមាណ ១​ពាន់​នាក់​នេះ​ទេ។
លោក​បញ្ជាក់​ថា គេ​មាន​ការ​រើសអើង​កម្មករ​ខ្មែរ និង​កម្មករ​ភូមា៖ «អម្បាញ់មិញ​គេ​បាញ់ ពលករ​ខ្មែរ​សំរុក​ចូល​រោងចក្រ គេ​បិទ​ទ្វារ​មិន​ឲ្យ​ចូល»
កម្មករ​ជា​ច្រើន​ទៀត​បាន​លើក​ឡើង​ថា មូលហេតុ​ចម្បង​ដែល​ពួកគេ​នាំ​គ្នា​ធ្វើ​កូដកម្ម ដោយសារ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ខាង​ក្រុមហ៊ុន​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទាំង​អស់ ហើយ​ភាគី​ក្រុមហ៊ុន​បាន​ដំឡើង​ប្រាក់​ឈ្នួល​ពី ១៧៧​បាត ទៅ ២៤៦​បាត ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​គេ​បាន​កាត់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​មួយ​ខែ​ទទួល​បាន ៨០០​បាត ក្នុង​១​ខែ មក​នៅ​ត្រឹម ៤០០​បាត​វិញ​ក្នុង​មួយ​ខែ។ បញ្ហា​ទាំង​នេះ​ហើយ ដែល​ធ្វើឲ្យ​កម្មករ​ទាំង​អស់​ជាង​ពីរ​ពាន់ មាន​កម្មករ​ខ្មែរ ថៃ និង​កម្មករ​ភូមា ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​៨ មេសា​មក៖ «ក្រុមហ៊ុន​ខ្មែរ CDM ហ្នឹង ប្រកាស​ប្រាប់​ថា នៅ​ខែ​៤ ហ្នឹង គេ​ដំឡើង​លុយ​ឲ្យ​ក្នុង​មួយ​ថ្ងៃ ៣០០​បាត តែ​គេ​ដំឡើង​ឲ្យ ២៤៦​បាត​ទេ ហើយ​គេ​កាត់​លុយ​លើក​ទឹក​ចិត្ត លុយ​ថ្លៃ​បាយ ២០​បាត​អស់​ហើយ។ សូម​សិទ្ធិ​មនុស្ស​ខ្មែរ​ជួយ​រក​យុត្តិធម៌​ឲ្យ​ផង ឥឡូវ​នេះ​គេ​តាម​ចាប់​កម្មករ​ខ្មែរ តែ​ពួក​យើង​ទាញ​មក​កណ្ដាល មិន​ឲ្យ​ចាប់ តម្រួត​គេ​នៅ​ហ្នឹង​គេ​នៅ​ព័ទ្ធ​ពួក​យើង»
នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) លោក យ៉ា ណវុធ មាន​ប្រសាសន៍​ថា វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ ចំពោះ​ការ​បាញ់​បោះ​បង្ក្រាប​ទៅលើ​ហ្វូង​កូដករ​នេះ។
លោក​បញ្ជាក់​ថា បញ្ហា​នេះ​រដ្ឋាភិបាល​កម្ពុជា ឬ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ ត្រូវ​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភាគី​ថៃ ឲ្យ​បាន​ច្បាស់លាស់៖ «ពលករ តាម​ច្បាប់​ការងារ គឺ​ថា មាន​សិទ្ធិ​បង្កើត​សហជីព ឬ​មាន​សិទ្ធិ​ចូល​រួម​ដើម្បី​ការពារ​ពលករ តែ​មាន​តាម​ជាក់​ស្ដែង ដូច​ជា​នៅ​ម៉ាឡេស៊ី និង​ថៃ​នោះ គេ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ហ្នឹង​បង្កើត​សហជីព​បាន​ទេ»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ ប្រទេស​ថៃ និង​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ខ្មែរ លោក កុយ គួង ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា។
ក្រុម​កម្មករ​បាន​លើក​ឡើង​ទៀត​ថា ស្ថានភាព​របស់​ពួកគាត់​បច្ចុប្បន្ន​ប្រឈម​នឹង​បញ្ហា​លំបាក ដោយសារ​តែ​ប្រាក់​ឈ្នួល​ទាប។ កម្មករ​ទាំង​អស់​ត្រូវ​ចំណាយ​លើ​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​អាហារ និង​ថ្លៃ​ព្យាបាល​ជំងឺ ព្រម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត គឺ​ត្រូវ​ចំណាយ​អស់​ច្រើន តែ​ប្រាក់​ខែ​ដែល​ទទួល​បាន​មាន​ចំនួន​តិច ធ្វើ​ឲ្យ​ពួក​គាត់​រស់​នៅ​លំបាក​ក្នុង​ប្រទេស​ថៃ ហើយ​ចង់​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក៏​មិន​បាន ព្រោះ​ក្រុមហ៊ុន​បាន​ដក​ហូត​យក​លិខិត​ឆ្លង​ដែន។
កម្មករ​មួយ​រូប​ទៀត​បាន​ឲ្យ​ដឹង​ថា ពួកគាត់​ត្រូវ​ជួល​បន្ទប់​នៅ​រួម​គ្នា​ក្នុង​មួយ​ខែ​អស់​ចំនួន ១.២០០​បាត។ ក្នុង​បន្ទប់​មួយ​ស្នាក់នៅ​ពី ៣ ទៅ ៤​នាក់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​រស់​នៅ។
ក្រុម​កម្មករ​បាន​អះអាង​ថា មុន​ពេល​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន Pattana Seafood នេះ ភ្នាក់ងារ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ក្រុមហ៊ុន ស៊ីឌីអឹម (CDM Trading Manpower) បាន​ប្រាប់​ពួក​គាត់​ថា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គេ​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ ៣០០​បាត តែ​ពេល​ទៅ​ដល់​គេ​ឲ្យ​បាក់​ឈ្នួល​ជាង ១៦០​បាត​ទៅ​វិញ៖ «អ្នក​ខ្លះ​មាន​ លុយ​ក៏​បង់​ថ្លៃ​បន្ទប់ អ្នក​ខ្លះ​គ្មាន​លុយ ធ្វើ​ការ​គេ​កាត់​លុយ។ ម្នាក់ៗ ឥឡូវ​នេះ​ពិបាក​ណាស់ មក​ពី​ខ្មែរ​អ្នក​ខ្លះ​ជំពាក់​គេ ពិបាក​ខ្លាំង​ណាស់​ឥឡូវ​នេះ»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន Pattana Seafood ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា​នេះ។
គេហទំព័រ​របស់​ក្រុមហ៊ុន Pattana Seafood បាន​សរសេរ​ថា ក្រុមហ៊ុន Pattana Seafood ជា​ក្រុមហ៊ុន​មួយ​ក្នុង​ក្រុមហ៊ុន​សម្ព័ន្ធ PTN Group ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ទ្វី​ អឺរ៉ុប និង​អាស៊ី។ ហើយ​ក្រុមហ៊ុន​នេះ​មាន​កម្មករ​ខ្មែរ​ធ្វើ​ការ​ជាង ១​ពាន់​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​ជាង ២​ពាន់​នាក់ ក្នុង​នោះ​មាន​កម្មករ​ថៃ និង​កម្មករ​មក​ពី​ប្រទេស​ភូមា។
ភ្នាក់ងារ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ស៊ីឌីអឹម នៅ​ទីក្រុង​ភ្នំពេញ លោក សៅ បុល បាន​បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​បាន​សន្យា​ថា គេ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ ៣០០​បាត ដូច​ដែល​ក្រុម​កម្មករ​បាន​លើក​ឡើង​នោះ​ទេ។
លោក​បញ្ជាក់​ថា ប្រាក់​ឈ្នួល​ដែល​គេ​ផ្ដល់​ជូន​នោះ ចន្លោះ​ពី​ជា ១៦០​បាត ទៅ ១៨០​បាត៖ «មុន ​នឹង​ចេញ​ទៅ​ប្រាក់​ថ្ងៃ​បាន​ប៉ុន្មាន ខ្ញុំ​ប្រាប់​ពលករ​ច្បាស់​ណាស់ ខ្ញុំ​មាន​ធ្វើ​កិច្ច​សន្យា​ផ្តិត​មេដៃ​ទៀត ហើយ​កម្មករ​ណា​ប្រាប់​ថា បាន​មួយ​ថ្ងៃ ៣០០​បាត​ហ្នឹង ខុស​ហើយ ហើយ​ខ្ញុំ​ប្រាប់​ថា បើ​ពលករ​ណា​ស្ម័គ្រ​ចិត្ត​ទៅ ទើប​ឲ្យ​ទៅ កុំ​ឲ្យ​ទៅ​ហើយ​នាំ​គ្នា​ធ្វើ​កូដកម្ម​ធ្វើ​អី​អ៊ីចឹង​វា​ខុស»
លោក សៅ បុល បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន CDM បាន​ជញ្ជួន​តំណាង​របស់​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​កម្មករ​ធ្វើ​កូដកម្ម​នេះ​ហើយ នៅ​ថ្ងៃ​ទី​៩ មេសា នេះ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន Pattana Seafood និង​កម្មករ​ខ្មែរ កម្មករ​ភូមា​នោះ គេ​បាន​សរសេរ​លក្ខខណ្ឌ​ការងារ​ល្អ មាន​ដូចជា ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ ៨​ម៉ោង មាន​ថ្ងៃ​ឈប់​សម្រាក ថ្លៃ​ស្នាក់​នៅ និង​ថ្លៃ​សេវា​សុខភាព ថៅកែ​ជា​អ្នក​ចេញ​ឲ្យ តែ​ផ្ទុយ​ទៅ​វិញ ការ​អនុវត្ត​ផ្ទាល់​គឺ​មិន​បាន​ធ្វើ​ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​នោះ​ ទេ។
លោក មឿន តុលា៖ «យើង​បាន​ជជែក​ជាមួយ​ភាគី​ថៃ គឺ​ក្រសួង​ការងារ​ថៃ​ហ្នឹង ក៏​អសកម្ម​ដែរ គេ​មិន​ដែល​ចុះ​ទៅ​ពិនិត្យ​មើល​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ទេ។ ទី​២ ខាង​ភាគី​ខ្មែរ​យើង​ក៏​មិន​ដែល​ទៅ​មើល ឬ​សួរ​សុខ​ទុក្ខ​ពួកគាត់ យើង​មិន​ដែល​ដឹង​អំពី​សុខទុក្ខ​របស់​ពួក​គាត់​ទេ»
ក្រុម​កម្មករ​បាន​លើក​ឡើង​ទៀត​ថា ក្នុង​កម្មករ​ម្នាក់​ត្រូវ​បង់​លុយ​ឲ្យ​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ គឺ​ក្រុមហ៊ុន CDM ថ្លៃ​រត់​ការ​ឯក​សារ​ច្បាប់ ពី ១​ម៉ឺន​៤​ពាន់​បាត ទៅ ១​ម៉ឺន​៨​ពាន់​បាត ដូច្នេះ​ប្រាក់​ឈ្នួល​ដែល​ពួក​គេ​ធ្វើ​បាន ត្រូវ​ចំណាយ​លើ​ការ​ជួល​បន្ទប់​ស្នាក់នៅ ថ្លៃ​ម្ហូប​អាហារ និង​ថ្លៃ​បង់​រំលោះ​ឲ្យ​ក្រុមហ៊ុន។ ពួក​គាត់​មិន​សល់​លុយ​ទេ​ក្នុង​មួយ​ខែៗ ហើយ​ចង់​មក​ផ្ទះ​វិញ​ក៏​មិន​បាន ដោយសារ​គ្មាន​លិខិត​ឆ្លង​ដែន។
លោក មឿន តុលា បាន​ពន្យល់​ទៀត​ថា កម្មករ​ខ្មែរ​កំពុង​ប្រឈម​នឹង​បញ្ហា​កេងប្រវ័ញ្ច​ការងារ​ជា​ច្រើន​ដែល​ស្ថិត ​នៅ​ក្នុង​ទម្រង់​រំលោភ​សិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ ពីព្រោះ​ថា កម្មករ​ធ្វើ​ការ​នៅ​ទី​នោះ​ហាក់​បី​ដូច​ជា​មាន​ចំណង​ចង​ពួក​គេ​មិន​ឲ្យ​ទៅ​ ណា​រួច។ ទី​១​ពួក​គេ​កំពុង​ជំពាក់​បំណុល​ក្រុមហ៊ុន ដែល​គេ​កាត់​ប្រាក់​ខែ​ជា​រៀងរាល់​ខែ ទី​២ ក្រុមហ៊ុន​ដក​ហូត​លិខិត​ឆ្លង​ដែន និង​ឯកសារ​ពាក់ព័ន្ធ​តម្កល់​ទុក​នៅ​ក្រុមហ៊ុន​ជាដើម៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons