. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, April 8, 2012

អ្នក​ភូមិ​នៅ​ប៉ោយប៉ែត មិន​ព្រម​ចេញ​ពី​ចិញ្ចើម​ផ្លូវ​ដែក

ដោយ សួន សុផល មុន្នី

2012-04-08

មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្រុង​ប៉ោយប៉ែត បាន​បដិសេធ​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ពី​ចិញ្ចើម​ផ្លូវ​ដែក ដើម្បី​បើក​ច្រក​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ដែក​នោះ​ទេ។
ការ​បដិសេធ​របស់​ពលរដ្ឋ​នេះ គឺ​ដោយសារ​ពួក​គាត់​នៅ​ពុំ​ទាន់​ទទួល​បាន​សំណង​សមរម្យ ដែល​អាជ្ញាធរ​បាន​ព្យាយាម​ដោះ​ស្រាយ​ជូន​ពួក​គាត់។
កាល​ពី​ថ្មីៗ នេះ សាលាក្រុង​ប៉ោយប៉ែត បាន​កំណត់​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​មាន​ផ្ទះ​នៅ​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​រុះរើ​លំនៅឋាន​ចេញ ដើម្បី​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ដែក។ ប៉ុន្តែ ប្រជា​​ពលរដ្ឋ​មួយ​ចំនួន​បាន​បដិសេធ​មិន​ព្រម​រុះរើ​លំនៅឋាន​ពួក​គាត់​ចេញ​ ទេ។
លោក សាន ស៊ាន ហូ ចៅ​សង្កាត់​ប៉ោយប៉ែត បាន​ថ្លែង​ថា ទាក់ទិន​​ការងារ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ផ្លូវ​ដែក​នេះ ខាង​អន្តរក្រសួង បាន​បង្កើត​គណៈកម្មការ​ដោះ​ស្រាយ។ ក្នុង​នោះ​មាន​ក្រសួង មាន​ខេត្ត ក្រុង សង្កាត់។ អាជ្ញាធរ​មាន​ដី និង​ថវិកា សម្រាប់​ដោះ​ដូរ​ឲ្យ​ប្រជា​ពល​រដ្ឋ។ ប៉ុន្តែ សម្រាប់​ជូន​តែ​អ្នក​មាន​ផល​ប៉ះពាល់​ទាំង​ស្រុង។ អ្នក​ដែល​ប៉ះពាល់​តិច ត្រូវ​រុះរើ​ថយ​ក្រោយ។
លោក សាន ស៊ាន ហូ៖ «អ្នក​ដែល​ប៉ះ​ខ្លាំង​ទាំង​អស់ តាម​គោល​ការណ៍​យើង​ដោះ​ដូរ​ឲ្យ​ទៅ​នៅ​ទីតាំង​ថ្មី ហើយ​និង​ឲ្យ​ថវិកា​មួយ​ចំនួន​តាម​ផ្ទះ​តូច​ធំ​ជាក់​ស្តែង​តាម​គោលការណ៍​ អន្តរ​ក្រសួង។ ប្រជា​ពលរដ្ឋ​ចំនួន ៩៩% ហើយ​ដែល​គាត់​រុះរើ​ចេញ។ នៅ​សល់​តិច​តួច​យើង​កំពុង​ធ្វើ​ការ​បន្ត»។
លោក​ចៅ​សង្កាត់​បាន​បន្ត​ថា នៅ​មាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ពុំ​ទាន់​បាន​រុះរើ​ចេញ​ទេ ដោយសារ​ពួក​គាត់​នៅ​ទាមទារ​រក​សំណង​បន្ថែម​ទៀត តាម​តែ​ពួក​គាត់​ចង់​បាន។ ប៉ុន្តែ អាជ្ញាធរ​បាន​ចុះ​អនុវត្ត​ការ​ដោះស្រាយ​តាម​គោលការណ៍​ច្បាប់ និង​តាម​សេចក្ដី​ណែនាំ​របស់​អន្តរ​ក្រសួង។ លោក​ថា បើ​សិន​ជា​អាជ្ញាធរ​ចុះ​ធ្វើ​ការ​ខុស​ពី​អ្វី ដែល​ថ្នាក់​លើ​កំណត់​ឲ្យ។ ខាង​មូលដ្ឋាន​មិន​អាច​មាន​ថវិកា​សម្រាប់​ដោះស្រាយ​ជូន​ពួក​គាត់​ទេ។ អ្នក​នៅ​សល់​មិន​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់​នោះ អាជ្ញាធរ និង​ធ្វើ​សេចក្ដី​រាយការណ៍​ទៅ​ថ្នាក់​លើ​បន្ត​ទៀត។ លោក​ថា នៅ​មាន​ប្រជា​ពលរដ្ឋ​ជិត ១០ គ្រួសារ​ទៀត នៅ​មិន​ទាន់​ដោះស្រាយ​ចប់។
កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០១២ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដល់​ប្រជា​ពលរដ្ឋ ដែល​កំពុង​រស់​នៅ​ភូមិ​ផ្សារ​កណ្ដាល ភូមិ​គីឡូ​ម៉ែត្រ​លេខ ៤ ភូមិ​អូរជ្រៅ ភូមិ​ក្បាល​កោះ និង​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ឲ្យ​រុះរើ​សំណង់​សំយាប និង​សំណង់​​ផ្សេង​ទៀត ដែល​ប៉ះពាល់​លើ​ផ្លូវ​រថភ្លើង។
នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ បាន​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ផ្លូវ​ដែក​ អាស៊ាន (សឹង្ហបូរី គុនមិញ) ឲ្យ​បាន​សម្រេច​ជោគជ័យ​តាម​ពេល​វេលា ដែល​បាន​កំណត់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ​ផង​នោះ សាលាក្រុង​ស្នើ​សុំ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែល​មិន​ទាន់​បាន​រុះរើ​សំយាប និង​ផ្ទះ ឬ​សំណង់​ផ្សេងៗ ចេញ​ពី​ផ្លូវ​រថភ្លើង សូម​រួសរាន់​រុះរើ​ចេញ​ឲ្យ​បាន​ឆាប់​រហ័ស។
ដើម្បី​ជៀស​វាង​ការ​បាត់បង់​ផលប្រយោជន៍ ធំ​ដុំ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ដែល​កំពុង​រស់​នៅ និង​មាន​ពេល​វេលា​រុះរើ​ចេញ​ឲ្យ​បាន​សម​ស្រប សាលា​ក្រុង​ប៉ោយប៉ែត សូម​ធ្វើការ​កំណត់​រយៈ​ពេល​១០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ​តទៅ។ ផុត​រយៈ​ពេល​កំណត់​បើ​ប្រជា​ពលរដ្ឋ​ណា​មិន​រុះរើ សាលាក្រុង និង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​ពុំ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​បាត់បង់ ឬ​ខូចខាត​សម្ភារៈ​ឥវ៉ាន់​ផ្សេងៗ របស់​បងប្អូន​នោះ​ឡើយ។
លោក មាន សារិទ្ធិ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​ជា​មន្ត្រី​របស់​គណបក្ស សម រង្ស៊ី។ លោក​បាន​ថ្លែង​ថា ការ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវដែក​នេះ លោក​មើល​ឃើញ​ថា នៅ​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ទេ។
លោក​ថា មាន​បងប្អូន​ប្រជាជន​មួយ​ចំនួន ដែល​គាត់​រស់​នៅ​លើ​ផ្លូវដែក​នោះ​ដែរ។ ប៉ុន្តែ គាត់​នៅ​មិន​ទាន់​ទទួល​សំណង់​ត្រឹមត្រូវ​សមរម្យ​ទេ រហូត​មាន​អ្នក​ឡើង ទៅ​តវ៉ា​នៅ​សាលា​សង្កាត់​ប៉ោយប៉ែត សាលាក្រុង​ប៉ោយប៉ែត​ជា​ហូរ​ហែ​ថែម​ទៀត។
លោក មាន សារិទ្ធិ៖ «ហើយ​អាជ្ញាធរ​សាលា​សង្កាត់​តែងតែ​យក​លេះ​អញ្ចេះ យក​លេះ​អញ្ចុះ មិន​បាន​ដោះស្រាយ​ជូន​គាត់​បាន​ត្រឹមត្រូវ​ទេ ហើយ​រុញ​គាត់​ទៅ​ក្រុង រុញ​ទៅ​ក្រុង​ក៏​ដោះស្រាយ​ដោយ​យក​រួច​ខ្លួន​មិន​បាន​ផ្ដល់​ឲ្យ​ពួក​គាត់​ឲ្យ ​បាន​ត្រឹមត្រូវ​ទេ»។
លោក ស៊ុំ ច័ន្ទគា ប្រធាន​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ។ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​សមរម្យ ​ជៀសវាង​ការ​បណ្ដេញ​ចេញ​រុះរើ​ចេញ​មុន​ពេល​ពួក​គាត់​មាន​លំនៅឋាន​ស្នាក់​នៅ។
លោក ស៊ុំ ច័ន្ទគា៖ «បង្រួម​ទំនាស់ ហើយ​ពង្រីក​ការ​ដោះស្រាយ ផ្ដល់​នៅ​ភាព​យុត្តិធម៌​ទាំង​អស់ គួរ​ពិនិត្យ​ទៅ​លើ​ថា តើ​ផ្ទះ​ដែល​សង់​ពី​ឥដ្ឋ​នោះ និង​ផ្ទះ​មួយ​ទៀត គឺ​ត្រូវ​ផ្ដល់​ឲ្យ​គាត់​ប៉ុន្មាន ទាក់ទង​លើ​គ្រួសារ​មួយ​ទៀត ផ្ទះ​ខ្លះ​គ្រួសារ​ពីរ​គ្រួសារ​បី​អញ្ចឹង ហើយ​ផ្ទះ​ខ្លះ​គ្រួសារ​តែ​មួយ មាន​គ្រួសារ​ពីរ​បី។ ដូច្នេះ ផ្ទះ​គ្រួសារ​ពីរ​បី​ត្រូវ​ទទួល​បាន​ផ្ទះ​ដី​ដែរ»។
លោក​បន្ត​ថា ទាក់ទិន​បញ្ហា​នេះ​អាជ្ញាធរ​គួរ​ពិនិត្យ​ពិចារណា​ទៅ​លើ​សំណង​ទាំង​នោះ ដើម្បី​ដោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​ជូន​ពួក​គាត់ មុន​ការ​រុះរើ ឬ​ក៏​ការ​ដេញ​ចេញ​ណា​មួយ​នោះ ដែល​នាំ​ឲ្យ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​ថា ការ​ដោះស្រាយ​វា​មិន​មែន​ជា​ការ​លំបាក​ទេ អោយ​តែ​អាជ្ញាធរ​អនុវត្ត​ទៅ​តាម​ច្បាប់ ទៅ​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons