. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, May 2, 2012

អ្នក​វិភាគ​បារម្ភ​ពី​ក្រុម​ស៊ើប​អង្កេត​ករណី​លោក ឈុត វុទ្ធី មិន​ឯករាជ្យ

ដោយ តាំង សារ៉ាដា

2012-05-02
ក្រុម​អ្នក​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ថា គួរ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​ករណី​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា មន្ត្រី​កងរាជអាវុធហត្ថ ដែល​អ្នក​ទាំង​ពីរ​បាន​ស្លាប់​កាល​ពី​ថ្ងៃ២៦ មេសា កន្លង​ទៅ។
RFA Photo
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១។
ក្រុម​អ្នក​វិភាគ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​សំដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​របស់​ខ្លួន ដើម្បី​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ឃាតកម្ម​រូប​លោក ឈុត វុទ្ធី និង​មន្ត្រី​កងរាជអាវុធហត្ថ លោក អ៊ិន រតនា។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ដំណើរ​ការ​អនុវត្ត​ច្បាប់ បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ថា គួរ​ផ្ដល់​ភារកិច្ច​នៃ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​ដ៏​ធំ​មួយ​នេះ​ទៅ​ឲ្យ​ ខាង​ព្រះរាជអាជ្ញា ឬ​ចៅក្រម​ស៊ើប​អង្កេត​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ខាង​ការ​ធ្វើ​ កោសល្យវិច័យ​វិញ ទើប​អាច​មាន​ការ​ជឿ​ទុក​ចិត្ត​ជាង។
អនុសាសន៍​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ករណី ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម ឈ្មោះ អ៊ិន រតនា ដើម្បី​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌។
គណៈកម្មការ​ចម្រុះ​អនុញ្ញាត​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២ នោះ រួម​មាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ រដ្ឋមន្រ្តី និង​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា​ព្រឹទ្ធ​សភា និង​អធិការកិច្ច។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល​មួយ​នេះ អាច​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ការ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ពីព្រោះ​មន្ត្រី​នៃ​ស្ថាប័ន​កងរាជអាវុធហត្ថ​ជា​ស្ថាប័ន​មាន​ជាប់​ពាក់ព័ន្ធ​ ក្នុង​ឃាតកម្ម​នេះ។
កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា កន្លង​ទៅ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង លោក ថុង ណារ៉ុង បាន​ផ្ញើ​របាយការណ៍​ស៊ើប​អង្កេត​បឋម​មក​កាន់​មេបញ្ជាការ​របស់​ខ្លួន​ក្នុង​ ទីក្រុង​ភ្នំពេញ សរសេរ​ថា ឈ្មោះ ឈុត វុទ្ធី បាន​ជេរ​ប្រមាថ​តិះដៀល​ទៅ​លើ​កម្លាំង​អាវុធហត្ថ​ដែល​នាំ​ឲ្យ​ឈ្មោះ អ៊ិន រតនា ទ្រាំ​ពាក្យ​សំដី​ប្រមាថ​នេះ​ពុំ​បាន ក៏​មាន​ការ​ផ្ទុះ​អាវុធ​បាញ់​ទៅ​លើ​ឈ្មោះ ឈុត វុទ្ធី បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ហើយ​បន្ទាប់​មក​ឈ្មោះ អ៊ិន រតនា បាន​បាញ់​ខ្លួន​ឯង​ចំនួន​ពីរ​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​មុខ​រថយន្ត។
របាយការណ៍​នេះ​មាន​ការ​ទទួល​ស្គាល់ និង​យល់​ព្រម​ភ្លាមៗ​ពី​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា លោក​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ (RFI)។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ប្រសិន​បើ​មន្ត្រី​កំពូល​នៃ​កងរាជអាវុធហត្ថ​បាន​ថ្លែងការណ៍​ផ្អែក​លើ​ របាយការណ៍​នៃ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ប៉ុណ្ណឹង នោះ​អាច​នាំ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យល់​ឃើញ​ថា ដំណើរ​ស៊ើប​អង្កេត​របស់​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល គឺ​អាច​គ្រាន់​តែ​ដើម្បី​បញ្ជាក់​បន្ថែម​ឲ្យ​របាយការណ៍​របស់​កងរាជអាវុធហត្ថ ​ខេត្ត​កោះកុង មាន​ភាព​ស្របច្បាប់​តែប៉ុណ្ណោះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ថា ការ​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​ សកម្មជន​ព្រៃ​ឈើ គឺ​ជា​ការ​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល។
អនុ​ប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល លោក ទិត្យ សុធា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មតិ​រិះគន់ និង​ការ​វាយ​ប្រហារ​ទាំង​ឡាយ​មក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​ស្វែង​រក​យុត្តិធម៌ និង​ការ​ពិត​ដោយ​ក្រុម​អ្នក​ជំនាញៗ ដូចជា​ស្ថាប័ន​កងរាជអាវុធហត្ថ ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ជា​ដើម​នោះ។
លោក ទិត្យ សុធា បន្ត​ថា គណៈកម្មការ​ចម្រុះ​នេះ​បើក​ទ្វារ​ចំហ និង​ស្វាគមន៍ ទទួល​ព័ត៌មាន ឬ​ភស្តុតាង​ពី​គ្រប់​មជ្ឈដ្ឋាន។
បើ​ទោះ​ជា​មាន​ការ​អះអាង​ពី​លោក ទិត្យ សុធា ថា ស្ថាប័ន​កងរាជអាវុធហត្ថ​ជា​ស្ថាប័ន​ដ៏​មាន​ជំនាញ​ក្នុង​ការ​ស៊ើប​អង្កេត​ ករណី​ឃាតកម្ម​នេះ​ក៏ដោយ លោក ប្រែត អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​កិច្ចការ​អាស៊ី មិន​ជឿ​ថា ស្ថាប័ន​មួយ​នេះ​មាន​ឯករាជ្យ​ក្នុង​កិច្ចការ​របស់​ខ្លួន ក្នុង​ការ​ស្រាវជ្រាវ​ទង្វើ​នៃ​មន្ត្រី​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​បទ​ ឧក្រិដ្ឋកម្ម​នោះ​ដែរ។
លោក ប្រែត អាដាម៖ «ស្ថាប័ន​មួយ​នេះ​អាច​មាន​ជំនាញ​ក្នុង​ការ​ស៊ើប​ អង្កេត តែ​ការ​ស៊ើប​អង្កេត​នោះ​អាច​មាន​ភាព​លំអៀង បើ​ទោះ​បី​ជា​ពួក​គេ​អះអាង​ថា មាន​ជំនាញ​ខាង​ធ្វើ​កោសល្យវិច័យ ដែល​ខ្ញុំ​មិន​ជឿ​នោះ​ក៏ដោយ ក៏​ស្ថាប័ន​មួយ​នេះ​មិន​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដោយ​ ឯករាជ្យ​នោះ​ឡើយ។ ដូច​លោក​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ស្ថាប័ន​មួយ​ដែល​រង​ឥទ្ធិពល​នយោបាយ​យ៉ាង​ ខ្លាំង ហើយ​មេបញ្ជាការ​ធំ​នៃ​ស្ថាប័ន​នេះ ជា​មនុស្ស​ជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទៀត។ ដូច្នេះ​យើង​គ្មាន​ហេតុផល​អ្វី​នឹង​ជឿ​ថា កងរាជអាវុធហត្ថ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ឯករាជ្យ​ក្នុង​ករណី​ នេះ​បាន​ទេ»
លោក ប្រែត អាដាម បាន​ជំរុញ​ឲ្យ​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ គួរ​ធ្វើ​ឡើង​យ៉ាង​ឯករាជ្យ ដោយ​ក្រុម​មនុស្ស ឬ ស្ថាប័ន​មួយ​ដែល​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​ថា មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទឧក្រិដ្ឋ​នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons