. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, May 4, 2012

មន្ត្រី​ខ្មែរ​ស្នើ​ថៃ​ឲ្យ​ឈប់​បាញ់​សម្លាប់​ពល​រដ្ឋ​របស់​ខ្លួន

ដោយ សុខ សេរី

2012-05-04
ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២១០២ ផ្ញើ​កំណត់​ទូត​ជូន​ស្ថាន​ទូត​ថៃ សុំ​ឲ្យ​អាជ្ញាធរ​ថៃ​ចាត់​វិធានការណ៍​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​អំពើ​បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​ឆ្លង​ចូល​ទឹក​ដី​ថៃ​ខុស​ច្បាប់។
RFA/Sok Serey
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា
ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​សម្លាប់​ប្រជា​ ពល​រដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ដែល​នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់។ រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​បាញ់​ប្រហារ​នេះ​ថា​ជា​អំពើ​អមនុស្សធម៌ និង​ព្រៃផ្សៃ និង​បាន​រំលោភ​លើ​ស្មារតី​ចំណុច​លេខ​៧៧ នៃ​កំណត់​ហេតុ​ពិភាក្សា​លើក​ទី​៦ របស់​គណៈកម្មាធិការ​ចម្រុះ សហ​ប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ថៃ នៅ​ខែ​សីហា ឆ្នាំ​២០០៩ កន្លង​ទៅ។
គោលការណ៍​នោះ គឺ​បាន​ហាម​ឃាត់​មិន​ឲ្យ​ភាគី​កម្ពុជា និង​ថៃ បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​នៃ​ភាគី​ណា​មួយ ដែល​បាន​ឆ្លង​ចូល​ទឹក​ដី​ខុស​ច្បាប់ ឬ​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​ណា​មួយ។
ប្រតិកម្ម​ជា​ផ្លូវ​ការ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ទាហាន​ថៃ​បាន​បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ម្នាក់​ទៀត​ឈ្មោះ សំរៀម អាយុ​៣១​ឆ្នាំ ភេទ​ប្រុស នៅ​ពេល​ដែល​គាត់​បាន​ឆ្លង​ចូល​ទឹក​ដី​ថៃ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដើម្បី​រក​ការ​ងារ​ធ្វើ​នៅ​ខេត្ត​សាកែវ (Sakeo) ប្រទេស​ថៃ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា​ការ​បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​បែប​នេះ គឺ​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់​អន្តរជាតិ​ស្ដីពី​មនុស្សធម៌ ៖ "យើង​ទាមទារ ​ឲ្យ​យក​ជន​ដៃ​ដល់ យក​ទៅ​កាត់​ទោស។ ទាមទារ​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់។ អាជ្ញាធរ​ថៃ​ពាក់ព័ន្ធ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​បាញ់​បោះ​ហ្នឹង​ទៀត។ ហើយ​បើ​គាត់​ខុស​អ្វី​ឲ្យ​ចាប់​យក​ទៅ​ផ្ដន្ទា​ទោស​ចុះ។ យើង​តែង​តែ​រក​មេធាវី​ឯករាជ្យ​ការពារ​គាត់ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​ទទួល​បាន​យុត្តិធម៌​ទៅ​តាម​ច្បាប់​ប្រទេស​នោះ"
ភាគី​ថៃ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ​ចំពោះ​កំណត់​ទូត​របស់​ ក្រសួង​ការ​បរទេស​កម្ពុជា​នេះ។ ចំណែក​ឯ​សាកសព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឈ្មោះ សំ រៀម នោះ ត្រូវ​បាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ បាន​ជួយ​សម្រួល​ដឹក​មក​ឲ្យ​គ្រួសារ​ធ្វើ​បុណ្យ​សព​រួច​ហើយ តាម​ច្រក​ព្រំដែន​បឹង​ត្រកួន។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការ​បរទេស​កម្ពុជា​គប្បី​ឆ្លើយ​តប និង​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​នេះ​ទៀត ៖ "កាល​ណា​រឿង​ហ្នឹង ​វា​ទៅ​ជា​រឿង​ច្រើន​ដង យើង​ត្រូវ​តែ​ឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ​មួយ តាម​លក្ខណៈ​ការ​ទូត ឬ​ក៏​យើង​ត្រូវ​ផ្ដាច់​ទំនាក់ទំនង ឬ​ក៏​យើង​ត្រូវ​តែ​ផ្អាក ឬ​ក៏​បង្កក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ពី​ព្រោះ​យើង​ជា​សហគមន៍​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ...នៅ​ឆ្នាំ​២០១៥ យើង​គ្មាន​រនាំង​ព្រំដែន​ផង ចុះ​យើង​ជា​សហគមន៍​តែ​មួយ ធ្វើ​បែប​ហ្នឹង តើ​យើង​អាច​ធ្វើ​សហគមន៍​បាន​ដែរ ឬ​ទេ"
ការ​បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ថ្មីៗ នេះ គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក ស ខេង និង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ថៃ លោក យ៉ុងយុទ្ធ វីឆៃឌីត (Yongyoot Wichaidit) បាន​ចុះ​ហត្ថ​លេខា​ទ្វេភាគី​នៅ​ឯ​វិមាន​សន្តិភាព ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដើម្បី​រក្សា​សន្តិសុខ​នៅ​តាម​ព្រំដែន​កម្ពុជា និង​ថៃ។
ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ខ្មែរ​ចូល​ទឹក​ដី​ថៃ​ខុស​ច្បាប់​នោះ​ដោយ​សន្តិវិធី។
តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង និង​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អ៊ំ សំអាត បាន​ឲ្យ​ដឹង​ថា មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន ១០​នាក់​ហើយ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់​ក្នុង​រយៈ​ពេល ៤​ខែ ឆ្នាំ​២០១២ កន្លង​មក​នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons