. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, May 21, 2012

លោក ហ៊ុន សែន ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​​​​ស្ត្រី​និង​កុមារ

ដោយ សុខ សេរី

2012-05-21
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១២ បាន​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​របស់​មាតា និង​កុមារ​នៅ​កម្ពុជា។
RFA/Sok Serey
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បើក​សិក្ខា​សាលា​ជាតិ ស្ដីពី​សន្តិសុខ​ស្បៀង​អាហារ​នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១២។
កិច្ច​ប្រជុំ​នេះ​ធ្វើ​នៅ​ឯ​វិមាន​សន្តិភាព ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​មក​ពី​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត ដូចជា អង្គការ យូ.អេស.អេ.អាយ.ឌី (USAID) អង្គការ យូនីសេហ្វ (UNICEF) អង្គការ​ការីតាស់ (Caritas) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ស្បៀង​អាហារ​ពិភពលោក (WFP) នៅ​កម្ពុជា។
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១២ បាន​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខភាព និង​អាហារូបត្ថម្ភ​របស់​ស្ត្រី និង​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ នៅ​ប្រទេស​កម្ពុជា ដោយសារ​តែ​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កុមារ​កម្ពុជា ក្រោម​អាយុ ៥​ឆ្នាំ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ស្គមស្គាំង នៅ​តែ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ 
ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ភាគរយ​នៃ​កុមារ​កម្ពុជា ក្រោម​អាយុ ៥​ឆ្នាំ មាន​ទម្ងន់​ក្រោម​ស្តង់ដារ​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន (Asean) គឺ ២៨.៣% ប្រៀបធៀប​ប្រទេស​ឡាវ គឺ​ចំនួន ៣២.៣% ជា​ចំនួន​ខ្ពស់​បំផុត និង​ប្រៀបធៀប​ប្រទេស​សិង្ហបុរី គឺ​ចំនួន ៣.៣% ជា​ចំនួន​ទាប​បំផុត។
ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ទៀត​ថា ចំនួន​ស្លាប់​របស់​កុមារ​កម្ពុជា ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន គឺ ៥៤% ប្រៀបធៀប​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា គឺ​ចំនួន ៧១% ជា​ចំនួន​ខ្ពស់​បំផុត និង​ប្រៀបធៀប​ប្រទេស​សិង្ហបុរី គឺ​ចំនួន ៣% ជា​ចំនួន​ទាប​បំផុត។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា បញ្ហា​ទាំង​នេះ​មិន​មែន​បណ្ដាល​មក​ពី​មូលហេតុ​នៃ​ភាព​ក្រីក្រ​តែ​មួយ​នោះ​ទេ គឺ​មាន​មូលហេតុ​ជា​ច្រើន​ទៀត៖ «យើង​នៅ​ប្រឈម​ចំពោះ​បញ្ហា​កង្វះ​ អាហារូបត្ថម្ភ ទោះ​បី​ជា​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពី ៤៧% នៅ​ឆ្នាំ​១៩៩៤ មក​នៅ​ត្រឹម ២៥% នា​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ»
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ លោក យឹម ឆៃលី និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា តំលៃ​ម្ហូប​អាហារ និង​វិបត្តិ​ហិរញ្ញវត្ថុ​កន្លង​មក គឺ​ជា​មូលហេតុ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ការ​ចំណាយ​លើ​ម្ហូប​អាហារ​របស់​ ប្រជាពលរដ្ឋ។
លោក យឹម ឆៃលី៖ «កង្វះ​អាហារូបត្ថម្ភ​ក្នុង​វ័យ​ដំបូង​របស់​កុមារ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​មរណភាព​របស់​កុមារ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ទៅ​ដល់​ការ​រីក​ចំរើន​ខាង​សតិ​បញ្ញា ការ​អប់រំ​សិក្សា លទ្ធភាព​ពេល​អនាគត​របស់​កុមារ ហើយ​ជា​លទ្ធផល គឺ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​ទាំង​មូល»
ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្រ្ត បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ការ​ខ្វះ​ម្ហូប​អាហារ និង​អាហារ​មាន​ជីវជាតិ គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៖ «ជួន​កាល​ហូប​គ្រប់គ្រាន់ ប៉ុន្តែ​គ្មាន​អនាម័យ។ ...​ប៉ុន្តែ​យើង​មើល​តែ​លើ​កម្មករ កម្មាការិនី ក៏​ដឹង​ហើយ ប៉ុន្មាន​ដួល​សន្លប់​ម្តងៗ រាប់​រយ​រាប់​ពាន់​នាក់ ដោយសារ​តែ​ខ្វះ​ជីវជាតិ ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ។ ដូច្នេះ​រដ្ឋាភិបាល​គឺ​បរាជ័យ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​ ហើយ»
របាយការណ៍​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា កុមារ​កម្ពុជា​ក្រោម​អាយុ ៥​ឆ្នាំ ប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ​កន្លង​មក បាន​កើន​ពី​ចំនួន ៨.៤% នៅ​ឆ្នាំ​២០០៥ ដល់​ចំនួន ៨.៩% នៅ​ឆ្នាំ​២០០៩ និង​បាន​កើន​ដល់​ចំនួន ១០.៩% នៅ​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons