. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, May 23, 2012

លោក ស៊ូប៊ែឌី នឹង​តស៊ូ​មតិ​ក្នុង​ជម្លោះ​ដី​ធ្លី​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា

ដោយ ម៉ម មុនីរតន៍

2012-05-09
មន្ត្រី​​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​​សិទ្ធិ​មនុស្ស អះ​អាង​ថា នឹង​លើក​ពី​បញ្ហា​ដ៏​ចម្រូងចម្រាស​របស់​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ទៅ​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។

HRTF Photo
តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) [ស្ដាំ] ថ្លែង​ទៅ​កាន់​សហគមន៍​បុរី​កីឡា នា​តំបន់​បុរី​កីឡា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១២។

ការ​សន្យា​របស់​ប្រេសិត​ពិសេស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នេះ ធ្វើ​​ឡើង​នៅ​គ្រា​លោក​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ពី​ស្ថានភាព​រស់​នៅ​របស់ ​អ្នក​បុរី​កីឡា ដែល​នៅ​សេសសល់​ចំនួន ១១៧​គ្រួសារ នៅ​ថ្ងៃទី​៩ ខែ​ឧភាស នេះ។
លោក សុរិយា ស៊ូប៊ែឌី គឺ​ជា​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ កម្ពុជា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ថា លោក​នឹង​តស៊ូ​មតិ​លើ​ផ្នែក​នេះ​ទៅ​ថ្នាក់​ជាតិ​ដើម្បី​រក​ច្រក​ចេញ។
លោក ស៊ូប៊ែឌី ចាត់​ទុក​ថា នេះ​ជា​បញ្ហា​មិន​គួរ​កើត​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​សតវត្ស​ដែល​ពិភពលោក​កំពុង​ បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ៖ «ខ្ញុំ​នឹង​សិក្សា​ឲ្យ​បាន​ស៊ី​ ជម្រៅ ​ហើយ​ខ្ញុំ​នឹង​បន្ត​ការ​ពិភាក្សា​បន្ត​​ទៅ​ទៀត ក្នុង​ឋានៈ​របស់​ខ្ញុំ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅ​បាន។ ខ្ញុំ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ ខ្ញុំ​នឹង​ប្រឹង​ប្រែង​សា​ជា​ថ្មី​ទៀត និង ​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់»
ការ​លើក​ឡើង​របស់​លោក ស៊ូប៊ែឌី បែប​នេះ គឺ​នៅ​គ្រា​ដែល​លោក​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ក្នុង​ទីតាំង​ដែល​ពលរដ្ឋ​បុរី​ កីឡា​រស់​នៅ​ក្រោម​តង់ ក្រោម​ជណ្តើរ សំយ៉ាប និង​អគារ​ក្នុង​បរិវេណ​ប្លុក​បុរី​កីឡា ជា​ទី​​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ។ ចំណែក​ស្រី្ត​​បឹងកក់​ដែល​បាន​ចូល​រួម​ជាមួយ​អ្នក​បុរី​កីឡា នៅ​ថ្ងៃ​៩ ឧសភា ដែរ ឲ្យ​ដឹង​ថា ពួក​គេ​ប្រឈម​នឹង​ការ​បែក​ការ​គ្រួសារ ព្រោះ​តែ​ប្ដី​របស់​​ពួក​គាត់​ជា​មន្ត្រី​រាជការ​ត្រូវ​ទទួល​រង​នូវ​សម្ពាធ​ ពី​រដ្ឋាភិបាល ដោយ​ចាត់​ទុក​ថា ការ​តវា​របស់​ស្រ្តី​បឹង​កក់ គឺ​​ជា​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។
ក្រុម​​ពលរដ្ឋ​ដែល​ក្រាញ​ននៀល​មិន​ចាក​ចេញ​ពី​បុរី​កីឡា បាន​ស្រែក​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ថា ត្រូវ​តែ​សង់​អគារ​ទី​១០ សម្រាប់​​ពួក​គេ។ ពួក​គាត់​អះអាង​ថា អគារ​ដែល​ក្រុមហ៊ុន​លក់​ម៉ូតូ​ទិញ​បន្ត​ពី​អ្នកស្រី ស៊ុយ សុផាន នៅ​ក្បែរ​នោះ គឺ​ជា​ចំណែក​របស់​ពួកគាត់​ដែល​ត្រូវ​ទទួល​បាន​តាម​កិច្ច​សន្យា​សង់​គ្រប់​ ចំនួន ១០​អគារ រវាង​ក្រុមហ៊ុន ផានអ៊ីម៉ិច និង​រដ្ឋាភិបាល សម្រាប់​ពលរដ្ឋ​នៅ​បុរី​កីឡា​ចំនួន ៣៨៤​គ្រួសារ៖ «តវ៉ា​មិន​បាន ១០​អគារ​មក​វិញ​ទេ ពួក​ខ្ញុំនឹង​បន្ត​ការ​តវា​លុះ​ត្រា​តែ​ស្លាប់ៗ សុខ​ចិត្ត​ស្លាប់​តែម្ដង ដើម្បី​ផ្ទះ​សំបែង​ឲ្យ​កូន​ឲ្យ​ចៅ​រស់​នៅ។ គ្នា​ទីទាល់ក្រ គ្នា​ដើរ​អត់​មាន​ទី​លំនៅ​ជ្រក នៅ​ជ្រក​ក្រោម​ជណ្តើរ​គេ។ អួត​ខ្លួន​ថា សង់​អគារ​១០ ឲ្យ​ប្រ​ជា​ជន រឿង​អី​យើង​អត់​សង់ យើង​សង់​តែ​អគារ​៨? ខ្ញុំ​សូម​ឲ្យ​ជួយ​ពលរដ្ឋ​នៅ​បុរី​កីឡា​ផង។ ពល​រដ្ឋ​នៅ​បុរី​កីឡា​លំបាក​ខ្លាំង​ណាស់។ ខ្ញុំ​ហូប​បាយ​រុយ​មក​​តាម​ពេញ​ហ្នឹង ជួយ​សាង​សង់​អគារ​ទៀត​​មក»
លោកស្រី កែវ សាកល ចៅ​សង្កាត់​វាល់វង់ ដែល​​ចុះ​អន្តរាគមន៍​បញ្ឈប់​ការ​តវា​របស់​ពលរដ្ឋ​ដោយ​ផ្ទាល់ មាន​ប្រសាសន៍​ថា ភារកិច្ច​ស្វែង​រក​ដំណោះស្រាយ​លើ​ផ្នែក​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ៖ «បញ្ហា​ដំ​ណោះ​ស្រាយ​ខាង​ក្រុង​កំ​ពុង​តែ​ដោះ​ហើយ ខាង​ក្រុង​​កំពុង​តែ​ដោះ។ មិន​មែន​សង្កាត់​ទេ​ណា ក្រុង»
ទាក់​ទិន​បញ្ហា​នេះ វិទ្យុ​អា​ស៊ី​សេរី​ពុំ​អាច​ស្នើ​សុំ​​បំភ្លឺ​ពី​លោក កើត ឆែ នាយ​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ បាន​ទេ ដោយ​លោក​អះ​អាង​ថា ជាប់​រវល់។ ចំណែក​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ក៏​ពុំ​អាច​ស្នើ​សុំ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​រោទិ៍​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។
កញ្ញា ឡុង គីមហៀង មន្រ្តី​ព័ត៌មាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​ចុះ​ឃ្លាំ​មើល​​ដោយ​ផ្ទាល់ ចាត់​ទុក​ការ​​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​​ក្នុង​ការ​ដោះ​ស្រាយ និង​តែង​ប្រើ​ប្រាស់​កំលាំង​សមត្ថកិច្ច​ប្រឆាំង​ពលរដ្ឋ​នេះ​ថា ព្រោះ​តែ​រដ្ឋាភិបាល​​ជាប់​ទាក់​ទិន​ទៅ​នឹង​ទទួល​សំណូក​ពី​ក្រុមហ៊ុន៖ «នាង ​ខ្ញុំ​ក្នុង​នាម​សង្គម​ស៊ីវិល ខ្ញុំ​អាច​និយាយ​បាន​ថា វា​ទាក់​ទិន​ទៅ​នឹង​អំ​ពើ​ពុក​រលួយ ដែល​បណ្តាល​​ឲ្យ​រដ្ឋាភិបាល​មិន​ធ្វើ​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ប្រជាពលរដ្ឋ ​របស់​ខ្លួន ទៅ​លើ​​បញ្ហា​ដែល​ប្រជាពលរដ្ឋ​​ឲ្យ​ដោះ​ស្រាយ'»
លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ហៅ​ការ​ថ្លែង​បែប​នេះ​របស់​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ចេតនា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍន៍​របស់​ រដ្ឋាភិបាល។
នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​សម្រាប់​តំណាង​ពិសេស​អង្គការ​ សហប្រជាជាតិ​ក្នុង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​លើ​ផ្នែក​នេះ។ កន្លង​មក​លោក ស៊ូប៊ែឌី ក៏​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដែរ។ ក៏​ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​​របស់​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ចាត់​ទុក​ថា ពុំ​មាន​ផល​ចំណេញ​​សម្រាប់​កម្ពុជា​នោះ​ទេ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons