. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, June 1, 2012

កូន​អ្នក​ភូមិ​បឹងកក់​ស្រក់​ទឹក​ភ្នែក ទួញ​យុំ ទាមទារ​រក​យុត្តិធម៌ ខណៈ​តុលាការ​ចាប់​ម្តាយ​ដាក់​គុក


កែវ ណារ៉ុង អាយុ ១២ ឆ្នាំ​ ស្រែក​​ទួញ​យំទាម​ទារ​យុត្តិ​ធម៌ ជា​មួយ​នឹង​កូន​អ្នក​ភូមិ​បឹង​កក់​ផ្សេង​ទៀត នៅខាង​មុខ​ក្រសួង​យុត្តិ​ធម៌​កាល​ពី​ម្សិល​មិញ​។ រូបថត ហុង មិនា
ភ្នំពេញៈ ខណៈ​ដែល​នាង​តូច​ឈ្មោះ​ស្រី​ពៅ អាយុ​៦ ឆ្នាំ​យំ​សួរ​រក​ម្តាយ ប្អូន​ប្រុស​អាយុ​៩ ឆ្នាំ​ក៏​យំ​ ហើយ​កុមារី ប៉ោ សុគន្ធ​កញ្ញា អាយុ ១១ ឆ្នាំ ក៏​យំ​តាម​ប្អូន​ៗ​របស់​នាង​ដែរ អស់​រយៈ​ពេល​ ១០ ថ្ងៃ​មក​ហើយ​ ​គឺ​ចាប់​តាំង​ពី​នគរបាល ​រាជធានី​ភ្នំពេញ​បាន​ប្រើ​កម្លាំង​សង្គ្រប់​ចាប់​សែង​ម្តាយ​របស់​ ពួក​គេ​ គឺ​អ្នក​ស្រី​តុល ស្រី​ពៅ យក​ទៅ​ដាក់​ឡាន​ដឹក​ចេញ​ទៅ ហើយ​ ៣ ថ្ងៃ​ក្រោយ​មក​ត្រូវ​បាន​សាលា​ដំបូង​រាជធានី ធ្វើ​ការ​កាត់​ទោស​ទាំង​តក់​ក្រហល់​ ឲ្យ​ជាប់​ពន្ធនាគារ រហូត​ដល់​២ ឆ្នាំ​កន្លះ។ បន្ទាប់​មក​ពួក​គាត់​ត្រូវ​នគរបាល​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ ស រហូត​មក​ដល់​ពេល​នេះ ជាមួយ​នឹង​អ្នក​ភូមិ​បឹងកក់​ ១៤ នាក់​ផ្សេង​ទៀត​។
សុគន្ធ​កញ្ញា ដែល​មាន​រូបថត​ម្តាយ​របស់​នាង ចង​ពាក់​នៅ​លើ​ក្បាល​ដូច​កូន​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត​នោះ ​បាន​ទួញ​យំ​ ហូរ​ទឹក​ភ្នែក​រហាម ហើយ កែវ​ ណារ៉ុង ​អាយុ ១២ ឆ្នាំ ក្មួយ​​ប្រុស​អ្នក​ស្រី​ទេព វ៉ាន់នី ក៏​យំ ហេង​ ស្រី​ល័ក្ខ អាយុ ១៣ ឆ្នាំ កូន​ស្រី​ទោល របស់​អ្នក​ស្រី​ ហេង មុំ​ ​ ក៏​យំ សុង ឫទ្ធិ​សែន អា​យុ ១២ ឆ្នាំ​ ក្មួយ​ប្រុស​អ្នក​ស្រី​សុង ស្រី​លាភ ក៏​យំ ហើយ​ក្មេង​ៗ​កូន​ ក្មួយ​ អ្នក​ភូមិ​បឹងកក់​ប្រមាណ ៤០ នាក់​ផ្សេង​ទៀត ក៏សុទ្ធ​តែ​អង្គុយ​លុត​ជង្គង់​ស្រែក​យំ យ៉ាង​ទ្រហឹង​អឺង​កង​ដែរ ជាមួយ​សម្រែក និង​ចម្រៀង​ទាមទារ​រក​យុត្តិធម៌ ឲ្យ​ដោះ​លែង​ម្តាយ ម្តាយ​មីង និង​ឪពុក​របស់​ពួក​គេ​ ជា​អ្វី​ដែល​ពួក​ក្មេងៗ​ទាំង​នេះ បាន​អធិប្បាយ​ថា ត្រូវ​បាន​ចាប់​ដាក់​គុក​ទាំង​អយុត្តិធម៌​ដោយ​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា ការពារ​ផ្ទះ​របស់​ខ្លួន​នោះ​។
សម្រែក​យំ​ទួញ​សោក រៀប​រាប់​ពី​ភាព​អយុត្តិ​ធម៌ ដ៏​សែន​ឈឺ​ចាប់ កូន​នឹក​ម្តាយ ម្តាយ​ត្រូវ​ព្រាត់​កូន «ម្ចាស់​ផ្ទះ​ជាប់​គុក ចោរ​រួច​ខ្លួន​...» របស់​ក្មេង​ៗ​កូន​អ្នក​ភូមិ​បឹងកក់ នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ កាល​ពី​ម្សិលមិញ បាន​ធ្វើ​ឲ្យ​អ្នក​កាសែត និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​មាន​ការ​រំជួល​ចិត្ត ​ស្រក់​ទឹក​ភ្នែក អាណិត​អាសូរ​ដល់​ក្មេង​ៗ​ទាំង​នេះ​ ហើយ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រុម​សមត្ថកិច្ច ដែល​នៅ​ក្នុង​ហេតុ​ការណ៍​នេះ ក៏​ប្រហែល​ជា​មាន​ការ​រំជួល​ចិត្ត​ផង​ដែរ​។
អ្នក​ភូមិ​បឹង​កក់​ចំនួន ១៥ នាក់​នៅ​ពេល​នេះ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្នុង​នោះ​មាន​ស្រ្តី​ ១៣ នាក់​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ក្នុង​ម្នាក់​ៗ ពីរ​ឆ្នាំ​កន្លះ​ កាល​ពី​ថ្ងៃទី ២៤ ខែ​ឧស​ភា​ ពី​បទ​ដណ្តើម​កាន់​កាប់​ដី​របស់​នីតិបុគ្គល និង​ប្រឆាំង​អាជ្ញាធរ​សាធារណៈ មាន​អ្នក​ស្រី ទេព វ៉ាន់នី, ហេង មុំ, សួង សម័យ, ង៉ែត ឃុន​, ឆេង លៀប, ថូ ដាវី, បូវ សោភា, គង់ ចាន់​ថា, ងួន គឹម​ឡាង, សុង ស្រី​លៀប, ចាន់ ណាវី, ផាន់ ឈុន​រ៉េត, និង​អ្នក​ស្រី​តុល​ស្រី​ពៅ​។ ចំណែកពីរ​នាក់​ទៀត គឺ​លោក សៅ សារឿន​និង​អ្នក​ស្រី លី​ ចាន់ណារី នៅ​មិន​ទាន់​កាត់​ទោស​នៅ​ឡើយ​ទេ​។
សុគន្ធ​កញ្ញា រៀន​ថ្នាក់​ទី ៥ សាលា​កុលាប​មួយ បាន​និយាយ​ប្រាប់​អ្នក​កាសែត​ ជា​មួយ​នឹង​សំឡេង​យំ​សោក​​ថា​៖«ខ្ញុំ​នៅ​តែ​ខំ​តស៊ូ​ទៅ​រៀន​ដែរ​ តែ​ខ្ញុំ​ទៅ​តែ​ខ្លួន​ទេ​ ខ្ញុំ​អត់​បាន​រៀន​ទេ ខ្ញុំ​នឹក​ម៉ែ​ខ្ញុំ ប្អូន​ខ្ញុំ​យំ​រក​ម៉ែ​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ខ្ញុំ​ក៏​យំ​ដែរ។ ផ្ទះ​ខ្ញុំ​ឥឡូវ​នេះ​ស្ងាត់​ជ្រងំ ឮ​តែ​សំឡេង​យំ តើ​ខ្ញុំ​មាន​អារម្មណ៍​​ឯណា​នឹង​រៀន​ទៀត​?​ឥឡូវ​ប្អូន​ពៅ​ខ្ញុំ​ក៏​ឈឺ​ទៀត អត់​មាន​អ្នក​មើល​ថែ​ដឹត​ដល់​ទេ»។
ក្មេង​ស្រី​តូច ដែល​អង្គុយ​តែ​យំ​ ឥត​ស្រាក​ស្រាន្ត ហើយ​ពោរពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​រូប​នេះ បាន​និយាយ​ទៀត​ថា​៖ «​ម៉ាក់​ខ្ញុំ អត់​បាន​ទៅ​ប្លន់ ទៅ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ណា​ទេ គាត់​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ ការ​ពារ​ផ្ទះ​ឲ្យ​ពួក​ខ្ញុំ​នៅ ហេតុ​អី​ចាប់​គាត់​ដាក់​គុក? គាត់​នៅ​ផ្ទះ​ដាំ​បាយ​ធ្វើ​ម្ហូប​ឲ្យ​ពួក​ខ្ញុំ​ហូប ឥឡូវ​គ្មាន​អ្នក​ណា​ដាំ​បាយ​ឲ្យ​ពួក​ខ្ញុំ​ហូប​ទៀត​ទេ។ សូម​ដោះ​លែង​ម៉ាក់​ខ្ញុំ​វិញ​ម៉ោ...»។
កុមារា កែវ ណារ៉ុង អាយុ ១២ ឆ្នាំ រៀន​ថ្នាក់​ទី ៦ សាលា​បឋម​សិក្សា​កុលាប​មួយ ត្រូវ​ជា​ក្មួយ​អ្នក​ស្រី​ទេព​ វ៉ាន់នី ដែល​ជា​ញឹកញាប់​ស្រែក​ផង​យំ​ផង​ ទាមទារ​ឲ្យ​ដោះ​លែង​ម្តាយ​មីង និង​អ្នក​ភូមិ​បឹង​កក់​ទាំង​ ១៥ នាក់​ផង​ និង​ជា​ក្មេង​ម្នាក់ ដែល​ពូកែ​សម្តី ក្នុង​ចំណោម​ក្មេងៗ​មួយ​ចំនួន​ទៀត​នោះ បាន​ចោទ​សួរ​ថា៖«​ហេតុ​អ្វី​បាន​ជា​ចាប់​ម្តាយ​ពួក​យើង​ខ្ញុំ​​ ដែល​ជា​ម្ចាស់​ដី​ដាក់​គុក? សូម​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​បើក​ភ្នែក​ មើល​​ពី​ទុក្ខ​វេទ​នា របស់​ពួក​ខ្ញុំ​​ផង...ចាប់​ម្តាយ​ខ្ញុំ​ដាក់​គុក​អស់​ហើយ បាន​អ្នក​ណា​ចិញ្ចឹម​មើល​ថែ​ពួក​ខ្ញុំ​ទៀត សូម​ដោះ​លែង​ពួក​គាត់​វិញ​ទៅ​ ដោះ​លែង​ទៅ...!»។
កុមារី​ ហេង ស្រី​ល័ក្ខ អា​យុ ១៣ ឆ្នាំ រៀន​ថ្នាក់​ទី ៧ វិទ្យាល័យ​វត្ត​ភ្នំ ដែល​ជា​កូន​ស្រី​ទោល​តែ​ម្នាក់​គត់ របស់​អ្នក​ស្រី ហេង មុំ ដែល​យំ​រហូត​ដែរ​នោះ បាន​ស្រែក​ទាមទារ សូម​ឲ្យ​ក្រសួង​យុត្តិ​ធម៌ ជួយ​អន្ត​រាគមន៍​ ដោះ​លែង​ម្តាយ​របស់​នាង​ និង​អ្នក​ភូមិ​បឹងកក់​ទាំង​អស់​។ នាង​បាន​សួរ​ថា​៖ «ហេតុ​អ្វី​ត្រូវ​ចាប់​ពួក​គាត់​ដាក់​គុក? ហេតុ​អ្វី​ក៏​ក្រុមហ៊ុន ដែល​មក​រំលោភ​យក​ផ្ទះ​របស់​ពួក​ខ្ញុំ​រួច​ខ្លួន? ក្រសួង​យុត្តិធម៌ មិន​ត្រូវ​​នៅ​សម្ងំ​ស្ងៀម​ចំពោះ​រឿង​អយុត្តិធម៌​បែប​នេះ​ទេ​ សូម​ដោះ​លែង​ពួក​គាត់​ទៅ​...»។
កុមារា សុង​ ឫទ្ធី​សែន អាយុ ១២ ឆ្នាំ​ រៀន​ថ្នាក់​ទី ៥ សា​លា​បឋម​សិក្សា​កុលាប​មួយ ដែល​ត្រូវ​ជា​ក្មួយ​របស់​អ្នក​ស្រី​សុង ស្រី​លាភ​ និង​ក្មេង​ៗ​ជា​ច្រើន​ទៀត​ក៏​សុទ្ធ​តែ​ស្រែក​ផង​ យំ​ផង ទាមទារ​ឲ្យ​ដោះ​លែង​ស្ត្រី​អ្នក​ភូមិ​បឹងកក់​ទាំង​ ១៤ នាក់ និង​បុរស​ម្នាក់​។
ក្មេងៗ​ទាំង​នេះ​ ​ទួញ​យំ​ខ្សឹក​ខ្សួល​ និង​ច្រៀង​រៀប​រាប់​អំពី​ក្ដី​ស្រឡាញ់​របស់​អ្នក​ម្ដាយ​របស់​ពួក​គេ ​ដែល​បាន​ប្រឹង​ប្រែង​តស៊ូ​មតិ​ដោយ​សន្តិ​វិធី ​ដើម្បី​ការ​ពារ​សិទ្ធិ​ដី​ធ្លី​ នឹង​ផ្ទះ​សម្បែង​សម្រាប់​ពួកគេ​រស់​នៅ​ ​តែ​បែ​រជា​ត្រូវ​​អាជ្ញាធរ​ចាប់​ខ្លួន​ បញ្ជូន​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​កាត់​​ទោស ​ឲ្យ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅ​វិញ​។ ក្មេងៗ​ទាំង​នេះ បាន​ទទូច​សុំ​ឲ្យ​លោក​អង្គ វង្ស​ វឌ្ឍានា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍ ​ដោះ​លែង​ម្ដាយ និង​អ្នក​ភូមិ​របស់​ពួក​គេ។
ការ​តវ៉ា ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ​របស់​​ក្មេង​ៗ កូន​អ្នក​ភូមិ​បឹង​កក់ និង​អ្នក​ចូល​រួម​ប្រមាណ​ជា ២០០ នាក់​នេះ បាន​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ នៃ​​ថ្ងៃ​ឆ្នាំ ខួប​លើ​ក​ទី ៦៣ នៃ​ទិវា​កុមារ​អន្តរ​ជាតិ ១ មិថុនា​ ​(១៩៤៩-​២០១២​) ដែល​រំឭក​ពី​ការ​លើក​ស្ទួយ​ការ​គោរព និង​ការ​ការ​ពា​រ​សិទ្ធិ​​របស់​កុមារ​។
អ្នក​ស្រីបូ ឆវី មក​ពី​ភូមិ ២២​ ក្នុង​តំបន់​បឹងកក់ បាន​និយាយ​ថា តាម​ពិត​ជម្លោះ​ដី​ធ្លី​ ក្នុង​តំបន់​បឹងកក់ គួរ​ត្រូវ​បញ្ចប់​ហើយ ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ក្នុង​ជម្លោះ​នេះ​ ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​នាយក រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ចុះ​ហត្ថលេខា លើ​សេចក្ដី​សម្រេច​លេខ​១៨៣​ អ.ន.ក្រ.រ.ប.ក ចុះ​ថ្ងៃ​ទី​ ១១​ ខែសី​ហា​ឆ្នាំ​ ២០១១ ម្ល៉េះ។ អ្នក​ស្រី​បន្ត​ថា ភាព​រ៉ាំរ៉ៃ ​នៃ​វិវាទ​ដី​ធ្លី​ក្នុង​តំបន់​បឹងកក់ ដែល​បាន​អូស​បន្លាយ រហូត​មក​ទល់​ពេល​នេះ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ មិន​បាន​ធ្វើ​ចំណាត់​ការ​អនុវត្ត​ ការ​បោះ​បង្គោល​កំណត់ទី​តាំង​ព្រំប្រទល់​ដី​ទំហំ​ ១២,៤៤​ ហិកតា​ឲ្យ​បាន​ច្បាស់ ហើយ​មិន​តែ​ប៉ុណ្ណោះ​ ថែមទាំង​កាត់​ពលរដ្ឋ​ចំនួន​ ៩៤​ គ្រួសារ​ចេញ​ពី​គម្រោង​ដែល​ត្រូវ​ទទួល​បាន​ចំណែក​ដី​ ១២,៤៤​ ហិកតា ដែល​បាន​ផ្ដល់​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​និងបាន​វាយ​កម្ទេច​លំនៅ​ដ្ឋាន​របស់​អ្នក​ភូមិ​ចំនួន​ ៨​ ខ្នង​ផ្ទះ​ថែម​ទៀត។
អ្នក​ស្រី​បាន​បន្ត​ថា៖ «​អ្នក​ភូមិ​យើង​ គ្រាន់​តែតវ៉ា​ទាមទារ​រក​ដំណោះស្រាយ និង​សុំ​ឲ្យ​មាន​ការ​បោះ​បង្គោល​កំណត់​ទីតាំង​ព្រំ​ប្រទល់​ដី​ ១២,៤៤ ហិកតា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រាជធានី វាយ​បង្ក្រាប​ដោយ​ហិង្សា​​ និង​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់ និង​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ផ្ដន្ទាទោស​អ្នក​ភូមិ​របស់​យើង​ខ្ញុំ​ ឲ្យ​ជាប់​ពន្ធនាគារ​ថែម​ទៀត។ តើ​ឯណា​ទៅ​យុត្តិធម៌?​»។
អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ទោះ​ជា​បែប​ណា​ក្ដី យើង​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ថា យុត្តិធម៌​នឹង​ត្រូវបាន​ផ្ដល់​ជូន​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​យើង​វិញ​ពេល​ ណា​មួយ​»​។
នៅ​ក្នុង​ការ​តវ៉ា​ នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ កាល​ពី​ម្សិលមិញ លោក ប៊ុន យ៉ៃណារិន នាយក​ខុទ្ទកាល័យ លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ទទួល​យក​ញតិ្ត​របស់​អ្នក​ភូមិ​បឹង​កក់ ​ហើយ​ប្រាប់​ថា នឹង​ផ្តល់​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។
បើ​តាម​អ្នក​ស្រី​ បូ ឆ​វី ​បាន​អះអាង​ថា៖ «គាត់(ប៊ុន យ៉ៃណារិន​) ​និយាយ​ថា គាត់​មាន​ការ​អាណិត​អាសូ​ពួក​យើង​ខ្ញុំ​ណាស់ ពិសេស​កុមារ​តូចៗ​ទាំង​នេះ ហើយ​គាត់​បាន​សន្យា​ថា នឹង​ផ្ដល់​ដំណឹង​មក​យើង​ខ្ញុំ​នៅ​ថ្ងៃ​ចន្ទ»។
លោក ប៊ុន យ៉ៃ ណារិន បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា ឥឡូវនេះ ​ញត្តិ​នោះ លោក​បាន​បញ្ជូន​ទៅ​ឲ្យ​លោក ​ប៊ុន ហ៊ុន អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ និង​ចាត់​ចំណាត់​ការ​បន្ត។ លោក​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​អាណិត​អាសូរ​ដល់​ពួក​គេ ពិសេស​នៅ​ពេល​ដែល​បាន​ឃើញ​កុមារា​កុមារី​តូចៗ​ទាំង​នោះ​យំ​ខ្សឹកខ្សួល ​និង​ស្នើ​សុំ​ឲ្យ​ជួយ​ដោះ​លែង​ម្ដាយ​របស់​ពួក​គេ»។
លោកអំ សំអាត ទីប្រឹក្សា​បច្ចេកទេស​ជាន់​ខ្ពស់ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​តាម​ឃ្លាំ​មើល​ការ​តវ៉ា នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ បាន​និយាយ​ថា ទំនួញ​យំ​សោក​របស់​កុមារា​កុមារី ក្នុង​តំបន់​បឹងកក់​នា​ពេល​នេះ បាន​បង្ហាញ​ថា​ ភាព​កក់ក្ដៅ និង​ក្ដី​ស្រឡាញ់ ដែល​ធ្លាប់​ទទួល​បាន​ពី​ម្ដាយ​របស់​ពួក​គេ​កន្លង​មកនោះ គឺ​កំពុង​ត្រូវ​បា​នរាំង​ខ្ទប់​ដោយ​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ​កម្ពុជា​។​
លោក​ថ្លែង​ថា៖ «កុមារ​កម្ពុជា​ ស្ទើរ​តែ​ទាំង​អស់​ក្នុងសហគមន៍​ ដែល​មាន​ជម្លោះ​ដី​ធ្លី បាន​រង​នូវ​សម្ពាធ​នៃ​ការ​​គំរាម​កំហែង​ខាង​ស្មារតី និង​រំលោភ​បំពាន​ដែល​នេះ​ ជា​ការ​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​បំផុត សម្រាប់​សង្គម​កម្ពុជា ​នា​ពេល​អនាគត»។
កាល​ពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​  បាន​ចេញ​សារាចរ​ណែនាំ​មួយ​ ដោយ​​ធ្វើ​ការ​អំពាវនាវ ​ដល់​ក្រុម​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​ចូល​រួម​បង្កើន​សកម្មភាព​គាំទ្រ​ និង​ការ​ពារ​ដល់​កុមារ​ថែម​ទៀត​ ដើម្បី​ជំរុញ​​នូវ​ការ​អនុវត្ត​សិទ្ធិ​កុមារ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ចៀស​វាង​រាល់​ការ​រំលោភ​បំពាន​ក្នុង​ទម្រង់​ពល​កម្ម​​ធ្ងន់​ធ្ងរ​លើកុមារ​។​ នៅក្នុង​សារាចរ​នោះ ​លោក ​បានបញ្ជាក់​ថា​ កន្លង​មក​ រដ្ឋា​ភិបាល​ បាន​បង្កើន​ការ​គាំទ្រ​ និង​កិច្ច​ការពារ​ដល់​កុមារ​​ ដើម្បី​លើក​ស្ទួយ​ឧត្តម​ប្រយោជន៍​កុមារ​ និង​ការ​អនុវត្ត​សិទ្ធ​របស់​ពួក​គេ​ក្នុង​បំណង​សម្រេច​ឲ្យ​បាន​នូវ​សិទ្ធិ​ ជា​ចម្បង ​៤​ របស់​កុមារ ​គឺ​សិទ្ធ​រស់​រាន​មាន​ជីវិត​ សិទ្ធិ​ទទួល​បាន​ការ​ការ​ពារ​ សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​ និង​សិទ្ធិ​ក្នុង​ការ​ចូល​រួម​។​ លោក​ថែម​ទាំង​បាន​ទទួល​ស្គាល់​ថា​៖ «បើទោះ​បីជា​យ៉ាង​នេះ​ក្តី​ នៅ​មាន​កុមារ​មួយ​ចំនួន​ទៀត ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នៅ​ឡើយ​ដែល​តម្រូវ​ឲ្យ​ទាំង​អស់​គ្នា​ត្រូវ​រួម ​គ្នា​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា»។​
ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ជា​ច្រើន បាន​អធិប្បាយ​ថា ក្នុង​ករណី​ជា​ច្រើន ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​បញ្ហា​ជម្លោះ​ដី​ធ្លី កុមារ មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​ជួយ​គាំ​ពារ​​ ពី​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ក្នុង​របាយការណ៍ និង​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​របស់​អង្គ​ការ​សង្គម​ស៊ី​វិល​នា ​ពេល​កន្លង​មក​ បាន​បង្ហាញ​ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ដោយ​គ្មាន​សំណង​សម​រម្យ​​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​យ៉ាង​ធ្ងន់​ធ្ងរ ​ដល់​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​កុមារ ដូច​ជា​ សិទ្ធិ​ទទួល​បាន​ការ​អប់រំ សិទ្ធិ​ទទួល​បាន​ការ​គាំពារ សិទ្ធិ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ និង​សិទ្ធិ​មាន​លំនៅ​ដ្ឋាន​រស់​នៅ​សមរម្យ​ជាដើម​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons