. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, June 15, 2012

អាដហុក បង្ហាញ​របាយការណ៍​ពី​ស្ថានភាព​ពលករ​ចំណាក​ស្រុក


2012-06-14
ពលករ​ពល​ការិនី​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស នៅ​តែ​រង​ការ​វាយ​ធ្វើ​បាប​ពី​សំណាក់​ម្ចាស់​ផ្ទះ បង្ខំ​ឲ្យ​ធ្វើ​ការ​ជាច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ហួស​កម្លាំង កេង​ប្រវ័ញ្ច​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ និង​ខ្លះ​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់​ជាដើម។
RFA/Khe Sonorng
ប្រធាន​សមាគម អាដហុក លោក ធន សារាយ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​កាសែត ស្ដី​ពី​ស្ថានភាព​នៃ​ការ​ធ្វើ​ចំណាក​ស្រុក ពលករ ពល​ការិនី កម្ពុជា ពី​ខែ​មករា ដល់​ខែ​មេសា នា​ទីស្នាក់ការ​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១២។
អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា ជា​ទង្វើ​អមនុស្ស​ធម៌ និង​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ។ ករណី​នេះ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់។
សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​អះអាង​ថា ពលករ​ពល​ការិនី​ខ្មែរ ដែល​ធ្វើការ​ចំណាក​ស្រុក ដោយ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ កំពុង​រង​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​មាន​ការ​កើន​ឡើង​ដល់​ទៅ​ជាង​ប្រាំ​ដង​ក្នុង​ឆ្នាំ​២០១២ នេះ។
របាយការណ៍​របស់​សមាគម អាដហុក ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ មិថុនា បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​៤​ខែ គឺ​ខែ​មករា ដល់​ខែ​មេសា ដើម​ឆ្នាំ​២០១២ នេះ ពាក្យ​បណ្ដឹង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​របស់​គ្រួសារ​ពលករ​ពល​ការិនី​ចំណាក​ស្រុក មាន​ចំនួន ១៤១​ករណី។ ចំនួន​នេះ​បាន​កើន​ឡើង​ជាង​ប្រាំ​ដង លើស​ពី​ចំនួន​ពាក្យ​បណ្ដឹង​ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១១ ដែល​មាន​ចំនួន ២៣​ករណី។ ពលករ​រង​គ្រោះ​ទាំង​នោះ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ថៃ អាហ្វ្រិក​ខាង​ត្បូង ចិន សិង្ហបុរី និង​ប្រទេស​ជប៉ុន ជា​ដើម។
លោក ធន សារាយ ប្រធាន​សមាគម អាដហុក ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​របស់​លោក​ថា ក្នុង​ចំណោម​ពាក្យ​បណ្ដឹង ១៤១​ករណី មាន ៩៤​ករណី ឬ​ថា ៧០% នៃ​ពាក្យ​បណ្ដឹង​នេះ គឺ​បាត់​ដំណឹង​ពលករ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។
លោក​ថា បញ្ហា​នេះ​ដោយ​សារ​តែ​ក្រុមហ៊ុន​ខ្លះ ត្រូវ​ដក​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​ខ្លះ​ត្រូវ​បញ្ឈប់​សកម្មភាព និង​ក្ស័យធន។ ហើយ​ហេតុផល​មួយ​ទៀត​នោះ​គឺ យន្ត​ការ​របស់​រដ្ឋ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​មាន​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជំនួស​ក្រុមហ៊ុន ក៏​ពុំ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត ការ​កើន​ឡើង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ពលករ​ពល​ការិនី​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ពុំ​មាន​ការ​ផ្ដន្ទាទោស។
លោក ធន សារាយ៖ «រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ការ​អនុវត្តន៍​ច្បាប់​ស្ដី​ពី​សន្តិសុខ​សង្គម ឲ្យ​មាន​ប្រសិទ្ធភាព និង​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ និង​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័ន និង​ដៃ​គូ​ពាក់​ព័ន្ធ។ ជំរុញ​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ទីភ្នាក់ងារ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ល្មើស​ច្បាប់។ ដូច្នេះ​កន្លង​មក យើង​បាន​តែ​រំដោះ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម ឬ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​រំលោភ​ដល់​សិទ្ធិ​ពលករ​ពល​ការិនី​របស់​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ»
ពល​ការិនី​ម្នាក់​ឈ្មោះ រឿង ស្រីមុំ អាយុ ២០​ឆ្នាំ ដែល​ទៅ​ធ្វើ​ការ​តាម​រយៈ​ក្រុមហ៊ុន អ៊ឹម.អ៊ិល.ស៊ី (MLC) តាំង​ពី​២០១១ បាន​ឲ្យ​ដឹង​ថា នាង​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជាង ៤​ខែ ប៉ុន្តែ​ដោយ​សារ​តែ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង និង​វាយ​ធ្វើបាប​ពេក ទើប​នាង​រត់​ចេញ​ពី​ផ្ទះ​ថៅកែ​នោះ បន្ទាប់​មក​ប៉ូលិស​ចាប់​ឃុំ​រយៈពេល ៦​ខែ ទើប​សមាគម អាដហុក អង្គការ​ទេសន្តរប្រវេសក៍ (IOM) និង​ក្រសួង​ការ​បរទេស ជួយ​អន្តរាគមន៍​ឲ្យ​នាង​បាន​វិល​ត្រឡប់​មក​វិញ។
ពល​ការិនី រឿង ស្រីមុំ៖ «ជួល​កាល​អីចឹង​ទៅ ទះ​កំផ្លៀង ក្ដិច វាយ ហើយ​ដៀល​គំនិត​ខ្មែរ​ថា មក​ពី​ខ្មែរ​ធ្វើការ​មិន​ល្អ​អីចឹង បាន​ស្រុក​វា​ក្រ។ ខ្ញុំ​ឈឺ​ចិត្ត​ណាស់ នៅ​ពេល​ខ្ញុំ​រត់​ចេញ​ពី​ផ្ទះ​ថៅកែ​មក គឺ​ខ្ញុំ​ដើរ​ទាំង​យប់ ដើរ​ទាំង​ថ្ងៃ គ្មាន​បាយ​ទឹក​ទេ ឲ្យ​តែ​មាន​ផ្លូវ គឺ​ខ្ញុំ​ត្រូវ​តែ​ដើរ កាត់​ព្រៃ​ចម្ការ​ធំៗ ហើយ​ខ្ញុំ​ឃើញ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន មនុស្ស​ដែល​ស្លាប់​នោះ គឺ​ខ្មែរ ព្រោះ​ខ្ញុំ​ឃើញ​អត្តសញ្ញាណ​ប័ណ្ណ​ច្បាស់​ក្រឡែត គឺ​ខ្ញុំ​តក់ស្លុត​ខ្លួន​ឯង ឲ្យ​តែ​ឃើញ ខ្ញុំ​ភ័យ​ខ្លាច។ ខ្ញុំ​ដើរ​គ្រប់ ៧​ថ្ងៃ​ទើប​ប៉ូលិស​ចាប់​ខ្ញុំ​យក​ទៅ​ឃុំ»
វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ជា​ច្រើន​នាក់ ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន។
របាយការណ៍​របស់​អង្គការ ខារ៉ាម កម្ពុជា បាន​បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ មាន​ជាង ២​សែន​នាក់ ទៅ​កូរ៉េ​ស្រប​ច្បាប់​ជិត ១​ម៉ឺន​នាក់ និង​ទៅ​ម៉ាឡេស៊ី​ប្រមាណ ៣​ម៉ឺន​នាក់។
សមាគម អាដហុក បាន​លើក​អនុសាសន៍​មួយ​ចំនួន​ដូច​ជា សុំ​ឲ្យ​ក្រសួង​ការងារ​ជា​អ្នក​ទទួល​បន្ទុក សហការ​ជាមួយ​ក្រសួង​ការ​បរទេស និង​ក្រសួង​មហាផ្ទៃ គួរ​តែ​បង្កើត​ប្រព័ន្ធ​ជួយ​សង្គ្រោះ​បន្ទាន់ នៅ​ទូទាំង​ប្រទេស និង​ប្រទេស​គោល​ដៅ ដើម្បី​ជួយ​ជន​រង​គ្រោះ​ទាន់​ពេល​វេលា លើ​ករណី​មាន​ការ​រំលោភ​បំពាន​លើ​ពលករ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់។
អនុសាសន៍​មួយ​ទៀត​នោះ​គឺ សុំ​បង្កើត​កិច្ច​សហការ​ជាមួយ​សហគមន៍​អាស៊ាន និង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ជួញ​ដូរ​មនុស្ស ការ​រំលោភ​កម្លាំង​ពលកម្ម និង​ការ​រស់នៅ​ក្នុង​ស្ថានភាព​ជា​ទាសករ​សម័យ​ថ្មី៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons