. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, June 24, 2012

ពលរដ្ឋ​ប្រមាណ​១៥០​នាក់​ចេញ​ទប់ស្កាត់​ការ​កាប់​ព្រៃ​យក​ដី​នៅ​ស្វាយ​រៀង


2012-06-24
ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ការពារ​ឈើ​ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា​នេះ ពួក​គាត់​បាន​នាំ​គ្នា​ប្រមាណ ១៥០ នាក់ ចេញ​យុទ្ធនាការ ដើម្បី​ទប់​ស្កាត់ ការ​លួច​កាប់​បំផ្លាញ​ព្រៃ​ឈើ​យក​ដី​ក្នុង​តំបន់​សហគមន៍ ដែល​ពួក​គាត់​បាន​ថែ​រក្សា និង​អាស្រ័យ​ផល​ពី​ដី​នោះ តាំង​ពី​ដូន​តា​មក។
តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់ គឺ​លោក សែន វិទូ រស់​នៅ​ភូមិ​ថ្មី ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ២០១២ ថា អ្នក​ភូមិ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ ព្រៃ​ឈើ​ក្នុង​សហគមន៍​របស់​ពួក​គាត់។
ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​តែ​ផ្ទៃ​ដី​ព្រៃ​នោះ នៅ​សេសសល់​តិច​តួច គឺ​ប្រមាណ ៥០០ ហិកតារ​ប៉ុណ្ណោះ។ បុរស​រូប​នោះ​បន្ត​ថា ប្រជា​ពលរដ្ឋ​ចង់​ថែ​រក្សា​ផ្ទៃ​ដី​ចំនួន ៥០០ នេះ​ទុក ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នោះ និង​ដើម្បី​ឲ្យ​អ្នក​ភូមិ​បាន​ទទួល​អនុផល​ពី​ព្រៃ​ឈើ​នោះ​បន្ត។ ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​អ្នក​លួច​កាប់​ព្រៃ​យក​ដី​អស់​ប្រមាណ ៣ ហិកតារ​ទៅ​ហើយ តែ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មុខ​ទប់ស្កាត់ និង​ហាម​ឃាត់​ឡើយ។ បញ្ហា​ទាំង​នេះ​ធ្វើឲ្យ​អ្នកភូមិ​មិន​សប្បាយ​ចិត្ត​បាន​ប្រមូល​គ្នា​ប្រមាណ ១៥០ នាក់ ទៅ​ការពារ​ព្រៃ​ឈើ​នោះ​តែ​ម្ដង។
លោក សែន វិទូ៖ «ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ក្រសាំង​ទាំងមូល បាន​ការពារ​ទុក​ដើម្បី​ប្រើប្រាស់​តំបន់​ហ្នឹង ​ព្រៃ​ឈើ​ហ្នឹង ហើយ​វា​មាន​អត្ថប្រយោជន៍​ផង សម្រាប់​ទាញ​យក​ទឹក​ភ្លៀង​បាន​ផលប្រយោជន៍​ពី​ការ​ថែទាំ​ព្រៃ​បាន​គង់វង្ស។ ព្រោះ​ដី​ហ្នឹង​ប្រជាពលរដ្ឋ​បាន​មូល​មតិ​គ្នា ​អាស្រ័យ​ផល​ដី​សហគមន៍​នេះ ដូច​ជា​ការ​ប្រើប្រាស់​ព្រៃ​ឈើ​កូន​ឈើ»។
មេ​ឃុំ​ក្រសាំង គឺ​លោក ពោន សាង មាន​ប្រសាសន៍​ថា មាន​គេ​លួច​កាប់​ឆ្ការ​ព្រៃ​ឈើ​យក​ដី​ក្នុង​តំបន់​សហគមន៍​នោះ​មែន។ អ្នក​ភូមិ​ក្នុង​សហគមន៍​ឃុំ​ក្រសាំង​គាត់​ខ្លាច​បាត់បង់​ដី​ព្រៃ​របស់​គាត់​ក៏​នាំ​គ្នា​ទៅ​មើល។
លោក ពោន សាង៖ «កាប់​ឆ្ការ​ព្រៃ​ឈើ​ហ្នឹង​មែន​ហ្នឹង លោក​ប្រធាន​សហគមន៍​ប្រាប់​អ៊ីចឹង។ គាត់​ថា បាន​ទៅ​ឃើញ​ពី​មុន​នោះ គាត់​បាន​អនុគ្រោះ​ម្ដង​គាត់​មិន​យក​ប្រដាប់​ប្រដា ដែល​ទៅ​កាប់​ឆ្ការ​ព្រៃ​ឈើ​ដូច​ជា កាំបិត ដូច​ជា​អ្វី​ដែល​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ ​គាត់​បាន​ព្រមាន​ដែរ។ គាត់​ព្រមាន​ថា ថ្ងៃ​ក្រោយ​ឈប់​ដី​ហ្នឹង​ជា​ដី​របស់​សហគមន៍​ទេ មិន​មែន​ជា​ដី​របស់​អ្នក​ណា។ ហើយ​គាត់​ការពារ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ថ្ងៃ​ឯ​ណោះ»។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​រមាសហែក ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។ ប៉ុន្តែ អធិការ​រង​ស្រុក​រមាស​ហែក​លោក កើត សុ ធន់ បាន​អះអាង​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ពី​ប្រជា​ពលរដ្ឋ​ដែរ ហើយ​លោក​បាន​រាយការណ៍​បន្ត​ទៅ​អភិបាល​ស្រុក​ហើយ។ លោក​បន្ត​ថា ការ​ទៅ​កាប់​ព្រៃ​ដណ្ដើម​យក​ដី​នេះ ដោយ​សារ​ប្រជា​ពលរដ្ឋ​បាន​ឮ​សេចក្ដី​ប្រកាស កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ ២០១២ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ចែក​ដី​សម្បទាន​ដល់​ប្រជា​ពលរដ្ឋ។
លោក កើត សុ ធន់៖ «ខ្ញុំ​ទើប​ទទួល​បាន​ព័ត៌មាន​ពី​ព្រឹកមិញ​ពី​សហគមន៍​ការពារ​ព្រៃ​ឈើ នៅ​ក្រសាំង។ ប៉ុន្តែ ខ្ញុំ​បាន​រាយការណ៍​ជូន​ទៅ​គណៈ​អភិបាល​ហើយ។ តែ​គាត់​មាន​វិធានការ​យ៉ាង​ម៉េច​អត់​ទាន់​បាន​ព័ត៌មាន​ទេ។ ឮ​បើ​តាម​ព័ត៌មាន ដែល​សហគមន៍​គេ​រាយការណ៍​ឲ្យ​ព័ត៌មាន​ហ្នឹង គឺ​ប្រជាជន​អ្នក​នៅ​ក្រសាំង​ហ្នឹង ហើយ​សហគមន៍​នៅ​ក៏​នៅ​ក្រសាំង​ដែរ។ សំណើ​ដី​ហ្នឹង​ឮ​ប្រកាស​របស់​សម្ដេច​ហ្នឹង​ចង់​នាំ​គ្នា​ចលាចល​ពេញ​ស្រុក​ដែរ​ឥឡូវ»។
អ្នក​សម្របសម្រួល អង្គការ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ស្វាយរៀង គឺ​លោក ប្រាក់ សារ៉ាន់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ចេញ​មុខ​ដោះស្រាយ​ដី​ធ្លី​នោះ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​ឆាប់។ លោក​បន្ត​ថា ការ​បណ្ដោយ​ឲ្យ​ប្រជា​ពលរដ្ឋ​ដោះស្រាយ លោក​ព្រួយ​បារម្ភ ខ្លាច​មាន​អំពើ​ហិង្សា​កើត​ឡើង។
លោក ប្រាក់ សារ៉ាន់៖ «ខ្លាច​ក្រែង​គាត់​ប្រើ​អំពើ​ហិង្សា ដោយសារ​តែ​គាត់​រង់ចាំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​មិន​បាន​ប្រសិទ្ធភាព អា​ហ្នឹង​គាត់​ប្រើ​អំពើ ហិង្សា​ទៅ​លើ​គូ​ភាគី​ឬ​ក៏ ទៅ​អ្នក កាប់​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង​មាន​ការ​ប្រើ​អំពើ ហិង្សា​ទៅ​វិញ​ទៅ​មក អា​ហ្នឹង​យើង​ព្រួយ​បារម្ភ​អ៊ីចឹង»។
អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ចាប់​ជន ដែល​បង្ក​បញ្ហា​ទាំង​នោះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រៃ​ឈើ ហើយ​ត្រូវ​មាន​វិធានការ​ធ្វើ​យ៉ាង​ណា ដើម្បី​ទប់​ស្កាត់ និង​កុំ​ឲ្យ​មាន​ការ​កាប់​ព្រៃ​យក​ដី​នោះ​ជា​បន្ត​ទៅ​ទៀត។ ទោះ​យ៉ាង​នេះ​ក្ដី រហូត​មក​ដល់​ពេល​នេះ​បញ្ហា​នៅ​មិន​ទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់​នៅ​ឡើយ​ទេ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons