. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, June 25, 2012

បន្ទាប់​ពី​ប្រកាស​ផ្អាក​លោក​ហ៊ុន សែន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​៧​ទៀត

120625_04a
អា​ជ្ញា​ធរ​ខេត្ត​មណ្ឌល​គិរី​ចុះ​រុះ​រើ​ផ្ទះ​ពល​រដ្ឋ​ពី​ខែ​មុន​​ដើម្បី​យក​ដី​ឲ្យ​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​វៀត​ណាម​។ រូបថត ហេង ជី​វ័ន​
ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ចំនួន ៧ ទៀត​ លើ​ផ្ទៃ​ដី​សរុប ៥៦៥៨៦ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន​ ៧ ​នៅ​ក្នុង​ខេត្ត​ចំនួន ៧​ ដើម្បី​ធ្វើ​ការ​វិនិយោគ បន្ទាប់​ពី​លោក​នាយ​រដ្ឋមន្ត្រី​ខ្លួន​ឯង បាន​ចេញ​សេចក្តី​ប្រកាស ផ្អាក​ជា​បន្ទាន់​ នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ដោយ​គ្មាន​ការ​កំណត់ កាល​ពី​ថ្ងៃ​ទី៧​ខែ​ឧសភា​ថ្មីៗ​នេះ​។
យោង​តាម​សៀវភៅ​ព្រះរាជកិច្ច ដែល​បាន​ចេញ​ផ្សាយ​ ពី​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ចុះ​ថ្ងៃ​ទី ១២​ ខែ​មិថុនា​ ឆ្នាំ​ ២០១២​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ ទើប​ទទួល​បាន លោក ហ៊ុន​ សែន បាន​ចុះ​ហត្ថលេខា​ចំនួន ៤ ដង នៅ​ថ្ងៃ​ទី ​៧ ខែ​មិថុនា​ លើ​អនុក្រឹត្យ ​ស្តី​ពី​ការ​កំណត់​តំបន់​ព្រៃ​គ្រប់​គ្រង​ ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​ ទៅ​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន​បួន លើ​ផ្ទៃ​ដី​ ៣៣ ៩៣៦ ហិកតា​ និង​ នៅ​ថ្ងៃ​ទី ១៨ ឧសភា ​បាន​ចុះ​ហត្ថលេខា​ចំនួន​ ៣​ ដង លើ​អនុក្រឹត្យ​អនុបយោគ ​ដី​ចំនួន ៣ កន្លែង នៅ​ក្នុង​ខេត្ត​ចំនួន ​៣​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣ លើ​ផ្ទៃដី​ចំនួន​ ២១ ៦៥០ ហិកតា ដើម្បី​ធ្វើ​ការ​វិនិយោគ អភិវឌ្ឍន៍​លើ​វិស័យ​ដាំ​​ដំណាំ​កសិ-ឧស្សាហកម្ម និង​ដំណាំ​កៅស៊ូ។
តាម​សៀភៅ​ព្រះរាជកិច្ច បាន​ឲ្យ​ដឹង​ទៀត​ថា លោក ហ៊ុន សែន​បាន​ចុះ​ហត្ថលេខា​លើ​អនុ​ក្រឹត្យ​ចំនួន ៤ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នោះ​មាន​ដូច​ជា ក្រុមហ៊ុន​ឃុន ស៊ា អ៊ីមផត អិចផត​ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៨២០០ ហិកតា ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ក្រុមហ៊ុន​លឹម​ រ៉ូយ៉ាល់​ជ័ញ​ ទទួល​បាន​ដី​សរុប ៩០៦៨ ហិកតា ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គិរី​ ក្រុម​ហ៊ុន​រ័ត្ន សុខន ទទួល​បាន​ដី​ចំនួន ៩០០០ ហិកតា ស្ថិត​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​រតនគិរី​ និង​ក្រុមហ៊ុន A.2.A TOWN (Cambodia) Co.,Ltd ទទួល​បាន​ដី​ចំនួន ៩៦៦៨ ហិកតា​ ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត-កុសមៈ (គិរីរម្យ) ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។
កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា លោក​ហ៊ុន សែន បាន​ចុះ​ហត្ថលេខា លើ​អនុក្រឹត្យ​អនុបយោគ​ដី​ចំនួន ៣​ កន្លែង ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដូចជា ក្រុមហ៊ុន​អេចអ៊ឹមអេច (H.M.H) ទទួល​បាន​ដី​ទំហំ ៥៩៤០ ហិកតា ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ ដោយ ក្រុមហ៊ុន លី យ៉េ រ៉ាប់ប៊័រ​ទទួល​បាន​ដី​ទំហំ​៧ ៧១០​ហិកតា ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប និង​ក្រុមហ៊ុន អេសខេ ផ្លេនថេសិន ទទួល​បាន​ដី​ទំហំ ៨​ ពាន់​ហិកតា ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ស្រុក​កូន​មុំ និង​ស្រុក​វ៉ឺនសៃ ខេត្ត​រតន​គិរី វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ ។
នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ជា​បន្ទាន់ និង​គ្មាន​កាល​កំណត់​នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ហើយ​បាន​អំពាវនាវ ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ នូវ​ដី​សម្បទាន ​ដែល​មាន​ស្រាប់​ទាំងអស់។ ​នៅ​ថ្ងៃ​ទី ១៤ មិថុនា លោក​ហ៊ុន សែនបាន​ថ្លែង​ជា​សាធារណៈ បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស ធ្វើ​ការ​វាស់វែង​បែង​ចែក​ដីធ្លី ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ធ្វើ​យ៉ាង​យូរ​បំផុត​រយៈ​ពេល​៦ ខែ​។
លោក​លឹម លាងសែ នាយ​រង​ខុទ្ទកាល័យ ​លោក​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា៖ «​សម្តេច​នាយក​ បាន​ប្រកាស​ឲ្យ​ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ហើយ​ សុំ​ផ្ទៀង​ផ្ទាត់​មើល​ឯកសារ​ឡើង​វិញ ក្រែង​ល ឯកសារ​ចាស់»។​
ចំណែក លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ក៏​បាន​ថ្លែង​ដែរ​ថា​ លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​លោក​ដឹង រហូត​មក​ដល់​ពេល​នេះ គឺ​គ្មាន​ការ​រៀបចំ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ថ្មី​នោះ​ទេ​។ លោក​និយាយ​ថា​៖ «​ខ្លាច​តែ​ជា​ឯកសារ​ចាស់​ គេ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ម្ចាស់​»។​
លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សម ​រង្ស៊ី​ បាន​ថ្លែង​ថា នេះ​គឺជា​ទង្វើ​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ មុន​ពេល​បោះឆ្នោត​ ហើយ​នៅ​ពេល​ដែល​បោះឆ្នោត​រួច ​រដ្ឋាភិបាល បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុមហ៊ុន​បរទេស​ដដែល​។​ លោក​បាន​និយាយ​ថា​ ៖​ «រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ផ្តល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​ ហើយ​ទុក​ដី​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​គ្មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម​»។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែងថា  លោក​នាយក​រដ្ឋ​មន្ត្រី បាន​ធ្វើ​ការ​ប្រកាស​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ ជា​បណ្តោះ​អាសន្ន​ កាល​ពី​ថ្ងៃទី ៧ ខែ​ឧសភា​ ហើយ​អំឡុង​ពេល​ពី​ថ្ងៃ ៧ ឧសភា រហូត​ដល់​ថ្ងៃ ៧ មិថុនា លោក​មើល​ឃើញ​ថា​ រដ្ឋាភិបាល​បាន​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន ​៧ ​ទៀត​ដូច្នេះ​ វា​ផ្ទុយ​ពី​បទ​បញ្ជា​ ០០១​ របស់​រដ្ឋាភិបាល​ គឺ​មាន​ន័យ​ថា​ រដ្ឋាភិបាល​មិន​បាន​គោរព​និង​មិន​អនុវត្ត​នូវ​បទ​បញ្ជា​របស់​ខ្លួន​ឯង ដូច្នេះ​វា​ធ្វើ​ឲ្យ​មតិ​សាធារណៈ​ អស់​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល ​ទាក់​ទិន​ទៅ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​។ លោក ​អំ សំអាត បាន​មាន​ប្រសាសន៍​ទៀត ថា​៖​«អាជ្ញាធរ​ថ្នាក់​ក្រោម​ ដែល​កំពុង​តែ​ធ្វើ​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ នឹង​មិន​ខិតខំ​ប្រឹងប្រែង​ធើ្វ​ការ​ដោះស្រាយ​ទំនាស់​ទៀត​ទេ​ នៅ​ពេល​ដែល​គេ​ឃើញ​រដ្ឋាភិបាល នៅ​តែ​បន្ត​ធ្វើ​យ៉ាង​ដូច្នេះ»។​
លោក​ចាន់ សូវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ឲ្យ​ដឹង​ថា​ វា​ជា​ការ​ល្អ​ប្រសិន​បើ​រដ្ឋាភិបាល​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដូច​ដែល​លោក នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​។ លោក​មាន​ប្រសាសន៍​ថា​៖​ «រដ្ឋាភិបាល​ គួរ​តែ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សិន​ ហើយ​ត្រូវ​ដោះស្រាយ​ជម្លោះ​ ដូច​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ​១៤ មិថុនា បើ​មិន​ដូច្នោះ​ទេ​ បញ្ហា​ជម្លោះ​ដី​ធ្លី មិន​អាច​បញ្ចប់​បាន​ទេ»។​
នៅ​លើ​គេហទំព័រ​ របស់​ក្រសួង​កសិកម្ម បាន​ផ្សាយ​ថា មាន​ក្រុមហ៊ុន​ចំនួន ៦៨ ក្រុមហ៊ុន ដែល​កំពុង​ដំណើរ​ការ​វិនិយោគ​លើ​ផ្ទៃ​ដី​សរុប​ចំនួន​ជាង ៨​ សែន​ហិកតា ក្រោយ​ពី​ទទួល​បាន​ដី​សម្បទាន សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល នា​ឆ្នាំ ២០០៨ កន្លង​មក៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons