. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, June 8, 2012

២៧​ឆ្នាំ​ក្រោម​ការ​គ្រប់​គ្រង​អំណាច​របស់​លោក ហ៊ុន សែន


2012-06-06
ភ្នាក់​ងារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចាត់​ទុក​ថា ការ​ដឹក​នាំ​រយៈ​ពេល ១​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ក្រុម​មេ​ដឹក​នាំ​ដែល​ល្បី​ខាង​ការ​គ្រប់​គ្រង​ប្រទេស​បែប​ផ្តាច់​ការ​បំផុត ក្នុង​ពិភពលោក។
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
នៅ​ក្នុង​អត្ថបទ​របស់ លោក ប្រេដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និង​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​មិថុនា នេះ បាន​សរសេរ​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេ​ដឹក​នាំ​បែប​ជើង​កាង និង​ចិត្ត​ឆៅ ដែល​ជា​ក្រុម​មនុស្ស​ជើង​ខ្លាំង​គ្រប់​គ្រង​បែប​បំភិត​បំភ័យ​ឥត​សំចៃ​ខាង​ការ​ប្រើ​អំពើ​ហិង្សា ប្រហារ​ក្រុម​អ្នក​ជំទាស់​ដោយ​មិន​ខ្លាច​ច្បាប់ និង​អម​ទៅ​ដោយ​កង​កំលាំង​អង្គរក្ស​ផ្ទាល់​ខ្លួន បំពាក់​សព្វាវុធ​គ្រប់​ធុន។
លោក ប្រេដ អាដាម មាន​ប្រសាសន៍​ថា អត្ថបទ​របស់​លោក គឺ​ចង់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​មហា​អំណាច​ធំៗ​ក្នុង​ពិភពលោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​ក្នុង​ការ​ពិនិត្យ​មើល​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ ក្តោប​ក្តាប់​អំណាច​ដល់​ទៅ ២៧​ឆ្នាំ នោះ។
លោក ប្រេដ អាដាម៖ «ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​សាជាថ្មី​មក​លើ​ប្រទេស​កម្ពុជា​ឡើង​វិញ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសេរ​អត្ថបទ​នេះ។ ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា គ្មាន​នណា​ម្នាក់​កាន់​អំណាច​រហូត​ដល់​ទៅ ១​ម៉ឺន​ថ្ងៃ នោះ​ទេ ព្រោះ​ការ​គ្រប់​គ្រង​បែប​នេះ​វា​យូរ​ពេក។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អាច​កាន់​រដ្ឋបាល​របស់​ខ្លួន​បាន​តែ ៨​ឆ្នាំ​ប៉ុណ្ណោះ យ៉ាង​យូរ​បំផុត។ ដូច្នេះ អាយុ​នៃ​អំណាច​របស់ លោក ហ៊ុន សែន ក្នុង​រយៈ​ពេល ២៧​ឆ្នាំ នេះ វា​ជា​រយៈ​ពេល​ដ៏​យូរ​រ៉ាំរ៉ៃ​ណាស់​ទៅ​ហើយ។ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា លោក​នឹង​កាន់​អំណាច​រហូត​ដល់​លោក​អាយុ ៨០ ទៅ ៩០​ឆ្នាំ ដែល​ការ​អះអាង​បែប​នេះ មិន​មាន​ភាព​ប្រក្រតី​នោះ​ឡើយ​សំរាប់​កម្ពុជា។ ពី​មុន​កម្ពុជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ តែ​ឥឡូវ​ហាក់​មាន​កំរិត​តិច​តួច​បំផុត។ បណ្ដា​ប្រទេស​ទាំង​នោះ​មិន​ត្រូវ​គិត​ថា កម្ពុជា​មាន​សារៈសំខាន់​អ្វី​ខ្លះ​សំរាប់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​គិត​ថា វាសនា​អនាគត​កម្ពុជា វា​សំខាន់​សំរាប់​ពលរដ្ឋ​កម្ពុជា»
អត្ថបទ​របស់ លោក ប្រេដ អាដាម បាន​សរសេរ​ថា ក្រោយ​ពី​ក្រុម​មេ​ដឹក​នាំ​ផ្តាច់​ការ​នៅ​ប្រទេស ទុយណេស៊ី (Tunisia), អេហ្ស៊ីប (Egypt), យេមែន (Yemen) និង​ប្រទេស លីប៊ី (Libby) បាន​ដួល​រលំ​ទៅ បន្ទាប់​ពី​មាន​ការ​រើបម្រះ​ពី​កម្លាំង​មហាជន បន្សល់​នៅ​តែ លោក ហ៊ុន សែន ទេ ដែល​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​មេ​ដឹក​នាំ​ដ៏​យូរ​ជាង​គេ​បំផុត​ចំនួន ១០ ក្នុង​ពិភពលោក។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អត្ថបទ​វាយ​ប្រហារ​មក​លើ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន របស់​មន្ត្រី​សិទ្ធិ​មនុស្ស លោក ប្រេដ អាដាម ទទួល​បាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ជន​បរទេស​មួយ​រូប ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ លោក អាឡេន ម៉ៃយើ (Allen Myers) សញ្ជាតិ​អូស្ត្រាលី​ដែល​កំពុង​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បាន​ចេញ​ផ្សាយ​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​៤ មិថុនា ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ចុះ​ផ្សាយ​របស់ លោក ប្រេដ អាដាម ថា បាន​វាយ​ប្រហារ​ធ្ងន់ៗ​ម្តង​ហើយ​ម្តង​ទៀត មក​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​គ្មាន​សម​ហេតុ​សម​ផល និង​មិន​យល់​អំពី​ប្រវត្តិ​សាស្ត្រ ព្រម​ទាំង​បច្ចុប្បន្ន​ភាព​កម្ពុជា​ច្បាស់​លាស់។
លោក អាឡេន បាន​ចោទ​ថា ការ​សរសេរ​របស់ លោក ប្រេដ អាដាម គ្រាន់​តែ​ជា​ការ​សរសេរ​ដើម្បី​កំសាន្ត​ក្នុង​គំនិត​ចំអក​ឡកឡឺយ ស្អប់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ប៉ុណ្ណោះ។ លោក អាឡេន ចោទ​ថា លោក ប្រេដ អាដាម បាន​លៃលក និង​គិត​គូរ​អំពី​ពេល​វេលា​ច្បាស់​លាស់​ក្នុង​ការ​ចេញ​ផ្សាយ​អត្ថបទ​វាយ​ប្រហារ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ចេញ​ផ្សាយ​អោយ​បាន​មុន​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ មិថុនា សប្ដាហ៍​មុន​នេះ។
លោក អាឡេន ម៉ៃយើ គឺ​ជា​ស្វាមី និង​ជា​ទី​ប្រឹក្សា​របស់ លោក​ស្រី ហេឡេន ចាវិស (Hellen Javis) ដែល​ជា​ទី​ប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក​ស្រី ហេឡេន ចាវិស ជា​ជន​ជាតិ​អូស្ត្រាលី និង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​កម្ពុជា។
ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់ លោក អាឡេន ម៉ៃយើ ដែល​ចោទ​ថា លោក​បាន​ជ្រើស​រើស​ពេល​វេលា​ចេញ​ផ្សាយ​អត្ថបទ​អោយ​ចំ​មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នោះ លោក ប្រេដ អាដាម បាន​បដិសេធ​ថា គ្មាន​ការ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ី​សេរី តាម​រយះ អ៊ីមែល (E-mail) លោក ប្រេដ អាដាម បាន​អោយ​ដឹង​ថា ការ​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា នេះ គឺ​ចំ​រយៈពេល ស្ថិត​ក្នុង​អំណាច​មួយ​ម៉ឺន​ថ្ងៃ ឬ ២៧​ឆ្នាំ របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រយៈពេល​កាន់​អំណាច​ដ៏​យូរ​គ្មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ថ្មី​នេះ វា​មិន​ល្អ​សំរាប់​ពលរដ្ឋ​កម្ពុជា។
លោក ប្រេដ អាដាម ក៏​បាន​ប្រៀប​ធៀប​ប្រសាសន៍​របស់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​នឹង​សំដី​របស់ លោក ម៉ួអឺមើ ហ្គាដាហ្វី (Muammar Gaddafi) អតីត​មេ​ដឹក​នាំ​ផ្តាច់​ការ​ប្រទេស លីប៊ី ដែល​ត្រូវ​បាន​ប្រជាជន​លីប៊ី ងើប​បះបោរ​ទម្លាក់​ពី​អំណាច និង​បាញ់​សម្លាប់​ដោយ​ក្រុម​ប្រឆាំង។ នៅ​ក្នុង​អត្ថបទ​របស់ លោក ប្រេដ អាដាម បាន​លើក​យក​ប្រសាសន៍​របស់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ពោល​ទាំង​កំហឹង​ទៅ​អ្នក​ណា​ដែល​ចង់​ប្រឆាំង​នឹង​លោក ដូច្នេះ៖ «ខ្ញុំ​សូម​ផ្កាំ​ទៅ​អ្នក​ឯង បើ​ចង់​ឲ្យ​មាន​កុប្បកម្ម​បែប​ទុយណេស៊ី ខ្ញុំ​នឹង​បិទ​ទ្វា​វៃ​ឆ្កែ​ហើយ​ពេល​នេះ។ ផ្កាំ​ឲ្យ​ហើយ! បើ​អ្នក​ឯង បើ​អ្នក​ឯង​ប្រមូល​គ្នា​បាន សូម​អញ្ជើញ​មក! បើ​នាយក​រដ្ឋមន្ត្រី មិន​ដឹក​នាំ​ការពារ​រដ្ឋ​ធម្មនុញ្ញ ទុក​ឲ្យ​គេ​ធ្វើ​អនាធិបតេយ្យ​ពេញ​ផ្ទៃ​ប្រទេស​យ៉ាង​ម៉េច»
លោក ប្រេដ អាដាម បន្ត​ទៀត​ថា សំរាប់​មេ​ដឹក​នាំ​ផ្តាច់​ការ លីប៊ី លោក ម៉ួអឺមើ ហ្គាដាហ្វី វិញ នៅ​ពេល​លោក​កំពុង​បញ្ជា​កងទ័ព​របស់​ខ្លួន​អោយ​បង្ក្រាប​ពល​រដ្ឋ​លីប៊ី ដែល​បាន​នាំ​គ្នា​ក្រោក​ឈរ​ប្រឆាំង​នឹង​ការ​ដឹក​នាំ​ផ្តាច់​ការ​ដ៏​យូរ​អង្វែង​របស់​លោក​នោះ លោក ម៉ួអឺមើ ហ្គាដាហ្វី បាន​ប្រៀប​ធៀប​អ្នក​ប្រឆាំង​នឹង​លោក​ទាំង​នោះ​ទៅ​ជា​សត្វ​កន្លាត ដែល​ត្រូវ​តែ​កំទេច។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ស្នាដៃ​កសាង​ជាតិ​របស់ លោក ហ៊ុន សែន ដ៏​ធំ​ធេង ដូច្នេះ​បាន​នាំ​ឲ្យ​ពលរដ្ឋ​មាន​ភាព​កក់​ក្តៅ​ក្នុង​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​រូប​លោក​ជា​មេ​ដឹក​នាំ​តាម​មតិ​ភាគ​ច្រើន។
អ្នក​វិភាគ​ឯករាជ្យ លោក  បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា កំពុង​រំលោភ​ទៅ​ដល់​រដ្ឋ​ធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ លោក​ថ្លែង​បន្ត​ថា សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​គួរ​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​លើ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ទាំង​អស់ ពិនិត្យ​សើ​រើ​ឡើង​វិញ អំពី​ស្ថានភាព​ដែល​មិន​ប្រក្រតី​នៅ​កម្ពុជា​បច្ចុប្បន្ន។
ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក កាល​ពី​ចុង​ខែ ឧសភា បាន​ផ្សព្វ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋបាល​របស់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​អោយ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ចុះ​ទន់​ខ្សោយ នាំ​អោយ​ខក​ខាន​មិន​បាន​រក​យុត្តិធម៌​ពេញ​លេញ​ជូន​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​បញ្ហា​នេះ​បាន​បង្ក​អោយ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។
រដ្ឋាភិបាល​ទី​ក្រុង វ៉ាស៊ីនតោន (Washington) បាន​បញ្ជាក់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ចំនួន​កើន​ឡើង​តាម​រយៈ​ការ​រំលោភ​សិទ្ធិ​ដី​ធ្លី ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ តាម​រយៈ​គោលការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​អន់​ថយ ដែល​មិន​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ ការ​បន្ត​បទ​ចោទ​ប្រកាន់​ករណី​បរិហារកេរ្តិ៍ ជា​ទោស​ព្រហ្មទណ្ឌ និង​ការ​រឹតត្បិត ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ដើម។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការ​កែ​លំអ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​រយៈ​ការ​បំប៉ន​សមត្ថភាព និង​លទ្ធភាព​គ្រប់​បែប​យ៉ាង។
អត្ថបទ​របស់ លោក ប្រេដ អាដាម បាន​សរសេរ​ថា ក្រោម​ការ​ដឹក​នាំ​ដោយ​កណ្ដាប់​ដៃ​ដែក​របស់ លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​មន្ត្រី​រាជការ តុលាការ និង​អ្នក​ការទូត ជា​ច្រើន​ខ្លប​ខ្លាច។ លោក ប្រេដ អាដាម ធ្លាប់​មាន​ប្រសាសន៍ របប​នយោបាយ​នៅ​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​ដឹក​នាំ​បែប​គណបក្ស​តែ​មួយ តាម​រយៈ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ទន់​ខ្សោយ និង​ការ​យក​ប្រព័ន្ធ​តុលាការ​ជា​កូន​អុក​សំរាប់​ល្បែង​នយោបាយ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons