. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, July 6, 2012

បញ្ជូន​យុវជន​បន្ថែម​ទៀត​ចុះ​ទៅ​វាស់​ដី​ជម្លោះ​នៅ​តាម​ខេត្ត


06 JULY 2012
 ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ យ៉ាង​ហោច​ណាស់ មាន​យុវជន​ស្ម័គ្រចិត្ត​ជាង ៤០០ នាក់​បន្ថែម​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​តាម​បណ្តា​ខេត្ត​ កាល​ពី​ម្សិលមិញ ដើម្បី​វាស់​ដី​ជម្លោះ​ ចែក​ជូន​ប្រជាជន ទៅ​តាម​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ខណៈ​ដែល​ក្រុម​យុវជន កំពុង​បំពេញ​ការ​ងារ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ត្រូវ​គេ​រាយការណ៍​ថា បាន​ធ្វើ​ការ​វាស់​វែង​ដីទៅ​តាម​តែ​ការ​ចង្អុល​របស់​ក្រុមហ៊ុន។
ការ​ចេញ​ដំណើរ​នេះ គឺជា​លើក​ទី​បី​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​មក ដែល​ក្រុម​យុវជន​ស្ម័គ្រចិត្ត ស្លៀកពាក់​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា ប៉ុន្តែ​មាន​ស្លាក​សញ្ញា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ បាន​ចុះ​ទៅ​ខេត្ត​ចំនួន ​១៣​ ដូច​ជា​ ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ក្រចេះ ព្រះវិហារ កំពង់ស្ពឺ កំពត រតនគិរី មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង​ដែល​យុវជន​សរុប​ចំនួន​១១៧៨​នាក់។​
លោក អ៊ឹម ឈុនលឹម ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជូន​ដំណើរ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ នៅ​ឯ​មណ្ឈ​មណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ថា យុទ្ធនាការ​វាស់វែង​ដី​នេះ អាច​ចំណាយ​ពេល ចាប់​ពី ៦ ទៅ ៨ ខែ ​នៅ​លើ​ផ្ទៃ​ដី​ដែល​ត្រូវ​វាស់​វែង​ចំនួន១ លាន ២ សែន​ហិកតា​នៅ​ទូទាំង​ប្រទេស​។ លោក​មាន​ប្រសាសន៍​ថា​៖​ «​ក្រោយ​ការ​វាស់វែង យើង​នឹង​ចែក​ជូន​ប័ណ្ណ​កម្មសិទ្ធិ​ ដល់​ប្រជា​ពលរដ្ឋ ដោយ​ពុំ​មាន​បង់ប្រាក់​ឡើយ»។​
លោក​ឲ្យ​ដឹង​ថា តាម​គម្រោង​របស់​រដ្ឋាភិបាល ត្រូវ​បញ្ជូន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត សរុប​ចំនួន ១៦៨ ក្រុម ស្មើ​នឹង​ជាង ២០០០ នាក់ ដើម្បី​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែងដី ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ចំនួន ៣៥ ម៉ឺន​គ្រួសារ។ ​មក​ដល់​ពេល​នេះ​ក្រសួង​រៀបចំ​ដែន​ដី ទើប​តែ​បញ្ជូន​យុវជន ចុះ​ទៅ​មូលដ្ឋាន​បាន​ចំនួន ១២៦ ក្រុម​ ដែល​ក្នុង​មួយ​ក្រុម មាន​គ្នា​ចំនួន ១២ ​នាក់ រួម​ជាមួយ​នឹង​ឧបករណ៍​ជំនាញ​ដូចជា GPS កុំព្យូទ័រ និង​សម្ភារ​ជាច្រើន​ទៀត ដើម្បី​សហការ​ជាមួយ​នឹង​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន។
កាល​ពី​ថ្ងៃ​ទី ​២ ខែ​កក្កដា នៅ​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួង​ទេសចរណ៍​នៅ​សាលសន្និ​សីទ​ចតុមុខ លោក​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កម្លាំង​យុវជន​ស្ម័គ្រចិត្ត ក្នុង​បេសកកម្ម​វាស់វែង​ដី​ធ្លី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ដែល​បាន​បញ្ជូន​ទៅ បាន​កើន​ដល់ ​ជាង ១២០០ នាក់​ហើយ គិត​ទាំង​ការ​បញ្ជូន​នៅ​ថ្ងៃទី ៥ កក្កដា​នេះ ហើយ​កម្លាំង​ទាំង​នោះ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ត្រូវ​រៀបចំ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចំនួន ៣៥ ក្រុម​បន្ថែម​ទៀត ដែល​ស្មើ​នឹង​មនុស្ស​ជាង ៤០០ នាក់​ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ។
លោក​ បេង ហុង​ សុជាតិ​ខេមរ៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី បាន​ថ្លែង​ថា យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ មុន​នឹង​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​ដីតាម​ខេត្ត​ គឺ​ត្រូវ​សិក្សា​រយៈពេល​ ២ ​ថ្ងៃ​ នៅ​ឯ​ក្រសួង​។ លោក​ថ្លែងថា​៖ «​យុវជន​ទាំង​អស់​នោះ គឺស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង់​របស់​ខេត្ត​ដែល​គេ​ចុះ​ទៅ​ធ្វើ​ការ​»។​
ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​ ៥ ភូមិ​ រស់​នៅ​ក្នុង​ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ទំនាស់​ដីធ្លី​ ជា​មួយ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ លើ​ផ្ទៃ​ដី​ ៤៦៦៧ ហិកតា បាន​កំពុង​ធ្វើ​ការ​តវ៉ា​ជាមួយ​ក្រុម​ហ៊ុន​ និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ​ដោយ​សារ​តែ​ពួ​ក​គេ​ពុំ​បាន​វាស់​ដី​គ្រប់​ចំនួន​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​។
អ្នក​ស្រី​សាញ់ វណ្ណា អាយុ ២៧ ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​ធ្លក ឃុំ​បន្ទាយ​ឆ្មារ​ ស្រុក​ថ្ម​ពួក​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ចុះ​មក​វាស់​វែង​ដី​ ដើម្បី​ចែក​ឲ្យ​ក្រុម​ហ៊ុន​ចំនួន​ ៤ ​ថ្ងៃ​មក​ហើយ ​ប៉ុន្តែ​ក្រុម​យុវជន​នោះ​​ ពុំ​មាន​ហ៊ាន​ឆ្កៀល​ដី​ចេញ​ពីក្រុម​ហ៊ុន​ចែក​ជូន​ប្រជា​ជន​តាម​អនុសាសន៍ របស់​សម្តេច​នាយករដ្ឋ​មន្ត្រី​ទេ​គឺ​ពួក​គេ​ធ្វើ​តាម​តែ​ក្រុមហ៊ុន​ចង្អុល​បង្ហាញ​។ ​អ្នក​ស្រី​បន្ត​ថា​៖ «​កាល​ពី​លោក​ចៅហ្វាយ​ស្រុក​ធ្វើ​អត្តសញ្ញាណកម្ម​ដី គឺ​គាត់​ថា​ មាន​ដី​ប៉ុន្មាន ដែល​ក្រុម​យុវជន​នឹង​ចែក​ឲ្យ​តាម​ទំហំដី​ដែល​មាន​ តែ​ពេល​ក្រុម​យុវជន​ចុះ​មក​មិន​ហ៊ាន​ឆ្កៀល​ដី​ឲ្យ​ពលរដ្ឋ​ទេ​បើ​ក្រុមហ៊ុន មិន​អនុញ្ញាត»
អ្នក​ស្រី​បន្ថែម​ថា ដី​អ្នកស្រី​នៅ​ពេល​ធ្វើ​អត្តសញ្ញាណកម្ម​ដី គឺ​មាន​ ២​ ហិកតា ៤៩ អា តែ​ពេល​ក្រុម​យុវជន​ចុះ​មក​វាស់​ ដី​គេ​វាស់​ឲ្យ​តែ ២​ ហិកតា​ ហើយ​ដី​ដែល​នៅ​សល់​គេ​ឲ្យ​អ្នក​ស្រី​ទៅ​សុំ​ខាង​ក្រុមហ៊ុន​ បើ​ក្រុម​គេ​អនុញ្ញាត​ពួក​គេ​នឹង​វាស់​ឲ្យ​។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «​ឥឡូវ​នៅ​លើ​ដី​ណា​ដែល​មាន​បញ្ហា​គេ​មិន​វាស់​វែង​ឲ្យ​ទេ​ គឺ​គេ​ឲ្យ​សម្រួល​គ្នា​ជា​មួយ​ក្រុមហ៊ុន​រួច​រាល់​ទើប​គេ​ហ៊ាន​វាស់​ឲ្យ »។​
លោក ឈឿន យ៉ង អាយុ ២៥ ឆ្នាំ ជា​និស្សិត​នៃ​សាលក​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ដែល​បាន​ចុះ​វាស់​វែង​ដី​នៅ​ក្នុង​ភូមិ​ធ្លក បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​យុវជន​ស្ម័គ្រចិត្ត​ គឺ​ពួក​គេ​ពុំ​មាន​សិទ្ធិ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពលរដ្ឋ​នោះ​ទេ​ គឺ​ពួក​គេ​បាន​ត្រឹម​តែដើរ​វាស់​វែង​កំណត់​ព្រំដី​ឲ្យ​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា​ ៖ «​ចាប់​តាំង​ពី​ខ្ញុំ​ចុះ​វាស់​វែង​ដី​ឲ្យ​ពលរដ្ឋ​ គឺ​ភាគី​ទាំងសង​ខាង​តែង​តែ​ចោទ​រៀង​ៗ​ខ្លួន​ ពលរដ្ឋ​ចោទ​ថា​ ក្រុមហ៊ុន​យក​ដី​របស់​គាត់ រីឯខាង​ក្រុមហ៊ុន​វិញ​ចោទ​ថា​ពលរដ្ឋ​ជា​អ្នក​យក​ដី​គាត់​ តែ​យើង​ឲ្យ​​ពួក​គាត់​ សម្រម​សម្រួល​គ្នា​រួច​រាល់​ទើប​យើង​វាស់​ដីឲ្យ​ពួក​គាត់​ បើ​មិន​អាច​សម្រប​សម្រួល​គ្នា​បាន​​ទេ​ យើង​វាស់​កន្លែង​ដែល​គ្មាន​ទំនាស់​មុន​»។​
លោក​ សារិន រី​ ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ ជាមួយ​ក្រុម​ហ៊ុន​បាន​ថ្លែង​ថា បញ្ហា​ឥឡូវ​នេះ​គឺ​ពល​រដ្ឋ​បានបាត់​បង់​ដី​ មួយ​​ចំនួន​របស់​ខ្លួន ដោយ​សារ​តែ​ដី​មួយ​ចំនួន​ខាង​ក្រុម​ហ៊ុន ​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ធ្វើ​ការ​វាស់​វែង​ឲ្យ​​ពល​រដ្ឋទេ​។ លោក​ថ្លែង​បន្ត​ថា ៖ «ខ្ញុំ​ឆ្ងល់​ថា​ ហេតុ​អ្វី​ខាង​ក្រុម​យុវជន​មិន​ស្តាប់​ពលរដ្ឋ​ តែ​បែរ​ជា​គេ​ស្តាប់​តែ​ខាង​ក្រុមហ៊ុន​ដូច្នេះ​ទៅ​វិញ​»​
ប៉ុន្តែ លោក ប្លែក វារី អភិបាល​ស្រុក​ថ្ម​ពួក បាន​ឲ្យ​ដឹង​ថា​ ពុំ​មាន​ការ​បាត់​ដី​របស់​ពលរដ្ឋ​នោះ​ទេ​ គឺ​គណៈកម្មការ​របស់​លោក​ ដូច​ជា​មន្ត្រី​បរិស្ថាន សុរិយោដី អាជ្ញាធរ​ស្រុក ភូមិ ឃុំ ជាមួយ​នឹង​ក្រុម​យុវ​ជន​ស្ម័គ្រចិត្ត ខិត​ខំធ្វើ​ការ​យ៉ាង​យក​​ចិត្ត​ទុក​ដាក់​ ហើយ​ដី​តិច​តួច​ដែល​ពួក​គេ​បាត់​នោះ​ គឺ​ដោយ​សារ​តែ​ជា​ដី​ព្រៃ​ទើប​គណៈកម្មការ​មិន​អាច​កាត់​វាស់​ឲ្យ​បាន​។ លោក​ថ្លែង​​ថា​​៖«ពួក​ខ្ញុំ​ធ្វើ​គឺ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ជាមុន​ ហើយ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​តែង​តែ​ទូរស័ព្ទ​មក​ស្ទើរ​តែ​រាល់​ម៉ោង សម្តេច​កំពុងយក​ចិត្ត​ទុក​ដាក់​បំផុត»។​
លោក ស៊ុំ ចន្ទគា មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​​ថា​ អ្វី​ដែល​ក្រុម​យុវជន​កំពុង​តែ​ធ្វើ​នៅ​ក្នុង​ភូមិ​ធ្លក​នោះ​ គឺ​វា​ផ្ទុយ​ទៅ​នឹង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ពី​ព្រោះ​រដ្ឋាភិបាល បាន​ថ្លែង​ថា ​ដី​ណា​ប៉ះ​ជាមួយ​ពលរដ្ឋ​ គឺ​ត្រូវ​វាស់​ឲ្យ​​ពលរដ្ឋ​ជា​មុន​សិន ​ទើ​ប​វាស់​ឲ្យ​ក្រុម​ហ៊ុន​តាម​ក្រោយ​។ លោក​ថ្លែង​ថា​៖ «​មិន​គួរ​ណា​ក្រុម​ហ៊ុន​មក​ដណ្តើម​ដី​ពលរដ្ឋ​ទេ​ ប្រសិន​បើដី​គេ​ទទួល​បាន​មិន​គ្រប់​គេ​អាច​សុំ​គោលការណ៍​ពី​រដ្ឋា​ភិបា​ល​​ បន្ថែម​ទៀត​ តែ​ប្រជាជន​បើ​បាត់​ដី​លើក​នេះ ​គឺ​បាត់​រហូត​ ពីព្រោះ​លើក​នេះគេ​ចេញ​ប្លង់​ត្រឹម​ត្រូវ​ឲ្យ​តែ​ម្តង»

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons