. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, July 2, 2012

នាយករដ្ឋមន្ត្រី​សន្យា​ផ្ដល់​ប័ណ្ណ​​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ក្រោយ​វាស់វែង​ចប់


2012-07-02
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ជា​ថ្មី​ម្ដង​ទៀត​ថា នឹង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​ប្រតិបត្តិការ​វាស់វែង​ដី​ធ្លី​ត្រូវ​បាន​បញ្ចប់​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត។
ថ្លែង​ក្នុង​ទិវា​មច្ឆា​ជាតិ​លើក​ទី​១០ នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១២ លោក ហ៊ុន សែន ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុះស្រួល​គ្នា​រឿង​ព្រំ​ដី​នៅ​ភូមិ​ផង​របង​ជាមួយ​គ្នា កាត់​បន្ថយ​ទំនាស់ ឲ្យ​មន្ត្រី​សុរិយោដី និង​ក្រុម​និស្សិត​វាស់វែង​ដី​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​ឆាប់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​បណ្ដោះអាសន្ន។
លោក ហ៊ុន សែន បន្ត​ថា នឹង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​បណ្ដោះអាសន្ន​ជូន​ប្រជាពលរដ្ឋ​ផ្ទាល់​ដៃ បើ​សិន​ការ​វាស់វែង​ត្រូវ​បាន​ចប់​សព្វគ្រប់៖ «បើ​កាលណា​ប្រជាពលរដ្ឋ​ស្រុះស្រួល​គ្នា ពិសេស​គឺ​ព្រំ​ប្រទល់​ដី គឺ​ងាយ​ឲ្យ​រដ្ឋាភិបាល ឬ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ឆាប់​ទាន់​ពេល ប៉ុន្តែ​ករណី​នៅ​បឹង​៥ របស់​ខេត្ត​បាត់ដំបង បាន​សួរ​បញ្ជាក់​តាម​ក្មួយ​ដី​មួយ​កន្លែង​ប្រកាស​កម្មសិទ្ធិ​ដល់​ទៅ​បី​នាក់ បើ​អ៊ីចឹង​ដោះស្រាយ​អត់​បាន​ទេ។ យើង​ច្បាស់​ជា​ផ្ទេរ​កម្លាំង​ទៅ​ធ្វើ​កន្លែង​ផ្សេង ព្រោះ​ដី​បី​ហិកតារ អ្នក​នេះ​ក៏​ម្ចាស់ អ្នក​នោះ​ក៏​ម្ចាស់ តើ​ឲ្យ​ទៅ​អ្នក​ណា? បើ​យ៉ាង​ដូច្នោះ គឺ​សូម​អភ័យ​ទោស ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​លើ​គ្នា​ឯង​ដោះស្រាយ​មិន​ចេញ រឿង​នេះ​មាន​តែ​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​ទេ ឯ​ភារកិច្ច​របស់​រដ្ឋ​ទៅ​ចុះ​ដោះ​ពេល​នេះ គឺ​ដោះ​ដី​លើ​តែ​ដី​បញ្ហា​រដ្ឋ​តែប៉ុណ្ណោះ គឺ​ដី​រដ្ឋ​ដែល​រួម​មាន​ព្រៃ​សម្បទាន ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​ជា​ដី​រដ្ឋ​ដែរ ហើយ​និង​ដី​រដ្ឋ​ដែល​កាន់កាប់​ដោយ​ខុស​ច្បាប់»
អ្នក​វិភាគ​ឯករាជ្យ​ខាង​ជំនាញ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន លោក អ៊ួច ឡេង រិះគន់​ថា ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​សារ​នយោបាយ​ទាក់ទាញ​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។
លោក​បន្ត​ថា វា​មិន​មែន​ជា​ចេតនា​ពិត​ប្រាកដ​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទេ៖ «មិន​មាន​លទ្ធផល​អី​ជា​ដុំកំភួន​ទេ ព្រោះ​គាត់​ធ្វើ​មុន​យុទ្ធនាការ​បោះ​ឆ្នោត ដើម្បី​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​តែ​ប៉ុណ្ណឹង ព្រោះ​គាត់​ដឹង​ដែរ​ថា វិធី​ធ្វើ​ឲ្យ​ហាក់​ដូច​ជា​មាន​ចលនា​មួយ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ ស្វែង​រក​​ប្រជាប្រិយ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណឹង​ឯង»
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ សំដែង​ការ​ព្រួយ​បារម្ភ​ដែរ​ថា ការ​ចុះ​វាស់វែង​ដីធ្លី​យ៉ាង​ប្រញាប់ប្រញាល់​របស់​រដ្ឋាភិបាល​ដោយ​គ្មាន​យន្តការ​ច្បាស់លាស់ អាច​ជា​បញ្ហា​មួយ​កើត​មាន​ឡើង​ដល់​ប្រជាពលរដ្ឋ។
លោក អ៊ូ វីរៈ៖ «ក្នុង​រឿង​ការ​ដោះស្រាយ​ដី​រដ្ឋ​នេះ ខ្ញុំ​មើល​ទៅ​ការ​ដែល​បង្ខំ​ខ្លាំង​ពេក​វា​អាច​ធ្វើ​ឲ្យ​យើង​មិន​បាន​ច្បាស់លាស់ ហើយ​ជា​ពិសេស​ដាក់​គំនាប​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទៅ​ឲ្យ​ពួក​គាត់​ដោះស្រាយ។ តែ​ជួន​កាល​យើង​អត់​រក​ដំណោះស្រាយ​តាម​នីតិវិធី​គ្រប់​ជ្រុងជ្រោយ អា​ហ្នឹង​ក៏​ជា​បញ្ហា​មួយ​ដែរ ចំពោះ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ»
ជម្លោះ​ដីធ្លី​បាន​រីក​រាល​ដាល​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ហើយ​បញ្ហា​នេះ​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល។ ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ដើម្បី​វាស់វែង​ដីធ្លី​មាន​ជម្លោះ​ជូន​ប្រជាពលរដ្ឋ។ ក្រុម​និស្សិត​ជិត ១.០០០​នាក់ ត្រូវ​បាន​បញ្ជូន​ជា​បន្តបន្ទាប់​ទៅ​តាម​គោលដៅ​ចំនួន ៧​ខេត្ត។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដែល​ជា​គោលដៅ​នៃ​ការ​វាស់វែង​ដី​ទាំង​នោះ ជួយ​មើល​ការ​ខុស​ត្រូវ​ចំពោះ​កង្វះខាត​មួយ​ចំនួន ដូចជា​ម៉ាស៊ីន​ភ្លើង និង​សម្ភារៈ​មួយ​ចំនួន​ដល់​ក្រុម​ការងារ​ចុះ​វាស់វែង​ដីធ្លី​ទាំង​នោះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons