. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, July 14, 2012

អ្នក​វិភាគ៖ កម្ពុជា​គួរ​ពង្រឹង​ប្រព័ន្ធ​ច្បាប់ សិទ្ធិ​មនុស្ស នយោបាយ និង​ធនធាន​មនុស្ស


2012-07-14
ក្រុម​អ្នក​វិភាគ និង​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​បាន​វាយ​តម្លៃ​ថា មុន​នឹង​ឲ្យ​ក្រុម​អ្នក​វិនិយោគទុន​អាមេរិក​ទៅ​បណ្ដាក់ទុន​របស់​គេ​នៅ​កម្ពុជា​បាន លុះត្រា​តែ​កម្ពុជា​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​តុលាការ ស្ថិរភាព​នយោបាយ ការ​គោរព​សិទ្ធិ​មនុស្ស និង​បង្កើន​ធនធាន​មនុស្ស។
ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មាន​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ និង​មាន​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ។
បើ​ទោះ​បី​កម្ពុជា​នៅ​មាន​ភាព​ក្មេង​ខ្ចី​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក្តី ប៉ុន្តែ​កត្តា​សំខាន់​បំផុត គឺ​ទំនុក​ចិត្ត​នៃ​ការ​ធ្វើ​ជំនួញ​ពី​ក្រុម​អ្នក​វិនិយោគទុន​ធំៗ​ដែល​មក​ពី​ប្រទេស​លោក​សេរី។
អ្នក​វិភាគ​ឯករាជ្យ និង​ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ទំនុក​ចិត្ត​នៃ​ការ​បណ្ដាក់ទុន​របស់​ក្រុម​អ្នក​វិនិយោគ​ពី​បណ្ដា​ប្រទេស​លោក​សេរី​នោះ គឺ​ការ​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស ហើយ​ជា​ពិសេស គឺ​បំបាត់​អំពើ​ពុក​រលួយ​ជា​អាទិភាព។
លោក​បន្ត​ថា កម្ពុជា​ត្រូវ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​មួយ ដើម្បី​ដោះស្រាយ​ជា​ចម្បង​លើ​វិវាទ​ជំនួញ ហើយ​ត្រូវ​បំប៉ន​បន្ថែម​នូវ​ការ​បណ្ដុះ​ធនធាន​មនុស្ស រួម​នឹង​ការ​រក្សា​ស្ថិរភាព​នយោបាយ​ឲ្យ​បាន​នឹងនរ។
ការ​វិភាគ​របស់​លោក​បណ្ឌិត សុខ ទូច ធ្វើ​ឡើង​ស្រប​ពេល​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក និង​ក្រុម​អ្នក​វិនិយោគ​ធំៗ​របស់​អាមេរិក កំពុង​មាន​វត្តមាន​នៅ​កម្ពុជា និង​កំពុង​សម្លឹង​មើល​អំពី​លទ្ធភាព​នៃ​ការ​បោះ​លុយ​បណ្ដាក់ទុន​ទ្រង់ទ្រាយ​ធំ​ចូល​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​នៅ​ទន់ខ្សោយ និង​មាន​អំពើ​ពុក​រលួយ​មួយ​នេះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ច្បាប់​ល្អ​ប្រសើរ​ជាង​បណ្ដា​ប្រទេស​ជុំវិញ​របស់​ខ្លួន ក្នុង​ការ​បើក​ចំហ​ផ្នែក​ពាណិជ្ជកម្ម​សេរី ប្រកប​ដោយ​ស្ថិរភាព​នយោបាយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​បរិបទ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។ ហើយ​លោក​សង្ឃឹម​ថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន ប្រាកដ​ជា​មាន​គំនិត​វិជ្ជមាន​អំពី​បញ្ហា​នេះ។
វិទ្យាស្ថាន​ឃ្លាំ​មើល​អំពី​ភាព​រីកចម្រើន​ក្នុង​ពិភពលោក​ឈ្មោះ Legatum ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស (England) បាន​ចេញ​ផ្សាយ​សន្ទស្សន៍​អំពី​ភាព​ចម្រើន​រុងរឿង​នៃ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក កាល​ពី​ឆ្នាំ​២០១១ បាន​វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់​ថ្នាក់​លេខ​៩៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១០៧ នៅ​លើ​ពិភពលោក ដែល​អន់​ជាង​ប្រទេស​នេប៉ាល់ (Nepal) ស្រីលង្កា (Sri Lanka) និង​អ៊ូបេគីស្ថាន (Uzbekistan) ទៅ​ទៀត។ ប៉ុន្តែ​ចំណាត់​ថ្នាក់​របស់​កម្ពុជា បាន​ល្អ​ជាង​ប្រទេស​បង់ក្លាដេស (Bangladesh) ឬ​ប្រទេស​ប៉ាគីស្ថាន (Pakistan)។
វិទ្យាស្ថាន Legatum ក៏​បាន​បង្ហាញ​ថា កត្តា​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ភាព​អន់ថយ​នេះ គឺ​ដោយ​សារ​កត្តា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ភាគ​ច្រើន ឱកាស​ខាង​ការ​ផលិត​មាន​កម្រិត​ទាប ហេដ្ឋារចនាសម្ព័ន្ធ អភិបាល​កិច្ច វិស័យ​អប់រំ និង​ធនធាន​មនុស្ស​មាន​ភាព​ទន់ខ្សោយ ហើយ​អំពើ​ពុក​រលួយ​មាន​កម្រិត​ខ្ពស់ និង​ខ្វះ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។
ទន្ទឹម​នឹង​ការ​វាយ​តម្លៃ​របស់​វិទ្យាស្ថាន​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន (ASEAN) ក្នុង​ទីក្រុង​ភ្នំពេញ​ថា លោកស្រី​ចង់​ឲ្យ​កម្ពុជា​មាន​វឌ្ឍនភាព​ខាង​ផ្នែក​ពាណិជ្ជកម្ម​យូរ​អង្វែង​ជាមួយ​សហរដ្ឋអាមេរិក។
លោកស្រី ហ៊ីលឡារី គ្លិនតុន៖ «ចំពោះ​ផ្នែក​សេដ្ឋកិច្ច គឺ​នៅ​មាន​ចន្លោះ​ច្រើន​ណាស់ សម្រាប់​យើង​ដែល​ត្រូវ​បំពេញ​រួម​គ្នា ក្នុង​ការ​ធ្វើ​អោយ​រីក​ចម្រើន​ទៅ​មុខ។ ដូច្នេះ យើង​ត្រូវ​តែ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ថែម​ទៀត អោយ​មាន​ភាព​លេចធ្លោ​ឡើង។ ក្នុង​សប្ដាហ៍​នេះ ខ្ញុំ​បាន​រៀបចំ និង​ដឹកនាំ​គណៈប្រតិភូ​នៃ​ថ្នាក់​ដឹកនាំ​ពាណិជ្ជករ​អាមេរិកាំង មួយ​ក្រុម​ធំ ដែល​មិន​ធ្លាប់​មាន មក​កម្ពុជា។ ហើយ​គណៈប្រតិភូ​របស់​យើង​នឹង​ចូល​រួម​ក្នុង​វេទិកា​ស្តី​ពី​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន ជា​លើក​ដំបូង នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​សុក្រ នេះ ដើម្បី​ដាក់​បង្ហាញ​នូវ​មូលដ្ឋាន​នៃ​ការ​ផ្សារភ្ជាប់​សេដ្ឋកិច្ច​រវាង​គ្នា ជាមួយ​នឹង​ភាព​រុងរឿង​យូរ​អង្វែង​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​ជំនួយ​ផ្នែក​អភិវឌ្ឍ​វិញ និយាយ​ដោយ​ត្រង់​ទៅ អ្នក​រស់នៅ​ក្នុង​តំបន់​បាន​ស្នើ​អោយ​យើង​ទម្លាក់​លុយ​របស់​យើង​ចំ​កន្លែង​ដែល​យើង​រកស៊ី។ ដូច្នេះ យើង​ក៏​បាន​ផ្ដួចផ្ដើម​កែទម្រង់​កម្មវិធី​ជំនួយ​របស់​យើង សម្រាប់​ផ្តល់​ដល់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ជំនួយ​នេះ​មាន​ឈ្មោះ​ថា កិច្ច​ផ្ដួចផ្ដើម​សម្រាប់​យុទ្ធសាស្ត្រ​ចូល​រួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ជាប់​នឹង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Asia Pacific Strategic Engagement Initiative)»
ជុំវិញ​ការ​គ្រោង​បណ្ដាក់ទុន​របស់​ក្រុម​អ្នក​វិនិយោគ​អាមេរិក​នេះ​ដែរ លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស បាន​សាទរ​ចំពោះ​បំណង​ដ៏​សុទ្ធិ​និយម​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ផ្តល់​លទ្ធភាព​ដើម្បី​បណ្ដាក់ទុន​នៅ​កម្ពុជា។
លោក​បន្ត​ថា ក្រុម​អ្នក​វិនិយោគ​ទាំង​នេះ​នឹង​អាច​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ជា​ពិសេស​អាច​នាំ​ឲ្យ​ប្រទេស​មួយ​នេះ​អាច​មាន​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន ឲ្យ​បាន​ល្អ​ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់ ដើម្បី​តម្រូវ​ចិត្ត​ដល់​ក្រុម​អ្នក​វិនិយោគ​ទាំង​នោះ។
ក្រុម​អ្នក​ជំនាញ​ខាង​ផ្នែក​ពាណិជ្ជកម្ម​នៅ​តាម​បណ្ដា​ប្រទេស​លោក​សេរី​ភាគ​ច្រើន និយាយ​ថា ប្រព័ន្ធ​តុលាការ​ទន់ខ្សោយ​អាច​នាំ​ឲ្យ​អំពើ​ពុក​រលួយ​ញាំញី​ស៊ី​ជម្រៅ​ខ្លាំង​ដល់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ពី​ថ្នាក់​កំពូល​របស់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន។ ហើយ​បញ្ហា​ទាំង​នេះ ជា​ឧបសគ្គ​ដ៏​ធំ និង​ជា​ការ​បន្លាច​ដល់​សេចក្តី​ទុក​ចិត្ត​របស់​ក្រុម​អ្នក​វិនិយោគទុន​បរទេស ពី​បណ្ដា​ប្រទេស​លោក​សេរី​ទាំង​នោះ។
ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុន្នី ថ្លែង​ថា វត្តមាន​របស់​ក្រុម​វិនិយោគទុន​សហរដ្ឋអាមេរិក មក​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ជា​ឱកាស​របស់​កម្ពុជា​ខ្លួន​ឯង ដើម្បី​ប្រឹងប្រែង​ថែម​ទៀត​ក្នុង​ការ​ស្ការ​មុខ​មាត់​នៃ​ប្រទេស​របស់​ខ្លួន​ឡើង​វិញ តាម​រយៈ​ការ​បំបាត់​អំពើ​ពុក​រលួយ វប្បធម៌​និទ្ទណ្ឌភាព និង​ការ​គោរព​សិទ្ធិ​កម្មករ។
ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា បញ្ហា​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ គឺ​ការ​ខ្វះ​ក្រុម​អ្នក​វិនិយោគ​ដែល​គោរព​ច្បាប់​ជា​ធំ និង​ក្រុម​អ្នក​វិនិយោគ​ដែល​មាន​ភាព​យូរ​អង្វែង។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ធ្វើ​ឲ្យ​អត្រា​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ​កើន​ឡើង ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ធ្លាក់​ចុះ ហើយ​ជីវភាព​របស់​ពលរដ្ឋ​កាន់​តែ​ក្រ​ទៅៗ។
វិទ្យាស្ថាន​ស្ទង់​មតិ​របស់​អាមេរិកាំង​មួយ​ឈ្មោះ Gallup Poll ដែល​មាន​មូលដ្ឋាន​ក្នុង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក (U.S.A) បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ របស់​ខ្លួន​ថា ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤៦ ក្នុង​ពិភពលោក បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​គេ​ចាត់​ទុក​ថា មាន​ភាព​ចម្រើន​រុងរឿង​សម្រេច​គោលដៅ​រីករាយ​ពេញ​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន​ជានិច្ច មាន​២% អ្នក​ប្រឹង​តស៊ូ​ទ្រាំ​រស់ មាន​៧២% រី​ឯ​អ្នក​រស់នៅ​ក្នុង​ភាព​ទុរគត ខ្លោចផ្សា មាន​២៦% ហើយ​អ្នក​ដែល​ខ្វះខាត​ស្បៀង​អាហារ​មាន​៥៦%៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons