. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, July 23, 2012

សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​កើន​ឡើង​នូវ​ករណី​រំលោភ​សេពសន្ថវៈ​នៅ​បន្ទាយមានជ័យ


2012-07-23
ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កើន​ឡើង​នូវ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ក្នុង​ឆ្នាំ​២០១២ នា​ខេត្ត​បន្ទាយមានជ័យ។
ការ​កើន​ឡើង​នៃ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កំពុង​ធ្វើ​ឲ្យ​អង្គការ​នានា​ដែល​មាន​បេសកកម្ម​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្រុម​ជនរងគ្រោះ​ដោយ​អំពើ​ចាប់​រំលោភ​នេះ មាន​ក្ដី​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​ស្រុត​ចុះ​សីលធម៌​សង្គម ហើយ​ត្រូវ​មាន​វិធានការ​រួម​គ្នា​ដើម្បី​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។
លោក សួង សុភាព ប្រធាន​គ្រប់គ្រង​ការិយាល័យ​តំបន់​នៃ​អង្គការ​កម្ពុជា​ដើម្បី​ស្ត្រី​មាន​វិបត្តិ នៅ​ខេត្ត​បន្ទាយមានជ័យ។ លោក​មាន​ប្រសាសន៍​ថា  អង្គការ​បាន​បោះ​ទីតាំង​មណ្ឌល​សង្គ្រោះ​ជន​រងគ្រោះ​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ មណ្ឌល​នេះ​ទទួល​យក​ជនរងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ និង​ជនរងគ្រោះ​ដោយ​ករណី​រំលោភ​សេពសន្ថវៈ។ បច្ចុប្បន្ន​ មាន​ជន​រងគ្រោះ​ដោយសារ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ជាង ៣០​ករណី។ លោក​ថា ប្រៀបធៀប​ករណី​អំពើ​ហិង្សា​ដែល​កើត​មាន​ឡើង​នៅ​ឆ្នាំ​២០១២ មាន​ចំនួន​ថេរ ប៉ុន្តែ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ បើ​ប្រៀបធៀប​ឆ្នាំនេះ និង​ឆ្នាំ​កន្លង​ទៅ​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។
លោក សួង សុភាព៖ «ពីព្រោះ​អី​ត្រឹម​តែ​ពាក់កណ្ដាល​ដើម​ឆ្នាំ​មុន ពួក​ខ្ញុំ​ទទួល​បាន​ប្រហែល ២០​ករណី  ប៉ុន្តែ​នៅ ៦​ខែ​ដើម​ឆ្នាំ​២០១២ នេះ ពួក​ខ្ញុំ​ទទួល​បាន ២៧​ករណី  ហើយ​ករណី​ភាគ​ច្រើន​សុទ្ធ​តែ​ក្មេង​ស្រី​ក្រោម​អាយុ ១៨​ឆ្នាំ​ទៀត អ៊ីចឹង​នេះ​ជា​ក្ដី​កង្វល់​មួយ​របស់​ពួក​ខ្ញុំ។ ប៉ុន្តែ​ករណី​ជួញ​ដូរ​មាន​ការ​ធ្លាក់​ចុះ​ទៅ​វិញ ពីព្រោះ​នៅ​ឆ្នាំ​មុន​ពួក​ខ្ញុំ​ទទួល​បាន ៥០​ករណី តែ​ប៉ុន្តែ​ឥឡូវ ៦​ខែ​ដើម​ឆ្នាំ​ពួក​ខ្ញុំ​ទទួល​បាន​តែ​ជាង ១០​ករណី​ទេ អ៊ីចឹង​ឃើញ​ថា មាន​ការ​ថយ​ចុះ​ជាង​មុន តែ​ករណី​ដែល​ពួក​ខ្ញុំ​បារម្ភ គឺ​អនីតិជន​ក្រោម​អាយុ»
អង្គការ​កម្ពុជា​ដើម្បី​ស្ត្រី​មាន​វិបត្តិ (CWCC) រក​ឃើញ​ថា  ករណី​ចាប់​រំលោភ​នៅ​តែ​កើន​ឡើង នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​ដោយសារ​កត្តា​យល់​ដឹង​ពី​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​មាន​ការ​ខ្វះ​ចន្លោះ មិន​ទាន់​គ្រប់គ្រាន់។ បញ្ហា​នេះ​អ្នកណា​ក៏​បាន​ដឹង​ដែរ ទោះបី​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ម៉េច​ក៏ដោយ ប៉ុន្តែ​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​នោះ​មិនសូវ​បាន​ទទួល​ព័ត៌មាន​ទេ។ ចំណុច​មួយ​ទៀត លោក​មើល​ឃើញ​ថា បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ឪពុកម្ដាយ។
លោក សួង សុភាព៖ «ព្រោះ​នៅ​ខាង​ខេត្ត​បន្ទាយមានជ័យ មាន​មួយ​ចំនួន​មិន​មែន​ជា​ប្រជាជន​នៅ​ក្នុង​តំបន់​ទេ សុទ្ធ​តែ​ប្រជាជន​ចំណាក​ស្រុក​ពី​ខេត្ត​ដទៃ​មក អ៊ីចឹង​ពេល​គាត់​មក​ដល់ គាត់​ទុក​កូន​តូចៗ​នៅ​តែ​ឯង ហើយ​គាត់​ទៅ​ស៊ី​ឈ្នួល​កម្លាំង​ពលកម្ម​គេ​អ៊ីចឹង​ទៅ ដើម្បី​ចិញ្ចឹម​កូន​អ៊ីចឹង ការ​ធ្វេសប្រហែស​ទុក​កូន​នៅ​តែ​ឯង​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​ជន​ខិលខូច​គាត់​មាន​ឱកាស»
ក្នុង​ចំណោម​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ជាង ២០​ករណី ដែល​អង្គការ​ទទួល​បាន​រក​ឃើញ​ថា  ជនល្មើស​ដែល​ប្រព្រឹត្តិ​ក្នុង​ករណី​នេះ ភាគ​ច្រើន​ជា​អ្នក​រស់នៅ​ជិត​ខាង​ជន​រង​គ្រោះ។ ក្រុម​ជនល្មើស​បាន​ដឹង​ច្បាស់​ពី​ស្ថានភាព​របស់​ជនរងគ្រោះ  នៅ​គ្រា​ដែល​ពួកគេ​នៅ​តែ​ម្នាក់​ឯង និង​ឪពុក​ម្ដាយ​ចេញ​ទៅ​ធ្វើការ​ឆ្ងាយៗ ដូចជា​នៅ​ក្នុង​ប្រទេស​ថៃ។
អនុ​ប្រធាន​មន្ទីរ​កិច្ចការ​នារី លោកស្រី អ៊ួង រស្មី បាន​កត់សម្គាល់​ថា កត្តា​សំខាន់ៗ​ដែល​នាំ​ឲ្យ​ករណី រំលោភ​សេពសន្ថវៈ​កើតឡើង មាន​ដូចជា ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ចម្លង​វប្បធម៌​បរទេស កត្តា​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​ការ​អប់រំ ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ និង​កត្តា​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម។
លោកស្រី អ៊ួង រស្មី៖ «ការ​យល់ដឹង​អំពី​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ដែរ កត្តា​ចំណេះ​ដឹង និង​ជីវភាព​ពួកគាត់ ចំណុច​នៃ​ការប្រើប្រាស់​គ្រឿងញៀន ក៏​ជា​ផ្នែក​មួយ​ដែរ។ អ្នក​ប្រឡូក​ជាមួយ​គ្រឿង​ញៀន​ខួរក្បាល​គាត់​អត់​ល្អ​ទេ ហើយ​ខ្ញុំ​គិត​ថា កត្តា​ដែល​ថា​ជំរុញ និង​ផ្នែក​ទាំង​ប៉ុន្មាន​ហ្នឹង​គឺ​ជា​ផ្នែក​មួយ»
មន្ទីរ​កិច្ចការ​នារី​កន្លង​ទៅ​នេះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​អំពើ​ហិង្សា ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​បាន​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង ចូល​រួម​ទប់ស្កាត់​ចំពោះ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ។ មន្ទីរ​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ និង​សមត្ថកិច្ច​ប៉ូលិស ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​យល់ដឹង និង​ចូលរួម​លើកស្ទួយ​សីលធម៌​សង្គម​ថែម​ទៀត។
លោក យិន យឿន ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា ខេត្ត​បន្ទាយមានជ័យ បាន​លើក​ឡើង​ថា  ខាង​មន្ទីរ​ធម្មការ​ក៏​បាន​ខិតខំ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង និង​លើក​តម្កើង​សីលធម៌​សង្គម​តាម​រយៈ​ព្រះសង្ឃ។ ព្រះសង្ឃ​បាន​ទេសនា​ប្រៀនប្រដៅ អប់រំ​នៅ​តាម​សាលារៀន​ ដល់​ពុទ្ធបរិស័ទ​គ្រប់រូប។
លោក​បញ្ជាក់​ថា ការ​អប់រំ​សីលធម៌​សង្គម ទទួល​បាន​លទ្ធផល​កាត់បន្ថយ​ច្រើន៖ «តាម​រយៈ​ធម្មទេសនា ដែល​បាន​ជ្រាប​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ស្ដីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព មាន​ប្រាំ​ចំណុច​ហ្នឹង គឺ​ព្រះសង្ឃ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញដូរ​ស្ត្រី និង​កុមារ អំពើ​ចោរលួច ចោរ​ប្លន់ ល្បែង​ស៊ីសង​គ្រប់​ប្រភេទ គឺ​បើ​តាម​ពិនិត្យ​ទៅ​មាន​ការ​កាត់​បន្ថយ​ច្រើន»
លោក​ថា ក្រៅពី​ចំណុច​សំខាន់ៗ ដែល​បាន​លើក​ឡើង​នេះ គេ​នៅ​មើល​ឃើញ​ថា គ្រឿង​ស្រវឹង​គឺ​ជា​បញ្ហា​គ្រោះថ្នាក់​ធំ​មួយ​ទៀត ដែល​កំពុង​ប្រឈមមុខ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​បញ្ហា​នេះ​មិនសូវ​មាន​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ចាត់​វិធានការ​បង្ការ និង​ទប់ស្កាត់​នៅ​ឡើយ ទោះបី​គេ​ដឹង​ថា វា​ជះឥទ្ធិពល និង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​អំពើ​ឃាតកម្ម អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ជាដើម។
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា  នៅ​តាម​ទីក្រុង និង​ស្រុកស្រែ​ចម្ការ ទី​ប្រជុំជន ទី​ជនបទ ក្នុង​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា មាន​ក្រុម​មនុស្ស​ចាស់​ទាំង​ប្រុស​ស្រី និង​ក្រុម​យុវជន​កំពុង​នាំ​គ្នា​និយម​ទទួលទាន​គ្រឿង​ស្រវឹង។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​អ្នក​ខ្លះ​បាន​ប្រើប្រាស់​ទូរស័ព្ទ​តាម​បែប​សម័យ​ទំនើប ទូរស័ព្ទ​ហៅ​រក​គ្នីគ្នា និង​អ្នកខ្លះ​ទៀត បាន​ប្រកូកប្រកាស​ស្រែក​ហៅ​អ្នក​ស្គាល់​នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​គ្នា ​មក​ទទួលទាន​ស្រា ឬ​ស្រាបៀ។ ជួនកាល​គេ​ហៅ​អ្នក​ដើរ​ឆ្លងកាត់​វង់​ដែល​កំពុង​ទទួលទាន​ស្រា ឬ​ស្រាបៀ​នោះ ឲ្យ​ចូល​ទៅ​ដាក់​មួយ​កែវ​សិន ដើម្បី​ជា​ការ​គួរ​សម និង​ជា​កិច្ច​ស្វាគមន៍​រាប់​អាន​ស្គាល់​គ្នា។
ទន្ទឹម​នឹង​ការ​សេព​គ្រឿងស្រវឹង​សប្បាយ ក៏​មាន​បញ្ហា​ជាច្រើន​បាន​កើត​ជា​ហូរហែ ដូចជា​អ្នកខ្លះ​បាន​ឈ្លោះ​ទាស់ទែងគ្នា កាប់​ចាក់​គ្នា។ អ្នក​ខ្លះ​ត្រូវ​ឪពុក​ម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ទៅ​រក​រឿង​ឈ្លោះ​ប្រកែក​រហូត​កើត​មាន​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ សេព​គ្រឿងស្រវឹង​សប្បាយ​ភ្លេច​ការងារ ដែល​ធ្វើ​ឲ្យ​ខាតបង់​ទាំង​ពេល​វេលា និង​ថវិកា​ថែម​ទៀត។ ក្រោយ​ពី​ចូល​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ហើយ មនុស្ស​ភាគ​ច្រើន​បាត់​បង់​ការ​គ្រប់គ្រង​ម្ចាស់ការ​លើ​ខ្លួន​ឯង។ នៅ​ពេលនោះ អ្នកខ្លះ​បាន​ក្លាយ​ខ្លួន​ជា​ជនល្មើស​ក្នុង​អំពើ​ឃាតកម្ម អំពើ​ហិង្សា រងគ្រោះ​ថ្នាក់​ចរាចរណ៍ និង​ឈាន​ទៅ​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ជាដើម។
ជាក់​ស្ដែង​មាន​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ជាច្រើន​ដែល​គេ​សង្កេត​ឃើញ និង​កើត​មាន​ជា​ញឹកញាប់។ ក្នុង​នោះ​មាន ពូ​បង្កើត​ចាប់​រំលោភ​ក្មួយ ឪពុក​ចុង​ចាប់​រំលោភ​កូន​ដើម និង​ឪពុក​បង្កើត​ខ្លះ​ចាប់​កូន​ខ្លួន​ឯង​រំលោភ។ បញ្ហា​នេះ​គឺ​អាក្រក់​បំផុត​ដែល​គេ​ស្អប់ខ្ពើម ប៉ុន្តែ​វា​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ជា​ញឹកញាប់​ថែម​ទៀត៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons