. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, July 17, 2012

អ្នក​វិភាគ៖ ការ​ចាប់​លោក ម៉ម សូណង់ដូ ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា


2012-07-17
តុលាការ​បាន​ចោទ​ប្រកាន់ លោក ម៉ម សូណង់ដូ ជា​ផ្លូវ​ការ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​គុក​ព្រៃ​ស​នោះ ត្រូវ​បាន​ក្រុម​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​អះអាង​ថា កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ថយ​ក្រោយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ហើយ​ថា ករណី​នេះ​ជា​រឿង​នយោបាយ។
RFA/Tin Zakariya
មេធាវី​របស់​លោក ម៉ម សូណង់ដូ គឺ​លោក សុក សំអឿន (ឆ្វេង) និយាយ​ទៅ​កាន់​ភរិយា​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១២។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ​លើ​ករណី​លោក ម៉ម សូណង់ដូ នេះ ពីព្រោះ​ថា សកម្មភាព​រដ្ឋាភិបាល​ប្រើប្រាស់​តុលាការ​ដើម្បី​ចាត់​ការ​ទៅ​លើ​លោក ម៉ម សូណង់ដូ វា​ជះ​ឥទ្ធិពល​អាក្រក់​សម្រាប់​កម្ពុជា ដែល​ប្រកាន់​យក​នូវ​លទ្ធិប្រជាធិបតេយ្យ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ វា​មិន​មែន​ប៉ះពាល់​ផ្លូវ​ចិត្ត​តែ​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ​ទេ វា​ជា​សារ​អាក្រក់​មួយ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ ពិសេស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​តស៊ូ​មតិ​អំពី​បញ្ហា​កើត​មាន​ក្នុង​សង្គម។
លោក​បញ្ជាក់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ដូច្នេះ ជា​ការ​ព្រមាន​ដល់​អ្នក​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ៖ «ព្រឹត្តិការណ៍​នៃ​ការ​ប្រកាស​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ក្រោយ​ពេល ២៤​ម៉ោង ក្រុម​លោក សួន សេរីរដ្ឋា នៅ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ៊ីចឹង​លោក ម៉ម សូណង់ដូ បាន​ជួប​លោក សួន សេរីរដ្ឋា ដូច្នេះ​ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ»
មេធាវី​របស់​លោក ម៉ម សូណង់ដូ លោក សុក សំអឿន មាន​ប្រសាសន៍​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក​ចំនួន ៤​បទ​ចោទ ដោយ​ផ្អែក​លើ​ដីកា​របស់​តុលាការ​ខែត្រ​ក្រចេះ ក្នុង​នោះ​រួម​មាន អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់​ការ​លើ​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល ដូច្នេះ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា ទាំង​មូល ដោយ​ហេតុ​ថា តុលាការ​មិន​មាន​ភាព​ឯករាជ្យ​របស់​ខ្លួន ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ករណី​នោះ​ឲ្យបាន​ច្បាស់​លាស់​ទេ ដោយ​តុលាការ​បាន​សម្រេច​ឃុំ​ភ្លាមៗ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស៊ើប​សួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២។
ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ បាន​ពន្យល់​ថា ចំណាត់​ការ​របស់​តុលាការ​បែប​នេះ ជា​រឿង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ប្រទេស​ជាតិ​ទាំង​មូល។ លោក​បញ្ជាក់​ថា ចំណាត់​ការ​របស់​តុលាការ​នេះ វា​មិន​មែន​ឆ្លុះ​បញ្ចាំង​អំពី​តុលាការ​កម្ពុជា ជា​ស្ថាប័ន​ផ្ដល់​យុត្តិធម៌​សម្រាប់​លោក ម៉ម សុណង់ដូ នោះ​ទេ វា​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព​ទៅ​វិញ។
លោក យ៉េង វីរៈ៖ «រដ្ឋាភិបាល​អាច​ប្រាប់​សាធារណៈ​មតិ​ថា ការ​ធ្វើ​ដូច្នេះ តាម​ច្បាប់ តាម​នីតិវិធី​តុលាការ ប៉ុន្តែ​នៅ​ពេល​គេ​មើល​ទៅ​ឃើញ​ក្រឡែត​ថា ការ​ធ្វើ​ហ្នឹង​តាម​ទំនើង​ចិត្ត ជា​រឿង​នយោបាយ​អី​ទេ វា​អត់​ចំណេញ​អី​ទេ ការ​ធ្វើ​ហ្នឹង​ខាត​ច្រើន​ណាស់»
លោក ម៉ម សូណង់ដូ មាន​អាយុ ៧០​ឆ្នាំ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105។ កន្លង​មក​លោក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ទាក់ទង​នឹង​រឿង​មនុស្សធម៌​តាម​រយៈ​ជំនួយ​ពី​បរទេស។ លោក ម៉ម សូណង់ដូ ជា​បុគ្គល​មួយ​ដែល​ហ៊ាន​និយាយ​រិះគន់​ចំៗ​ទៅ​លើ​សកម្មភាព​អសកម្ម​របស់​រដ្ឋាភិបាល។
លោក លោក ម៉ម សូណង់ដូ បាន​វិល​ត្រឡប់​ពី​បរទេស​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១២ នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ដឹកនាំ​កិច្ច​ប្រជុំ​អាស៊ាន។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​អាស៊ាន​បាន​បញ្ចប់។
រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​គុក​នេះ ជា​លើក​ទី​៣​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០០៣ នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​លើក​ទី​៣។ ការ​ចាប់​ខ្លួន​លោក​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០០៥ ហើយ​រដ្ឋាភិបាល​បាន​ដោះលែង​លោក​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៦។
ភរិយា​លោក ម៉ម សុណង់ដូ អ្នកស្រី ឌិន ផាណារ៉ា បាន​ឲ្យ​ដឹង​នៅ​ខាង​ក្រៅ​របង​តុលាការ​ថា ស្វាមី​របស់​អ្នកស្រី​ជា​មនុស្ស​ស្អាតស្អំ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ។ អ្នកស្រី​អះអាង​ថា ដោយសារ​តែ​លោក ម៉ម សូណង់ដូ គ្មាន​ធ្វើ​អ្វី​ខុស​នោះ​ហើយ ទើប​ស្វាមី​របស់​គាត់​វិល​មក​មាតុ​ប្រទេស​វិញ​នោះ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​អះអាង​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​រូប​លោក ម៉ម សូណង់ដូ នៅ​ខណៈ​ដែល​កម្ពុជា កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​នោះ។
លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​បំពេញ​តួនាទី​របស់​ខ្លួន និង​បង្ហាញ​ពី​គំរូ​ល្អ​ដល់​ប្រទេស​ជា​សមាជិក។ ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​ដូច្នេះ ជា​រឿង​ខាត​បង់​ទៅ​វិញ​ទេ៖ «ប៉ុន្តែ​ខាត​មួយ​ទៀត គឺ​រូបភាព​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន និង​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ពិសេស​នៅ​ពេល​កម្ពុជា កំពុង​ដាក់​សុំ​ធ្វើ​ជា​សមាជិក​សន្តិសុខ​អចិន្ត្រៃយ៍ វា​ខាត​ច្រើន ខាត​អ្នក​វិនិយោគ​នៅ​កម្ពុជា ពិសេស​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហគមន៍​អឺរ៉ុប​មិន​ទិញ​ផលិតផល​កម្ពុជា ដូច្នេះ​វា​ប៉ះពាល់​ដល់​ទីផ្សារ»
បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ករណី​ចាប់​ខ្លួន​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ត្រូវ​បាន​អ្នក​វិភាគ​សង្គម លោក កែម ឡី បាន​ពន្យល់​ថា រដ្ឋាភិបាល​កំពុង​តែ​មាន​បំណង​ចង់​កាត់ផ្ដាច់​ចលនា​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ដូច្នេះ​វា​មិន​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ខ្លួន​ឯង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​ឥទ្ធិពល​អាក្រក់​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ផ្ទុយ​ពី​ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ​ពិត​ប្រាកដ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បដិសេធ​ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ ហើយ​ការ​លើក​ឡើង​ណា​មួយ​នោះ វា​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល ឬ​អ្នក​វិភាគ។
លោក ផៃ ស៊ីផាន៖ «នីតិរដ្ឋ​មិន​ស្ថិត​នៅ​លើ​ការ​អ្នក​ណា​ធ្វើ​ការ​វាយ​តម្លៃ​ទេ នីតិរដ្ឋ​ត្រូវ​គោរព​ដែន​សមត្ថកិច្ច​នីមួយៗ អាស្រ័យ​ដូច្នេះ សូម​ទាំង​អស់​គ្នា​រួម​គ្នា​ពង្រឹង​នីតិរដ្ឋ​ទាំង​អស់​គ្នា ទុក​ឲ្យ​តុលាការ​មើល​បន្ទុក​ក្នុង​ការ​ចោទ​ប្រកាន់ ជាមួយ​បន្ទុក​ដោះស្រាយ»
នៅ​ថ្ងៃ​ទី​១៦ កក្កដា នេះ​ដែរ នៅ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ជា​ផ្លូវ​ការ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​នោះ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​សម្ព័ន្ធ​អង្គការ-​សមាគម​ចំនួន ២២ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ​មិន​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ទេ។
គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​មាន​ចរិត​ជា​នយោបាយ ហើយ​សកម្មភាព​នេះ​​ក៏​ឆ្លុះ​បញ្ចាំង​ពី​ភាព​មិន​ឯករាជ្យ​របស់​តុលាការ​ដែល​អាច​ជា​មធ្យោបាយ​របស់​អ្នក​មាន​អំណាច​ប្រើប្រាស់​សំរាប់​បង្ក​ការ​គំរាម​កំហែង​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​ដែល​មាន​មតិ​ជំទាស់ និង​អាច​ឈាន​ទៅ​រក​ការ​បិទ​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz របស់​លោក ម៉ម សូណង់ដូ ទៀត​ផង។
បន្ថែម​លើ​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណងដូ មិន​មែន​ជា​រឿង​ឆ្លុះ​បញ្ចាំង​អំពី​ប្រទេស​កម្ពុជា ប្រាសចាក​ពី​នីតិរដ្ឋ​ប៉ុណ្ណោះ​ទេ ការ​ចាប់​ខ្លួន​នេះ រដ្ឋាភិបាល​កំពុង​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ផ្លាស់ប្ដូរ​បរិយាកាស​សង្គម​ទៅ​វិញ​ទេ មិន​មែន​មាន​ន័យ​ថា លោក ម៉ម សូណង់ដូ បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ដូច​ជា​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។
អ្នក​វិភាគ​បាន​ពន្យល់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ទប់​ស្កាត់​អ្នក​ប្រជាធិបតេយ្យ​បែប​នេះ មិន​អាច​ទប់​ស្កាត់​​ចលនា​នេះ​បាន​ទេ លុះ​ត្រា​តែ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​បែប​សេរី មាន​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​នីតិរដ្ឋ​ពិតប្រាកដ។
ប្រតិកម្ម​របស់​ខ្មែរ​អាមេរិកាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​សហរដ្ឋ​អាមេរិក ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ដាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កក្កដា នេះ។
ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង យល់​ឃើញ​ថា ទង្វើ​របស់​រដ្ឋាភិបាល​នេះ គឺ​ជា​អំពើ​អយុត្តិធម៌​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ ដែល​ហ៊ាន​និយាយ​ការ​ពិត ហ៊ាន​តវ៉ា និង​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​កម្ពុជា។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ម៉ៅ សុធានី អំពី​ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជុំវិញ​រឿង​នេះ៖

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons