. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, December 15, 2012

អ្នក​វិភាគ៖ លោក ហ៊ុន សែន គួរ​ទទួល​ជួប​លោក សុរិយា ស៊ូប៊ែឌី

ដោយ ដែន អយុធ្យា  RFA

2012-12-15
អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​បញ្ហា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​មិន​ជួប​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
RFA & AFP Photo
ពី​ឆ្វេង​: អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន។

អ្នក​វិភាគ​លើក​ឡើង​ថា ប្រមុខ​ដឹកនាំ​គួរ​ទទួល​ជួប​លោក សុរិយា ស៊ូប៊ែឌី ដើម្បី​ជជែក​គ្នា​ឲ្យ​ដឹង​ខុស​ដឹង​ត្រូវ ជា​ជាង​គេច​មិន​ហ៊ាន​ជួប​មុខ ហើយ​វាយ​ប្រហារ​ក្រោយ​ខ្នង។
ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ព្រម​បើក​ឱកាស​ឲ្យ​លោក សុរិយា ស៊ូប៊ែឌី ចូល​ជួប​ពិភាក្សា​នេះ នាំ​ឲ្យ​អ្នក​វិភាគ​ស្ថានការណ៍​សង្គម និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​រិះគន់​ចំពោះ​បញ្ហា​នេះ។ ពួក​គាត់​ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​មិន​គួរ​មិន​ទទួល​ជួប​តំណាង​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ​នោះ​ទេ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ថ្លែង​ជា​សាធារណៈ​ថា លោក​គ្មាន​កាតព្វកិច្ច​ណា​មួយ​ដែល​ត្រូវ​ទទួល​ជួប​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា នោះ​ទេ ព្រោះ​ថា​កម្ពុជា ជា​រដ្ឋ​មាន​អធិបតេយ្យ​ពេញ​លេញ ដែល​មិន​ចាំ​បាច់​ស្តាប់​ការ​ណែនាំ​ពី​ជន​បរទេស​នោះ​ឡើយ។
លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​សង្គម បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សុរិយា ស៊ូប៊ែឌី គួរ​មាន​ឱកាស​ជួប​ពិភាក្សា និង​លើក​យក​បញ្ហា​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​កន្លង​មក​ដើម្បី​ដោះស្រាយ។ លោក​ថា ការ​ខ្វែង​គំនិត ឬ​មិន​យល់​ស្រប​គ្នា​លើ​បញ្ហា​អ្វី​មួយ គួរ​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ជា​ជាង​គេច​មុខ​គ្នា ហើយ​បើ​គេច​មុខ​គ្នា មិន​អាច​ដោះស្រាយ​បាន​ទេ។
មិន​ខុស​គ្នា​ទេ សម្រាប់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​សោកស្ដាយ​ដែល​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​គ្មាន​សេចក្តី​ក្លាហាន និង​មិន​ហ៊ាន​ជួប​មុខ​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា ពេល​នេះ។ លោក​ថា ការ​ដែល​ប្រមុខ​ដឹកនាំ​មិន​ទទួល​ជួប​លោក សុរិយា ស៊ូប៊ែឌី បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អាម៉ាស់​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។ លោក​បញ្ជាក់​ថា ទំនាស់​កើត​ឡើង​បើ​ភាគី​ទំនាស់​មិន​ចូល​ខ្លួន​មក​ដោះស្រាយ​រួម​គ្នា​ទេ បញ្ហា​ដែល​កើត​មាន​ជាមួយ​គ្នា​នឹង​មិន​អាច​ដំណោះស្រាយ​បាន​ទេ។ ការ​គេចវេស​លើ​បញ្ហា​អ្វី​មួយ ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​គូ​ភាគី​ទំនាស់ ហើយ​ទំនាស់​ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ។
ចំណែក​លោក ធន សារ៉ាយ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) មាន​ប្រសាសន៍​ថា ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​លោក សុរិយា ស៊ូប៊ែឌី អាច​ជា​ដើម​ហេតុ​នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​មិន​ចង់​ជួប​មន្ត្រី​អង្គការ ​សហប្រជាជាតិ​រូប​នេះ។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ថ្ងៃ​ខាង​មុខ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាច​មាន​ជំហរ​ផ្សេង ឬ​ក៏​អាច​ទទួល​ជួប​លោក សុរិយា ស៊ូប៊ែឌី ក៏​ថា​បាន។ លោក ធន សារ៉ាយ បាន​ចាត់​ទុក​វត្តមាន​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក ស៊ូប៊ែឌី មក​កម្ពុជា គឺ​ដើម្បី​ជួយ​បំពេញ​នូវ​ចំណុច​ខ្វះ​ខាត​ដែល​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​លើ​វិស័យ​មួយ​ចំនួន ប៉ុន្តែ​បើ​ប្រមុខ​ដឹកនាំ​បដិសេធ​ជំនួប​របស់​គាត់ នឹង​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ខាត​ប្រយោជន៍​ទៅ​វិញ​ទេ។
ចំណែក​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ យល់​ឃើញ​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​គេច​មិន​ហ៊ាន​ជួប​មុខ​តំណាង​ពិសេស​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នាំ​ឲ្យ​កម្ពុជា បាត់​បង់​កិត្តិយស។ លោក​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អន្តរជាតិ​ឲ្យ​បាន​ច្រើន ជា​ជាង​គេច​មិន​ជួប​មុខ ឬ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន។ លោក​ព្រមាន​ថា មេ​ដឹកនាំ​ខ្មែរ​មិន​គួរ​គេច​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ទិតៀន ឬ​មិន​ទទួល​យក​អនុសាសន៍​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ យក​មក​កែ​លំអ​នោះ​ទេ។
យ៉ាង​នេះ​ក្តី លោក​បណ្ឌិត សុខ ទូច ដែល​ជា​នាយក​សាកលវិទ្យាល័យ​ខេមរៈ ផង​នោះ បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា បើ​ប្រមុខ​ដឹកនាំ​អនុញ្ញាត​ឲ្យ​លោក សុរិយា ស៊ូប៊ែឌី ចូល​ជួប រាល់​បញ្ហា​ដែល​កើត​មាន ឬ​រាល់​ការ​ចោទ​ប្រកាន់​នានា​កន្លង​មក​នឹង​អាច​ដោះស្រាយ​បាន។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ព្រឹក​ថ្ងៃ​ទី១៣ ខែ​ធ្នូ លោក​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​គ្មាន​កាតព្វកិច្ច​ណា​មួយ​ដែល​ត្រូវ​ជួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក សុរិយា ស៊ូប៊ែឌី នោះ​ទេ។ លោក​ថា កម្ពុជា ជា​រដ្ឋ​មាន​អធិបតេយ្យ​ពេញ​លេញ​ដែល​មិន​ចាំបាច់​ស្តាប់​ការ​ណែ​នាំ​ពី​ជន​ បរទេស​នោះ​ទេ។
ការ​បដិសេធ​របស់​ប្រមុខ​ដឹកនាំ ធ្វើ​ឡើង​ស្រប​ពេល​លោក សុរិយា ស៊ូប៊ែឌី បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ហើយ​ព្យាយាម​ជួប​រូប​លោក ដើម្បី​ពិភាក្សា​ឈាន​ទៅ​រក​ការ​កែ​លំអ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
លោក​នាយក​រដ្ឋមន្ត្រី គូស​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា តម្រូវ​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​តែ​ចំពោះ​មុខ​រដ្ឋសភា និង​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណោះ។ លោក​ថា ការ​ដែល​រូប​លោក​សម្រេច​មិន​ជួប​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូប ​នេះ គឺ​លោក​ចង់​ព្រមាន​ថា កម្ពុជា ជា​រដ្ឋ​ឯករាជ​មួយ។
លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៥ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១៤ ធ្នូ ២០១២។ នេះ​ជា​លើក​ទី៨ ហើយ ដែល​លោក សុរិយា ស៊ូប៊ែឌី បាន​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា។ លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចងក្រង​របាយការណ៍​វិភាគ​ម៉ត់ចត់​ចំនួន​៤ ដែល​មាន​ខ្លឹមសារ និង​សារសំខាន់​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ឧបសគ្គ​ទាំង​ឡាយ​ដែល​ប្រទេស​កម្ពុជា កំពុង​ប្រឈម​ក្នុង​បំណង​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ។ លោក​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ធ្វើ​ការ​សម្រាប់​សង្គម​ កម្ពុជា ទាំង​អស់ រួម​មាន​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍។
លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​បន្ថែម​តាម​សារ​អេឡិចត្រូនិក​ថា៖ «ខ្ញុំ ​គ្មាន​ចេតនា​ណា​មួយ​ដើម្បី​ចាប់​បង្ខំ​អោយ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​សំណើ ឬ​អនុសាសន៍​របស់​ខ្ញុំ​ឡើយ។ កិច្ចការ​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ទាំង​អស់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​ខ្ញុំ ក្នុង​នាម​តំណាង​អោយ​អង្គការ​សហប្រជាជាតិ ដើម្បី​ផ្តល់​ឱវាទ​ដល់​រដ្ឋាភិបាល​ដែល​មាន​កាតព្វកិច្ច​ក្រោម​ច្បាប់​ អន្តរជាតិ។ ជាមួយ​គ្នា​នោះ​ដែរ ក្នុង​នាម​ជា​អ្នក​ជំនាញ​ឯករាជ​របស់​អង្គការ​សហប្រជាជាតិ​ម្នាក់ ខ្ញុំ​ផ្តល់​យោបល់​ដើម្បី​ភាព​រីក​ចម្រើន​ទៅ​មុខ។ ខ្ញុំ​មាន​ការ​គោរព​យ៉ាង​ពេញ​លេញ​ចំពោះ​អធិបតីភាព​របស់​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​នេះ»
កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ជា​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក សុរិយា ស៊ូប៊ែឌី បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​ថា ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា ពេល​នេះ មាន​បំណង​តាម​ដាន​ការ​អនុវត្ត​អនុសាសន៍​​ចំនួន ៤​ចំណុច ដែល​លោក​បាន​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា កន្លង​មក។
លោក ស៊ូប៊ែឌី មាន​ប្រសាសន៍​ថា លោក​ចង់​ដឹង​ថា តើ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក និង​អនុវត្ត​អនុសាសន៍​របស់​លោក​បាន​កម្រិត​ណា មាន​ឧបសគ្គ​អ្វី ដែល​អនុវត្ត​មិន​បាន ហើយ​លោក​អាច​ជួយ​អ្វី​ទៀត ដើម្បី​ជំរុញ​ឲ្យ​អនុសាសន៍​ទាំង​នោះ​អនុវត្ត​បាន​ពេញ​លេញ។
អនុសាសន៍​ចំនួន​៤ របស់​លោក សុរិយា ស៊ូប៊ែឌី ដើម្បី​លើក​ស្ទួយ​នីតិរដ្ឋ ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​រួម​មាន កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​លោក​ថា​គ្មាន​ការ​រីក​ចម្រើន​សោះ កំណែ​ទម្រង់​រដ្ឋសភា កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់​ដីធ្លី។
របាយការណ៍ និង​អនុសាសន៍​នានា​របស់​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា មាន​ការ​ទទួល​ស្គាល់ និង​វាយ​តម្លៃ​ខ្ពស់​ពី​មន្ត្រី​ការទូត​បរទេស​នានា​នៅ​កម្ពុជា។
នៅ​ក្នុង​ឱកាស​ខួប​លើក​ទី៦៤ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ តំណាង​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ក៏​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​នៃ​របាយការណ៍ និង​អនុសាសន៍​របស់​លោក ស៊ូប៊ែឌី និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់ និង​ធ្វើ​ការ​កែ​លំអ​ចំណុច​ខ្វះ​ខាត​តាម​របាយការណ៍​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons