. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, December 19, 2012

អាដហុក៖ ការ​ប្រើ​អាវុធ​បាញ់​សម្លាប់​មនុស្ស​កើន​ឡើង​នៅ​ខេត្ត​ពោធិ៍សាត់

ដោយ មណ្ឌល កែវ (ទាញយកពី អាស៊ីសេរី)

2012-12-19
សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (ADHOC) សាខា​ខេត្ត​ពោធិ៍សាត់ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ករណី​ប្រើប្រាស់​អាវុធ​បាញ់​សម្លាប់​ មនុស្ស​ដែល​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ខេត្ត​នេះ។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា បាន​ចាត់​ទុក​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ថា​ ជា​បរាជ័យ​របស់​អាជ្ញាធរ​ដែនដី​ក្នុង​ការ​អនុវត្ត​គោលការណ៍​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល។
លោក ភួង សុធា ជា​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ ធ្នូ ថា គិត​ចាប់​ពី​ដើម​ខែ​មករា រហូត​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២ នេះ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​សុំ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​ស្ដីពី​ការ​ រំលោភ​សិទ្ធិ​មនុស្ស​ចំនួន ៧៦​ករណី។
លោក​បន្ត​ថា ករណី​ដែល​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ប្រចាំ​ខេត្ត​នេះ​មាន​ការ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ការ​កើន​ឡើង​នៃ​អំពើ​បាញ់​សម្លាប់​មនុស្ស​ដោយ​ប្រើប្រាស់​កាំភ្លើង​ជា​ អាវុធ ដែល​បាន​កើត​ឡើង​ចំនួន ៥​ករណី៖ «យើង​ឃើញ​ថា ករណី​ខ្លះ​រហូត​មាន​ការ​ផ្ដាច់​ជីវិត​មនុស្ស តែ​បែរ​ជា​មាន​ការ​ជួយ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ដែនដី កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាច​រអា​ក្នុង​ការ​ដាក់​បណ្ដឹង។ សកម្មភាព​បែប​នេះ​ហាក់​បង្ហាញ​ថា អាជ្ញាធរ​ដែនដី និង​កម្លាំង​ប្រដាប់​អាវុធ​កំពុង​ជួយ​អោប​ក្រសោប​ការពារ​ជន​ល្មើស»
របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​បញ្ជាក់​ថា បណ្ដឹង​ទាំង​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង ៧៦​ករណី​នោះ មាន​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម ៤៣​ករណី ការ​រំលោភ​សេពសន្ថវៈ ១៤​ករណី ការ​រើសអើង​នយោបាយ ៥​ករណី មនុស្ស​ឃាត ៣​ករណី អំពើ​ហិង្សា​ក្នុង​គ្រួសារ ៣​ករណី ទំនាស់​ដីធ្លី ៣​ករណី ឃ្លាំ​មើល​ការ​តវ៉ា ២​ករណី គំរាម​កំហែង​អ្នក​សារព័ត៌មាន ១​ករណី ហិង្សា​ដោយ​ចេតនា ១​ករណី និង​និទ្ទណ្ឌភាព ១​ករណី។
ករណី​មួយ​នៅ​ឃុំ​ស្នាអន្សា កាល​ពី​ថ្ងៃ​ទី១១ ធ្នូ គ្រួសារ​ជន​រងគ្រោះ និង​អ្នក​ភូមិ​ស្វាយស ឃុំ​ស្នាអន្សា ជាង ៧០​នាក់ បាន​នាំគ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដោយ​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ស្នាអន្សា ថា​បាន​បាញ់​ជន​រងគ្រោះ​ឲ្យ​រង​របួស។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ហោ សារ៉េត ត្រូវ​ជា​អ៊ំ​ស្រី​របស់​ជន​រងគ្រោះ​បាន​ចោទ​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​បាន​បាញ់​ក្មួយ​ប្រុស​គាត់​ឲ្យ​រង​របួស ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​បក្ខពួក​ចូល​ទៅ​កាប់​សម្លាប់៖ «ឈ្មោះ មោក ភារម្យ ក៏​បាន​ដេញ​បាញ់​តែ​ម្ដង។ បាញ់​ចំនួន ៣​គ្រាប់ ពេល​នោះ​បើ​តាម​គេ​ឃើញ​ថា​ត្រូវ​ជើង ព្រោះ​ឃើញ​រត់​ប៉ាំង​ខ្ញើចៗ។ ដល់​ពេល​មួយ​គ្រាប់​ទៀត ត្រូវ​ស្មា​ក៏​គ្នា​រត់​ចូល​ទៅ​ពួន​ក្នុង​គុម្ព​ឫស្សី ដល់​អ៊ីចឹង ឈ្មោះ មោក ភារម្យ ក៏​តាម​ទៅ​ភ្ជង់​រួច​ពួក​អ្នក​កាន់​កាំបិត​ពូថៅ ក៏​ចូល​ទៅ​កាប់​ឲ្យ​ស្លាប់​តែ​ម្ដង»
យ៉ាង​នេះ​ក្ដី ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចាន់ធី មាន​ប្រសាសន៍​ថា របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ប៉ូលិស​ចាប់​បាន​ជន​ល្មើស​មក​ផ្ដន្ទាទោស​ជា​បន្ត​បន្ទាប់។ ចំពោះ​ករណី​មួយ​ចំនួន​ទៀត អាជ្ញាធរ​ប៉ូលិស​ក៏​នៅ​តែ​បន្ត​ការ​តាម​ស្រាវជ្រាវ​មិន​ឲ្យ​ជន​ល្មើស​រត់​ រួច​ពី​សំណាញ់​ច្បាប់​ឡើយ៖ «កន្លង​ទៅ ករណី​ប្រើប្រាស់​អាវុធ​ពាក់ព័ន្ធ​ករណី​ប្លន់​ប្រជាពលរដ្ឋ យើង​នៅ​តាម​ជនបទ។ អ៊ីចឹង​ហើយ របាយការណ៍​របស់​អាដហុក គឺ​គេ​រាប់​បញ្ចូល​ក្នុង​ករណី​ហ្នឹង​ហើយ។ តែ​យើង​កំពុង​បំបាត់​បញ្ហា​នេះ តាម​រយៈ​គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព។ ចំពោះ​ករណី​ដែល​យើង​ធ្វើ​មិន​ទាន់​បាន ក៏​យើង​មិន​ទាន់​បិទ​សំណុំ​រឿង​ដែរ»
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ភួង សុធា មាន​ប្រសាសន៍​ថា ការ​អង្កេត​បាន​បង្ហាញ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាទូទៅ​ក្នុង​ខេត្ត​នេះ មាន​ការ​កើន​ឡើង​បើ​ធៀប​ទៅ​ឆ្នាំ​២០១១ កន្លង​ទៅ ដែល​បាន​កើត​មាន​តែ ៦៨​ករណី​ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons