. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, December 23, 2012

លោក ចាន់ សុវ៉េត ត្រៀម​ខ្លួន​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​២៤ ធ្នូ

ដោយ វណ្ណ វិចារ

2012-12-23 RFA
សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក គឺ​លោក ចាន់ សុវ៉េត នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៤ ធ្នូ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
RFA Photo
អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១១។

លោក ចាន់ សុវ៉េត សកម្មជន​ការពារ​សិទ្ធិ​មនុស្ស នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី ​ភ្នំពេញ។ ប៉ុន្តែ​សមាគម​អាដហុក មិន​បាន​រៀបចំ​ឲ្យ​មាន​ការ​ចូល​រួម​គាំទ្រ​ណា​មួយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ នោះ​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក និង​លោក ចាន់ សុវ៉េត ខ្លួន​ឯង សុទ្ធតែ​ត្រៀម​ខ្លួន​រួច​ជា​សម្រេច​ដើម្បី​ដោះ​បន្ទុក​ឲ្យ​រួច​ពី​ការ​ចោទ​ ប្រកាន់​ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​នេះ។
ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​កន្លង​ទៅ​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ថា លោក ចាន់ សុវ៉េត មិន​បាន​ធ្វើ​អ្វី​ឲ្យ​ផ្ទុយ​នឹង​ច្បាប់​ឡើយ។ លោក​បន្ត​ថា សមាគម​អាដហុក បាន​ត្រៀម​មេធាវី ៣​នាក់ សម្រាប់​ការពារ​ក្តី​ឲ្យ​លោក ចាន់ សុវ៉េត តែ​អាដហុក មិន​បាន​រៀបចំ​ឲ្យ​មាន​ពលរដ្ឋ​គាំទ្រ​ទេ។
លោក នី ចរិយា បញ្ជាក់​ថា កន្លង​ទៅ​សង្គម​ស៊ីវិល​នានា និង​ម្ចាស់​ជំនួយ​មាន​ការ​គាំទ្រ និង​ជំរុញ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំងក្លា​ដល់​លោក ចាន់ សុវ៉េត ព្រោះ​ថា លោក​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «យើង​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ទៅ​តាម​នីតិវិធី យើង​មិន​ប្រើប្រាស់​នីតិវិធី​ផ្សេង​ក្រៅ​ពី​ផ្លូវ​ច្បាប់​នោះ​ទេ។ យើង​សូម​អរគុណ​ចំពោះ​សង្គម​ស៊ីវិល​នានា ដែល​គាំទ្រ​លោក ចាន់ សុវ៉េត។ យើង​មាន​ភស្តុតាង​បង្ហាញ​ចៅក្រម​ស៊ើបសួរ​ពី​សកម្មភាព​របស់​អាដហុក និង​លោក ចាន់ សុវ៉េត ថា​មិន​មាន​អ្វី​ផ្ទុយ​នឹង​ច្បាប់​ទេ»
លោក នី ចរិយា បន្ត​ថា កាល​ពី​ពេល​ថ្មីៗ​នេះ សហគមន៍​អឺរ៉ុប បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ចំពោះ​សកម្មភាព​អាដហុក តែ​ក៏​មិន​បាន​បញ្ជាក់​ថា នឹង​មាន​ចំណាត់​ការ​យ៉ាង​ណា​ចំពោះ​ករណី​លោក ចាន់ សុវ៉េត ដែរ។
ទន្ទឹម​នឹង​នេះ អនុប្រធាន​ផ្នែក​ដីធ្លី​របស់​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា មក​ដល់​ថ្ងៃ​នេះ លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ តែ​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំភ្លឺ​ចំពោះ​មុខ​ចៅក្រម​ ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ទាំង​សមាគម​អាដហុក និង​រូប​លោក​ផ្ទាល់ ចង់​បាន​នូវ​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ប្រកប​ដោយ​ស្មារតី​ទន់ភ្លន់។

លោក ចាន់ សុវ៉េត បញ្ជាក់​ថា លោក​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ ដែល​លើក​ឡើង​ផ្ទុយ​នឹង​ច្បាប់​ប្រទេស​កម្ពុជា៖ «ថ្ងៃ​ច័ន្ទ គឺ​ថ្ងៃ​២៤ អ៊ីចឹង​គិត​ថា ខ្ញុំ​គ្មាន​អី​ចាប់​អារម្មណ៍​ប្លែក​ខុស​ពី​ធម្មតា​ទេ។ ការ​សង្ស័យ​ការ​ចោទ​ប្រកាន់​ហ្នឹង ទាំង​ខ្ញុំ ទាំង​សង្គម​ស៊ីវិល ទាំង​អស់​គ្នា​ហ្នឹង ពិត​ជា​ទទួល​យក​អត់​បាន​ទេ។ ជុំវិញ​បញ្ហា​ហ្នឹង​សមាគម​អាដហុក ប្រកាន់​ជំហរ​ទន់ភ្លន់ ឯករាជ្យ យក​ច្បាប់​ជា​ធំ។ យើង​ធ្វើ​ការងារ​ដើម្បី​ពង្រឹង​ច្បាប់​ទាំង​អស់​គ្នា ហើយ​បើ​ការ​អនុវត្ត​ច្បាប់​មិន​ស្រប​នឹង​នីតិវិធី នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល»

ទាក់ទិន​សំណុំ​រឿង​ បង្កើត​តំបន់​អបគមន៍​នេះ តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​ទោស​មនុស្ស​ជា​ច្រើន​នាក់​រួច​ទៅ​ហើយ រាប់​ទាំង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ឲ្យ​ជាប់​គុក ២០​ឆ្នាំ។ ការ​សម្រេច​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ស្ទើរ​ពាសពេញ​ពិភពលោក រាប់​ទាំង​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា តែង​តែ​បដិសេធ​ថា តុលាការ​កម្ពុជា​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។
ទោះ​យ៉ាង​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់ចែង​ឲ្យ​មាន​ក្រុម​ការងារ​ចុះ​ឃ្លាំមើល​ដំណើរ​ការ​សាកសួរ​លោក ចាន់ សុវ៉េត នៅ​តុលាការ។ លោក​បន្ត​ថា រដ្ឋាភិបាល​ព្យាយាម​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​បំបាក់​ សំឡេង​ប្រឆាំង និង​បំបាក់​ស្មារតី​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។
លោក អ៊ូ វីរៈ ប្រៀបធៀប​ថា លោក ចាន់ សុវ៉េត ខិតខំ​ធ្វើ​ការងារ​យ៉ាង​ច្រើន តែ​បែរ​ជា​ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ផ្ទុយ​ពី​លោក ឈូក បណ្ឌិត ដែល​បាញ់​កម្មការិនី​ឲ្យ​របួស ហើយ​បែរ​ជា​ត្រូវ​រួច​ខ្លួន​ទៅ​វិញ៖ «រឿង​រ៉ាវ​លោក ចាន់ សុវ៉េត ហ្នឹង ជា​ការ​គំរាមកំហែង​មួយ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល។ យើង​ចាំ​មើល​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​មាន​ការ​ភ័យ​ខ្លាច ហើយ​ការងារ​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នឹង​ធ្លាក់​ចុះ»
លោក អ៊ូ វីរៈ បន្ត​ថា ក្នុង​នាម​ជា​ពលរដ្ឋ​មិន​ត្រូវ​ឱប​ដៃ​ឈរ​មើល​រឿង​រ៉ាវ​អយុត្តិធម៌​ឡើយ គឺ​ទាំង​អស់​គ្នា​ត្រូវ​ជំរុញ​យ៉ាង​ណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។
ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ នៅ​ដើម​ខែ​ធ្នូ បាន​ចេញ​ដីកា​កោះ​ហៅ​ថ្មី​មួយ​ទៀត​ទៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ធ្នូ ឆ្នាំ​២០១២ ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​តាម​មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ទាក់ទង​រឿង​ទំនាស់​ដី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ រដ្ឋាភិបាល​នៅ​ខេត្ត​ក្រចេះ បន្ទាប់​ពី​លោក ចាន់ សុវ៉េត ខកខាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ម្ដង​រួច ដោយសារ​តែ​លោក​ជាប់​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស។
ក្នុង​រឿង​ក្តី​បង្កើត​តំបន់​អបគមន៍​នេះ តុលាការ​បាន​សម្រេច​ដាក់​គុក​លោក ម៉ម សូណង់ដូ និង​ពលរដ្ឋ​មួយ​ចំនួន​រួច​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​គណបក្ស​នយោបាយ និង​សហភាព​អឺរ៉ុប បាន​ថ្លែងការណ៍​ផ្ទាល់​មាត់ និង​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ថ្កោលទោស​តុលាការ​កម្ពុជា។
តាម​សេចក្ដី​ថ្លែងការណ៍​ករណី​កាត់​ទោស​លោក ម៉ម សូណង់ដូ ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​ដែល​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​បាញ់​រះ​លើ​ពលរដ្ឋ​ហើយ​ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ឈ្មោះ ហេង ចន្ថា រង​គ្រោះ​រហូត​បាត់បង់​អាយុ​ជីវិត​មិន​បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នោះ​ឡើយ ហើយ​បង្វែរ​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​លោក ម៉ម សូណង់ដូ ទៅ​វិញ។
ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ថា ដើម្បី​ការពារ​កេរ្តិ៍​ឈ្មោះ​តុលាការ​រាជធានី​ភ្នំពេញ ត្រូវ​តែ​ផ្ដល់​យុត្តិធម៌​ជូន​លោក ចាន់ សុវ៉េត បើ​ពុំ​ដូច​នោះ​ទេ កម្ពុជា​នឹង​មាន​កេរ្តិ៍​កាន់​តែ​អសោច​ថែម​ទៀត បណ្ដាល​មក​ពី​តុលាការ​មិន​យុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons