. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, December 28, 2012

ពលករ​កម្ពុជា​ភាគ​ច្រើន​នៅ​តែ​បន្ត​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់

ដោយ អាន ស៊ីថាវ   RFA

2012-12-28
ពលករ​ចំណាក​ស្រុក​កម្ពុជា ដោយ​ខុស​ច្បាប់ តែង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​នានា ឬ​បញ្ហា​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​ការ​ជួញ​ដូរ​មនុស្ស។
RFA/Soun Sophalmony
ក្រុម​អ្នក​កាសែត​ថត​រូប​រថយន្ត​ដែល​ដឹក​ពលករ ​ខ្មែរ ២១​នាក់ បញ្ជូន​មក​ពី​ប្រទេស​ថៃ មក​ដល់​ទឹក​ដី​ខ្មែរ​នៅ​ជាប់​គល់​ស្ពាន​មិត្តភាព​កម្ពុជា-​ថៃ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១០។

ទោះ​បី​ជា​មាន​ឧបសគ្គ​នេះ​ក៏​ដោយ ពលករ​កម្ពុជា ភាគ​ច្រើន​នៅ​តែ​ធ្វើ​ការ​ចំណាក​ស្រុក​ខុស​ច្បាប់ ដោយ​សារ​តែ​ភាព​ខ្វះ​ខាត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ការ​ងារ​គ្រប់​គ្រាន់ ហើយ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ទទួល​បាន​បៀវត្ស​ខ្ពស់​ជាង​ពលកម្ម​ក្នុង​ប្រទេស​កម្ពុជា។
សេចក្ដី​ប្រកាស​ក្រុង​បាងកក ស្ដី​ពី​ទេសន្តរប្រវេសក៍​មិន​ស្រប​ច្បាប់ បាន​ប្រកាស​ថា ទេសន្តរប្រវេសក៍​អន្តរជាតិ ជា​ពិសេស​ទេសន្តរប្រវេសក៍​មិន​ស្រប​ច្បាប់ បាន​ក្លាយ​ជា​ក្ដី​កង្វល់​កាន់​តែ​ច្រើន​ឡើង​ដល់​សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និង​សន្តិសុខ នៅ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជាក់​ស្ដែង​ប្រទេស​កម្ពុជា មាន​ពលករ​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ច្រើន​ជាង ៣​សែន ៥​ម៉ឺន​នាក់ ភាគ​ច្រើន​ធ្វើ​ការ​ងារ​មិន​ស្រប​ច្បាប់ ជា​ពិសេស​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។
ការ​ចំណាក​ស្រុក​នេះ បាន​បង្ក​ជា​ក្ដី​ព្រួយ​បារម្ភ​ដល់​អ្នក​ធ្វើ​គោល​នយោបាយ ឬ​រដ្ឋាភិបាល អំពី​ភាព​ខ្វះ​ខាត​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទេសន្តរប្រវេសក៍​មិន​ស្រប​ច្បាប់ ជា​បញ្ហា​រសើប ស្មុគ​ស្មាញ និង​ពិបាក​បំផុត ដោយ​បាន​ចោទ​ជា​បញ្ហា​ខាង​គ្រប់គ្រង​ដល់​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល ហើយ​ជា​រឿយៗ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ធ្វើ​ឡើង​នៅ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ ដូច្នេះ​បញ្ហា​នេះ​ពិបាក​កត់ត្រា និង​ពិនិត្យ​តាម​ដាន​អំពី​ពលករ​ទាំង​នោះ។
ទោះ​ជា​យ៉ាង​ណា ទេសន្តរប្រវេសក៍​មិន​ស្រប​ច្បាប់​ក៏​បាន​ចោទ​ជា​បញ្ហា​ខាង​កិច្ច​ការពារ​ ដែរ។ ស្ថាន​ភាព​ខុស​ច្បាប់ បាន​ដាក់​ទោស​ដល់​អ្នក​ដែល​ឆ្លង​ដែន​ធ្វើ​ការ​ដោយ​មិន​ស្រប​ច្បាប់ ឲ្យ​ស្ថិត​ក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ​បំផុត ដូច​ជា​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​ពី​សំណាក់​ថៅកែ ឬ​និយោជក ហើយ​ពួក​គេ​ពុំ​បាន​ទទួល​កិច្ច​ការពារ​តាម​ផ្លូវ​ច្បាប់​ទេ។
ការ​សិក្សា​ជា​ច្រើន បាន​បង្ហាញ​លើ​លក្ខខ័ណ្ឌ​រស់​នៅ និង​ការ​ងារ​របស់​ពលករ​មិន​ស្រប​ច្បាប់ បាន​បង្ហាញ​ពី​វត្តមាន​កម្រិត​ខ្ពស់​នៃ​ការ​កេង​ប្រវ័ញ្ច ដែល​ជា​ទូទៅ​មាន​ទម្រង់​ជា​លក្ខណៈ​បោក​បញ្ឆោត​លើ​ប្រាក់​ឈ្នួល ការ​កាត់​ប្រាក់​ខែ ការ​ដក​ហូត​លិខិត​ឆ្លង​ដែន និង​ឯកសារ​សម្គាល់​ខ្លួន ការ​ឃុំ​ខ្លួន លក្ខខ័ណ្ឌ​ការងារ​ក្រោម​ស្តង់ដារ និង​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ។
របាយការណ៍​ដែល​សិក្សា​ដោយ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (ស៊ី.ឌី.អរ.អាយ = CDRI) ប្រចាំ​ឆ្នាំ​២០១១ ទេសន្តរប្រវេសក៍​មិន​ស្រប​ច្បាប់​នៅ​កម្ពុជា បាន​បង្ហាញ​ថា នៅ​កម្ពុជា ទេសន្តរប្រវេសក៍​ភាគ​ច្រើន​មិន​ស្រប​ច្បាប់។ មូល​ហេតុ​ធំ​ដែល​ជំរុញ​ឲ្យ​គាត់​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ រួម​មាន ភាព​ក្រីក្រ​រ៉ាំរ៉ៃ ការ​លំបាក​ក្នុង​ការ​រក​ចំណូល បញ្ហា​ផ្សេងៗ​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ចំណាក​ស្រប​ច្បាប់ រួម​ទាំង​កង្វះ​ការ​ងារ​ជា​ដើម។
ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏​ធ្លាប់​បាន​អះអាង​ថា ការងារ​នៅ​ប្រទេស​កម្ពុជា មាន​គ្រប់​គ្រាន់​សម្រាប់​ស្រូប​យក​ពលកម្ម ប៉ុន្តែ​កត្តា​ដែល​ជំរុញ​ពលករ​ចំណាក​ស្រុក គឺ​ភាព​ខ្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​កម្ពុជា។
បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​ការ​ផ្សព្វ​ផ្សាយ​ក៏ដោយ ប៉ុន្តែ​កត្តា​ទាក់​ទាញ​ពលករ​ចំណាក​ស្រុក​នោះ គឺ​ការ​ផ្ដល់​ប្រាក់​បៀវត្ស​ខ្ពស់​ជាង​ការ​ងារ​នៅ​ប្រទេស​កម្ពុជា ហើយ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ពលកម្ម​ចំណាក​ស្រុក​ ច្រើន​ទៅ​ក្រៅ​ប្រទេស ដូច​ជា​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ជា​ដើម។
លោក យ៉ា ណាវុធ មាន​ប្រសាសន៍​បន្ត​យុទ្ធសាស្ត្រ​មួយ​ដែល​អាច​អនុវត្តន៍​បាន​សម្រាប់​ការ​ កាត់​បន្ថយ​ពលករ​ចំណាក​ស្រុក គឺ​ការ​លើក​កម្ពស់​ស្ថានភាព​ការងារ៖ «បើ​ សិន​ជា​យើង​អាច​កែ​លំអ​ពី​លក្ខខ័ណ្ឌ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​យើង​អាច​បង្កើន​ប្រាក់​បៀវត្ស​យើង​ឲ្យ​ច្រើន​ជាង​ហ្នឹង​បន្តិច»
ទោះ​ជា​យ៉ាង​ណា ក្នុង​ករណី​ភាគ​ច្រើន ពលករ​មិន​ស្រប​ច្បាប់​តែង​មាន​ការ​ជួយ​សម្រួល​ដោយ​ពលករ​ផ្សេង​ដែល​មាន​បទ​ ពិសោធន៍ ឬ​ឈ្មួញ​កណ្ដាល ហើយ​ដំណើរ​ការ​វា​ងាយ​ស្រួល និង​ថោក​ជាង​ការ​ជ្រើស​រើស​ផ្លូវ​ការ។ ការ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ប្រទេស​កម្ពុជា មាន​តម្លៃ​ខ្ពស់​ជាង​គេ ដែល​តាម​ការ​ប៉ាន់​ស្មាន​មាន​ចំនួន​ជាង ១៣០​ដុល្លារ​អាមេរិក ហើយ​ប្រទេស​ដែល​មាន​តម្លៃ​លិខិត​ឆ្លង​ដែន​ទាប​ជាង​គេ គឺ​ប្រទេស​វៀតណាម និង​ហ្វីលីពីន ដែល​ចំណាយ​តិច​ជាង ២០​ដុល្លារ​អាមេរិក។
អ្នក​វិភាគ​សេដ្ឋកិច្ច លោក លឹម សុវណ្ណារ៉ា បាន​អះអាង​ថា ក្រៅ​ពី​បញ្ហា​ប្រឈម​ទាំង​នោះ​ដែល​ជំរុញ​ឲ្យ​ពលករ​ចំណាក​ស្រុក គឺ​មាន​បញ្ហា​បន្ថែម​សំខាន់​ផ្សេង​ទៀត​ដែល​បាន​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន នោះ​គឺ​ភាព​ខ្វះ​ខាត​ដីធ្លី​គ្រប់​គ្រាន់៖ «ក្រោយ​មក កត្តា​សំខាន់​ដែល​យើង​ឃើញ មាន​ការ​កើន​ឡើង​ប្រៀប​ធៀប​ទៅ​នឹង​ប៉ុន្មាន​ឆ្នាំ​មុន គឺ​កត្តា​ដី។ យើង​ឃើញ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី មាន​កាន់​តែ​ច្រើន​ទៅៗ អាហ្នឹង​ជា​មូល​ហេតុ​សំខាន់។ ខ្ញុំ​គិត​ថា មូល​ហេតុ​ដែល​អត់​ដី ជា​មូល​ហេតុ​មួយ​តែ​មិន​ជា​សំខាន់​ណាស់​ណា ប៉ុន្តែ​ពេល​នេះ មូល​ហេតុ​ដែល​អត់​ដី​កាន់​តែ​សំខាន់​ប្រៀបធៀប​ទៅ​នឹង​បី​បួន​ឆ្នាំ​មុន»
ទោះ​ជា​យ៉ាង​ណា ផល​ប៉ះពាល់​អាក្រក់​ដល់​អ្នក​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ គឺ​តែង​តែ​ទទួល​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​នានា ហើយ​ករណី​ធ្ងន់ធ្ងរ​បំផុត គឺ​ត្រូវ​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ថែម​ទៀត។ របាយការណ៍​មួយ​របស់​គម្រោង​អន្តរ​ទីភ្នាក់ងារ​សហប្រជាជាតិ ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស បាន​បង្ហាញ​ថា បុរស​ស្ត្រី និង​កុមារ​កម្ពុជា ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ម៉ាកាវ និង​តៃវ៉ាន់។ ចំពោះ​បុរស គេ​ជួញ​ដូរ​ឲ្យ​ទៅ​ធ្វើ​ការ​ដោយ​បង្ខំ​ក្នុង​វិស័យ​កសិកម្ម នេសាទ និង​សំណង់។ ស្ត្រី គេ​ជួញ​ដូរ​ទៅ​ធ្វើ​ការ​បម្រើ​ផ្លូវ​ភេទ និង​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​រោងចក្រ ឬ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ។
របាយការណ៍​ទេសន្តរប្រវេសក៍​មិន​ស្រប​ច្បាប់​របស់ ស៊ី.ឌី.អរ.អាយ បាន​បង្ហាញ​ថា បញ្ហា​ទេសន្តរប្រវេសក៍​មាន​ច្រើន​ពាស​ពេញ អាច​ពាក់ព័ន្ធ​មួយ​ចំណែក​ទៅ​នឹង​កង្វះ​ខាត​គោល​នយោបាយ និង​ច្បាប់​ល្អៗ។ កម្ពុជា ជា​អ្នក​ថ្មី​ថ្មោង​ក្នុង​ការ​គ្រប់​គ្រង និង​ដំណើរ​ការ​រដ្ឋបាល​លើ​ទេសន្តរប្រវេសក៍​ពលកម្ម ហើយ​គេ​មើល​ឃើញ​ថា ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​នៅ​កម្ពុជា នៅ​ទន់​ខ្សោយ និង​គ្មាន​ប្រសិទ្ធភាព។ ច្បាប់​ផ្សេងៗ​នៅ​មាន​តិច មាន​ចោះៗ និង​ខ្វះ​ការ​គ្រប​ដណ្ដប់​គ្រប់​ជ្រុង​ជ្រោយ ជាពិសេស ក្នុង​ដំណើរ​ការ​គ្រប់គ្រង​ដំណើរ​ទេសន្តរប្រវេសក៍​ពលកម្ម កិច្ច​ការពារ​ពលករ​ទេសន្តរប្រវេសក៍ និង​ការ​ធ្វើ​សមាហរណកម្ម​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ។
របាយការណ៍​បាន​បន្ថែម​ថា ស្ថាប័ន​សាធារណៈ​នៅ​ខ្វះ​ខាត​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់ ការ​សម្រប​សម្រួល ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ។ ភាព​ទន់​ខ្សោយ​ផ្នែក​ច្បាប់ និង​ស្ថាប័ន វា​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ដោយ​សារ​មិន​បាន​គិតគូរ​ពី​បញ្ហា​ទេសន្តរប្រវេសក៍​មិន​ស្រប​ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons