. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, January 12, 2013

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ប្ដឹង​មន្ត្រី​សាលា​ខេត្ត​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

ដោយ សួន សុផលមុន្នី

2013-01-11
ប្រជាពលរដ្ឋ​បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ ពុក​រលួយ ដោយ​ចោទ​ប្រកាន់​មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ មួយ​រូប​ថា បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ករណី​ដោះស្រាយ​ទំនាស់​ដីធ្លី។
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ម្នាក់ ដែល​បាន​ចេញ​មុខ​ប្ដឹង​មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាក់​ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា ទទួល​ប្រាក់​ចំនួន ២.០០០​ដុល្លារ​ជា​ថ្នូរ​ដើម្បី​ចុះ​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ ភូមិ​ថ្នល់បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។
លោកស្រី ញ៉ឹក សុធា អាយុ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោកស្រី​បាន​ថ្លែង​នៅ​ថ្ងៃ​ទី១១ ខែ​មករា ថា កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ លោកស្រី​ចោទ​លោក អ៊ុក កែវរតនៈ មាន​តួនាទី​ជា​លេខា​របស់​អភិបាល​ខេត្ត និង​ជា​មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ រួម​ទាំង​បក្ខពួក​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាច្រើន​លើក​ច្រើន​សារ ចាប់​តាំង​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១២។
លោកស្រី ញ៉ឹក សុធា៖ «ខ្ញុំ​មាន​ភស្តុតាង​រឿង​ប្រគល់​លុយ​ប្រគល់​កាក់ ហើយ​ប្រជាពលរដ្ឋ​បាន​ដឹង​ឮ​ទាំង​អស់​ថា​មាន​ការ​រៃ​លុយ​កាក់។ មាន​ពី​មុន​មក​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​ទេ ខ្ញុំ​និយាយ​តែ​ចុង​ក្រោយ​ហ្នឹង។ វា​អស់​ច្រើន​មាន​អ្នក​អស់​ផ្ទះ​អស់​ដី ដោយ​សារ​បញ្ហា​ហ្នឹង។ ចង់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ចាប់​ ពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អ៊ីចឹង ហើយ​លាង​ខ្លួន​ថា ខ្លួន​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត ចង់​ឲ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»
មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បាន​បដិសេធ​ថា លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​រឿង​យក​លុយ​កាក់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ស្វាគមន៍​ចំពោះ​ការ​ប្ដឹង​រូប​លោក​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ៖ «អត់​អី​ទេ ឲ្យ​គាត់​ប្ដឹង​ទៅ ឲ្យ​គេ​រក​ឃើញ​ការ​ពិត ក្រែង​វា​មិន​ពិត។ ឲ្យ​គាត់​ប្ដឹង​ទៅ​ប្រឆាំង​អំពើ​ពុក​រលួយ តែ​បើ​ប្រឆាំង​អំពើ​ពុក​រលួយ​គេ​រក​មិន​ឃើញ​ករណី​ហ្នឹង​ទេ នាង​ហ្នឹង​ប្រហែល​កាន់​តែ​ធ្ងន់​ទៅ​ទៀត។ នាង​ក៏​ជាប់​ឈ្មោះ​នៅ​ក្នុង​តុលាការ​ដែល​គេ​កោះ​ហៅ​ដែរ ព្រោះ​នាង​ហ្នឹង​ដើរ​ឆបោក​លុយ​គេ តុលាការ​ខេត្ត​គេ​ចេញ​ដី​កា​ថ្ងៃ​ទី២៨ ឲ្យ​ចូល​ខ្លួន»
នៅ​ក្នុង​ពាក្យ​បណ្ដឹង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​បាន​រៃ​អង្គាស​លុយ​គ្នា​ចំនួន ១.៧០០​ដុល្លារ យក​ទៅ​ជូន​មនុស្ស​ម្នាក់​ឈ្មោះ ប្រុស ដែល​ជា​អ្នក​បើក​ឡាន​ឲ្យ​លោក អ៊ុក កែវរតនៈ។ ឈ្មោះ ប្រុស បាន​អះអាង​ថា​នឹង​យក​លុយ​នោះ​ទៅ​ឲ្យ​លោក អ៊ុក កែវរតនៈ ដើម្បី​ចុះ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៥៦​គ្រួសារ​នៅ​ឃុំ​អូរបីជាន់។ រយៈពេល​មួយ​សប្ដាហ៍​ក្រោយ​មក ឈ្មោះ ប្រុស បាន​បើក​ឡាន​ទៅ​យក​លុយ ៣០០​ដុល្លារ​ទៀត​នៅ​ផ្ទះ​មេ​ភូមិ តែ​ដោយ​សារ​មិន​ទាន់​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ លោក​មេ​ភូមិ​ថ្នល់បត់ បាន​ប្រគល់​លុយ​ត្រឹម ៦​ពាន់​បាត​ទៅ​ឲ្យ​ឈ្មោះ ប្រុស។
លោក ថា ទន មេ​ភូមិ​ថ្នល់បត់ បាន​អះអាង​ថា លោក​បាន​ប្រគល់​ឲ្យ ១.៧០០​ដុល្លារ​ដោយ​ផ្ទាល់​ដៃ​ទៅ​ឲ្យ​ឈ្មោះ ប្រុស ជា​អ្នក​បើក​ឡាន​ឲ្យ​លោក អ៊ុក កែវរតនៈ។ ប៉ុន្តែ​លោក​មិន​បាន​ប្រគល់​លុយ​ទៅ​ឲ្យ​លោក អ៊ុក កែវរតនៈ ផ្ទាល់​ទេ៖ «ប្រគល់​ឲ្យ​អា​ប្រុស អ្នក​បើក​ឡាន​របស់ កែវរតនៈ នៅ​ហាង​ផ្កាយ​ព្រឹក។ ក្រោយ​មក​ទៀត គេ​មក​យក​លុយ ៦​ពាន់​បាត ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​ជា​សាក្សី ព្រោះ​បាន​រៃ​អង្គាស​ពី​ប្រជាពលរដ្ឋ​គេ​យក​លុយ ដើម្បី​ចុះ​វាស់​វែង​ដី គេ​សុំ​ថ្លៃ​សាំង​ថ្លៃ​បាយ​ហ្នឹង​ដល់​ចុះ​មក​វាស់​វែង​ទៅ អត់​បាន​ដី​ប្រជាពលរដ្ឋ​គ្រប់​បាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង ២៥៦​គ្រួសារ​វាស់​ទៅ​បាន​ដី​ប្រហែល​តែ ៥០​គ្រួសារ​ហ្នឹង​ឯង ផុត​ពី​ហ្នឹង​កាត់​ទៅ​ឲ្យ​គេ​អង្គរក្ស​នោះ»
ទោះ​យ៉ាង​ក្តី សមាគម​អាដហុក (Adhoc) អបអរ​សាទរ និង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់​ស្ថាប័ន​ផ្សេង​ដែល​អាច​ជួយ​ ដល់​ពួក​គាត់។ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ អាច​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​អាច​ទប់ស្កាត់​ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សង្កត់​ធ្ងន់​ថា ការ​ដែល​ប្រជាពលរដ្ឋ​ជ្រើស​រើស​យក​ច្បាប់ គឺ​ជា​ជំហាន​មួយ​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​នីតិរដ្ឋ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំង​អស់ ក្នុង​នោះ​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្ថាប័ន​តុលាការ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។
ចំពោះ​ការ​ប្ដឹង​លោក អ៊ុក កែវរតនៈ លេខា​របស់​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោកស្រី ញ៉ឹក សុធា អះអាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​លោកស្រី​ថា​នឹង​ពិនិត្យ​មើល​ បណ្ដឹង​របស់​លោកស្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons