. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, January 13, 2013

សំណុំ​រឿង​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ដោយសារ​ពស់​ចឹក​ដល់​ដៃ​តុលាការ

ដោយ សួន សុផលមុន្នី

2013-01-13
សំណុំ​រឿង​មនុស្សឃាត​ដោយ​អចេតនា​ទៅ​លើ​ក្មេង​ប្រុស​អាយុ ៧​ឆ្នាំ​ម្នាក់ ដែល​​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក មិន​ព្រម​ផ្ដល់​ថ្នាំ​បន្សាប​ជាតិ​ពិស​ពស់វែក ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះ បាន​បញ្ជូន​ដល់​ដៃ​តុលាការ​ហើយ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៣។

តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ដីកា​កោះ​អតីត​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក និង​ក្រុម​គ្រួសារ​ក្មេង​រងគ្រោះ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ ​ទាក់ទិន​ទៅ​នឹង​ការ​ស្លាប់​ក្មេង​ប្រុស​អាយុ ៧​ឆ្នាំ​ម្នាក់ ដែល​​គ្រូពេទ្យ​មិន​បាន​ផ្ដល់​ថ្នាំ​ពស់​ចឹក ជួយ​សង្គ្រោះ​អាយុ​ជីវិត កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មករា ថា សំណុំ​រឿង​កុមារ មឿន ម៉េត កំពុង​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​តុលាការ។ តំណាង​អយ្យការ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ទៅ​តាម​នីតិវិធី​ច្បាប់។
លោក ផាន់ វណ្ណរ័ត្ន៖ «យើង​ចេញ​ដីកា​កោះ​អង្កេត​ពាក់ព័ន្ធ​ជុំវិញ​ករណី ​ហ្នឹង តើ​អ្នក​ណា​មាន​កំហុស​អ្វី​ខ្លះ អត់​មាន​កំហុស​អ្វី​ខ្លះ? យើង​កំពុង​តែ​ពិនិត្យ​ហើយ។ ព្រះរាជ​អាជ្ញា​រង កែវ សុគន្ធា គាត់​កំពុង​ធ្វើការ​រឿង​ហ្នឹង។ ទាំង​អស់​ហ្នឹង​យើង​អត់​ទាន់​បញ្ចេញ​ឈ្មោះ​ទេ យើង​ធ្វើ​ទាំង​អស់ អ្នក​ណា​ដែល​ពាក់ព័ន្ធ សាក្សី ជន​រងគ្រោះ​ទាំង​ពី​ឪពុក​ម្ដាយ​ជន​រងគ្រោះ ទាំង​គ្រូពេទ្យ​ដែល​នៅ​ក្នុង​ហ្នឹង​អ្នក​ជំនាញ​អ្នក​អី​ទាំង​អស់។ តែ​ថ្ងៃ​ខែ​យើង​មិន​ចង់​បញ្ជាក់​ទេ ព្រោះ​ថ្ងៃ​ខែ​ខុស​គ្នា»
កាល​ពី​​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ កុមារ​ឈ្មោះ មឿន ម៉េត (ហៅ​ទត) អាយុ ៧​ឆ្នាំ ត្រូវ​ពស់​វែក​ចឹក​នៅ​ក្បែរ​ជង្រុក​ស្រូវ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ឪពុក​ម្ដាយ​បាន​បញ្ជូន​កូន​ទៅ​​មន្ទីរពេទ្យ​ស្រុក​ថ្មពួក។
លោក អ៊ិន សុផារ័ត្ន ជា​គ្រូពេទ្យ​ទទួល​បន្ទុក​ផ្នែក​កុមារ​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ថ្នាំ​ពស់ ​ចឹក​ព្យាបាល​ទេ​ដោយ​ប្រាប់​ថា ​ថ្នាំ​ពស់​ចឹក​មាន​ទុក​សម្រាប់​ក្រុម​និស្សិត​​ចុះ​វាស់វែង​ដីធ្លី។ ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​បាន​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​មង្គលបុរី នៅ​ពេល​ទៅ​ដល់​គ្រូពេទ្យ​​ប្រាប់​គាត់​ថា ​កូន​ប្រុស​គាត់​ដាច់​ដង្ហើម​ស្លាប់​ទៅ​ហើយ។
ក្រោយ​ពី​ការ​ស្លាប់​ គ្រូពេទ្យ​នៅ​មន្ទីរ​បង្អែក​ស្រុក​ថ្មពួក បាន​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១៧​លាន​រៀល​ដើម្បី​បញ្ចប់​សំណុំ​រឿង​រដ្ឋប្បវេណី​ជាមួយ​ឪពុក​ម្ដាយ​ក្មេង​រង ​គ្រោះ ដែល​ស្លាប់​ដោយសារ​គ្រូពេទ្យ​ មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក​ជួយ​សង្គ្រោះ​អាយុ​ជីវិត។ គ្រួសារ​ក្មេង​រង​គ្រោះ​បាន​សុខ​ចិត្ត​ទទួល​សំណង​នោះ​ ដើម្បី​បញ្ចប់​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ តាម​ការ​សម្របសម្រួល​របស់​អភិបាល​រង​ស្រុក​ថ្មពួក​ម្នាក់។
ទាក់ទិន​ការ​ចេញ​ដីកា​កោះ​របស់​តុលាការ​នេះ​ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ជា​ដំណើរការ​វិវត្តន៍​ល្អ​មួយ៖ «ព្រោះ​ថា កុំ​ឲ្យ​ជន​មាន​កាតព្វកិច្ច​ក្នុង​ការ​បំពេញ​របស់​ខ្លួន​បែរ​ទៅ​ជា​មិន​បាន​ បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន ហើយ​បណ្ដែត​បណ្ដោយ​ឲ្យ​មនុស្ស​ស្លាប់ ​ហើយ​នឹង​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​ដែល​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ ហ្នឹង​គួរ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ការ​ធ្វេសប្រហែស​នៅ​ក្នុង​ការ​ បំពេញ​មុខងារ​ភារកិច្ច​របស់​ពេទ្យ​ហ្នឹង គឺ​ត្រូវ​តែ​ទទួល​ទោស​ទៅ​តាម​នីតិវិធី​ច្បាប់»
ទាក់ទិន​ការ​ស្លាប់​កុមារ មឿន ម៉េត ដោយសារ​គ្រូពេទ្យ​ស្រុក​ថ្មពួក នេះ ក្រសួង​សុខាភិបាល​ បាន​ដាក់​ពិន័យ​រដ្ឋបាល ដោយ​បាន​ដក​លោក គឹម សំអុល អតីត​ប្រធាន​មន្ទីរពេទ្យ ​ទៅ​ដាក់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ។ លោក អ៊ិន សុផារ័ត្ន អតីត​គ្រូពេទ្យ​​ទទួល​បន្ទុក​ផ្នែក​កុមារ​នៅ​មន្ទីរ​ពេទ្យ​ថ្មពួក​ ដក​ទៅ​ដាក់​នៅ​មណ្ឌល​សុខភាព​ស្វាយចេក។
មាន​មតិ​ប្រជាពលរដ្ឋ​ជា​ច្រើន​ បាន​រិះគន់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ ហើយ​ពួកគេ​បាន​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ផ្ដន្ទាទោស​ទៅ​លើ​គ្រូពេទ្យ។ មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ​ ឆ្នាំ​២០០៧ ចែង​ថា ​បទ​មនុស្សឃាត​ដោយ​អចេតនា គឺ​ជា​អំពើ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ។ ទី​១ ដោយ​ការ​ធ្វេសប្រហែស ​ការ​មិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា។ ទី​២ ដោយ​ការ​បំពាន​លើ​កាតព្វកិច្ច​ សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ។
​បទ​មនុស្សឃាត​ដោយ​អចេតនា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons