. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, January 15, 2013

នាយក​រដ្ឋមន្ត្រី​បដិសេធ​ការ​ចោទ​ថា​មន្ត្រី​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ

ដោយ វណ្ណ វិចារ

2013-01-14
ប្រមុខ​រាជ​រដ្ឋាភិបាល​បដិសេធ​ថា មន្ត្រី​រាជ​រដ្ឋាភិបាល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ចំពោះ​គម្រោង ​ជំនួយ​អន្តរជាតិ ដើម្បី​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែប​នេះ​ដោយ​លើក​ឧទាហរណ៍​ក្នុង​ករណី​ជំនួយ​របស់​ប្រទេស​ជប៉ុន ដែល​សាង​សង់​ស្ពាន​អ្នក​លឿន​មក​បរិយាយ។ ប៉ុន្តែ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង កត់​សម្គាល់​ថា ការ​ដែល​ជប៉ុន ដេញ​ថ្លៃ​គម្រោង​ជំនួយ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​គេ បណ្ដាល​មក​ពី​នៅ​កម្ពុជា សម្បូរ​ពុក​រលួយ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បក​ស្រាយ​ឆ្លើយ​តប​ចំពោះ​មតិ​រិះគន់​ដែល​ចោទ​ថា​ក្រុម​មន្ត្រី​រដ្ឋាភិបាល ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​គម្រោង​ជំនួយ​បរទេស សម្រាប់​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង លោក សុន ឆ័យ បញ្ជាក់​ថា ជប៉ុន មិន​ឲ្យ​រាជ​រដ្ឋាភិបាល​សាង​សង់​សំណង់​ស្ពាន​ផ្លូវ ដោយ​សារ​តែ​មាន​បទ​ពិសោធន៍​អាក្រក់​នា​ពេល​កន្លង​ទៅ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៤ មករា មាន​ប្រសាសន៍​ថា ជំនួយ​បរទេស​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា មន្ត្រី​រាជ​រដ្ឋាភិបាល​មិន​អាច​ពុក​រលួយ​បាន​ទេ ព្រោះ​បរទេស​មាន​ការ​ដេញ​ថ្លៃ​នៅ​ប្រទេស​គេ។ លោក ហ៊ុន សែន បាន​លើក​ឧទាហរណ៍​ថា ជប៉ុន ជួយ​សាង​សង់​ស្ពាន​អ្នក​លឿង និង​ស្ពាន​គីហ្ស៊ូណា (Kysona Bridge) គឺ​ជប៉ុន រៀបចំ​ដេញ​ថ្លៃ​នៅ​តូក្យូ (Tokyo) ហើយ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន ប៉ុណ្ណោះ ជា​អ្នក​មាន​សិទ្ធិ​ចូល​រួម​ដេញ​ថ្លៃ​សាង​សង់។ ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​ជា​រឿង​របស់​ជប៉ុន ហើយ​ការ​សាង​សង់​អស់​ប៉ុន្មានៗ ក៏​នៅ​លើ​ជប៉ុន ដែរ។
លោក ហ៊ុន សែន៖ «សូម​ទោស សូម​បញ្ជាក់ ពុក​រលួយ​មិន​ដឹង​ជា​ពុក​ម៉េច​ទេ បើ​រឿង​ស្ពាន​អ្នក​លឿង ទៅ​សួរ​ជប៉ុន ទៅ មក​រឿង​បន្ទោស​ខ្មែរ​ថា​ខ្មែរ​កិបកេង​លុយ​ចេះ​ចុះ វា​អត់​ត្រូវ ព្រោះ​ខ្មែរ ជប៉ុន ទេ អីចឹង​វា​អគុណ​ធម៌​អីចឹង​លេង​កុំ​ខឹង​ខឹង​កុំ​លេង»
លោក ហ៊ុន សែន រំលឹក​ថា កាល​ពី​លោក​ទៅ​ប្រទេស​កូរ៉េ ប៉ុន្មាន​ឆ្នាំ​មុន ប្រធានាធិបតី​ប្រទេស​កូរ៉េ ឲ្យ​ប្រាក់ ២​លាន​ដុល្លារ ក៏​មិន​មែន​ឲ្យ​ជា​លុយ​ដែរ គឺ​ឲ្យ​ជា​សម្ភារៈ​សម្រាប់​អភិវឌ្ឍន៍​ប៉ុណ្ណោះ មិន​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នោះ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ត្រឹមត្រូវ​តែ​ក្នុង​ករណី​ជំនួយ​របស់​ប្រទេស​ជប៉ុន ប៉ុណ្ណោះ តែ​បើ​ជំនួយ​ប្រទេស​ចិន វិញ ភាគ​ច្រើន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។
លោក​បន្ត​ថា ជំនួយ​ប្រទេស​ចិន ដែល​ឲ្យ​លុយ​ខ្មែរ​ខ្ចី​ក្នុង​អត្រា​ការ​ប្រាក់​ថោក​វិញ​នោះ គឺ​ចិន សាង​សង់​មិន​សូវ​មាន​គុណភាព​ឡើយ តែ​ចំណាយ​លុយ​ច្រើន​ណាស់។ លោក សុន ឆ័យ បញ្ជាក់​ថា ជាទូទៅ រាជ​រដ្ឋាភិបាល​មិន​បាន​ពិនិត្យ​លើ​ការ​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ចិន ដែល​ស្ថាបនា​ផ្លូវ​ជាតិ​នានា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ ប្រការ​ទាំង​នោះ បណ្ដាល​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ។
លោក សុន ឆ័យ៖ «សំណង់​ដែល​សាង​សង់​មាន​តម្លៃ ហើយ​ក៏​អត់​មាន​គុណភាព។ ផ្លូវ​ថ្នល់​ហ្នឹង​ខូច​ជិត​អស់​ហើយ ដូច​ជា​សំណង់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សង់​អស់​ជាង ៥០​លាន​ដុល្លារ បើ​ប្រៀប​ធៀប​រដ្ឋាភិបាល​សង់​អគារ​វិមាន​សន្តិភាព អស់​ជាង ១៣​លាន។ តើ​អ្វី​ដែល​កើត​មាន​រវាង​ក្រុមហ៊ុន​ចិន និង​មន្ត្រី​រដ្ឋាភិបាល​ហ្នឹង មាន​ពុក​រលួយ​ប៉ុណ្ណា? ដូច​នេះ សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព»
លោក សុន ឆ័យ បន្ត​ថា បើ​សិន​ជា​រាជ​រដ្ឋាភិបាល​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព​ត្រឹមត្រូវ ក៏​មិន​មាន​ការ​រិះគន់​ដែរ។
ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម សង្កេត​ឃើញ​ថា សំណង់​ផ្លូវ​ជាតិ​នៅ​កម្ពុជា ដែល​សាង​សង់​ដោយ​ក្រុមហ៊ុន​ចិន ហាក់​ដូច​មិន​រឹងមាំ​នោះ​ទេ ដោយ​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។
ផ្លូវ​ជាតិ​លេខ​៥៧​អា ពី​បាត់ដំបង ទៅ​ប៉ៃលិន ត្រូវ​បាន​ធ្វើ​រួច​មិន​បាន​មួយ​ឆ្នាំ​ក៏​ខូច រួច​ក៏​សាង​សង់​ឡើង​វិញ។ ផ្លូវ​ជាតិ​លេខ​៧ ពី​កំពង់ចាម ទៅ​ក្រចេះ ក៏​ត្រូវ​ខូច​ខាត​ជាង​ពាក់​កណ្ដាល​ទៀត។
ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​តម្លាភាព​វាយ​តម្លៃ​ថា​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​ឆ្នាំ​២០១២ កម្ពុជា ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ឈរ​នៅ​លំដាប់​១៥៧ ក្នុង​ចំណោម ១៧៦​ប្រទេស ទូទាំង​ពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons