. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, January 24, 2013

សង្គម​ស៊ីវិល​ស្នើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​ការ​មន្ត្រី​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ

ដោយ វណ្ណ វិចារ

2013-01-23
មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាត់​វិធានការ​តាម​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​បំផុត ចំពោះ​មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​ហើយ តែ​បែរ​ជា​មិន​បាន​ប្រកាស​តាម​ការ​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក ​រលួយ។
Photo: RFA
វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី លោក​បណ្ឌិត ឱម យ៉ិនទៀង (ឆ្វេង) និង​លោក ព្រាប កុល (ស្ដាំ)។

ការ​ស្នើ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ហាញ​ពី​តួលេខ​មន្ត្រី​រាជ​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ចំនួន​ជិត ៤០% មិន​ទាន់​ប្រកាស​ទ្រព្យ​សម្បត្តិ។
មន្ត្រី​សង្គម​ស៊ីវិល​ផ្តល់​យោបល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ជម្រើស​តែ​ពីរ​គត់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​នៅ​កម្ពុជា។ ទី១ មិន​គួរ​ពន្យារ​ពេល​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​ចំណុច​ទី២ ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​មន្ត្រី​ជាប់​កាតព្វកិច្ច​ណា​ដែល​ប្រកាស​ទ្រព្យ​សម្បត្តិ​មិន​ទាន់​ ពេល​តាម​ច្បាប់​កំណត់។
នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដោយ​ធ្វើ​ការ​គ្មាន​ថ្ងៃ​សម្រាក​ដើម្បី​ទទួល​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​ របស់​មន្ត្រី​ជាប់​កាតព្វកិច្ច​នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា និន្នាការ​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​មាន​ការ​ថយ​ចុះ​តាំង​ពី​ថ្ងៃ​ ដំបូង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​លើក​មុន។
លោក ព្រាប កុល បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​តែ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់៖ «ប្រាំ​បួន​ថ្ងៃ​ទៀត យើង​មិន​ទាន់​អាច យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​អ្នក​ដែល​អញ្ជើញ​មក​ហ្នឹង​មាន​ប៉ុន្មាន ​ភាគរយ​ទេ។ ត្រូវ​អនុវត្ត​តាម​ច្បាប់ ច្បាប់​គេ​មាន​ចែង​ពី​ការ​ដាក់​ពិន័យ និង​កម្រិត​ទោស​ទណ្ឌ​ហើយ ប្រសិន​បើ​មន្ត្រី​ខកខាន​មិន​បាន​ប្រកាស​ឲ្យ​ទាន់​ពេល​វេលា​ច្បាប់​បាន​ចែង​ ច្បាស់»
លោក ព្រាប កុល បញ្ជាក់​ថា បើ​មន្ត្រី​មាន​ចេតនា​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ បាន​ន័យ​ថា ក្នុង​បេះដូង​របស់​ពួក​គេ គឺ​ឯកភាព​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស្រាប់ ដូច​នេះ​មិន​គួរ​លើក​លែង​ឲ្យ​ទេ។
ទាក់​ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ ប្រាប់​ថា លោក​រូតរះ​ប្រកាស​ទ្រព្យ​សម្បត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បង្ហាញ​ពី​ការ​គោរព​ច្បាប់ និង​មិន​ចូល​ចិត្ត​អំពើ​ពុក​រលួយ។ លោក​បន្ត​ថា បើ​សិន​ជា​ដល់​ពេល​កំណត់​នៅ​តែ​មាន​មន្ត្រី​មិន​ទាន់​ប្រកាស​ទ្រព្យ​ សម្បត្តិ អង្គភាព​ជំនាញ​មិន​ត្រូវ​លើក​លែង ឬ​ពន្យារ​ពេល​បន្ត​ទៀត​ឡើយ។
លោក យឹម សុវណ្ណ បញ្ជាក់​ថា កន្លង​ទៅ មន្ត្រី​គណបក្ស​កាន់​អំណាច​ជាច្រើន មិន​សូវ​គោរព​ច្បាប់ ព្រោះ​ពួក​គេ​មាន​ខ្សែ និង​ខ្នង​បង្អែក ហើយ​កម្ពុជា ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​វាយ​តម្លៃ​ថា​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​ រលួយ​ជា​ប្រព័ន្ធ។
លោក យឹម សុវណ្ណ៖ «ខ្ញុំ​ថា​បើ​សិន​ជា​មិន​មាន​ពាក់ព័ន្ធ​ការ​ ប្រព្រឹត្ត​ខុស​អ្វី​ទេ ហើយ​ក៏​មិន​ចាំបាច់​មាន​ការ​ពន្យារ​ពេល​ណា​មួយ​ទេ ព្រោះ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ជូន​ដំណឹង​ជា​យូរ​មក​ហើយ តារាង​ដែល​ប្រកាស​ហ្នឹង ក៏​មិន​ខុស​គ្នា​ពី​លើក​មុន​ដែរ។ ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​គោល​បំណង​របស់​យើង​ទាំង​អស់​ គ្នា មិន​មែន​ជា​របស់​នរណា​ម្នាក់​ទេ»
ទោះ​យ៉ាង​ណា លោក យឹម សុវណ្ណ នៅ​តែ​មិន​ឯកភាព​ទៅ​នឹង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ដោយ​បិទ​ក្នុង​ស្រោម​សំបុត្រ ព្រោះ​លោក​យល់​ថា​វា​មិន​បាន​បញ្ជាក់​ពី​តម្លាភាព និង​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសិទ្ធភាព​ទេ។
ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ក៏​បាន​ប្រកាស​ជំរុញ​ឲ្យ​ក្រុម​មន្ត្រី​ជាប់​កាតព្វកិច្ច ចូល​រួម​ប្រកាស​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ទាន់​ពេល​វេលា​ដែរ។ ដោយ​លោក​បញ្ជាក់​ថា លោក​បាន​សរសេរ​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ផ្ទាល់​ដៃ និង​ដាក់​ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ហើយ៖ «អំពី​ទ្រព្យ​ សម្បត្តិ​របស់​យើង​២​ឆ្នាំ​ប្រកាស​ម្តង ២​ឆ្នាំ​ប្រកាស​ម្តង ប្រយ័ត្ន​ប្រយែង​ក្នុង​ច្បាប់​ពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​ផង គ្រាន់​តែ​សូម​ផ្ដាំ»
នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣ មាន​មន្ត្រី​មក​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ចំនួន ១៤៩​រូប។ គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៣ មក​ដល់​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣ សរុប​អ្នក​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល មាន ១៤.៣២៦​រូប។ ដួច​នេះ បាន​ន័យ​ថា មាន​មន្ត្រី​ជាង ៨​ពាន់​នាក់​ទៀត​មិន​ទាន់​ប្រកាស​ទ្រព្យ​សម្បត្តិ។
ទោះ​យ៉ាង​ណា​ក្តី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង នៅ​ថ្ងៃ​ទី២២ មករា បំភ្លឺ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​មាន​គោលការណ៍​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ ពេល​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ​ឡើយ ហើយ​មិន​មាន​ជន​ណា​ម្នាក់​ដែល​ត្រូវ​រួច​ខ្លួន​ពី​ប្រកាស​ទ្រព្យ​សម្បត្តិ​ ទេ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ មាន​មន្ត្រី​ចូល​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​បាន​ជាង ៦៣% ដូច​នេះ​លោក​សង្ឃឹម​ថា​នឹង​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​ហូរហែ​ទៀត។
លោក ឱម យ៉ិនទៀង បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​អ្នក​ដែល​មាន​ឆន្ទៈ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ៖ «ច្បាប់​ចែង​ថា របប​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​២​ឆ្នាំ​ម្តង​នេះ ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៣១ ខែ​មករា យើង​ខ្ញុំ​មិន​មាន​អំណាច​ធំ​ជាង​ច្បាប់​ទេ​បាទ ហើយ​ការ​ចាត់​វិធានការ យើង​គ្មាន​ជម្រើស​ទេ»
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជូន​ដំណឹង​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​មាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​ សម្បត្តិ​ឲ្យ​រូតរះ​ប្រកាស​ទ្រព្យ​សម្បត្តិ​តាំង​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ អង្គភាព​មួយ​នេះ​បែង​ចែក​តារាង​ពេល​វេលា​ច្បាស់​លាស់​ឲ្យ​ក្រសួង​ស្ថាប័ន​ និមួយៗ​ចូល​ប្រកាស​ទ្រព្យ​សម្បត្តិ ដោយ​អង្គភាព​ជំនាញ​មួយ​នេះ​កំណត់​រយៈពេល ១​ខែ​គត់ គឺ​ចាប់​ពី​ថ្ងៃ​ទី១ មករា ដល់​ថ្ងៃ​ទី៣១ មករា ឆ្នាំ​២០១៣។
តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មាត្រា​ទី៣៨ ចែង​ថា បទ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ជន​ណា​ដែល​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ឬ​បាន​ប្រកាស​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​តាម​ បទប្បញ្ញត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ ២​លាន​រៀល ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជូន​អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ។ ក្នុង​ករណី​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​ទៀត ត្រូវ​ផ្ដន្ទាទោស​ទ្វេ​ដង។ ដោយ​ឡែក ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ភារកិច្ច​រំលឹក​ជា​លាយលក្ខណ៍អក្សរ​ដល់​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សង្គម​ ស៊ីវិល មុន​នឹង​អនុវត្ត​មាត្រា​នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons