. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, February 10, 2013

តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត

ដោយ វោហារ ជាតិ

2013-02-09
សកម្មជន​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ត្រូវ​បាន​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​ជាមួយ​ជន​ជាប់​ សង្ស័យ​ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ។
RFA/Uon Chhin
សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក ចាន់ សុវ៉េត (ឆ្វេង) ដើរ​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ង​ទី​២៤ ធ្នូ ឆ្នាំ​២០១២។

ក៏ប៉ុន្តែ លោក​សុំ​ឲ្យ​តុលាការ​ពិចារណា​ដោះលែង​សកម្មជន​តវ៉ា​ដីធ្លី​ផ្សេង​ទៀត និង​អ្នក​សារព័ត៌មាន​ដែល​លោក​អះអាង​ថា ពួក​គេ​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​គុក​យ៉ាង​អយុត្តិធម៌។ លុះត្រា​តែ​មាន​ការ​ពិចារណា​ដោះស្រាយ​លើ​បញ្ហា​ទាំង​នេះ ទើប​អាច​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា បាន​ប្រសើរ​ឡើង​គួរ​ឲ្យ​ទុក​ចិត្ត​បាន។
បើ​ទោះ​ជា​តុលាការ​ប្រកាស​លើក​លែង​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក្ដី ក៏​លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក នៅ​ថ្ងៃ​ទី៩ កុម្ភៈ ហាក់​ដូច​ជា​មិន​សូវ​ជា​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​នេះ​ប៉ុន្មាន​ទេ ព្រោះ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​តាំង​ពី​ពេល​ដែល​តុលាការ​ចោទ​ប្រកាន់​មក​ម្ល៉េះ។
លោក​ចោទ​ថា រឿង​នេះ​ទាក់​ទង​រឿង​នយោបាយ៖ «អា​នេះ ដោយ​សារ​ចំហាយ​ឥទ្ធិពល​នយោបាយ​ចូល​មក​ជ្រៀតជ្រែក អ៊ីចឹង​ហើយ​បាន​ធ្វើ​ឲ្យ​តុលាការ​លោក​ចោទ​ប្រកាន់​ខ្ញុំ។ ហើយ​បន្ទាប់​ពី​មាន​ការ​សាកសួរ​ខ្ញុំ​ដោយ​ផ្ទាល់​ទៅ តុលាការ​មើល​ឃើញ​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ជា​កំហុស​ឆ្គង​នោះ​ទេ។ តុលាការ​ហ្នឹង លោក​លើក​លែង​ការ​ចោទ​ប្រកាន់​ល្អ​ប្រសើរ​ដែរ។ ប៉ុន្តែ​មិន​មែន​ជា​រឿង​ធំដុំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ»
តាម​លិខិត​ជូន​ដំណឹង​ស្ដី​ពី​ដីកា​លើក​លែង​ការ​ចោទ​ប្រកាន់​របស់​តុលាការ ចុះ​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៣ ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​នៅ​ថ្ងៃ​ទី៩ កុម្ភៈ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ ជូន​ដំណឹង​ទៅ​មេធាវី​លោក ចាន់ សុវ៉េត គឺ​លោក ឡោ ជន់ធី និង​លោក សំ សុគង់ បញ្ជាក់​ថា តុលាការ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​មូលហេតុ​ទេ។
លោក ចាន់ សុវ៉េត បញ្ជាក់​ថា លោក​ក៏​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ​ដែរ តែ​លោក​បាន​ព្រលយ​ពាក្យ​ថា ទំនង​រដ្ឋាភិបាល​ចង់​បង្ហាញ​កាយវិការ​ល្អ​ដល់​មតិ​ជាតិ និង​អន្តរជាតិ មុន​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ។
ទោះ​យ៉ាង​ណា លោក​ថា បើ​សិន​រដ្ឋាភិបាល​ចង់​បង្ហាញ​អំពី​ឆន្ទៈ​ចង់​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ មែន​នោះ រដ្ឋាភិបាល​គួរ​ដោះ​លែង​សកម្ម​ជន​ទាមទារ​ដីធ្លី និង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ក្នុង​រឿង​ចោទ​ទាក់​ទង​នឹង​ការ​បង្កើត​តំបន់​ អបគមន៍ នៅ​ខេត្ត​ក្រចេះ នោះ ទើប​គេ​អាច​ជឿ​ទុក​ចិត្ត​បាន។
លោក ចាន់ សុវ៉េត៖ «ហើយ​ខ្ញុំ​យល់​ឃើញ​ថា បើ​សិន​​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ឲ្យ​បាន​ប្រសើរ​នោះ វា​ទាល់​តែ​មាន​ដោះលែង​សកម្មជន​អ្នក​ការពារ​ដីធ្លី​មួយ​ចំនួន​កំពុង​ទទួល​រង ​ការ​ចោទ​ប្រកាន់ ជាពិសេស លោក ម៉ម សូណង់ដូ។ ហើយ​ករណី​មួយ​ចំនួន​ដែល​តុលាការ​ធ្វើ​មិន​ត្រឹមត្រូវ​នោះ ត្រូវ​ផ្ដន្ទាទោស ឧទាហរណ៍ ដូច ឈូក បណ្ឌិត ករណី ឈុត វុទ្ធី ត្រូវ​គេ​បាញ់​សម្លាប់ ហើយ​ស្លាប់​ដោយ​មិន​ដឹង​ថា​ខ្លួន​ឯង​ថា​យ៉ាង​ម៉េច​នោះ ក៏​ជា​រឿង​មួយ​យើង​ឃើញ​ថា​មិន​ល្អ​ដែរ។ ហើយ​ករណី ប៊ន សំណាង សុខ សំអឿន ដែល​គេ​ចោទ​ឡើង​វិញ​នេះ ក៏​ជា​សញ្ញា​មួយ​មិន​ល្អ​សម្រាប់​ដំណើរ​ការ​ក្ដីក្ដាំ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ដែល​គេ​មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​មាន​កម្រិត​ទាប​ជាដើម។ អា​ហ្នឹង ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ»
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក​ចៅក្រម ឆែ វីរៈ បាន​ទេ​នៅ​ថ្ងៃ​ទី៩ កុម្ភៈ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម។
កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​លោក ចាន់ សុវ៉េត ពី​បទ​ផ្ដល់​ជំនួយ​ដល់​ចារី​ជា​អាទិ។ ការ​ចោទ​ប្រកាន់​នេះ ពាក់ព័ន្ធ​នឹង​រឿង​រដ្ឋាភិបាល​បាន​ចោទ​លោក ម៉ម សូណង់ដូ និង​លោក ប៊ុន រដ្ឋា ជា​មេ​បះបោរ​នាំ​ប្រជាពលរដ្ឋ​ជិត ១ពាន់​គ្រួសារ បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ទ័ព​ចុះ​បង្ក្រាប​នៅ​ខែ​ឧសភា ឆ្នាំ​២០១២ បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​ជាង ១០​ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons