. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, February 15, 2013

អាដហុក​អះអាង​ថា​រដ្ឋាភិបាល​បន្ត​ចេញ​អនុក្រឹត្យ​បម្រុង​ដី​ឲ្យ​អ្នក​វិនិយោគទុន

ដោយ ទេព សុរ៉ាវី

2013-02-14
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១២ ទំនាស់​បញ្ហា​ដីធ្លី​មាន​លក្ខណៈ​ស្រួច​ស្រាវ ហើយ​ការ​តវ៉ា​កាន់​តែ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហាក់​មាន​ការ​យល់​ឃើញ​ថា បញ្ហា​ដីធ្លី​រឹត​តែ​ធ្ងន់ធ្ងរ និង​បាន​ចាត់​វិធានការ​ប្រកាស​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ត ​ទៀត។
RFA/Tep Soravy
ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ក្នុង​សន្និសីទ​កាសែត​បង្ហាញ​របាយការណ៍​ស្ដីពី "ផ្លូវ​របត់" ផ្ដោត​លើ​បញ្ហា​សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នៅ​ទីស្នាក់ការ​កណ្ដាល​សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ស្រប​ពេល​គ្នា​នេះ​ដែរ រដ្ឋាភិបាល​បាន​ចាត់​វិធានការ​វាស់វែង និង​ផ្តល់​ដី​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ប្រញិបប្រញាប់ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។
តែ​ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល បាន​អង្កេត​ឃើញ​ថា ត្បិត​មាន​ការ​ប្រកាស​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ផ្លូវការ​ ក៏​ពិត​មែន ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ក៏​នៅ​តែ​បាន​ចេញ​អនុក្រឹត្យ​ចំនួន​៦៦ ដោយ​បម្រុង​ដី​ចំនួន​ជាង ៣សែន​ហិកតារ ទុក​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​បន្ថែម​ទៀត ដែល​ភាគ​ច្រើន​ដី​ទាំង​នោះ​ប៉ះពាល់​លើ​តំបន់​ការពារ។
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ដែល​មាន​ចំណង​ជាង​ថា "ផ្លូវ​របត់"។ របាយការណ៍​នោះ​បាន​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។
ក្នុង​របាយការណ៍​កម្រាស់ ៥៦​ទំព័រ​ជា​ភាសា​ខ្មែរ បាន​បរិយាយ​ថា ក្នុង​ឆ្នាំ​២០១២ រាជ​រដ្ឋាភិបាល​បាន​ផ្តល់ ឬ​បម្រុង​ដី​យ៉ាង​តិច​ណាស់ ២.៦៥៧.៤៧០​ហិកតារ ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច។ ចំនួន​នេះ​កើន ១៦,៧% ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១១ ដែល​មាន ២.២៧៦.៣៤៩​ហិកតារ។
កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១២ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​ដាក់​ចេញ​នូវ​បទ​បញ្ជា​មួយ​ឲ្យ​មាន​ការ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី និង​ពង្រឹង​អ្វី​ដែល​ហៅ​ថា​គោល​នយោបាយ​ស្បែក​ខ្លា។
ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ថា បើ​ទោះ​បី​ជា​មាន​សេចក្តី​ប្រកាស​នោះ ក៏​គេ​រក​ឃើញ​ថា​រាជ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ចេញ​អនុក្រឹត្យ​ក្រោយ​សេចក្តី​ ប្រកាស​នោះ​ចំនួន​៣៣​ទៀត សម្រេច​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន។
ទោះ​ជា​យ៉ាង​ណា តាម​ការ​សិក្សា​របស់​អាដហុក មាន​តែ ៣១​អនុក្រឹត្យ​ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​ចំនួន​ផ្ទៃដី​ត្រូវ​វិនិយោគ គឺ​មាន ២០៨.៨០៥​ហិកតារ​ក្នុង​ខេត្ត​ចំនួន​១០។ ដោយ​ឡែក ២​អនុក្រឹត្យ​ផ្សេង​ទៀត មិន​ត្រូវ​បាន​បង្ហាញ​តួលេខ​ផ្ទៃ​ដី​នោះ​ទេ។
រាជ​រដ្ឋាភិបាល​ធ្លាប់​បាន​បង្ហាញ​ទឡ្ហីករណ៍​បកស្រាយ​លើ​ការ​ចេញ​ អនុក្រឹត្យ​ក្រោយ​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា បញ្ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដោយ​បញ្ជាក់​ថា ពាក្យ​ស្នើសុំ​ខ្លះ​បាន​សម្រេច​នៅ​មុន​សេចក្តី​ប្រកាស​ជា​ផ្លូវការ ទើប​រាជ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ ទាំង​នោះ។
អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​ដូច្នេះ ជា​ការ​ឲ្យ​តម្លៃ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន ជាង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។
ស្រប​ពេល​គ្នា​នោះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ក៏​បាន​ចេញ​របាយការណ៍​ស្រដៀង​គ្នា​ពី​ការ​ស្រាវជ្រាវ​ស្ដីពី​ការ​ផ្តល់​ដី​ សម្បទាន​សេដ្ឋកិច្ច​ក្រោយ​បទ​បញ្ជា​០០៤ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១២។ ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​នេះ រក​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន ៣០​កន្លែង ដែល​ស្មើ​នឹង ១៩២.២១៣,៣៩​ហិកតារ។ តួលេខ​រក​ឃើញ​នេះ​មាន​ភាព​ខុស​គ្នា​ខ្លះ​នៃ​តួលេខ​ដែល​អង្គការ​អាដហុក រក​ឃើញ។
ទាក់​ទិន​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពន្យល់​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោយ​សេចក្តី​ប្រកាស​នោះ មិន​មែន​ជា​ការ​ផ្តល់​ដី​សម្បទាន​ថ្មី​នោះ​ទេ តែ​ជា​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដែល​ផ្តល់​បន្ទាប់​ពី​អ្វី​ជា​គោលការណ៍​ដែល​ សេចក្តី​ជូន​ដំណឹង (ស.ជ.ណ) បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​មុន​ការ​បិទ​ការ​ប្រកាស​ឲ្យ​មាន​ការ​ផ្អាក​ផ្តល់​ ដី​សម្បទាន​សេដ្ឋកិច្ច។
រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បទ​បញ្ជា​លេខ​០០១ ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​ដី​សម្បទាន​កន្លង​មក ដើម្បី​ផ្ទៀងផ្ទាត់​ការ​អនុវត្ត​តាម​បទប្បញ្ញត្តិ និង​ច្បាប់​ជា​ធរមាន។ គិត​ត្រឹម​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០១២ អង្គការ​អាដហុក បាន​រក​ឃើញ​ថា ប័ណ្ណ​កម្មសិទ្ធិ​ដី​ចំនួន ៧១.២២០​សន្លឹក ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​ប្រជាពលរដ្ឋ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៤៣៣.៩៨៧​ហិកតារ។
ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ក៏​បាន​ប្រកាស​ពី​ការ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​នៅ​ខេត្ត​រតនគិរី គឺ​ក្រុមហ៊ុន​ដាយដុងយឿង របស់​វៀតណាម។
ប្រធាន​សមាគម​អាដហុក លោក ធន សារាយ បាន​ស្វាគមន៍​ចំពោះ​ការ​លុប​ចោល​កិច្ច​សន្យា​នេះ និង​ស្នើសុំ​ឲ្យ​មាន​ការ​បន្ត​ការ​លុប​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​ក្រុមហ៊ុន​ដទៃ​ទៀត​ណា​ដែល​បាន​រំលោភ​ច្បាប់ និង​កិច្ច​សន្យា​របស់​កម្ពុជា។ លោក​ក៏​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ចាត់​វិធានការ​កាត់​តម្រឹម​ដី​សម្បទាន​ សេដ្ឋកិច្ច​ណា​ដែល​លើស​ពី ១ម៉ឺន​ហិកតារ ដែល​គ្មាន​ចែង​ក្នុង​ច្បាប់​ភូមិបាល។
របាយការណ៍​សមាគម​អាដហុក រក​ឃើញ​ដែរ​ថា ក្នុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣៨​កន្លែង គ្រប​ដណ្ដប់​លើ​ផ្ទៃដី ១០០.៧៩០​ហិកតារ ដល់​ប្រជាពលរដ្ឋ គឺ​មាន​ចំនួន​ច្រើន​ជាង​ពីរ​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១១។ ប៉ុន្តែ​ចំណោម ៣៨​កន្លែង​នោះ មាន ១៣​កន្លែង បាន​កើត​មាន​ទំនាស់។
ក្នុង​ឆ្នាំ​២០១២ មាន​ការ​គំរាមកំហែង​ប្រើ​អំពើ​ហិង្សា​មាន​ការ​កើន​ឡើង​ទៅ​លើ​តំណាង​សហគមន៍ សកម្មជន និង​បុគ្គលិក​សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​ដីធ្លី។ គេ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ចំនួន ២៣២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​លំនៅឋាន និង​ដីធ្លី គឺ​មាន​ការ​កើន​ឡើង​ចំនួន ១៤៤% បើ​ធៀប​កាល​ពី​ឆ្នាំ​២០១១។
គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ចំនួន ៣៨​នាក់ កំពុង​ឃុំ​ក្នុង​ពន្ធនាគារ និង ៥០​នាក់​ផ្សេង​ទៀត កំពុង​រត់​ភៀស​ខ្លួន។ ក្នុង​របាយការណ៍​ក៏​បាន​រក​ឃើញ​ថា មាន​សហគមន៍​ចំនួន​១៥០ កំពុង​ត្រូវ​បាន​គំរាមកំហែង​ឲ្យ​រើ​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ​នៅ​រាជធានី​ ភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons