. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, February 25, 2013

ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​១០​នាក់​​ពេល​ឆ្លង​ដែន

ប្រភព​ពី​តំបន់​ព្រំដែន​ខ្មែរ-​ថៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា ​ទាហាន​ថៃ បាន​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា ១០​នាក់ ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​ឆ្លងដែន​ពី​ទឹកដី​ខ្មែរ ចូល​ទៅ​រក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ។

ដោយ សួន សុផលមុន្នី  Free Asia
2013-02-25
សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ ៨​នាក់ បាន​រួច​ផុត​ជីវិត​ពី​ការ​បាញ់​ប្រហារ​នោះ ប៉ុន្តែ​ខ្មែរ​ពីរ​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​ថៃ។
ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​បាញ់​ ប្រហារ​ពី​សំណាក់​កង​ទាហាន​ថៃ នោះ គេ​នៅ​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ ចំណែក​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ កំពុង​ធ្វើ​ការ​ងារ​នេះ​ជាមួយ​ភាគី​អាជ្ញាធរ​ថៃ ដើម្បី​​ស្រាវជ្រាវ​រក​បន្ត​ទៀត។
កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១០​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ព្រំ​ដែន​កម្ពុជា​ ឆ្លង​កាត់​ខ្នងភ្នំ​ដងរែក​ចូល​ដី​ថៃ ដើម្បី​រក​កាប់​ឈើ។ នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​មួយ​ក្នុង​ឃុំ​ទ័ពរាជ ស្រុក​តាប់ប្រាយ៉ា ខេត្ដ​ស្រះកែវ ក៏​ត្រូវ​ទាហាន​ថៃ បាញ់​រះ​នៅ​បណ្ដាល​ឱ្យ​បាត់​ខ្លួន ២​នាក់​ និង ៨​នាក់​រត់គេច​ខ្លួន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​វិញ។
ប្រភព​ពី​កង​ការពារ​ព្រំដែន​ខ្មែរ​បាន​បញ្ជាក់​ថា គេ​នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់ ជុំវិញ​ការ​បាត់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​នាក់​នោះ​ថា ត្រូវ​ស្លាប់ ឬ​ក៏​នៅ​រស់៖ «អា​ហ្នឹង​យើង​កំពុង​តាម​ដាន ៨​នាក់​ថា មក​វិញ ធម្មតា​អ្នក​រក​វា​តែង​មាន​ដៃគូ​វា បើ​សិន​វា​ឡើង​កាប់​មែន វា​មាន​ថៃ​ មាន​ខ្មែរ ​មិន​ដែល​មាន​តែ​យើង​ទេ​ ព្រោះ​ឈើ​ហ្នឹង​វា​មិន​មែន​ដូច​របស់​ដាក់​ហោប៉ៅ​ខោ​បាន​នោះ​ទេ បើ​សិន​វា​ឡើង​ទៅ​មែន វា​មាន​ដៃគូ​របស់​វា​ហើយ»
អាជ្ញាធរ​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ប្រជាជន​ខ្មែរ ២​នាក់ ដែល​​បាត់​ខ្លួន​នោះ​មាន​ឈ្មោះ​ រៀន អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ឆន អាយុ ២៥​ឆ្នាំ។ អ្នក​ទាំង ២ និង​មនុស្ស ៨​នាក់​ទៀត​ ខ្លះ​ជា​ប្រជាពលរដ្ឋ​​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេង និង​ខ្លះ​ជា​អ្នក​រស់​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក ពេជ្រ វណ្ណា នាយ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ ​ជា​ច្រើន​លើក​ ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ ​ប៉ុន្តែ​ទូរស័ព្ទ​រោទ៍​តែ​ពុំ​មាន​អ្នក​ទទួល។
មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក ស៊ុំ ច័ន្ទគា​ បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​មាន​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​នេះ។ រដ្ឋាភិបាល​គួរ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​បញ្ឈប់​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។ ទន្ទឹម​គ្នា​នេះ លោក​សុំ​ឲ្យ​ភាគី​ថៃ ចាត់​វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​តាម​ ច្បាប់​របស់​ប្រទេស​ថៃ។
លោក ស៊ុំ ច័ន្ទគា៖ «ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ច្រក​ព្រំដែន គាត់​មិន​មែន​ជា​អ្នក​ហ៊ាន​ទៅ​ប្រព្រឹត្ត​បទល្មើស​អី​អ៊ីចឹង​ទេ បញ្ហា​នេះ​វា​មាន​ពាក់ព័ន្ធ​ទៅ​លើ​មន្ត្រី​មួយ​ចំនួន​ដែល​បើក​ដៃ​ឲ្យ​ទៅ​រក​ ស៊ី ព្រោះ​ថា ខ្មែរ​យើង​មិន​មែន​ចេះ​ហ៊ាន​ទៅ​កាប់​ទៅ​យក​អី​ទៅ​យក​ឈើ​នៅ​ទឹក​ដី​ថៃ បាន​ទេ​ ខ្មែរ​យើង​ខ្លាច​ណាស់»
ក្នុង​រយៈកាល​កន្លង​ទៅ​នេះ ​ទាហាន​ថៃ បាន​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ បណ្ដាល​ឲ្យ​សម្លាប់ ខ្លះ​រង​របួស ​និង​មាន​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​នាំ​គ្នា​ចូល​ទៅ​រក​កាប់​ឈើ​គ្រញូង​ក្នុង​ ទឹក​ដី​ថៃ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ដាក់​បទ​បញ្ជា​ឲ្យ​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ​ជួរ​មុខ​ទាំង​ អស់ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​លំហូរ​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ ចូល​ទៅ​រក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ។ ប៉ុន្តែ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​រក​កាប់​ឈើ​នៅ​ដី​ថៃ នៅ​កើត​តែ​មាន។ ទាហាន​ថៃ បាញ់​សម្លាប់​ខ្មែរ​នៅ​តែ​មាន​ជា​បន្តបន្ទាប់​ ហើយ​បញ្ហា​នេះ​ត្រូវ​បាន​គេ​និយាយ​ថា ដោយសារ​ក្រុម​អ្នក​លួច​ឆ្លង​ដែន​ទៅ​រក​កាប់​ឈើ​នៅ​ក្នុង​ដី​ថៃ នោះ​ មាន​ការ​អនុញ្ញាត​ពី​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ ហើយ​មន្ត្រី​ខ្មែរ​ទាំង​នោះ​ ក៏​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​ថៃ ដូចគ្នា​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons