. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, March 13, 2013

ខុមហ្វ្រែល៖ កម្ពុជា​មិន​មែន​ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ

សង្គម​ស៊ីវិល​រក​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​មាន​ភាព​ផុយ​ស្រួយ និង​ដើរ​ថយ​ក្រោយ។ គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) នៅ​ខែ​មីនា នេះ ចេញ​របាយការណ៍​លំអិត​មួយ​មាន​ចំណង​ជើង​ថា "កំណែ​ទម្រង់​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១២"។

ដោយ វណ្ណ វិចារ
2013-03-13 Free Asia
គល់ បញ្ញា ៣០៥
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​អនុសាសន៍​ចំនួន ១៦​ចំណុច កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣។
RFA/Sok Serey
របាយការណ៍​នេះ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន ដើម្បី​ក្តោប​ក្តាប់​អំណាច​ផ្តាច់​មុខ ដែល​រារាំង​ដល់​ដំណើរ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ក្នុង​របាយការណ៍​កម្រាស់​ជាង ៥០​ទំព័រ ស្ដីពី​ការ​ធ្វើ​កំណែ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១២ ចេញ​ផ្សាយ​ដោយ​អង្គការ​ខុមហ្វ្រែល នៅ​ខែ​មីនា បញ្ជាក់​ថា កម្ពុជា សព្វថ្ងៃ​មិន​មែន​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ។ ខុមហ្វ្រែល លើក​យក​ករណី​សិក្សា​លើ​ចំណុច​មួយ​ចំនួន ដូច​ជា ឃ្លាំ​មើល​អភិបាល​កិច្ច ឃ្លាំ​មើល​រដ្ឋសភា ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ ឃ្លាំ​មើល​ការ​បោះឆ្នោត និង​ឃ្លាំ​មើល​សមភាព​យេនឌ័រ។
នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា របាយការណ៍​ប្រចាំ​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​រាជ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​ធ្វើ​កំណែ​ ទម្រង់​ចាំបាច់​នានា ដើម្បី​ធានា​ឲ្យ​មាន​ការ​គោរព​ច្បាប់ ដោយ​បែង​ចែក​អំណាច​របស់​ស្ថាប័ន​កំពូល​ទាំង​បី មាន​រដ្ឋសភា តុលាការ និង​រដ្ឋាភិបាល ឲ្យ​ឯករាជ្យ​ពី​គ្នា។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​ក៏​បាន​ចាត់​ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ តាម​រយៈ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់​ការ​ចំពោះ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី និង​ប្រធាន​វិទ្យុ​សំបុក​ឃុំ លោក ម៉ម សូណង់ដូ ជាដើម។
លោក​បញ្ជាក់​ថា បើ​សិន​ជា​មិន​មាន​ការ​កែលំអ​ចំណុច​ខ្វះខាត​ទាំង​នោះ​ទេ វា​នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ទៀត​ផង៖ «យើង​ព្រួយ​បារម្ភ​ថា ដំណើរ​ការ​ហ្នឹង ជា​ប្រជាធិបតេយ្យ​ផុយ​ស្រួយ។ កម្ពុជា អាច​ត្រឡប់​ទៅ​នឹង​ប្រទេស​មួយ​មាន​បក្ស​តែ​មួយ បាន​ន័យ​ថា អព្យាក្រឹតភាព​កង​កម្លាំង​ខេមរភូមិន្ទ នគរបាល​មន្ត្រី​តុលាការ ដែល​មាន​ពាក់ព័ន្ធ​ក្នុង​ការ​បោះឆ្នោត​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​អព្យាក្រឹត្យ ត្រូវ​រៀបចំ​ធ្វើ​ម៉េច​ឲ្យ​ការ​បោះឆ្នោត​ប្រកប​ដោយ​តម្លាភាព»
លោក គល់ បញ្ញា បន្ត​ថា សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា គណបក្ស​កាន់​អំណាច​អាច​នឹង​នាំ​កម្ពុជា ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ ប្រសិន​ណា​មិន​មាន​ការ​កែទម្រង់​ណា​មួយ​នោះ។
ខុមហ្វ្រែល ក៏​បាន​បង្ហាញ​ថា រាជ​រដ្ឋាភិបាល​អនុវត្តន៍​ការងារ​មិន​ទាន់​មាន​តម្លាភាព និង​អភិបាល​កិច្ច​ល្អ​នោះ​ទេ ដោយ​គម្រោង​ការ​ទាំង​ឡាយ​របស់​រាជការ ភាគ​ច្រើន​ស្ថិត​នៅ​ជា​អាថ៌កំបាំង ហើយ​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ រីឯ​ប្រព័ន្ធ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ឃោសនា​បោះឆ្នោត​វិញ គណបក្ស​កាន់​អំណាច​បាន​ចាយ​ប្រាក់​លើសលប់ ដើម្បី​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១២។ ក្នុង​នោះ​គេ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​ចំណាយ​ប្រាក់​ឃោសនា​ក្នុង​មួយ​ឃុំ​ជិត ១​ម៉ឺន​ដុល្លារ បើ​ធៀប​នឹង​បក្ស​ប្រឆាំង​ដែល​ចាយ​ប្រាក់​ជាង ១​ពាន់​ដុល្លារ ហើយ​គណបក្ស​ផ្សេង​ទៀត​ចំណាយ​ប្រាក់​ឃោសនា​អស់​ក្រោម ១ពាន់​ដុល្លារ។
របាយការណ៍​ក៏​បាន​គូស​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កាន់​កាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាសែត វិទ្យុ ទូរទស្សន៍ ច្រើន​លើសលប់ និង​មាន​កម្លាំង​ផ្សាយ​ខ្លាំងក្លា​បើ​ធៀប​នឹង​សារព័ត៌មាន​ឯករាជ្យ និង​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ជំទាស់។ ហើយ​គណបក្ស​កាន់​អំណាច ក៏​បំភិត​បំភ័យ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន តាម​រយៈ​មធ្យោបាយ​ព្រមាន ឬ​ហាម​ឃាត់​មិន​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​បន្ត​ទៀត​ផង។ ចំណែក​ឯ​ស្ថាប័ន​រដ្ឋសភា​វិញ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ហើយ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ក៏​ត្រូវ​គណបក្ស​កាន់​អំណាច​ទាត់​ចោល​រាល់​សំណូមពរ ដើម្បី​អភិវឌ្ឍន៍​ជាតិ​ដែរ។
ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា កំពុង​រង​នូវ​ការ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង ទាំង​ផ្នែក​បញ្ចេញ​មតិ ការ​រំលោភ​បំពាន​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​មិន​បាន​ទទួល​យក​អនុសាសន៍​របស់​មន្ត្រី​សហគមន៍​អន្តរជាតិ ដូច​ជា សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប និង​តំណាង​អង្គការ​សហប្រជាជាតិ ដើម្បី​យក​ទៅ​អនុវត្ត​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​ទេ តែ​ក្រុម​មន្ត្រី​ទាំង​នោះ​ធ្វើ​ការងារ​បម្រើ​តែ​បក្ខពួក​ខ្លួន​ប៉ុណ្ណោះ។
លោក យឹម សុវណ្ណ៖ «យើង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ជំនួយ បាត់​បង់​វិនិយោគទុន។ ទី​បំផុត កម្ពុជា ត្រូវ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច គឺ​ជា​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ដូច្នេះ រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច ត្រូវ​តែ​ពិចារណា​រឿង​ហ្នឹង សុំ​ឲ្យ​មាន​សេចក្តី​ក្លាហាន ឲ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​ប្រជាធិបតេយ្យ ដោយ​មាន សម រង្ស៉ី មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត ហើយ​គោរព​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​អន្តរជាតិ​ធំៗ នាំ​ឲ្យ​ការ​បោះឆ្នោត​បង្ហាញ​ឆន្ទៈ​រាស្ត្រ​ពិត​ប្រាកដ»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ប្រកាស​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ខុមហ្វ្រែល និង​មន្ត្រី​បក្ស​ប្រឆាំង។ លោក​បន្ត​ថា របាយការណ៍​នេះ​ជា​ការ​ធ្វើ​ការងារ​បម្រើ​ផល​ប្រយោជន៍​ម្ចាស់​ជំនួយ​ក្នុង​ គោល​បំណង​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ផ្លូវ​ត្រូវ ដោយ​មាន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​គាំទ្រ ផ្ទុយ​ពី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដែល​ចាំ​តែ​រិះគន់។
លោក ផៃ ស៊ីផាន៖ «ជា​របាយការណ៍​មួយ​មាន​និន្នាការ​ដាក់​សម្ពាធ​ទៅ​លើ​ រដ្ឋាភិបាល ដែល​អង្គការ​សង្គម​ស៊ីវិល​មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ជា​ដាច់​ខាត ហើយ​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​រាជ​រដ្ឋាភិបាល និយាយ​ពី​មតិ​ភាគ​តិច​គណបក្ស​ប្រឆាំង​ហ្នឹង ជា​អ្នក​នាំ​មុខ ដែល​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​បោះឆ្នោត។ ជា​អង្គការ​រដ្ឋាភិបាល​មួយ​ដែល​ស៊ី​ឈ្នួល​ជំនួយ​គេ​មក​ចិញ្ចឹម។ រាជ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់​មហាជន និង​សភា»
លោក ផៃ ស៊ីផាន បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​ក៏​នៅ​តែ​ទទួល​យក​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដើម្បី​អភិវឌ្ឍន៍​ជាតិ​ដែរ។
ទោះ​យ៉ាង​ណា​ក្តី អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា របាយការណ៍​ដែល​មាន​ភស្តុតាង​ភ្ជាប់​នឹង​វិភាគ​នេះ ជា​កញ្ចក់​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជា ព្រោះ​ថា កម្ពុជា មិន​អាច​ដើរ​ផ្លូវ​ណា​ក្រៅ​ពី​លទ្ធិប្រជាធិបតេយ្យ​បាន​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons