. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, March 4, 2013

ពលរដ្ឋ៖ អ្នក​អះអាង​ថា​ជា​អង្គរក្ស​នាយករដ្ឋមន្ត្រី​ដុត​ផ្ទះ​អ្នក​ភូមិ

ទំនាស់​ដីធ្លី​នៅ​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​ឈាន​ដល់​ការ​ដុត​បំផ្លាញ​លំនៅឋាន​របស់​អ្នក​ភូមិ​អស់​ជា​ច្រើន​ខ្នង។

ដោយ សួន សុផលមុន្នី
2013-03-04
ក្រុម​អ្នក​ភូមិ​ថ្លែង​ថា មនុស្ស​មួយ​ក្រុម​ដែល​អះអាង​ខ្លួន​ឯង​ថា ជា​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​លំនៅឋាន​របស់​ភូមិ​ចំនួន ៧​ខ្នង​ បន្ទាប់​មក​អូស​យក​ទៅ​គរ​ដុត​បំផ្លាញ​ចោល​នៅ​ក្នុង​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។
លោកស្រី ញឹប សុធា ជា​តំណាង​អ្នក​ភូមិ​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ថា ឈ្មោះ អ៊ួន ទិត កាល​ពី​ថ្ងៃ​ទី​៣ មីនា បាន​ដឹកនាំ​មនុស្ស​មួយ​ចុះ​ទៅ​ដុត​បំផ្លាញ​លំនៅឋាន​របស់​ភូមិ ដោយ​ចោទ​ថា លំនៅឋាន​របស់​អ្នក​ភូមិ​នោះ​ សាងសង់​នៅ​លើ​ដី​របស់​គាត់៖ «លោក អ៊ួន ទិត អះអាង​ថា ជា​អង្គរក្ស ​សម្ដេច​តេជោ ហ៊ុន សែន គ្នា​គេ​ច្រើន មាន​ឡាន ៥ ទៅ ៦​គ្រឿង មាន​ឈ្មោះ អ៊ួន ទិត ទិត លន់ ទិត្យ សារ៉ាត់ ឈូស​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៥​ខ្នង​ ហើយ​យក​ត្រាក់ទ័រ​ឈូស​ចោល រើស​គរ​ដុត គេ​ថា ពួក​ខ្ញុំ​នេះ​មក​រំលោភ​យក​ដី​របស់​គេ ដី​នោះ​គេ​ថា​ បាន​ស្នើ​ខេត្ត តែ​ពួក​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​មាន​ប្លង់​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៩៩ មក គេ​ថា ​ពួក​ខ្ញុំ​ប្រើ​ក្រដាស​ស្នាម​ខុស​ច្បាប់ គេ​ចោទ​ប្រកាន់​ពួក​ខ្ញុំ»
អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ឈឿង ឡូ បញ្ជាក់​បន្ថែម​ថា លំនៅឋាន​របស់​គាត់​ត្រូវ​គេ​ដុត​បំផ្លាញ​ចោល។ លោក​អះអាង​ថា ដី​ដែល​សង់​លំនៅឋាន​នោះ លោក​បាន​កាន់កាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «អ៊ួន ទិត រុញ​ផ្ទះ​ខ្ញុំ​ដួល​អស់​រលីង​ហើយ​ យក​ត្រាក់ទ័រ​អូស​បណ្ដោយ​ថ្នល់​បី​ទៅ​បួន​គីឡូ ខ្ញុំ​រស់​នៅ ដើម​ពុទ្រា​ខ្ញុំ​ធំ​ប៉ុនភ្លៅ ហើយ​សួរ​ថា ខ្ញុំ​រស់​នៅ​យូរ​ណាស់​មក​ហើយ​ តាំង​ពី​បង្កើត​ភូមិ​បឹងស្នោរ មក​គឺ​មាន​បញ្ហា​រហូត។ មុន​ដំបូង​សុំ​ធ្វើ​ថ្នល់​ មាន​កិច្ច​សន្យា​ក្រដាស​ស្នាម គេ​មាន ពេល​ធ្វើ​ថ្នល់​រួច​ហ៊ុមព័ទ្ធ​យក​ដី»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក អ៊ួន ទិត សុំ​សេចក្ដី​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​ឯ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អូរបីជាន់ ​ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។
លោក ស៊ុម ច័ន្ទគា ជា​អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា លោក​នឹង​ចុះ​ស៊ើប​អង្កេត​ជុំវិញ​ការ​ដុត​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ នេះ។ លោក​សង្កត់​ធ្ងន់​ថា ករណី​នេះ​កើត​មាន​ឡើង​នៅ​គ្រា​ដី​នៅ​តំបន់​នោះ ​ត្រូវ​គេ​កំណត់​ថា​ជា​ដី​ស្ថិត​តំបន់​វិនិច្ឆ័យ៖ «ថ្មីៗ​នេះ​ខាង​ គណៈកម្មការ ឬ​ក៏​ក្រុម​ការងារ​រដ្ឋបាល ពិសេស​មាន​យុវជន​ចុះ​វាស់វែង​ដីធ្លី​ហ្នឹង​ មាន​ចំណុច ​តំបន់​វិនិច្ឆ័យ​ក្នុង​ចំណុច​ហ្នឹង​ដែរ ដែល​មាន​ទំនាស់​ដី ដូច្នេះ​ហើយ​បាន​យើង​ឃើញ​បញ្ហា​ហ្នឹង​មាន​ការ​ដុត ​មាន​ការ​ដុត​បំផ្លាញ»
កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ ២៤៦​គ្រួសារ​បាន​លើក​គ្នា​តវ៉ា​ទាមទារ​យក​​​ដីស្រែ​ចម្ការ​ទំហំ​ជាង ១​ពាន់​ហិកតារ នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ក្រុម​អ្នក​ភូមិ​ចោទ​ថា ​មន្ត្រី​ថ្នាក់​ក្រោម​បាន​ឃុបឃិត​គ្នា​រៀបចំ​ឯកសារ​ដី​មាន​ទំនាស់​នោះ ​ដាក់​ជូន​អភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ហត្ថលេខា​​កាត់​ប្រគល់​ទៅ​ឲ្យ​សាច់​ញាតិ និង​អង្គរក្ស​របស់​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជា​ច្រើន​នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons