. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, March 5, 2013

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​យក​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ព្រមាន​ជា​សាធារណៈ​ថា កុំ​ឲ្យ​យក​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ ព្រោះ​ថា បរទេស​មិន​មាន​របប ប៉ុល ពត ដូច​កម្ពុជា​ទេ។

ដោយ វណ្ណ វិចារ  Radio Free Asia
2013-03-03
ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA/Sok Serey
ការ​ប្រកាស​ព្រមាន​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​វិភាគ និង​អ្នក​នយោបាយ​មួយ​ចំនួន​បាន​រិះគន់​ថា សន្ទុះ​អភិវឌ្ឍន៍​នៅ​កម្ពុជា ទាប​ជាង​ប្រទេស​ជិត​ខាង សូម្បី​តែ​ប្រទេស​ឡាវ ប៉ុន្តែ​មន្ត្រី​រាជរដ្ឋាភិបាល​រាប់ទាំង​លោក ហ៊ុន សែន តែង​ដោះសា​ថា មក​ពី​កម្ពុជា​មាន​សង្គ្រាម និង​ឆ្លង​កាត់​របប ប៉ុល ពត ទើប​ប្រទេស​អភិវឌ្ឍន៍​យឺត។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាស​ព្រមាន​ជា​សាធារណៈ​ថា គេ​មិន​អាច​យក​ការ​អភិវឌ្ឍន៍​នៅកម្ពុជា ទៅ​ប្រៀបធៀប​និង​ប្រទេស​ជិតខាង​ដូច​ជា​ថៃ ឡាវ និង វៀតណាម បាន​ទេ ដោយសារតែ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​សម័យ ប៉ុល ពត។ ការ​ថ្លែង​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​លេស​ដែល​លោក ហ៊ុន សែន លើក​ឡើង​ដើម្បី​បិទបាំង​ការ​អសមត្ថភាព​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​កាន់​ អំណាច។
ក្នុង​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣ មីនា លើក​ទី​១៥ ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ មីនា នៅ​សាល​សន្និសីទ​ចតុមុខ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ដែល​យក​កម្ពុជា ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង មាន ឡាវ វៀតណាម និង​ថៃ គឺ​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ដោយសារ​តែ​កម្ពុជា បាន​ឆ្លង​កាត់​សម័យ ប៉ុល ពត ដែល​បំផ្លាញ​ទាំង​ស្រុក​នូវ​ឫស​គល់​វប្បធម៌​ជាតិ​ផ្ទុយ​ពី​ប្រទេស​ទាំង​នោះ។ លោក​បន្ត​ថា ទោះ​បី​ជា​ឡាវ និង​វៀតណាម ផ្លាស់​ប្ដូរ​របប ហើយ​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​ច្រើន​ដង តែ​គេ​មិន​បាន​សម្លាប់​រង្គាល​មនុស្ស​ដូច​កម្ពុជា​ទេ។
លោក ហ៊ុន សែន បញ្ជាក់​ថា រាល់​កំណែទម្រង់ និង​អភិវឌ្ឍន៍​ទាំង​អស់​ក្នុង​ប្រទេស គឺ​ធ្វើ​តាម​បែប​កម្ពុជា ដោយ​មិន​ចំលង​តាម​ប្រទេស​ណា​មួយ​ឡើយ៖ «ប្រទេស​គេ ទោះ​បី​មាន​ការ​ផ្លាស់ប្ដូរ​របប តែ​គេ​មិន​បាន​បោះ​បង់​ចោល​វប្បធម៌​របស់​គេ​ទេ គេ​មិន​បាន​សម្លាប់​មនុស្ស​រង្គាល​ដូច​នៅ​កម្ពុជា ទេ ទោះ​បី​រដ្ឋ​ប្រហារ​កើត​រាប់​មិន​អស់ ក៏​ប៉ុន្តែ​ថៃ នៅ​តែ​ជា​ថៃ។ ហេតុ​អី​យក​កម្ពុជា ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង? និយាយ​រួម​ទៅ​កម្ពុជា មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ណា​បាន​ទេ»
លោក ហ៊ុន សែន ព្រមាន​បន្ត​ថា សូម​ប្រយ័ត្ន បើ​សិន​ជា​យក​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង ដូច​ជា​ឡាវ និង វៀតណាម ព្រោះ​ថា ប្រទេស​ទាំង​ពីរ​នេះ​ប្រកាន់​នយោបាយ​បក្ស​តែ​មួយ។
ទោះ​ជា​យ៉ាង​ណា​ក្ដី អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម មាន​ប្រ​សាសន៍​ថា ការ​ដែល​យក​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​បរទេស មិន​មែន​ជា​ប្រការ​អាក្រក់​នោះ​ទេ ព្រោះ​អាច​ឲ្យ​កម្ពុជា មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ដើម្បី​បង្កើន​​ល្បឿន​អភិវឌ្ឍន៍​ជាតិ ​បាន​ប្រសើរ​ឡើង។ លោក​បន្ត​ថា ព្រោះ​តែ​ការ​អភិវឌ្ឍ​មិន​មើល​គំរូ​ល្អ​ពី​បរទេស​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​រង​ផល​ប៉ះពាល់​យ៉ាង​ ធ្ងន់ធ្ងរ ដូចជា​ការ​ចាប់​មនុស្ស​ដាក់​គុក ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ជា​ដើម។
លោក ប៉ុល ហំម បញ្ជាក់​ថា មន្ត្រី​បក្ស​កាន់​អំណាច​តែង​តែ​លើក​យក​បញ្ហា​របប ប៉ុល ពត មក​ថ្លែង​ជា​សាធារណៈ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ្លេច​គុណ និង​​ព្យាយាម​បិទបាំង​ទង្វើ​អាក្រក់​របស់​ក្រុម​ខ្លួន ដែល​មាន​ដូចជា​ការ​លក់​ធនធាន​ធម្មជាតិ ទ្រព្យសម្បត្តិ​រដ្ឋ និង​អំពើ​ពុករលួយ ។ល។
លោក ប៉ុល ហំម៖ «អភិវឌ្ឍន៍​លើ​គំនរ​ទឹក​ភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ហើយ​អ្នក​ដែល​បាន​ផល​ច្រើន​នោះ គឺ​នាយ​ទុន អ្នក​មាន​អំណាច។ អត់​មាន​បណ្ដុះ​ឲ្យ​ប្រជាជន គាត់​យល់​ពី​សិទ្ធិ​សេរីភាព​របស់​គេ​ទេ គឺ​រំលឹក​របប ប៉ុល ពត និង ៧​មករា ដូច្នេះ​ចម្លើយ​បែប​នេះ​​ជា​ចម្លើយ​​ទ័លចក្រ បង្ហាញ​ពី​កង្វះ​សមត្ថភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បើ​មាន​សមត្ថភាព​គាត់​អាច​ពន្យល់​បាន»
លោក ប៉ុល ហំម បន្ត​ថា គណបក្ស​កាន់​អំណាច​មាន​តួនាទី​លើក​តម្កើង​សេរីភាព និង​ការ​គោរព​ច្បាប់​នៅ​កម្ពុជា ស្រប​តាម​រដ្ឋធម្មនុញ្ញ ដូច​នេះ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​តួនាទី​ឃ្លាំមើល​ការ​អនុវត្ត​ការងារ​ របស់​រាជរដ្ឋាភិបាល។
កន្លង​ទៅ​ពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​ម្តងៗ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែង​លើក​យក​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ស្ថិរភាព​សង្គម សន្តិ​សុខ មក​បង្ហាញ​ដោយ​បញ្ជាក់​ដូចៗ​គ្នា​ថា ទាំង​អស់​នេះ​ជា​សមិទ្ធិ​ផល​៧​មករា ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ ។តែ​ពួក​គេ​កម្រ នឹង​លើក​យក​បញ្ហា បំណុល​បរទេស ការ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ណាស់ ព្រោះ​ថា បើ​សិន​ពលរដ្ឋ​បាន​ដឹង​ច្បាស់ នោះ​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​បក្ស​កាន់​អំណាច​ឡើយ។ បាន​ន័យ​ថា ប្រជាពលរដ្ឋ​អាច​ឮ​ពី​ទុក្ខ​លំបាក​ក្នុង​សម័យ ប៉ុល ពត និង​ការ​អភិវឌ្ឍ​ក្នុង​សម័យ​នេះ​ចេញ​ពី​មាត់​ក្រុម​មន្ត្រី​រាជ​រដ្ឋាភិបាល​ តែ​ប៉ុណ្ណោះ។
ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ឯកោ​តែ​ឯង​នៅ​លើ​ពិភពលោក​នោះ​ទេ ដូច​នេះ​ចាំបាច់​ត្រូវ​តែ​យក​ទៅ​​ប្រៀប​ធៀប​ដើម្បី​វាស់​ឲ្យ​ដឹង​ថា តើ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​កម្រិត​ណា? លោក​បន្ត​ថា បើ​សិន​ជា​ឃើញ​ថា កម្ពុជា​មាន​កម្រិត​ទាប​ជាង​គេ អ្នក​ដឹក​នាំ​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត និង​ខំ​ប្រឹងប្រែង​ដើរ​ឲ្យ​ទាន់​គេ បើ​ខ្ពស់​ជាង​គេ​ហើយ ក៏​ត្រូវ​ខិត​ខំ​បន្ត​ទៀត​ដែរ។
លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ប្រទេស​កម្ពុជា ប្រសើរ​ជាង​ឡាវ និ ​វៀតណាម ត្រង់​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ហេតុ​នេះ​កម្ពុជា មាន​ការ​អនុគ្រោះ​ច្រើន​ផ្នែក​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប តែ​អ្វី​ដែល​នាំ​ឲ្យ​កម្ពុជា អាប់​អោន​ខ្លួន​ឯង​នោះ គឺ​តុលាការ​មិន​ឯករាជ្យ និង​អំពើ​ពុក​រលួយ​នេះ​ឯង៖ «យើង​ត្រូវ​មើល​អ៊ីចឹង​វិញ មួយ​ផ្នែកៗ​ហ្នឹង សេដ្ឋកិច្ច​ចម្រើន​លូត​លាស់ ក៏​ប៉ុន្តែ​យើង​ទៅ​ខ្ចី​លុយ​គេ​ក៏​ច្រើន បាត់​បង​ភោគទ្រព្យ​សម្បត្តិ​ធម្មជាតិ​ក៏​ច្រើន អំពើ​ពុករលួយ​ក៏​ច្រើន និយាយ​ទៅ​វិល​ឡើង​ចុះ​ជាន់​តែ​កែង​ឯង​អ៊ីចឹង»
អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ពិត​ជា​អាច​យក​ទៅ​ប្រៀបធៀប​គ្នា​បាន​ត្រង់​ថា ប្រទេស​ទាំង​បី​កែប្រែ​​នយោបាយ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅ​ជា​សេដ្ឋកិច្ច​ ទីផ្សារ​ដូចៗ​គ្នា​ក្នុង​​ទសវត្ស​ទី​៩០។ ចំណែក​ឯ​ធនធាន​ធម្មជាតិ ក៏​មាន​ប្រហាក់​ប្រហែល​គ្នា​ដែរ ដោយ​ធនធាន​នេះ​អាច​យក​ទៅ​អភិវឌ្ឍន៍ ដោយ​សមាមាត្រ​ទៅ​នឹង​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នីមួយៗ។
អ្នក​ជំនាញ​បញ្ជាក់​ថា កម្ពុជា​នឹង​ដើរ​តាម​ក្រោយ​ឡាវ និង វៀតណាម ហើយ​ក៏​មិន​អាច​ងើប​មុខ​យក​ទៅ​ប្រៀប​នឹង​ប្រទេស​ក្នុង​តំបន់​បាន​ទេ លើ​គ្រប់​វិស័យ បើ​សិន​ជា​កម្ពុជា ប្រកាន់​នយោបាយ​ប្រជាធិបតេយ្យ​ក្លែងក្លាយ អំពើ​ពុករលួយ ឬ​មិន​យក​ការ​អនុវត្ត​ច្បាប់​ជា​គោល​នោះ។ តែ​បើ​កម្ពុជា បើក​ឲ្យ​មាន​សេរីភាព​ពេញលេញ និង​នយោបាយ​ប្រជាធិបតេយ្យ​ច្បាស់លាស់ នោះ​កម្ពុជា​នឹង​មិន​អន់​ជាង​ឡាវ និង​វៀតណាម ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons