. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, April 3, 2013

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធានា​សិទ្ធិ​នយោបាយ​ពលរដ្ឋ


ការ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ កក្កដា កាន់​តែ​ខិត​ជិត​មក​ដល់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ អ្នក​នយោបាយ​មក​ពី​គ្រប់​គណបក្ស ដែល​ចូលរួម​ដណ្ដើម​សន្លឹក​ឆ្នោត​គ្នា បាន​ធ្វើ​សកម្មភាព​ស្រប​ច្បាប់ ដោយ​គ្មាន​ការ​រារាំង។
ដោយ កែវ និមល
2013-04-02
ហ៊ុន សែន ជី​វៀតណាម ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​ ផ្កាយ​៥ របស់​វៀតណាម នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Sok Serey
លោក ហ៊ុន សែន សង្ឃឹម​ថា បរិយាកាស​បោះឆ្នោត​រើស​សមាជិក​សភា​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ មិន​បង្កើត​ឲ្យ​មាន​បរិយាកាស​បែក​បាក់​ជាតិ និង​មាន​អំពើ​ហិង្សា​រវាង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ខុស​គ្នា​ ឡើយ។
នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ថ្ងៃ​ទី២ មេសា នៅ​កោះពេជ្រ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បង្ក​ លក្ខណៈ​ល្អ ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ឲ្យ​មាន​ ឱកាស​ធ្វើ​សកម្មភាព​នយោបាយ​ដូចៗ​គ្នា៖ «ខ្ញុំ​អំពាវនាវ​ចំពោះ​អាជ្ញាធរ​ ថ្នាក់​ក្រោម​ជាតិ ស្ថាប័ន​ថ្នាក់​ជាតិ ក៏​ដូច​ជា​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ខិតខំ​រក្សា​បរិយាកាស​នយោបាយ​អព្យាក្រឹត​សម្រាប់​ដំណើរ​ការ​នៃ​ការ​ បោះឆ្នោត​ទាំង​មូល។ បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ត្រូវ​តែ​មាន​សេរីភាព​ធ្វើ​សកម្មភាព​នៅ​ឯ​មូលដ្ឋាន»
លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី​តាម​មូលដ្ឋាន អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​នានា​អាច​ដាក់​តាំង​ដូច​គ្នា​ស្លាក​សញ្ញា​ គណបក្ស ឬ​រូប​ថត​ប្រធាន​គណបក្ស​នយោបាយ នៅ​តាម​ទី​សាធារណៈ​របស់​រដ្ឋ នៅ​តាម​ផ្លូវ​ជាតិ ស្ពាន ជាដើម៖ «សុំ​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រួល​បង្ក​លក្ខណៈ​ឲ្យ​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ បាន​លើក​ផ្លាក​គណបក្ស​របស់​គេ។ បើ​គណបក្ស​កាន់​អំណាច​លើក​បាន គេ​ក៏​អាច​លើក​បាន។ ប៉ុន្តែ​បើ​សិន​ជា​ចំ​ផ្ទះ​ប្រជាពលរដ្ឋ គឺ​ត្រូវ​សុំ​ប្រជាពលរដ្ឋ។ យើង​និយាយ​នៅ​ទី​នេះ គឺ​គ្រាន់​តែ​កន្លែង​សាធារណៈ​ប៉ុណ្ណោះ ដូច​ជា គល់​ស្ពាន​ព្រះមុនីវង្ស​អីចឹង មាន​អ្នក​យាម​ស្ពាន​ច្រើន​ណាស់។ ដូច្នេះ បើ​គណបក្ស​ប្រជាជន​អាច​យាម​ស្ពាន​នោះ​បាន គណបក្ស​ដទៃ​ក៏​អាច​ឈរ​យាម​ស្ពាន​នោះ​បាន​ដែរ»
លោក​នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ មាន​ប៉ូលិស ប៉េអិម ទាហាន ប្រកាន់​គោលការណ៍​អព្យាក្រឹត និង​ចូលរួម​ការពារ​អ្នក​នយោបាយ​ដែល​ចុះ​ឃោសនា​ជួប​ជាមួយ​សកម្មជន​គណបក្ស និង​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​រក​សន្លឹក​ឆ្នោត​នៅ​តាម​ខេត្ត ខណ្ឌ នានា៖ «ពិត ​មែន​ហើយ ក្នុង​នាម​គណបក្ស​ប្រជាជន យើង​ក៏​ចង់​បាន​សន្លឹក​ឆ្នោត​ដែរ ប៉ុន្តែ​យើង​ក៏​មាន​កាតព្វកិច្ច​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ក្នុង​នាម​រដ្ឋាភិបាល ដែល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បរិយាកាស​បោះឆ្នោត​អព្យាក្រឹត សន្តិសុខ សណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ ដែល​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ ហើយ​កុំ​ឲ្យ​ការ​បោះឆ្នោត​នេះ​ក្លាយ​ជា​ការ​បាក់​បែក​ជាតិ»
លោក ហ៊ុន សែន ក៏​បាន​ហាម​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ កុំ​ឲ្យ​រារាំង​ប្រជាពលរដ្ឋ​ចូលរួម​ស្តាប់​ការ​ប្រជុំ​នយោបាយ​របស់​គណបក្ស​ នយោបាយ​នានា និង​គំរាម​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ស្តាប់​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ ពីព្រោះ​នេះ​ជា​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ៖ «គណបក្ស​នយោបាយ​មាន​ សិទ្ធិ​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​គ្រប់​ទី​កន្លែង​ដែល​គេ​ចង់​ទៅ។ យើង​មិន​ត្រូវ​រារាំង​ការ​ចូលរួម​របស់​ប្រជាជន​ដែរ។ វា​ជា​អំពើ​ឆោត​ល្ងង់​របស់​គណបក្ស​ក្នុង​រដ្ឋាភិបាល បើ​សិន​ជា​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»
បើ​សិន​ជា​កើត​មាន​ជម្លោះ​រវាង​សមាជិក​គណបក្ស​នយោបាយ​ដែល​ចូលរួម​គណបក្ស​ នយោបាយ​ខុស​គ្នា លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ ក្នុង​ករណី​មិន​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី គឺ​មាន​តែ​ការ​ប្ដឹង​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ។
ចាប់​តាំង​ពី​ក្រោយ​មហា​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៦ មីនា មក លោក ហ៊ុន សែន ដែល​ត្រូវ​គណបក្ស​ប្រកាស​ជា​ផ្លូវការ​ថា ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ផ្ដើម​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​តាម​វេទិកា​ នានា ទាក់ទង​ការ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥។
នៅ​ក្នុង​សេចក្តី​ថ្លែង​ជា​សាធារណៈ​មួយ​ចំនួន លោក ហ៊ុន សែន តែង​តែ​ចំអក ឬ​ឆ្លើយ​តប​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ​ដែល​បាន​រិះគន់​ការ​ដឹកនាំ​ ប្រទេស​របស់​លោក ក្នុង​រយៈពេល​ជិត ៣០​ឆ្នាំ​កន្លង​មក ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២ មេសា ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន នោះ ជា​ការ​ល្អ​ហើយ ដើម្បី​ឲ្យ​បរិយាកាស​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ ពីព្រោះ​គាត់​ជា​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​សុំ​កុំ​និយាយ​ផ្សេង ធ្វើ​សកម្មភាព​ផ្សេង៖ «សុំ​កុំ​និយាយ​តែ​មាត់។ ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​នោះ ទាល់​តែ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ឲ្យ​មាន​ទាំងអស់​គ្នា មិន​មែន​មាន​តែ​បក្ស​កាន់​អំណាច​ទេ។ ហើយ​កុំ​យក​តួនាទី​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ដើរ​ឃោសនា​អីចឹង មិន​ត្រូវ​ទេ ពីព្រោះ​ប្រើប្រាស់​ថវិកា​ជាតិ ប្រើប្រាស់​អង្គរក្ស​ជាតិ ជិះ​យន្តហោះ ជិះ​ឡាន លុយ​រដ្ឋ​ទាំងអស់ ហើយ​យក​មក​ឃោសនា​ឲ្យ​ខ្លួន​ឯង គណបក្ស​នោះ ខុស​ហើយ។ បើ​ចង់​ឲ្យ​បោះឆ្នោត សេរី និង​ត្រឹមត្រូវ យុត្តិធម៌ សុំ​ឲ្យ​ធ្វើ​ឲ្យ​ស្មើភាព​គ្នា»
លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា មក​ទល់​បច្ចុប្បន្ន ការ​ដាក់​តាំង​ស្លាក​សញ្ញា​គណបក្ស មិន​ទាន់​មាន​បញ្ហា​កើត​មាន​ជា​ឧបសគ្គ​ធំ​ដុំ​នៅ​ឡើយ​ទេ។
ចំណែក​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​មួយ​ឈ្មោះ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (COMFREL) មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ជា​ការ​ល្អ តែ​បើ​មាន​ចេញ​ជា​ក្រដាស​លាយលក្ខណ៍​អក្សរ​ទៀត​នោះ កាន់​តែ​ច្បាស់៖ «បើ​ សិន​ជា​មាន​ជា​សារាចរ​នោះ វា​ល្អ ជាពិសេស​ទាក់ទង​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ។ មន្ត្រី​តុលាការ អាជ្ញាធរ​អី​ហ្នឹង ឲ្យ​គាត់​បាន​ដឹង។ បើ​មាន​សារាចរ​នោះ ស្រណុក​យើង​យក​មក​ផ្ទៀងផ្ទាត់»
រីឯ​លោក អំ សំអាត មន្ត្រី​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) មាន​យោបល់​ថា បើ​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ជា​អនុសាសន៍​ជា​មុន ដូច្នេះ​វា​ជួយ​ការពារ​ទង្វើ​មិន​ត្រឹមត្រូវ​របស់​បុគ្គល​អាជ្ញាធរ​មូលដ្ឋាន ​មួយ​ចំនួន៖ «ប៉ុន្តែ​អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ តើ​មន្ត្រី ឬ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ គាត់​អាច​យក​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​នោះ​ទៅ​អនុវត្តន៍​កម្រិត​ណា»
ប្រទេស​កម្ពុជា រៀបចំ​ការ​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​មាន​គណបក្ស​នយោបាយ​ចំនួន​ប៉ុន្មាន​ចូលរួម​ប្រកួត​ដណ្ដើម ​អាសនៈ​ចំនួន​១២៣ នៅ​រដ្ឋសភា​ឡើយ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​បោះឆ្នោត​នោះ មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ជាង ៩​លាន​នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons