. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, May 23, 2013

ពលរដ្ឋ​ស្រុក​ម៉ាឡៃ​ចោទ​អាជ្ញាធរ​យក​ដី​សង្គម​កិច្ច​លក់​ឲ្យ​ឈ្មួញ


ដោយ សួន សុផលមុន្នី

ប្រជាពលរដ្ឋ​ចំនួន ៩១​គ្រួសារ នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ។ ពួក​គាត់​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ ៨០​ហិកតារ ដែល​ជា​ដី​គម្រោង​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ។
ពួក​គាត់​ចោទ​ថា ដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​យក​ទៅ​លក់​ឲ្យ​ឈ្មួញ។ ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បដិសេធ ដោយ​អះអាង​ថា ការ​បែង​ចែក​ដី​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល​ទើប​ចប់។
អ្នក​ភូមិ​ជិត ៥០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៩១​គ្រួសារ បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ បន្ទាប់​ពី​បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ទាមទារ​ឲ្យ​មន្ត្រី​សាលា​ខេត្ត​ជួយ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី។ ការ​លើក​គ្នា​តវ៉ា​របស់​អ្នក​ភូមិ គឺ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៣ ចំ​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​មន្ត្រី​រាជការ​នាំ​គ្នា​ឈប់​សម្រាក។
តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ អឹម យ៉ាន បញ្ជាក់​ថា លោក​មេ​ភូមិ និង​លោក​អនុ​ភូមិ​រស្មីមានជ័យ បាន​ឃុបឃិត​គ្នា​យក​ដី​កសិកម្ម​ទំហំ ៨០​ហិកតារ ទៅ​លក់។ ដី​នោះ​ជា​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល រៀបចំ​បែង​ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៩១​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​អាច​បាន​កន្លះ​ហិកតារ​តែ​ប៉ុណ្ណោះ៖ «ព្រោះ​ដី​ហ្នឹង​ស្រុក​កាត់​ចែក​ឲ្យ​ទៅ​ឃុំ​ជា​កញ្ចប់​រួច​ទៅ​ហើយ ៨០​ហិកតារ តែ​គាត់​អត់​បាន​បែង​ចែក​ឲ្យ​បង​ប្អូន​ប្រជាជន​ទេ គាត់​បែរ​ជា​ឃុបឃិត​លក់​ដូរ​ទៅ​វិញ។ ដី​បរិស្ថាន​ដែល​កាត់​ពី​បរិស្ថាន​មក ១.៥០០​ហិកតារ»
នៅ​ក្នុង​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣ បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ពុំ​បាន​បែង​ចែក​ដី​កសិកម្ម​ចំនួន ៨០​ហិកតារ នោះ ឲ្យ​អ្នក​ភូមិ​ទេ។ ប៉ុន្តែ លោក​មេ​ភូមិ និង​អនុ​ភូមិ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ត្រៀម​យក​ដី​នោះ​លក់ និង​លក់​អស់​មួយ​ចំនួន​ទៅ​ហើយ។ ប៉ុន្តែ មេ​ភូមិ​រស្មីមានជ័យ លោក បិន សំបូរ ថ្លែង​ថា ដី​ដែល​ត្រូវ​យក​មក​បែង​ចែក​ជូន​អ្នក​ភូមិ​នោះ មាន​ជាង ១០០​ហិកតារ ប៉ុន្តែ​នៅ​ជំហាន​ដំបូង មាន​ដី​តែ ៨០​ហិកតារ យក​មក​ចែក​ជូន​អ្នក​ភូមិ​សិន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​កន្លះ​ហិកតារ។ ប៉ុន្តែ នៅ​សល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​នៅ​ពុំ​ទាន់​ទទួល​បាន ត្រូវ​រង់ចាំ​នៅ​ជំហាន​ទី២។
លោក​បន្ត​ថា គម្រោង​នេះ​អាជ្ញាធរ​ភូមិ​បាន​លើក​សំណើ​ដាក់​ទៅ​ថ្នាក់​លើ​រួច​ហើយ៖ «ហើយ​ខ្ញុំ​ធ្វើ​សំណើ ហើយ​ឮ​ថា​បង​ប្អូន​គេ​ទៅ​ប្ដឹង​សាលា​ខេត្ត គេ​ចោទ​ថា​ខ្ញុំ​យក​ដី​លក់​ឲ្យ​ធ្វើ​ជំហាន​ទី​២ ឲ្យ​ឃុំ​យក​ទៅ​ស្រុក»
លោក​អះអាង​ថា អ្នក​ភូមិ​ដែល​នៅ​ពុំ​ទាន់​បាន​ទទួល​របប​ដី​នោះ មាន​នៅ​សល់​ប្រហែល​ជា ៨០​គ្រួសារ​ប៉ុណ្ណោះ ពុំ​មែន ៩១​គ្រួសារ​នោះ​ទេ។
មេ​ឃុំ​ទួលពង្រ លោក ទឹម ម៉ន បញ្ជាក់​ថា អាជ្ញាធរ​បាន​លើក​គម្រោង​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច​ទំហំ ១៤៧​ហិកតារ កាត់​ចេញ​ដី​ព្រៃ​រនាម​ដូនសំ ដើម្បី​បែង​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដី​បង្កបង្កើនផល​ចំនួន​ពីរ គឺ​ភូមិ​រស្មីមានជ័យ និង​ភូមិ​ស្រឡៅជ្រំ ក្នុង​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ លោក​អះអាង​ថា ដី​ទំហំ ៨០​ហិកតារ អាជ្ញាធរ​មូលដ្ឋាន​បាន​ចែក​ជូន​អ្នក​ភូមិ​ជា​វគ្គ​ទី១ ហើយ​អ្នក​ភូមិ​ដែល​មិន​ទាន់​ទទួល​បាន​ដី​នោះ ត្រូវ​រង់ចាំ​នៅ​វគ្គ​ទី២ បន្ត​ទៀត។ ហើយ​បច្ចុប្បន្ន អាជ្ញាធរ​កំពុង​ធ្វើ​សំណើ​នេះ​ដាក់​ទៅ​ថ្នាក់​លើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons