. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, May 23, 2013

បញ្ហា​ទំនាស់​ដីធ្លី​ជាច្រើន​ពុំ​ទាន់​ដោះស្រាយ​នៅ​បន្ទាយមានជ័យ


វិទ្យុអាស៊ីសេរីទាំងស្រុង

ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​មាន​ចំនួន​ច្រើន​នៅ​ពុំ​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នោះ​ឡើយ។ ភាគ​ច្រើន​នៃ​ទំនាស់​ដីធ្លី​នេះ គឺ​កើត​មាន​ឡើង​​ជាមួយ​ក្រុម​មន្ត្រី​យោធា និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ធំៗ ជាមួយ​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ។

ដោយ សួន សុផលមុន្នី 
2013-05-17
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ដីធ្លី បន្ទាយមានជ័យ ៣០៥
សិក្ខាសាលា​ស្ដីពី​ការ​រួម​គ្នា​លើក​ស្ទួយ​សិទ្ធិ​ដីធ្លី និង​ការ​អនុវត្ត​ច្បាប់ នៅ​សកលវិទ្យាល័យ បៀលប្រាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៣។
Photo Adhoc
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បើក​សិក្ខាសាលា​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៣ ដោយ​បាន​លើក​យក​ករណី​ទំនាស់​ដីធ្លី​ធំៗ​ចំនួន ៧​កន្លែង នៅ​តាម​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​កើត​មាន​ទំនាស់​រ៉ាំរ៉ៃ​​ច្រើន​ឆ្នាំ ដាក់​ជូន​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ធ្វើ​ការ​ដោះស្រាយ​​ឲ្យ​បាន​ឆាប់។
ប្រធាន​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា ដី​ទំនាស់​ទាំង ៧​កន្លែង​នោះ មាន​នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ៖ «ទាំង ៧​ករណី​ហ្នឹង យើង​លើក​ក្នុង​សិក្ខាសាលា​ជូន​អភិបាល​ខេត្ត និង​ស្ថាប័ន​មន្ទីរ​ផ្សេងៗ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​កុំ​ឲ្យ​ដី​ហ្នឹង​កាន់​តែ​មាន​ទំនាស់ កាន់​តែ​ខ្លាំង​ឡើង ឬក៏​យក​ទំនាស់​ហ្នឹង​ធ្វើ​ជា​ជំនួញ​មួយ​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខេត្ត។ ប្រជាពលរដ្ឋ​ដែល​គាត់​មក​កន្លែង​នេះ គាត់​ចង់​បាន​កិច្ច​សន្យា​ច្បាស់​មួយ​ពី​អាជ្ញាធរ​ខេត្ត ការពារ​ដី​គាត់​ដោះស្រាយ​ដី​គាត់ ដើម្បី​ឲ្យ​គាត់​បាន​ប្រែ​ក្លាយ​កម្មសិទ្ធិ​នៅ​លើ​ដី​ហ្នឹង»
សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សមាគម​អាដហុក នេះ មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត មន្ត្រី​ស្ថាប័ន​មន្ទីរ​ជំនាញ និង​មន្ត្រី​តុលាការ​ខេត្ត​ជាច្រើន​នាក់។ នៅ​ក្នុង​របាយការណ៍​អាដហុក បញ្ជក់​ថា មាន​ករណី​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ពុំ​ទាន់​បាន​​ដោះស្រាយ។ ក្នុង​នោះ​មាន​ករណី​ទំនាស់​ដី​នៅ​ស្រុក​ព្រះនេត្រព្រះ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​ជាង ២០០​គ្រួសារ កើត​មាន​ទំនាស់​ជាមួយ​ទាហាន​រថក្រោះ​ដែល​បាន​ចូល​ទៅ​ឈរ​ជើង និង​បាន​រំលោភ​បំពាន​យក​ដី​របស់​ប្រជាពលរដ្ឋ​ជាង ១០០​ហិកតារ។
ករណី​ទំនាស់​ដីធ្លី​ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ដូច​គ្នា​ដែរ គឺ​កង​ទាហាន​កាំភ្លើង​ធំ បាន​ចូល​មក​បោះ​បន្ទាយ​នៅ​លើ​ដី​ប្រជាពលរដ្ឋ​ចំនួន ៣២​គ្រួសារ និង​ដី​ទំហំ​ជាង ២៥​ហិកតារ។ ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​ថ្មពួក មាន​ច្រើន​ភូមិ។ ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ មាន​ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ ទំនាស់​ជាមួយ​ក្រុមហ៊ុន លោកស្រី សូរ្យ ចន្ធូ ​លើ​ផ្ទៃដី​ជាង ២០០​ហិកតារ។ ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ ដូច​គ្នា រវាង​ប្រជាពលរដ្ឋ ២៤៦​គ្រួសារ ដី​ទំហំ​ជិត ១.៤០០​ហិកតារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន លោកឧកញ៉ា សំផាន់ រិទ្ធ រំលោភ​យក។
ករណី​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​ម៉ាឡៃ រវាង​ប្រជាពលរដ្ឋ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ជាង ១០០​គ្រួសារ ជាមួយ​អតីត​មេ​បញ្ជាការ​របស់​ពួក​គាត់​ដែល​បាន​លក់​ដី​ប្រមាណ ១.២០០​ហិកតារ នោះ ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ និង​ករណី​ទំនាស់​ដី​នៅ​ស្រុក​ម៉ាឡៃ ដូច​គ្នា​ដែរ គឺ​កាល​ពី​ឆ្នាំ​២០០១ មាន​ប្រជាពលរដ្ឋ​ពី​ខេត្ត​ផ្សេង​គ្នា​បាន​ចូល​ទៅ​រស់នៅ​ភូមិ​ស្រឡៅជ្រំ ឃុំ​ទួលពង្រ ដោយ​បាន​កាប់​ឆ្ការ​ព្រៃ​យក​ដី​រនាម​ដូនសំ សម្រាប់​ធ្វើ​ស្រែ​ចម្ការ។ ការ​កាន់​កាប់​ដី​ព្រៃ​នោះ ពុំ​មាន​កា​រហាម​ឃាត់​ពី​អាជ្ញាធរ​ឡើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ នៅ​ពុំ​ទាន់​បាន​ទទួល​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅ​ឡើយ។
ទន្ទឹម​គ្នា​នេះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ផ្ដល់​អនុសាសន៍​ជាច្រើន​ចំណុច ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ទាំងអស់​រួម​គ្នា​ដោះស្រាយ ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចប់​ជម្លោះ​ដី​ទាំង​នោះ ហើយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់។
ឆ្លើយ​តប​បញ្ហា​នេះ ក្រុម​មន្ត្រី​នៃ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ បាន​អះអាង​ថា ពួក​គេ​ទទួល​យក​អនុសាសន៍ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅ​​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រិះរក​មធ្យោបាយ​ជាក់​លាក់​មួយ​ចុះ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons