. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, May 23, 2013

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដោះស្រាយ​បញ្ហា​ដីធ្លី


ក្រុម​អង្គការ​សង្គម​ស៊ីវិល ផ្ដល់​អនុសាសន៍​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​ក្រុម​អាជ្ញាធរ​សម្រេច​ចិត្ត​យក​ដី​ទំហំ ១.៥០០​ហិកតារ ដែល​ជា​ដី​ស្ថិត​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ នោះ ដាក់​ជា​ដី​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ ចែក​ជូន​ប្រជាពលរដ្ឋ។

ដោយ សួន សុផលមុន្នី
2013-05-21
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល កើត​មាន​ឡើង​ក្រោយ​ពី​មាន​អ្នក​ភូមិ​នាំ​គ្នា​ឡើង​មក​តវ៉ា​ជា​បន្តបន្ទាប់​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី​របស់​គណៈកម្មការ​វាស់វែង​ដី​ធ្លី​ថ្នាក់​មូលដ្ឋាន​ស្រុក​ម៉ាឡៃ។
ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កំពុង​បារម្ភ​ពី​ការ​ខកខាន​ពុំ​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​តាម​គោលការណ៍​បែង​ចែក​របស់​រដ្ឋាភិបាល ហើយ​បញ្ហា​នេះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​អាច​ទទួល​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់។
អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licado) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ថ្លែង​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ថា ក្នុង​រយៈពេល​កន្លង​មក​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួលពង្រ បាន​លើក​គ្នា​ឡើង​មក​តវ៉ា​ជា​បន្តបន្ទាប់​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដី​ធ្លី​ជូន​ពួក​គាត់៖ «បើ​សិន​ជា​យើង​មាន​គោលការណ៍​គិត​ថា​បែង​ចែក​ដី​ហ្នឹង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទាល់​តែ​ម្ដង វា​គួរ​តែ​មាន​គណៈកម្មការ​មួយ​ដោយសារ​បញ្ហា​រាល់​ថ្ងៃ យើង​ឃើញ​ថា គណៈកម្មការ​ដែល​ចុះ​បែង​ចែក​ហ្នឹង វា​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​មាន​ការ​មិន​ទុក​ចិត្ត ហើយ​យើង​ចង់​ឲ្យ​មាន​គណៈកម្មការ​រដ្ឋបាល​មាន​ក្រុម​និស្សិត ដាក់​ដី​នោះ​ជា​តំបន់​វិនិច្ឆ័យ​សម្រាប់​ចុះ​បញ្ជី​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​តែ​ម្ដង»
លោក​បន្ត​ថា កន្លង​មក​ក្រុម​គណៈកម្មការ​មូលដ្ឋាន​ស្រុក​ម៉ាឡៃ ដែល​បាន​ចុះ​វាស់វែង​ដី​នោះ ធ្លាប់​មាន​វិវាទ​ជាមួយ​អ្នក​ភូមិ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពុំ​អាច​ស្ងប់​ចិត្ត​បាន។ តាម​គោលការណ៍​របស់​ខេត្ត ត្រូវ​កាត់​ដី​នោះ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ ប៉ុន្តែ​ជាក់ស្ដែង​មាន​បញ្ហា​ច្រើន​កំពុង​កើត​ឡើង។ ក្នុង​នោះ​មាន​ឈ្មោះ​ប្រជាពលរដ្ឋ​ចាស់​បាត់​ចេញ​ពី​បញ្ជី ហើយ​លេច​ឈ្មោះ​អ្នក​ថ្មី​ជំនួស​ទៅ​វិញ។
ប៉ុន្តែ ការ​ផ្ដល់​អនុសាសន៍​នេះ​ត្រូវ​បាន​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក ចុង ផែត ចាត់​ទុក​ថា​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។ លោក​បញ្ជាក់​ថា អតីត​អភិបាល​ស្រុក​ម៉ាឡៃ លោក ទេព ឃុនណាល់ បាន​ធ្វើ​ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ ទំហំ ១.៥០០​ហិកតារ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​នោះ​ចែក​ជូន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ។ ទីតាំង​ដី​នោះ ស្ថិត​ក្នុង​ភូមិ​ស្រឡៅជ្រំ ១​ពាន់​ហិកតារ និង​នៅ​ចំណុច​ភ្នំ​យាយសំ ៥០០​ហិកតារ ក្នុង​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ។
លោក ចុង ផែត៖ «ខាង​សង្គម​ស៊ីវិល​ដែល​យល់​ឃើញ​ថា​គួរ​យក​បទ​បញ្ជា​០១ មក​អនុវត្ត​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី ចំពោះ​ខ្ញុំ​ថា​មិន​គួរ​គប្បី​ធ្វើ​បែប​នេះ​ទេ ព្រោះ​អនុក្រឹត្យ​ចេញ​រួច​ហើយ នៅ​តែ​យើង​ដោះស្រាយ​ខ្វះខាត​ប៉ុន្មាន យើង​សុំ​អនុ​ប្រយោគ​ដី​ខ្លះ​ទៀត​ជា​ឯកជន​របស់​រដ្ឋ ហើយ​ប្រែ​ក្លាយ​ជា​ដី​សង្គម​កិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ»
ទោះ​យ៉ាង​នេះ​ក្តី អង្គការ​លីកាដូ យល់​ថា អាជ្ញាធរ​ខេត្ត​គួរ​ដាក់​ដី​នោះ​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ ហើយ​បង្កើត​គណៈកម្មការ​រដ្ឋបាល​រួម​មួយ​ដោយ​មាន​ក្រុម​និស្សិត​ចូលរួម និង​ចុះ​ទៅ​វាស់វែង​ដី​នោះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់៖ «វា​គួរ​តែ​ប្រើ​នីតិវិធី​ហ្នឹង​ទៅ ដើម្បី​ឲ្យ​ពួក​គាត់​ស្ងប់​ចិត្ត។ បើ​មិន​អ៊ីចឹង​ទេ ពួក​គាត់​នៅ​តែ​មិន​ស្ងប់​ដដែល ព្រោះ​ថា​កន្លង​មក​ហ្នឹង​ក្រុម​គណៈកម្មការ​ក៏​ជា​អ្នក​ដែល​ធ្លាប់​មាន​វិវាទ​ជាមួយ​ពួក​គាត់​អ៊ីចឹង​ដែរ តាម​ធម្មតា​តំបន់​សហគមន៍​វា​នៅ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​ឡើយ ហើយ​ធម្មតា​ការ​ប្រើប្រាស់ ការ​ចេញ​ប័ណ្ណ​ដី​ហ្នឹង វា​ត្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​ក្រសួង​បរិស្ថាន។ អ៊ីចឹង បើ​យើង​ចង់​ផ្ដល់​ទម្រង់​អ៊ីចឹង​ឲ្យ​ពួក​គាត់ គួរ​ប្រើ​នីតិវិធី​អនុវត្ត​បទ​បញ្ជា​លេខ​០១ កាត់​ពួក​គាត់​ការ​កាន់​កាប់​ជាក់ស្ដែង​នៅ​ទី​ណា​បាន​ជាក់ស្ដែង​ទៅ»
ប៉ុន្តែ អាជ្ញាធរ​ខេត្ត​នៅ​តែ​បញ្ជាក់​ជំហរ​ថា ក្រុម​ការងារ​របស់​ខេត្ត ស្រុក រួម​ជាមួយ​ស្ថាប័ន​ជំនាញ​ទាំងអស់​នៅ​តែ​រួម​គ្នា​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០០​គ្រួសារ។ ដោយ​ឡែក សម្រាប់​អ្នក​ដែល​បាន​ឡើង​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​ផ្សេងៗ អាជ្ញាធរ​ខេត្ត​នឹង​រក​រូបមន្ត​សុំ​ធ្វើ​អនុប្រយោគ​ដី​របស់​រដ្ឋ​ថែម​ទៀត ប្រែ​ក្លាយ​ជា​ដី​ឯកជន​របស់​រដ្ឋ ដើម្បី​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons