. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, June 14, 2013

អ្នក​ប្រកប​របរ​នៅ​ច្រក​ប៉ោយប៉ែត​ព្រមាន​ធ្វើ​បាតុកម្ម​បិទ​ច្រក​ម្ដង​ទៀត

សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ដែល​ជា​សមាគម​ឯករាជ្យ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ បាន​ដឹក​នាំ​ក្បួន​បាតុកម្ម​ដ៏​ធំ​មួយ កាល​ពី​ថ្ងៃ​ពុធ ទី១២ ខែ​មិថុនា នៅ​ក្រុង​ប៉ោយប៉ែត ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​នគរបាល​អន្តោប្រវេសន៍​ខ្មែរ កែប្រែ​នូវ​ចំណុច​អវិជ្ជមាន​ជាច្រើន​ដែល​កំពុង​បង្ក​ការ​លំបាក និង​មាន​ផល​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ។

ដោយ សួន សុផលមុន្នី
2013-06-14
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
តវ៉ា​បិទ​ច្រក​ទ្វារ​ប៉ោយប៉ែត ៦១០
ទិដ្ឋភាព​ក្រុម​ម្ចាស់​រថយន្ត​នាំ​គ្នា​បិទ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រឆាំង​អាជ្ញាធរ​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Soun Sophalmony
ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គំរាម​ធ្វើ​បាតុកម្ម​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជា​ថ្មី​ទៀត នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ជួយ​សម្រួល​នូវ​លក្ខខណ្ឌ​ជាច្រើន​ចំណុច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​រម៉ក​ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី និង​ក្រុម​អាជីវករ ដែល​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ។
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ថ្លែង​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ថា គម្រោង​ធ្វើ​បាតុកម្ម​នា​ពេល​ខាង​មុខ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ៖«ហើយ​ការ​ធ្វើ​បាតុកម្ម​លើក​ក្រោយ គឺ​យើង​អត់​ហែ​ក្បួន​ទេ ប៉ុន្តែ​យើង​សុំ​ធ្វើ​នៅ​ក្បាល​ស្ពាន​តែ​ម្ដង។ ផល​ប៉ះពាល់ គឺ​មាន​ភាព​ធ្ងន់ធ្ងរ​ចំពោះ​កម្មករ​អូស​រទេះ ចំពោះ​អ្នក​ក្រីក្រ​ណាស់ ពីព្រោះ​សំបុត្រ​ថ្លៃ ២២០​បាត​នេះ អ្នក​ខ្លះ​គាត់​អត់​មាន​លុយ​ធ្វើ ហើយ​គាត់​រក​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក។ ពេល​ដល់​ខែ ត្រូវ​ធ្វើ​កាត​ចូល​ផ្សារ​ថៃ បង់ ២២០​បាត​ទៀត។ អ៊ីចឹង គាត់​ខ្វះខាត​អត់​មាន​សល់​លុយ អ៊ីចឹង​គាត់​ត្រូវ​ទៅ​ខ្ចី​បុល​គេ ព្រោះ​កម្មករ​អូស​រទេះ​មិន​មែន​សុទ្ធ​តែ​អ្នក​មាន​ទេ គឺ​អ្នក​ក្រ។ តាម​មើល​ទៅ រឿង​នេះ​ប្រហែល​ឃុបឃិត​គ្នា​យក​លុយ»
កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣ កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​រម៉ក​ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី និង​ក្រុម​អាជីវករ​ជាច្រើន​រយ​នាក់ ដឹក​នាំ​ដោយ​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ហៅ​កាត់​ថា ស.ព.ស.ក បាន​រួម​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ចេញ​ពី​វត្ត​បាលិលេយ្យ ទៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ទៅ​សាលា​ក្រុង​ប៉ោយប៉ែត ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង​ទៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ហើយ​បាន​ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត។ ក្នុង​នោះ ពួក​គេ​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​បញ្ឈប់​ការ​ជំរិត​យក​ប្រាក់​ចំនួន ២២០​បាត ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ធ្វើ​លិខិត​បញ្ជាក់ ដើម្បី​ធ្វើ​កាត​ចេញ​ចូល​ទៅ​ផ្សារ​រោងក្លឿ ក្នុង​ទឹក​ដី​ថៃ។ ទាមទារ​មាន​ការ​កំណត់​ថា សំបុត្រ​សម្រាប់​ចេញ​ចូល​ទៅ​ផ្សារ​រោងក្លឿ​ថៃ មួយ​សន្លឹក​នោះ អាច​ប្រើប្រាស់​បាន​ពេញ​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់​ចេញ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ។ ទាមទារ​ឲ្យ​មន្ត្រី​ដែល​គ្មាន​សមត្ថកិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ បញ្ឈប់​ការ​ទារ​ប្រាក់​ពី​កម្មករ​អូស​រទេះ។ ទាមទារ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​បញ្ឈប់​ការ​ចាប់​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី និង​ក្រុម​អាជីវករ ជំរិត​យក​ប្រាក់​ត​ទៅ​ទៀត និង​សុំ​ឲ្យ​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​ម៉ូតូ​កង់​បី ត្រូវ​មាន​សិទ្ធិ​ចូល​ទៅ​ហៅ​ភ្ញៀវ និង​ដឹក​ភ្ញៀវ​បរទេស​បាន​ដោយ​គ្មាន​ការ​រំខាន និង​ការ​រារាំង​ពី​សមត្ថកិច្ច​នគរបាល។ ម្យ៉ាង​វិញ​ទៀត សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច កុំ​អនុញ្ញាត​ឲ្យ​រថយន្ត​ទេសចរណ៍ ឬ​រថយន្ត​ក្រុង​ចូល​ទៅ​ចត​ចាំ​ដឹក​ភ្ញៀវ​បរទេស​នៅ​ក្នុង​បរិវេណ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត។
ក្រៅ​ពី​ចំណុច​ទាំង​នេះ នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​ពួក​គេ​បាន​ទាមទារ ដូច​ជា​ការ​ប្រថាប់​ត្រា​លើ​ប័ណ្ណ​ឆ្លង​កាត់​ព្រំដែន​យក​តម្លៃ ៧០​បាត​នោះ​ជា​ដើម៖ «ភាព​អវិជ្ជមាន​ពាក់ព័ន្ធ​លើ​ការ​យក​លុយ​ចំនួន ៧០​បាត គឺ​ជា​រឿង​ខុស​ច្បាប់​ហើយ ព្រោះ​អី​ក្នុង​ច្បាប់​អត់​មាន​ចែង​ឲ្យ​យក​សូម្បី​អាជ្ញាធរ​ថៃ គេ​អត់​យក​ទេ វ៉ៃ​ចេញ​វ៉ៃ​ចូល គឺ​អត់​យក សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន។ ប៉ុន្តែ សមត្ថកិច្ច​កម្ពុជា ពេល​ដែល​វ៉ៃ​ម្ដង​យក ៧០​បាត ហើយ​លុយ​ខ្មែរ​គិត​ដល់ ១​ម៉ឺន​ជាង។ អ៊ីចឹង​សមត្ថកិច្ច​ជា​នគរបាល​ជាតិ សួរ​ថា គាត់​បម្រើ​ឲ្យ​ខ្មែរ ឬ​បម្រើ​ឲ្យ​ថៃ? ពេល​យើង​សួរ​គាត់​ថា យក​លុយ គាត់​ថា​យក​អោយ​ថៃ។ អ៊ីចឹង​រាល់​ថ្ងៃ គាត់​មិន​មែន​បម្រើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា គាត់​ជា​កញ្ជះ​ថៃ»
ទោះ​យ៉ាង​ណា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នៅ​ពុំ​ទាន់​បាន​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​នេះ​នៅ​ឡើយ។ អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ថ្លែង​ថា កំពុង​ជាប់​ប្រជុំ។ ចំណែក​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន ដែល​ទើប​ឡើង​កាន់​តួនាទី​អភិបាល​ខេត្ត​ថ្មី បញ្ជាក់​ថា ពុំ​ទាន់​បាន​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត៖ «អត់​ទាន់​បាន​ទទួល​លិខិត​ដែល​គេ​យក​ទៅ​ដាក់​នៅ​សាលា​ក្រុង គេ​បញ្ជូន​មក​យក​មក​ពិនិត្យ»
ប៉ុន្តែ លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​ដឹង​ពី​បញ្ហា​នេះ ព្រោះ​កាល​ពី​ថ្ងៃ​ទី១០ និង​ទី១៦ ខែ​ឧសភា មន្ត្រី​របស់​សាលា​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​សមាគម​រួច​មក​ហើយ។ នៅ​ពេល​នោះ សាលា​ក្រុង​បាន​សន្យា​ជួយ​សម្រួល​តាម​ការ​ស្នើសុំ​របស់​កម្មករ ប៉ុន្តែ​ការ​សន្យា​នោះ​ធ្វើ​ឡើង​តែ​មាត់ ប៉ុន្តែ​ការ​អនុវត្ត​នៅ​ដដែល។ ដូច្នេះ ទើប​មាន​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា កន្លង​ទៅ​នេះ៖ «ប៉ុន្តែ​ជា​លទ្ធផល ការ​អនុវត្ត​វា​អត់​មាន ការ​ចរចា​លើ​តុ​បាន​ឯកភាព​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ ប៉ុន្តែ​វា​អត់​មាន​លទ្ធផល​អី​ក្នុង​ការ​អនុវត្ត។ ខ្ញុំ​គិត​ថា នេះ​គ្រាន់​តែ​ជា​លេស​ដោះ​សារ​របស់​ចៅហ្វាយ​ក្រុង និង​ចៅហ្វាយ​ខេត្ត។ ការ​ពិត ពួក​គេ​មិន​មាន​ចេតនា​ចង់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ»
សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​មាន​ឡើង​លើ​អ្នក​រត់​ម៉ូតូ​ឌុប។ អ្នក​រត់​ម៉ូតូ​ឌុប​ត្រូវ​សមត្ថកិច្ច​ចាប់​ជំរិត​ទារ​លុយ​ពី ២​ម៉ឺន ៥​ពាន់​បាត ទៅ​ដល់ ៥​ម៉ឺន​បាត នៅ​គ្រា​ដែល​ពួក​គេ​ដឹក​ភ្ញៀវ​នៅ​លើ​ទឹក​ដី​ខ្មែរ។ សមត្ថកិច្ច​ដែល​ចាប់​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​រម៉ក​ម៉ូតូ​កង់​បី នោះ ដោយ​ចោទ​ថា​ជា​អ្នក​ដឹក​ពលករ​បម្រុង​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដី​ថៃ។ បញ្ហា​នេះ សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ចោទ​ថា ប៉ុន្តែ​សម្រាប់​ក្រុម​មន្ត្រី​ដែល​ឃុបឃិត​ក្នុង​ការ​ជួញ​ដូរ​មនុស្ស និង​ជា​អ្នក​បើក​ច្រក​ឲ្យ​ពលករ​ខ្មែរ​ចេញ​ទៅ​ក្នុង​ទឹក​ដី​ថៃ នោះ គេ​ពុំ​ដែល​ឃើញ​មាន​ការ​ចាប់​ឃាត់​ខ្លួន​នោះ​ឡើយ។
ទាក់ទិន​ការ​ធ្វើ​បាតុកម្ម​ទាមទារ​របស់​ប្រជាពលរដ្ឋ​វិញ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ យល់​ថា អាជ្ញាធរ​ខេត្ត​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ធ្វើ​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា។ លោក​ថា បើ​ការ​ដោះស្រាយ​ណា​មួយ​មិន​ទទួល​បាន​លទ្ធផល ឬ​មិន​អាច​ដោះស្រាយ​បាន​នោះ អាជ្ញាធរ​គួរ​បញ្ជូន​ឯកសារ និង​ឆ្លង​យោបល់​ទៅ​ដល់​ថ្នាក់​ដឹក​នាំ ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​រក​វិធី​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ជៀសវាង​ការ​យក​បញ្ហា​ទៅ​រក្សា​ទុក​មិន​ព្រម​ដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons