. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, June 2, 2013

មន្ត្រី​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​អូសទាញ​សកម្មជន​បក្ស​ផ្សេង​ឲ្យ​ចុះចូល

គណបក្ស​ដៃគូ​ចម្រុះ​ក្នុង​ជួរ​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អូសទាញ​សកម្មជន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​ចុះ​ចូល​តាម​រយៈ​​ការ​ដោះដូរ​ដីស្រែ​ជា​ច្រើន​ហិកតារ​នៅ​ខេត្ត​បន្ទាយមានជ័យ។

ដោយ សួន សុផលមុន្នី
2013-06-03
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ការ​ស្វះស្វែង​រក​អ្នក​គាំទ្រ​ពី​គណបក្ស​នយោបាយ​ផ្សេង​ឲ្យ​មក​ចូល​រួម​ ឬ​មក​រួម​រស់​ជាមួយ​គណបក្ស​នយោបាយ​របស់​ខ្លួន កំពុង​មាន​សកម្មភាព និង​មាន​រូបភាព​អូសទាញ​ផ្សេងៗ​​គ្នា នៅ​គ្រា​ដែល​រដូវ​កាល​ឃោសនា​​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នឹង​ត្រូវ​ចូល​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ជាក់​ស្ដែង បញ្ហា​នេះ​កំពុង​កើត​មាន​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ រវាង​​គណបក្ស​ប្រជាជន​កម្ពុជា និង​​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំ​ស្រុក​មង្គលបុរី និង​ជា​ជំទប់​ទី​ពីរ ឃុំ​សំបួរ លោក ផាន់ ប៊ុនឡឹង។ លោក​ចោទ​ថា កាល​ពី​អំឡុង​ខែ​ឧសភា កន្លង​ទៅ ​លោក អី ឡុង ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​មាន​តួនាទី​ជា​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ បាន​ជួប​រូប​លោក​ចំនួន​ពីរ​លើក។ នៅ​ក្នុង​ជំនួប​នោះ​លោក អ៊ី ឡុង ​សុំ​ឲ្យ​រូប​លោក​លា​ឈប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​សន្យា​ប្រគល់​ដី​ជា​ច្រើន​ហិកតារ​នៅ​ឃុំ​សំបួរ ជា​ថ្នូរ​មក​វិញ។
លោក ផាន់ ប៊ុនឡឹង៖ «គាត់​ថា អនាគត​របស់​បង​ឯង ស្រែ​ភ្លឺ​ខ្ញុំ​ឲ្យ​បង​ឯង​វិញ​ទាំង​អស់ ដីធ្លី​ទាំង​អស់​ដែល​មាន​ប៉ុន្មាន។ ពេល​ដែល​ខ្ញុំ​ចូល​គេ​រក​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ។ ខ្ញុំ​ថា ខ្ញុំ​អត់​ឃ្លាន​ទេ​ការងារ​នយោបាយ​ខ្ញុំ​ឆ្អែត​ហើយ ខ្ញុំ​ថា បើ​ថា​ឈប់​គឺ​ឈប់​ទាំង​អស់ អត់​ធ្វើ សំខាន់​គេ​ថា ឲ្យ​តែ​យើង​ចូល​ដី​ស្រែ​គេ​ឲ្យ​យើង។ ព្រោះ​នៅ​ឃុំ​សំបួរ គឺថា​បើ​អូស​ខ្ញុំ​បាន​មួយ គឺ​ជោគជ័យ​តែម្ដង»
លោក​បន្ត​ថា ដី​ស្រែ​នៅ​ឃុំ​សំបួរ ដែល​គាត់​បាន​កាន់កាប់​អស់​រយៈពេល​ច្រើន​ឆ្នាំ និង​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នោះ មាន ៣០​ហិកតារ។ ប៉ុន្តែ​ក្នុង​រយៈ​កាល​កន្លង​ទៅ ដី​ស្រែ​ទំហំ ៣០​ហិកតារ​ត្រូវ​បាន​គេ​វាស់​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាត់​ឲ្យ​តែ ៥​ហិកតារ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​សិន​ជា​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គេ​នឹង​វាស់វែង​​ដី​នោះ​ឲ្យ​ទាំង​អស់ ហើយ​បញ្ហា​នេះ​លោក​ចាត់​ទុក​ជា​រឿង​នយោបាយ​ ព្រោះ​បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា អូស​ទាញ​រូប​លោក​បាន​សម្រេច នោះ​នឹង​មាន​អ្នក​ភូមិ​ច្រើន​នាក់​នាំ​គ្នា​ទៅ​តាម​ដែរ។
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​ លោក អ៊ី ឡុង ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​​ជា​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ បដិសេធ​ថា ជា​រឿង​មិន​ពិត។ កន្លង​ទៅ​នេះ​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​គោលការណ៍​បែង​ចែក​ដីធ្លី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ជា​ទូទៅ ហើយ​ថា ការ​ចោទ​ប្រកាន់​នោះ​វា​ជា​សិទ្ធិ និង​ជា​ការ​ពិចារណា​របស់​លោក ផាន់ ប៊ុនឡឹង៖ «ជា​ការ​ពិចារណា​របស់​គាត់ ខ្ញុំ​មិន​ទាន់​ឲ្យ​ដី​ណា ប្រហែល​ជា​គាត់​បារម្ភ​ខ្លួន​គាត់ បាន​ជា​គាត់​និយាយ​អ៊ីចឹង។ ខ្ញុំ​អត់​ទាន់​មាន​គោលការណ៍ ព្រោះ​មាន​ដំណាក់កាល​បែង​ចែក អា​នេះ​ជា​ការ​បារម្ភ​មួយ​របស់​គាត់​ទេ»
ទន្ទឹម​គ្នា​នេះ​លោក​ចោទ​បក​វិញ​ថា លោក ផាន់ ប៊ុនឡឹង មាន​ដី​ច្រើន​នៅ​ឃុំ​សំបួរ ហើយ​ការ​លើក​ឡើង​ទាក់ទិន​រឿង​នយោបាយ​នោះ គឺ​ដោយសារ​តែ​លោក​ចង់​ការពារ និង​ចង់​បាន​ដី​នោះ​ទាំង​អស់​ ខុស​ពី​គោលការណ៍​របស់​រដ្ឋ​ដែល​ត្រូវ​បែង​ចែក ៥​ហិកតារ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា កន្លង​ទៅ មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ។
អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក មាស សំណាង បញ្ជាក់​ថា លោក អ៊ី ឡុង ពិត​ជា​បាន​អូសទាញ​ឲ្យ​លោក ផាន់ ប៊ុនឡឹង ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​សន្យា​ផ្ដល់​ដីស្រែ​នៅ​ឃុំ​សំបួរ​នោះ​ជា​ថ្នូរ​មក​វិញ។ កន្លង​ទៅ​នេះ​មាន​ការ​និយាយ​តៗ​គ្នា​ថា ដោយសារ​លោក ផាន់ ប៊ុនឡឹង មិន​ព្រម​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ហើយ បាន​ជា​ដី​នៅ​ឃុំ​សំបួរ នោះ រាំង​ស្ទះ​ដោះ​ស្រាយ​មិន​ចេញ។
លោក មាស សំណាង៖ «យើង​ក្នុង​នាម​គណបក្ស​ក្នុង​ជួរ​រដ្ឋាភិបាល គណបក្ស​ប្រជាជន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ដៃគូ​គ្នា សុំ​ចាប់​ដៃ​គ្នា កុំ​ជាន់​ជើង អ៊ីចឹង​បើ​ធ្វើ​ការ​អូសទាញ​យើង​អូសទាញ​តែ​គណបក្ស​ប្រឆាំង​ទៅ នាំ​គ្នា​អូសទាញ​ទៅ ហើយ​បើ​ចេះ​តែ​មក​ទាញ​យក​គ្នា​ក្នុង​នាម​ហ៊្វុនស៊ិនប៉ិច»
លោក​បន្ត​ថា នៅ​ឃុំ​សំបួរ ពី​ដើម​មក ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​មុន គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​​ជំទប់​ទី​១ លុះ​មក​ដល់​មក​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាក់​មក​នៅ​ជំទប់​ទី​២ ហើយ​គណបក្ស សម រង្ស៊ី ទទួល​បាន​ជ័យជំនះ​មួយ​កៅអី ធ្វើ​ឲ្យ​គណបក្ស​​ប្រជាជន បាត់​មួយ​កៅអី​នៅ​ឃុំ​សំបួរ។ បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​គណបក្ស​ប្រជាជន​កម្ពុជា​ រិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​គណបក្ស​របស់​ខ្លួន​ឡើង​វិញ ហើយ​បើ​សិន​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ អូសទាញ ឬ​ទិញ​ទឹក​ចិត្ត​មន្ត្រី​ហ៊្វុនស៊ិនប៉ិច បាន​មែន​នោះ​ យ៉ាង​ហោច​មាន​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ នៅ​ឃុំ​សំបួរ នឹង​នាំ​ទៅ​តាម​លោក ផាន់ ប៊ុនឡឹង។
ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក គី គឹមសេង បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​លើក​ឡើង​ពី​បញ្ហា​ថា មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អូស​ទាញ​មន្ត្រី​គណបក្ស​ហ៊ុនស៊ិនប៉ិច តាម​រយៈ​ការ​ប្រគល់​ដី​ឲ្យ​ និង​ មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាក់​មេក្រូ​រំខាន ការ​ជួបជុំ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ឃុំ​បឹងរាំង ស្រុក​មង្គលបុរី ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ឈ្មោះ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។
យ៉ាង​ណា​ក៏ដោយ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ​ អំពាវនាវ​សុំ​គណបក្ស​នយោបាយ​អត់ធ្មត់ កុំ​ប្រើ​អំពើ​ហិង្សា​ដែល​អំពើ​ផ្ទុយ​ពី​ច្បាប់៖ «លើក​ករណី​អូសទាញ​បើ​ចូល​ទៅ​គេ​ប្រគល់​ដី​ឲ្យ។ សំណូម​ពរ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​កុំ​ឲ្យ​មាន​ទំនាស់​កើត​ឡើង​ ហើយ​ឲ្យ​គោរព​ក្រមសីលធម៌​របស់​គណបក្ស​នយោបាយ​ផង កុំ​ចេះ​តែ​បំពាន​ពេក វា​មិន​ល្អ​មើល​ទេ»។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ការ​អូស​ទាញ​មន្ត្រី​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​មួយ​ផ្សេង​ទៀត​នោះ ពុំ​មែន​ជា​រឿង​ចម្លែក​ទេ។ ប៉ុន្តែ​រឿង​ចម្លែក​ គឺ​ការ​គំរាម​កំហែង​និង​ការ​ទិញ​ទឹកចិត្ត៖ «ទាក់ទង​លើ​ការ​អូសទាញ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វី​មួយ កិច្ចសន្យា​ការ​គំរាម​កំហែង​ណា​មួយ​បើ​សិន​ជា​កើត​ឡើង​អ៊ីចឹង​មែន គឺ​ការ​គំរាម​កំហែង​ដល់​សកម្មជន​គណបក្ស​នយោបាយ។ សមាគម (អាដហុក) អំពាវនាវ​បញ្ឈប់​នូវ​សកម្មភាព​ទាំង​អស់​ហ្នឹង​កុំ​ឲ្យ​កើត​ឡើង​ ព្រោះ​ថា​វា​មិន​មែន​ជា​បច្ច័យ​អ្វី​សម្រាប់​ធ្វើ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន​ប្រទេស​ជាតិ​បែរ​ទៅ​ក្រុម​នឹង​បក្សពួក​របស់​ខ្លួន​ទៅ​វិញ​ ដូច្នេះ​តើ​ប្រទេស​ជាតិ​រីក​ចម្រើន​ទេ»
លោក​បន្ត​ថា ការ​ជ្រើសរើស ឬ​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ហើយ​បញ្ហា​នេះ​វា​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​សកម្មជន​គណបក្ស​នយោបាយ​នីមួយៗ ប៉ុន្តែ​ រឿង​សំខាន់​សុំ​កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ ការ​គាប​សង្កត់​ផ្លូវ​ចិត្ត ​ឬ​ក៏​មាន​ការ​ដោះដូរ​អ្វី​មួយ​ជា​ថ្នូរ​ដែល​នាំ​ទៅ​ការ​ទិញ​ទឹក​ចិត្ត ព្រោះ​ថា ​គណបក្ស​នយោបាយ​នីមួយៗ ​ដែល​​បង្កើត​ឡើង​ គឺ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​ធ្វើ​ប្រទេស​មាន​ការ​រីកចម្រើន​តែ​ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons