. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, July 16, 2013

តើ​មេដឹកនាំ​គួរ​ត្រៀម​ខ្លួន​យ៉ាង​ណា​ពេល​អស់​អំណាច?


សុខ ទូច កែម ឡី ៦១០
សកលវិទ្យាធិការ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច (ឆ្វេង) និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​ពិសេស​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​១៥ កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
ប្រទេស​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ដើម្បី​ការពារ​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ពេល​ខ្លួន​ធ្លាក់​ពី​អំណាច​នៅ​ឡើយ​ទេ។ អ្នក​វិភាគ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ពេល​អស់​អំណាច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ក្រាញ​នឹង​តំណែង​របស់​ខ្លួន ដោយសារ​ខ្លាច​ពេល​ខ្លួន​ធ្លាក់​ពី​អំណាច​ទៅ ខ្លាច​អ្នក​ដឹក​នាំ​ថ្មី ឬ​នាយករដ្ឋមន្ត្រី​ថ្មី សើរើ​នូវ​កំហុស​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ការ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ធ្លាក់​ពី​តួនាទី​ដើម្បី​ការពារ​សុវត្ថិភាព​នាយករដ្ឋមន្ត្រី​នេះ ដើម្បី​ធានា​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្លាប់​គ្រប់គ្រង​ប្រទេស​នោះ មាន​ប្រាក់បៀវត្សរ៍​អាច​រស់​នៅ​ក្នុង​សង្គម​បាន​សមរម្យ ទោះ​បី​ជា​គ្មាន​តួនាទី​ក្ដី។
រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា ត្រូវ​បាន​អ្នក​នយោបាយ​ប្រើប្រាស់​ជា​ឧបករណ៍​បម្រើ​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ការសម្រេច​ទៅ​លើ​កិច្ចការ​អ្វី​មួយ ដែល​មហាជន​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ថ្វី​ត្បិត​តែ​កម្ពុជា មាន​ច្បាប់​ជា​ច្រើន​រាប់​រយ​ច្បាប់ ដែល​សភា​បាន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​នោះ​ក្ដី ក៏​ប៉ុន្តែ កម្ពុជា​នៅ​តែ​ខ្វះ​ច្បាប់​នៅ​ឡើយ គឺ​ច្បាប់​សម្រាប់​គាំពារ ឬ​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ពេល​ធ្លាក់​ពី​អំណាច ឬ​ច្បាប់​ដើម្បី​ការពារ​នាយករដ្ឋមន្ត្រី នៅ​ពេល​ខ្លួន​លាលែង​ពី​តួនាទី​នោះ។
ការ​លើក​ឡើង​ដូច្នេះ នៅ​ខណៈ​ដែល​កម្ពុជា កំពុង​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​នីតិកាល​ទី​៥ ដែល​ជា​ពេល​វេលា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ជ្រើសរើស​មេ​ដឹក​នាំ​ថ្មី ដើម្បី​បន្ត​វេន​ដឹកនាំ​ប្រទេស​ក្រោយ​ពេល​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ។
អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អ្នក​សិក្សាស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ពិភាក្សា​ពិសេស​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​១៥ កក្កដា ក្រោម​ប្រធាន​បទ​ថា តើ​ ពេល​លែង​កាន់​អំណាច ឬ​ពេល​អស់​អំណាច អ្នក​ដឹកនាំ​ខ្មែរ​គួរ​មាន​ផែន​ការ​បែប​ណា​ដើម្បី​អនុញ្ញាត​អោយ​ពួកគាត់​អាច​រស់​នៅ​បាន​ដោយ​ថ្លៃថ្នូរ ​ជា​វីរបុរស​ជាតិ ដោយ​សុវត្ថិភាព មិន​ភ័យ​ព្រួយ​ពី​ការ​សងសឹក ឬ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អ្នក​ឡើង​កាន់​អំណាច​ថ្មី​នោះ?
លោក កែម ឡី បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​ប្រទេស ប្រសិន​បើ​ដឹង​ខ្លួន​ឯង​ថា បាន​ប្រព្រឹត្ត​ខុស​ក្រោម​ការ​ការ​ដឹក​នាំ​របស់​ខ្លួន​នោះ មេដឹកនាំ​នោះ នឹង​មិន​ងាយ​ចុះ​ពី​តំណែង​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក កែម ឡី អះអាង​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ កម្ពុជា​មិន​ទាន់​ហួស​ពេល​នោះ​ទេ​ក្នុង​ការ​បង្កើត​ច្បាប់​សម្រាប់​គាំពារ​នាយករដ្ឋមន្ត្រី​នៅ​ពេល​ចុះ​ពី​តំណែង​នោះ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា មេដឹកនាំ​​បច្ចុប្បន្ន ភាគ​ច្រើន​ប្រើ​ប្រាស់​ច្បាប់​ជា​ឧបករណ៍​តម្រូវ​នយោបាយ​របស់​ខ្លួន កម្ពុជា​មិន​ទាន់​ប្រើ​ប្រាស់​ច្បាប់​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ លោក​បណ្ឌិត សុខ ទូច សង្កត់​ធ្ងន់​ថា ប្រសិនបើ​កម្ពុជា អនុវត្ត​ច្បាប់​ជា​ធំ ប្រជាពលរដ្ឋ​ក្ដី អ្នក​នយោបាយ​ក្ដី​ដែល​រស់​នៅ​ក្រោម​ច្បាប់​នោះ មិន​មាន​បញ្ហា​អ្វី​ទេ តែ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​នៅ​ឡើយ​នេះ នឹង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​ថ្មី​នោះ អាច​នឹង​សងសឹក​ទៅ​អ្នក​ដឹក​នាំ​ចាស់​ក្រោយ​ពេល​ធ្លាក់​ពី​តួនាទី​នោះ។
ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ​ដូច្នេះ ដោយសារ​ប្រទេស​កម្ពុជា បាន​បន្សល់​ដាន​ប្រវត្តិសាស្ត្រ​មិន​ល្អ​ជា​ច្រើន​ដល់​មនុស្ស​ជំនាន់​ក្រោយ ពិសេស​នៅ​ក្នុង​សម័យ​អតីតកាល កា​ផ្លាស់ប្ដូរ​មេដឹកនាំ​ប្រទេស​ពី​របប​មួយ​ទៅ​របប​មួយ មិន​ធ្វើ​ឡើង​ដោយ​ការ​បោះឆ្នោត​ដោយ​សន្តិវិធី​នោះ​ទេ គឺ​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ជាដើម។
សម័យ​សង្គម​រាស្ត្រនិយម​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ទសវត្ស​៦០ ព្រះអង្គ​ត្រូវ​ព្រះអនុជ​ជីដូន​មួយ​របស់​ព្រះអង្គ គឺ​ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ រួម​ជាមួយ​នឹង​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០។ ក្រោយ​នោះ ព្រះអង្គ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​មាតុ​ប្រទេស​ទៅ​ជ្រក​កោន​នៅ​ប្រទេស​ផ្សេងៗ ហើយ​បន្ទាប់​មក​ក៏​ក្លាយ​ជា​អ្នក​ទោស​ខ្មែរ​ក្រហម​រស់​នៅ​ព្រាត់ប្រាស​​បែក​បាក់​បុត្រា បុត្រី និង​សាច់សាលោហិត ព្រម​ទាំង​ទទួល​របប​អាហារ​ប្រចាំ​ថ្ងៃ​ដែល​ពួក​ខ្មែរ​ក្រហម​កំណត់​ឲ្យ​មិន​ស័ក្ដិសម​ជា​អតីត​ព្រះមហាក្សត្រ និង​ជា​មេដឹកនាំ​មួយ​រូប​ដែល​ដណ្ដើម​ឯករាជ្យ​ពេញ​លេញ​ជូន​ប្រជាជាតិ​ព្រះអង្គ​នោះ​ទេ។
លោក​សេនាប្រមុខ លន់ នល់ ខ្លួន​ឯង ក៏​ត្រូវ​រត់​ផាសក្រញាំ​ចោល​ស្រុក ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ដណ្ដើម​ភ្នំពេញ បាន។ អតីត​មេដឹកនាំ​សាធារណរដ្ឋ​ខ្មែរ​មួយ​នេះ ទី​បំផុត​ក៏​ស្លាប់​នៅ​បរទេស ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​មិន​បាន​ដឹង​​ថា ស្លាប់​នៅ​ទី​ណា ដោយសារ​អ្វី​ផង​ទេ?
ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ដណ្ដើម​អំណាច​បន្ត​ពី​សេនា​ប្រមុខ លន់ នល់ ក៏​ត្រូវ​វៀតណាម និង​ក្រុម​លោក ហេង សំរិន វាយ​ខ្ចាត់ខ្ចាយ​រត់​បះ​ជើង ហើយ​ទី​បំផុត​ក៏​ស្លាប់​កណ្ដាល​ព្រៃ ហើយ​សព​ត្រូវ​គេ​ដុត​នឹង​សំបក​កង់ឡាន​ដ៏​គួរ​អោយ​អាណោចអាធ័ម។ មេដឹកនាំ ខ្មែរក្រហម​ដែល​មិន​ទាន់​ស្លាប់ ក៏​ត្រូវ​ចាប់​ខ្លួន​យក​មក​កាត់​ទោស មួយ​ថ្ងៃៗ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​នៃ​សាលាក្ដី​ខ្មែរក្រហម​ជាដើម។
រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់​អំណាច​ជិត ៣០​ឆ្នាំ​ហើយ ហើយ​លោក​ប្រកាស​ថា នឹង​កាន់​អំណាច​ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត។ លោក​ក៏​ត្រូវ​គេ​ចាត់​ទុក​ថា ជា​បុរស​ខ្លាំង ជា​អ្នក​ដឹក​នាំ​ឈ្លាសវៃ មាន​យុទ្ធសាស្ត្រ​ខ្ពស់​ជាដើម។ យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជាប់​ឆ្នោត​ទៀត​នៅ​ពេល​ខាង​មុខ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា អ្នក​នយោបាយ​គ្មាន​អមតៈ​នោះ​ទេ ពោល​គឺ​គ្មាន​មេដឹកនាំ​ណា​ដឹក​នាំ​ប្រទេស​អស់​មួយ​ជីវិត​នោះ​ឡើយ។ បញ្ហា​នេះ​ហើយ រដ្ឋាភិបាល​ត្រូវ​គិតគូរ​ក្នុង​ការ​បង្កើត​ច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព​នាយករដ្ឋមន្ត្រី​ដែល​ធ្លាក់​ពី​អំណាច និង​ដើម្បី​ការពារ​ស្ថិរភាព​សង្គម។
អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​ផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល ដើម្បី​កុំ​ឲ្យ​ការ​ដឹក​នាំ​របស់​ខ្លួន​កាន់​តែ​មាន​កំហុស​នោះ គឺ​មុន​នឹង​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ទៅ​លើ​រឿង​អ្វី​មួយ ត្រូវ​មាន​ភាគី​បួន​ចូល​រួម​ប្រជុំ។ ទី​១ អ្នក​នយោបាយ ទី​២ អ្នក​បច្ចេកទេស ទី​៣ អ្នក​សិក្សា​ស្រាវជ្រាវ និង​ទី​៤ តំណាង​ប្រជាពលរដ្ឋ។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​កន្លង​មក ពិសេស​ការ​អនុម័ត​ច្បាប់​មិន​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ឬ​ធ្វើ​ប្រជាមតិ​ពី​ប្រជាពលរដ្ឋ​ច្បាស់លាស់​ទេ រួម​មាន​កាល​ពី​ពេល​ថ្មីៗ​នេះ សភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​អ្នក​និយាយ​ថា កម្ពុជា​គ្មាន​របប​ខ្មែរ​ក្រហម​ត្រូវ​មាន​ទោស ច្បាប់​ឯកពន្ធនភាព​ជាដើម។ អ្នក​វិភាគ​បញ្ជាក់​ថា បង្កើត​ច្បាប់​ដោយ​ធ្វើ​ប្រជាមតិ​ជា​មុន​នោះ ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នោះ​មាន​ប្រសិទ្ធភាព ពីព្រោះ​ច្បាប់​នោះ មាន​ការ​ទទួល​ស្គាល់​ពី​ប្រជាពលរដ្ឋ។
លើស​ពី​នេះ​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ហានិភ័យ​កើត​មាន​ចំពោះ​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​កន្លង​មក​នោះ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ប្រជាមតិ​ក្នុង​ការ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី ដែល​ជា​ច្បាប់​មួយ​ចាំបាច់ កម្ពុជា​ត្រូវ​តែ​មាន។ ការ​ធ្វើ​ច្បាប់​នេះ កុំ​ឲ្យ​ដាន​ប្រវត្តិសាស្ត្រ​អាក្រក់​វិល​ត្រឡប់​មក​សង្គម​កម្ពុជា ជា​ថ្មី​ម្ដង​ទៀត ដោយ​មេដឹកនាំ​ប្រទេស​ដែល​មាន​ឋានន្តរសក្ដិ​ខ្ពង់ខ្ពស់ មាន​ការ​គោរព ទី​បំផុត​ត្រូវ​ចាប់​ខ្លួន ហើយ​ក្លាយ​ទៅ​ជា​អ្នក​ទោស​ទៀត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons