. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, July 22, 2013

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​គំរាម​សម្លាប់

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​គ្រួសារ ​នៅ​ខេត្ត​បន្ទាយមានជ័យ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​និង​លួច​ដុត​បំផ្លាញ​លំនៅឋាន​របស់​គាត់​រួច​មក។

ដោយ សួន សុផលមុន្នី 
ភ្លើង​ឆេះ​ផ្ទះ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៦១០
១៩-កក្កដា-២០១៣៖ ស័ង្កសី និង​គំនរ​ផេះ ក្រោយ​ភ្លើង​ឆេះ​លំនៅឋាន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆួរ ចិន ដែល​គេ​សង្ស័យ​ថា អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ជន​មិន​ស្គាល់​មុខ​លួច​ដុត កាល​ពី​រាត្រី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣ នា​ភូមិ​រោលជ្រូក ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។
Licadho Photo
សកម្មជន​គណបក្ស​ប្រឆាំង​មួយ​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​​ស្នាក់​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ លាយ​ឡំ​នឹង​ការ​ភិតភ័យ​ ដោយសារ​តែ​ជន​មិន​ស្គាល់​មុខ​បាន​ទូរស័ព្ទ​គំរាម​សម្លាប់​ និង​ធ្វើ​សកម្មភាព​លួច​ដុត​បំផ្លាញ​លំនៅឋាន​របស់​គាត់​នៅ​ភូមិ​រោលជ្រូក ឃុំ​ជប់វារី ស្រុក​ព្រះ​នេត្រព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។
លោក ឆួរ ចិន​ អាយុ ៥៧​ឆ្នាំ​ ជា​លេខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ព្រះ​នេត្រព្រះ និង​ជា​ម្ចាស់​ផ្ទះ​ថ្លែង​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា រូប​លោក និង​ក្រុម​គ្រួសារ​កំពុង​ព្រួយ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន ហើយ​កំពុង​សម្ងំ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ក្រោយ​ពី​មាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​រួច​មក។
លំនៅឋាន​របស់​លោក ឆួរ ចិន ​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ​ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​គេ​លួច​ដុត​​កាល​ពី​រាត្រី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ​បណ្ដាល​ឲ្យ​ឆេះ​រាប​ដល់​ដី​ ខណៈ​ដែល​រូប​លោក និង​ក្រុម​គ្រួសារ​គេច​ខ្លួន​មក​ស្នាក់​នា​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។
ផ្ទះ​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​ភូមិ​រោលជ្រូក ​ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​ ហើយ​ការ​ឆេះ​លំនៅឋាន​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ រង​ការ​គំរាម​សម្លាប់​មួយ​ពូជ​តាម​ទូរស័ព្ទ​រួច​មក កាល​ពី​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៣។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​អះអាង​ថា អំពើ​ហិង្សា​លួច​ដុត​បំផ្លាញ​លំនៅឋាន​នេះ​ សកម្មជន​របស់​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ។
លោក កែ សម្ផស្ស ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា ការ​ដុត​បំផ្លាញ​លំនៅឋាន​អាច​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ករណី​ជន​មិន​ស្គាល់​មុខ​ ដែល​បាន​គំរាម​គ្រួសារ​របស់​លោក ឆួរ ចិន កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​នេះ។
ទោះ​យ៉ាង​ណា​ សមត្ថកិច្ច​ប៉ូលិស​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ ពុំ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ ឬ​ជា​រឿង​គំនុំ​នោះ​ទេ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ខេង ស៊ុំ សន្និដ្ឋាន​ថា អគ្គិភ័យ​ឆេះ​បំផ្លាញ​លំនៅឋាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ទំនង​កើត​មាន​ឡើង​ដោយសារ​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ នៅ​ពេល​ពុំ​មាន​មនុស្ស​នៅ​ផ្ទះ​ ហើយ​លោក​បដិសេធ​ថា ហេតុការណ៍​នេះ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​​នយោបាយ​នោះ​ទេ។
តែ​ការ​សន្និដ្ឋាន​បែប​នេះ​ ត្រូវ​មន្ត្រី​គណបក្ស​ប្រឆាំង​ច្រាន​ចោល។ នៅ​កន្លែង​កើត​ហេតុ​ ពួកគេ​រក​ឃើញ​សាច់​មាន់ និង​សាច់​ក្រក​ ដែល​ជន​សង្ស័យ​ប្រើ​ប្រាស់​សម្រាប់​បំពុល​សត្វ​ឆ្កែ។ លោក ឆួរ ចិន អះអាង​ថា សាច់​មាន់​និង​សាច់ក្រក​ទាំង​នោះ​ ត្រូវ​បាន​គេ​ប្រមូល​ដាក់​ទុក​ក្នុង​ថង់ ហើយ​សមត្ថកិច្ច​ ប៉ូលិស​ពុំ​បាន​យក​ទៅ​ធ្វើ​កោសលវិច័យ​នោះ​ទេ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​មាន​សត្វឆ្មារ​ពីរ​ក្បាល​ និង​សត្វ​ឆ្កែ​បី​ក្បាល​ ទៅ​ស៊ី​សាច់​នោះ​ ក៏​ត្រូវ​ពុល​ងាប់​ថែម​ទៀត។
ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ​ លោក គី គឹមសេង ​នៅ​ពុំ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​ទេ​ជុំ​វិញ​ករណី​ឆេះ​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ប៉ុន្តែ​លោក​អះអាង​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ឆួរ ចិន កន្លង​ទៅ​នេះ​ទទួល​រង​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ពិត​មែន។
ទោះ​យ៉ាង​នេះ​ក្ដី ​ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (Licadho) និង​មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ សុទ្ធ​តែ​អះអាង​ថា ​ភ្លើង​ឆេះ​លំនៅឋាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កើត​ឡើង​ដោយសារ​មាន​គេ​លួច​ដុត​បំផ្លាញ​ ហើយ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងនយោ​បាយ​ថែម​ទៀត។
កញ្ញា ផាត់ ម៉ារ៉ាឌី ជា​មន្ត្រី​ឃ្លាំ​មើល​គារ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ​បញ្ជាក់​ថា កន្លង​ទៅ​នេះ ​លោក​ ឆួរ​ ចិន ​ធ្លាប់​រង​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ចំនួន​ពីរ​លើក​ផ្ទួនៗ​គ្នា​ ដោយសារ​តែ​គាត់​មិន​ព្រម​លា​ឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ថែម​លើ​នេះ លោក ស៊ុំ ច័ន្ទគា ជា​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បាន​អំពាវនាវ​សុំ​សកម្មជន​គណបក្ស​នយោបាយ​រក្សា​ភាព​ចាស់ទុំ​បញ្ឈប់​ការ​លាប​ពណ៌​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយសារ​ការ​រើស​អើង​និន្នាការ​នយោបាយ។
ទាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​តាម​ចាប់​ជន​ប្រព្រឹត្តិ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ករណី​នេះ​ពួកគេ​អះអាង​ថា ពុំ​មែន​ជា​ករណី​ឆ្លង​ចរន្ត​អគ្គិសនី​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នោះ​ទេ ព្រោះ​ម្ចាស់​ផ្ទះ​ជា​ជន​រង​គ្រោះ​ត្រូវ​គេ​គំរាម​សម្លាប់​ផ្ទួនៗ​គ្នា​ រហូត​ពុំ​ហ៊ាន​ស្នាក់​នៅ​ផ្ទះ​ រត់​ទៅ​ស្នាក់​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ ហើយ​ក្រោយ​មក​ក៏​មាន​ភ្លើង​ឆេះ​ផ្ទះ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons