. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, July 29, 2013

ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​បន្ទាយមានជ័យ

មតិគណបក្ស​សង្គ្រោះ​ជាតិ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​កំពុង​កើត​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​មួយ​ចំនួន ក្នុង​ខេត្ត​បន្ទាយមានជ័យ។ បញ្ហា​នេះ​កំពុង​បង្ក​ឲ្យ​ការ​ព្រួយ​បារម្ភ​ដល់​លទ្ធផល​បោះឆ្នោត ដែល​គេ​ជឿ​ថា​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​សេរី យុត្តិធម៌ និង​ពុំ​មាន​តម្លាភាព។

ចែករំលែក
ដោយ សួន សុផលមុន្នី
2013-07-27

ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី២៨ កក្កដា ហើយ​ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ទាក់ទិន​ទៅ​នឹង​លទ្ធផល​បោះឆ្នោត ក្រោយ​ពី​ពួក​គេ​បាន​រក​ឃើញ​ភាព​ប្រក្រតី​មួយ​ចំនួន កើត​មាន​ឡើង​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត នៅ​ខេត្ត​បន្ទាយមានជ័យ។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែង​នៅ​ថ្ងៃ​ទី២៧ កក្កដា ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៦ និង​ថ្ងៃ​ទី២៧ កក្កដា បាន​នាំ​គ្នា​ចូល​ទៅ​ពិនិត្យ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​នៅ​ទីស្នាក់ការ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត។ នៅ​ក្នុង​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដែល​គេ​បញ្ជូន​មក​ពី​ឃុំ​សង្កាត់​នោះ កើត​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន។
លោក កែ សម្ផស្ស៖ «យើង​ឃើញ​ចំណុច​ទី​មួយ​នៅ​លើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ អត់​មាន​រូបថត។ ចំណុច​ទី​២ មេ​ភូមិ ហើយ​និង​ថ្នាក់​ដឹក​នាំ​ភូមិ គាត់​ធ្វើ​សាក្សី​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ហ្នឹង យ៉ាង​តិច​ណាស់​ក៏​ចាប់​ពី ៥ ឡើង។ ហើយ​ចំណុច​មួយ​ទៀត យើង​ឃើញ​ថា ភូមិ​ខ្លះ គឺ​អត់​មាន​បាន​វៃ​ត្រា​ឲ្យ​បាន​ដិត​ជាប់​រូបថត ហើយ​យើង​បាន​ឆែក​មើល​ឈ្មោះ​អ្នក​ដែល​មិន​មាន​ឈ្មោះ​បោះឆ្នោត មាន​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ។ ពាក់ព័ន្ធ​ការ​ប្រមូល​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​នេះ គឺ​យើង​ឃើញ​ថា ការ​ប្រមូល​យក​មក គឺ​អត់​បាន​គ្រប់​ទៅ​តាម​អ្វី​ដែល គ.ជ.ប បាន​ផ្ដល់​ជូន»
មន្ត្រី​គណបក្ស​ប្រឆាំង បញ្ជាក់​ថា មន្ត្រី​មូលដ្ឋាន ដូច​ជា មេ​ភូមិ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សមាជិក​ក្រុម​ស្រុក​ជាច្រើន​នាក់​ទៀត មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​នោះ​ដែរ ហើយ​បញ្ហា​នេះ​ធ្វើ​ឲ្យ​គណបក្ស​មាន​ការ​សង្ស័យ​ច្រើន​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ទាំង​នោះ៖ «ជា​ពិសេស ឃុំ​ដែល​មិន​មាន​បិទ​រូបថត​ច្រើន គឺ​នៅ​ខាង​ឃុំ​អូរបីជាន់ សៀវភៅ​មួយ​ក្បាល​នោះ យើង​ឃើញ​ថា ប្រហែល​ជា ៦០% ដែល​មិន​មាន​រូបថត​បិទ​នៅ ហើយ​នៅ​តាម​ឃុំ​សឿ ក៏​យើង​ឃើញ​ថា មាន​អ្នក​ដែល​មិន​មាន​ឈ្មោះ​បោះឆ្នោត តែ​មាន​ឈ្មោះ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នៅ​ខាង​ឃុំ​ស្រះរាំង ក៏​ដូច​គ្នា​ដែរ អត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី ក៏ប៉ុន្តែ​មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​បញ្ជាក់​អត្តសញ្ញាណ»
ទាក់ទិន​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នេះ ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក គី គឹមសេង បញ្ជាក់​ថា កំហុស​ទាំង​នោះ​កើត​មាន​ឡើង​ដោយសារ​មន្ត្រី​ឃុំ​សង្កាត់ ដែល​ជា​អ្នក​ចុះ​បញ្ជី​នៅ​តាម​មូលដ្ឋាន។ កន្លង​ទៅ​នេះ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត បាន​ធ្វើ​ការ​ណែនាំ​ជា​បន្តបន្ទាប់ ប៉ុន្តែ កំហុស​ឆ្គង​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​កើត​មាន​ដដែល៖ «បញ្ហា​ទាំងអស់​ហ្នឹង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ពេល​យើង​ទៅ​មើល​គាត់​ធ្វើ​ត្រឹមត្រូវ​ពេល​យើង​ចេញ​មក យើង​មិន​ដឹង​គាត់​ធ្វើ។ មិន​ដឹង​ដោះស្រាយ​ម៉េច ប្រាប់​ហើយ​ប្រាប់​ទៀត បើ​គាត់​ធ្វើ​អ៊ីចឹង​ទៀត មិន​ដឹង​ធ្វើ​ម៉េច​ទេ ហើយ​យើង​ណែនាំ​ឡើង​ខ្ជិល​ហើយ ដូច​យើង​ចុះ​ទៅ​ឃើញ​ខ្វះខាត​អ៊ីចឹង ណែនាំ​ដាស់​តឿន​គាត់ ប្រាប់​គាត់​ឲ្យ​ឈប់ ហើយ​ធ្វើ​ឲ្យ​ត្រឹមត្រូវ»
យ៉ាង​ណា​ក៏ដោយ ភាព​មិន​ប្រក្រតី​នេះ ត្រូវ​បាន​គណបក្ស​នយោបាយ​រក​ឃើញ​ទំនង​យឺត​ពេល​ទៅ​ហើយ ព្រោះ​ថ្ងៃ​បោះឆ្នោត​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា នេះ។ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ អត្ថាធិប្បាយ​ថា ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​ប្រឆាំង​រក​ឃើញ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​ទៅ​លើ​មនុស្ស​មួយ​ចំនួន​អត់​មាន​អត្តសញ្ញាណ​ច្បាស់​លាស់។ យើង​គិត​ថា ឡើង​សង្វៀន​ឲ្យ​ស្មើ​គ្នា​ឲ្យ​ល្អ​ទាំងអស់​គ្នា ព្រោះ​ការ​បោះឆ្នោត​អាណត្តិ ៥​ឆ្នាំ​ម្តង ដើម្បី​រើស​អ្នក​ដែល​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ អ៊ីចឹង​កុំ​ឲ្យ​ការ​បោះឆ្នោត​ជា​ការ​សម្ដែង​ល្ខោន​មិន​ល្អ អ៊ីចឹង​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ត្រឹមត្រូវ និង​យុត្តិធម៌»
នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ស្រុក​ក្រុង​ចំនួន​៩ មាន​ឃុំ​សង្កាត់​ចំនួន​៦៥ និង​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ៩៦២​ការិយាល័យ។ ចំនួន​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​មាន​នៅ​ក្នុង​បញ្ជី​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត មាន​ចំនួន​ជាង ៤៥​ម៉ឺន​នាក់ (៤៥១.៨២០​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons